អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ហេតុអ្វី​បានជា​ចិន​ព្យាយាម​បង្កើន​ទំនាក់ទំនង​ជាមួយ​ឥណ្ឌា?

ចុះផ្សាយ​នៅ​ថ្ងៃ៖

ចិន និង​ឥណ្ឌា គឺ​ជា​ប្រទេស​ជិតខាង​ពីរ ដែល​មើល​មុខគ្នា​មិនចំ អស់រយៈពេល​ជាច្រើន​ឆ្នាំមកហើយ ដោយសារ​តែ​មាន​ជម្លោះ​ព្រំដែន​ជាមួយគ្នាផង និង​បញ្ហា​ទីបេ​ផង។ ភាពតានតឹង​​តាមព្រំដែនចិន-ឥណ្ឌា បានកើនឡើង​កាន់តែ​ខ្លាំង កាល​ពី​ដើមខែ​កន្លងទៅ ដោយ​ឥណ្ឌា​ចោទ​ថា ចិន​បាន​បញ្ជូន​ទាហាន​ឆ្លង​ព្រំដែន​រំលោភ​ចូល​ទៅខាង​ឥណ្ឌា។ ចិន​ក៏​បាន​សុខចិត្ត​ដក​ទាហាន​ទាំងអស់​នោះ​មកវិញ ដើម្បី​បន្ធូរបន្ថយ​ភាព​តានតឹង ហើយ​​កាល​ពីចុងសប្តាហ៍មុននេះ លោក​នាយករដ្ឋមន្រ្តី​ចិន​​បាន​ជ្រើសរើស​យក​ឥណ្ឌា ជា​ប្រទេសទី១ សម្រាប់​ដំណើរទស្សនកិច្ច​ក្រៅប្រទេស​របស់​លោក។ ទាំងនេះ​បង្ហាញ​យ៉ាងច្បាស់ អំពី​ចេតនា​របស់​ចិន ក្នុងការ​សម្របសម្រួល​ដោះស្រាយ​ទំនាស់ និង​បង្កើន​ទំនាក់ទំនង​ជាមួយ​នឹង​ឥណ្ឌា​ឡើងវិញ។ តើ​ចិន​ធ្វើ​បែបនេះ​ក្នុងគោលបំណង​អ្វី?

លោក​​លី ខឺឈាំង នាយករដ្ឋមន្រ្តី​ចិន និង​លោក​ម៉ាន់ម៉ូហាន់ ស៊ិង នាយករដ្ឋមន្រ្តី​ឥណ្ឌា
លោក​​លី ខឺឈាំង នាយករដ្ឋមន្រ្តី​ចិន និង​លោក​ម៉ាន់ម៉ូហាន់ ស៊ិង នាយករដ្ឋមន្រ្តី​ឥណ្ឌា
ផ្សាយពាណិជ្ជកម្ម

ជម្លោះព្រំដែន​គោក​​នៅ​តំបន់​ជួរភ្នំ​ហិមាល័យ គឺ​ជម្លោះ​ដ៏ធំមួយ ដែល​ធ្វើ​ឲ្យ​ចិន​ និង​ឥណ្ឌា​មើល​មុខគ្នា​មិនចំ។ ជម្លោះ​ដែល​រហូត​រាលរាល​ទៅ​ជា​សង្រ្គាម កាល​ពី​ឆ្នាំ​១៩៦២ បណ្តាល​ឲ្យ​​មាន​អ្នក​ស្លាប់ និង​របួស​រាប់ពាន់​នាក់ ជាពិសេស ខាង​ឥណ្ឌា ដែល​ជា​អ្នក​ចាញ់​សង្រ្គាម។

ក្រៅពី​បញ្ហា​ព្រំដែន​នេះ នៅ​មាន​បញ្ហា​ដ៏ចម្រូងចម្រាស​មួយទៀត រវាង​ចិន និង​ឥណ្ឌា គឺបញ្ហា​ទីបេ ដោយសារ​តែ​ឥណ្ឌា​បាន​ផ្តល់​សិទ្ធិជ្រកកោន​នយោបាយ​ដល់​សម្តេច​សង្ឃ​ដាឡៃឡាម៉ា ព្រមទាំង​បាន​ផ្តល់​ជម្រក ដល់​រដ្ឋាភិបាល​និរទេស​ទីបេ ព្រមទាំង​សកម្មជន​ទីបេ​ផ្សេងទៀត ដែល​ប្រឆាំង​នឹង​រដ្ឋាភិបាល​ចិន។

ក៏ប៉ុន្តែ យើងសង្កេតឃើញ​ថា នៅ​ពេល​ដែល​ឥណ្ឌា នៅ​មិន​ទាន់​ស្រាយកំហឹង ដែល​សល់​ពី​បរាជ័យ ក្នុង​សង្រ្គាម​ព្រំដែន កាល​ពីឆ្នាំ​១៩៦២ ចិនវិញ ហាក់ដូចជា​ផ្តោត​អារម្មណ៍​ទៅលើ​បញ្ហា​ព្រំដែន​នេះ តិចជាង​ឥណ្ឌា។ នេះ​គឺ​ដោយសារ​តែ​ចិន​សំឡឹងឃើញ​​នូវ​កិច្ចការ​ច្រើន​ផ្សេងទៀត ដែល​គួរ​ធ្វើ​ជាមួយ​ឥណ្ឌា ហើយ​ដែល​ផ្តល់​ផលចំណេញ​ច្រើន​ជាង​ការ​ឈ្លោះគ្នា​​រឿងព្រំដែន។ តំបន់​ព្រំដែន ដែល​អតីត​នាយករដ្ឋមន្រ្តី​ឥណ្ឌា​ គឺ​លោក​ Jawaharlal Nehru ក៏​ធ្លាប់​បាន​ទទួលស្គាល់​​ខ្លួនឯង​ដែរ​ថា “សូម្បីតែ​ស្មៅ​ក៏​មិនមាន​ដុះ”។

ថ្មីៗនេះ មន្រ្តី​ជាន់ខ្ពស់​នៃ​បក្ស​កុម្មុយនិស្ត​ចិន​ធ្លាប់បាន​លើកឡើង​ថា ចិន និង​ឥណ្ឌា​មាន​បញ្ហា​ព្រំដែន​ជាមួយគ្នា។ វាជារឿង​ពិតជាក់ស្តែង ដែល​មិន​អាច​ប្រកែកបាន។ ក៏ប៉ុន្តែ ចិន​ចង់​ឃើញ​បញ្ហា​ព្រំដែន​នេះ​ត្រូវ​បាន​ដោះស្រាយ​ឲ្យ​បាន​ចប់​សព្វគ្រប់ ហើយ​ធ្វើយ៉ាងណា កុំ​ឲ្យ​ជម្លោះនេះ​​ជា​​បញ្ហា ដែល​នាំ​ឲ្យ​ខូច​ដល់​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ។

តាមពិត អ្វី​ដែល​ចិន​សំឡឹងឃើញថា ជា​ផលចំណេញ​ធំបំផុត នៅ​ក្នុង​ការ​បង្កើន​ទំនាក់ទំនង​ជាមួយ​នឹង​ឥណ្ឌា គឺ​ផលប្រយោជន៍​ខាង​ផ្នែក​សេដ្ឋកិច្ច។

ឥណ្ឌា ដែល​ជា​ប្រទេស​មាន​ប្រជាជន​ច្រើន​ជាងគេ លំដាប់ទី២ នៅលើ​ពិភពលោក ក៏​ជា​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​កំពុង​លូតលាស់ ប្រកប​ដោយ​សក្តានុពល​ខ្ពស់​ផងដែរ។ នៅ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ បើទោះបី​ជា​​ចិន និង​ឥណ្ឌា នៅ​មិនទាន់​មើលមុខគ្នា​ចំស្រួលបួល​ក៏ដោយ ក៏​ទំនាក់ទំនង​ពាណិជ្ជកម្ម​ រវាង​ប្រទេស​ទាំងពីរ​មាន​ទំហំធំធេង​ស្រាប់​ទៅហើយ។ ជាក់ស្តែង កាល​ពី​ឆ្នាំ​២០១២ កន្លងទៅនេះ ការដោះដូរ​ពាណិជ្ជកម្ម​រវាង​ចិន និង​ឥណ្ឌា មាន​ទំហំ​ជា​ទឹកប្រាក់​រហូតដល់​ទៅ ៦៦ពាន់លាន​ដុល្លារ ហើយ​ប្រទេស​ទាំងពីរ​ក៏​បាន​ព្រមព្រៀង​គ្នា​រួចហើយ​ដែរ​ថា នឹង​បង្កើន​ការ​ដោះដូរពាណិជ្ជកម្ម​នេះ​ឲ្យបាន​រហូតដល់ ១០០ពាន់លាន​ដុល្លារ ក្នុងមួយឆ្នាំ នៅ​ឆ្នាំ​២០១៥។

សព្វថ្ងៃនេះ ចិន គឺ​ជា​ដៃគូ​ពាណិជ្ជកម្ម​ដ៏ធំ​បំផុត​របស់​ឥណ្ឌា មានន័យថា នៅ​ក្នុង​វិស័យ​ពាណិជ្ជកម្ម​ក្រៅប្រទេស ឥណ្ឌា​រកស៊ី​ជាមួយចិន​ច្រើន​ជាង​ជាមួយ​ប្រទេស​ផ្សេងទៀត ហើយ​នៅ​ក្នុងនេះ តាមពិត​ទៅ គឺ​ចិន​ជា​អ្នក​ទាញយក​ផលចំណេញច្រើន​ជាង​ឥណ្ឌា ដោយសារ​តែ​ចិន​នាំទំនិញ​ចេញ​ទៅកាន់​ប្រទេស​ឥណ្ឌា ច្រើន​ជាង​នាំទំនិញ​ចូល​ពី​ឥណ្ឌា រហូតដល់​ទៅ ២៩ពាន់លាន​ដុល្លារ (តួលេខ ឆ្នាំ​២០១២)។

កាល​ពី​ក្នុង​អំឡុង​ដំណើរទស្សនកិច្ច​ ទៅកាន់​ប្រទេស​ឥណ្ឌា​ កាល​ពី​ដើមសប្តាហ៍​នេះ លោក លី ខឺឈាំង នាយករដ្ឋមន្រ្តី​ចិន បាន​សន្យា​ជាមួយ​នឹង​ឥណ្ឌា​ថា នឹង​បើក​ចំហ​ទីផ្សារ​ចិន​ឲ្យ​កាន់​តែ​ទូលាយ​បន្ថែម​ទៀត សម្រាប់​ទំនិញ​ឥណ្ឌា ដើម្បី​​ជួយ​ឲ្យ​ឥណ្ឌា​អាច​កាត់បន្ថយ​ឧនភាព​ជញ្ជីង​ពាណិជ្ជកម្ម​ជាមួយនឹង​ចិន។ នេះ​ គឺ​ជា​ការ​បង្ហាញ​នូវ​កាយវិកា​ទន់ភ្លន់​មួយ​បន្ថែម​របស់​ចិន ចំពោះ​ឥណ្ឌា ហើយ​លោក​នាយករដ្ឋមន្រ្តីចិន​បាន​លើកឡើង​ថា ចិន​មិនចង់​កេងចំណេញ​លើ​ដៃគូពាណិជ្ជកម្ម​របស់​ខ្លួននោះទេ។ អ្វី​ដែល​ចិន​ចង់​បាន គឺ​ទំនាក់ទំនង​ពាណិជ្ជកម្ម​មួយ​ដែល​មាន​តុល្យភាព និង​ប្រកប​ដោយ​ចីរភាព។

ក្រៅពី​ផលប្រយោជន៍​សេដ្ឋកិច្ច នៅ​មាន​ចំណុចសំខាន់​មួយទៀត ដែល​ធ្វើ​ឲ្យ​ចិន​ចង់​សម្រុះសម្រួល និង​បង្កើន​ទំនាក់ទំនង​ជាមួយចិន គឺ​​នយោបាយ​របស់​អាមេរិក​នៅ​អាស៊ី។ នៅ​ក្រោម​អាណត្តិ​របស់​លោក​អូបាម៉ា អាមេរិក​បាន​ដាក់ចេញ​នូវ​នយោបាយ​យ៉ាងច្បាស់​ថា នឹង​យក​តំបន់​អាស៊ី​ធ្វើ​ជា​អាទិភាព​ចម្បងបំផុត នៃ​នយោបាយការបរទេស​របស់​ខ្លួន។ ដូច្នេះ ប្រសិនបើ​ចិន​ទុក​បណ្តោយ​ឲ្យ​ទំនាក់ទំនង​ជាមួយ​ឥណ្ឌា កាន់តែ​ធ្លាក់ដុនដាប ឥណ្ឌា​អាច​នឹង​ងាកទៅ​ពង្រឹង​ទំនាក់ទំនង​ជាមួយ​អាមេរិក ឬ​ក៏រហូតដល់​បង្កើត​ជា​កិច្ចព្រមព្រៀង​សម្ព័ន្ធភាព​ជាមួយ​អាមេរិក ដែល​អាច​ជា​ឱកាស​កាន់តែ​អំណោយផល​បន្ថែម​ទៀត ឲ្យ​អាមេរិក​បង្កើន​វត្តមាន មក​ឡោមព័ទ្ធចិន។

ដូច្នេះ សរុបមកវិញ បញ្ហា​តានតឹង​រវាង​ចិន និង​ឥណ្ឌា អាច​នឹង​បន្ត​មាន ដោយ​មិន​អាច​បញ្ចប់​ឆាប់ៗ​ខាងមុខនេះ​ទេ ជាពិសេស បញ្ហា​ព្រំដែន និង​បញ្ហា​ទីបេ។ ក្រុម​អ្នក​ជាតិនិយម​ចិន​ក៏​មាន​ច្រើន ដែល​រដ្ឋាភិបាល​ក្រុងប៉េកាំង​ចាំបាច់​ត្រូវ​តែ​ប្រយ័ត្នប្រយែង ក្នុងការ​ដោះស្រាយ​បញ្ហា​ព្រំដែន​ជាមួយ​ឥណ្ឌា។ ក៏ប៉ុន្តែ ក្នុង​ពេល​ជាមួយគ្នា ចិន​ក៏​ព្យាយាម​ផងដែរ ធ្វើយ៉ាងណា កុំ​ឲ្យ​ជម្លោះ​អស់ទាំងនេះ បង្ក​ជា​បញ្ហា​នាំ​ឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ទំនាក់ទំនង​ជាមួយ​នឹង​ឥណ្ឌា ដែល​ចុងបញ្ចប់​ នាំ​ឲ្យ​ចិន​ខាតបង់​ប្រយោជន៍​កាន់តែ​ធំ គឺ​ប្រយោជន៍​សេដ្ឋកិច្ច៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ