អានតួអត្ថបទ
ឥណ្ឌា-ចិន

នាយក​រដ្ឋមន្រ្តី​ចិន​ផ្តើម​ទស្សនកិច្ច​នៅបរទេស ជាមួយ​ប្រទេស​ឥណ្ឌា

លោក​ Li Keqiang​ នាយករដ្ឋមន្រ្តី​ថ្មី​របស់​​ចិន​បាន​ទៅដល់​ទីក្រុង​ញូដេលី នៅព្រឹក​ថ្ងៃ​អាទិត្យនេះ។ នៅក្នុង​ដំណើរ​ទស្សនកិច្ច​នៅបរទេស នាយករដ្ឋមន្រ្តី​ចិន​បាន​ជ្រើសរើស​យក​ឥណ្ឌាមុនគេ មុននឹង​ទៅធ្វើ​បន្ត​ទស្សនកិច្ច នៅ​ប៉ាគីស្ថាន ស្វីស និង​អាល្លឺម៉ង់។ នៅក្នុងជំនួប​ជាមួយ​នាយករដ្ឋមន្រ្តី​ឥណ្ឌា នៅល្ងាចនេះ នាយករដ្ឋមន្រ្តីចិន​គ្រោង​​នឹង​លើក និយាយ​ពី​​ពី​ទំនាក់ទំនង​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ ​ប៉ុន្តែ ​ឥណ្ឌា​វិញ​ រង់ចាំ​ជួប​ចិន​ដើម្បី​និយាយ​ពី​បញ្ហា​ព្រំដែនដីគោក​រវាង​ប្រទេស​ទាំងពីរ។

​នាយករដ្ឋមន្រ្តី​ចិន​ដែល​ត្រូវ​ផ្តើម​ទស្សនកិច្ច​នៅ​ឥណ្ឌា ចាប់ពីថ្ងៃ​ទី​១៩​ឧសភា ២០១៣ ទទួល​ស្វាគម​ដោយ​រដ្ឋមន្រ្តី​ការបរទេស​ឥណ្ឌា
​នាយករដ្ឋមន្រ្តី​ចិន​ដែល​ត្រូវ​ផ្តើម​ទស្សនកិច្ច​នៅ​ឥណ្ឌា ចាប់ពីថ្ងៃ​ទី​១៩​ឧសភា ២០១៣ ទទួល​ស្វាគម​ដោយ​រដ្ឋមន្រ្តី​ការបរទេស​ឥណ្ឌា ©Reuters
ផ្សាយពាណិជ្ជកម្ម

 

នេះ​ជា​លើកទីមួយ​​ដែល​លោក​ Li Keqiang​ ​ធ្វើដំណើរទស្សនកិច្ច​នៅបរទេស ពោលគឺ​ចាប់តាំងពី​ពេល​ដែល​លោក​ចូលកាន់តែតំណែង​ជា​នាយករដ្ឋមន្រ្តី​ចិន កាលពីខែ​មីនា។ តាមខុទ្ទការល័យ​របស់​នាយករដ្ឋមន្រ្តី​​ចិន ការដែល​នាយករដ្ឋមន្រ្តី​ចិន​ជ្រើសរើសយក​​ឥណ្ឌា​ធ្វើ​ជា​ប្រទេស​ដំបូងគេ ដើម្បី​​ដំណើរទស្សនកិច្ច​ ក៏ព្រោះតែ​ចិន​ចង់​ផ្តល់​តម្លៃ និង​ពង្រឹង​ទំនាក់ទំនង​ជាមួយ​ឥណ្ឌា​ ដែល​ជា​ប្រទេស​សមាជិក​ក្រុម​BRICS ជាមួយ​ចិន។

ទីក្រុង​ប៉េកាំង​សង្ឃឹមថា ដំណើរទស្សនកិច្ច​របស់​នាយករដ្ឋមន្រ្តី​ចិន នៅ​ឥណ្ឌា នឹង​ជួយ​បង្កើន​ទំនុកចិត្ត និង​បង្កើត​យុទ្ធសាស្ត្រថ្មីដើម្បី​ពង្រីក​សហប្រតិបត្តិការ ជាប្រយោជន៍​របស់​​ប្រទេស​ទាំងពីរ។ នេះ​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន​ស៊ីហួរ។

ចិន​ជា​ប្រទេស​ដៃគូធំទីពីរ​របស់​​ឥណ្ឌា។ ទំហំដោះដូរ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពី​មាន​តម្លៃ​ប្រមាណ ៥០​ពាន់​លាន​អឺរ៉ូ។ ក្រសួងពាណិជ្ជកម្ម​ចិន​ធ្លាប់​បាន​ប្រកាស​ថា​ នឹង​ដំឡើង​វា​ឲ្យ​បាន​៥០ភាគរយ​ទៀតពីពេលនេះ ដល់​ឆ្នាំ ២០១៥។

ទីក្រុង​ញូដេលីវិញ វាយតម្លៃខ្ពស់​ដល់​ការគិតគូរ​របស់​ទីក្រុង​ប៉េកាំង។ បើតាម​អ្នកនាំពាក្យ​របស់​ក្រសួងការបរទេស​ឥណ្ឌា មាន​ប្រធាន​រឿង​ជាច្រើន​ដែល​នឹង​ត្រូវ​លើក​យក​មក​ដាក់​លើ​តុ​​ពិភាក្សា​រវាង​ថ្នាក់ដឹកនាំ​ប្រទេស​ទាំងពីរ។ ចំណុច​​សង្កត់ធ្ងន់​ដែល​ឥណ្ឌា​មិន​ខកខាន​នឹង​លើកយក​មកនិយាយ នោះគឺ​ឧប្បតិហេតុដែល​កើតមាន​នៅតំបន់​ភ្នំ​ហិមាល័យា កាលពី​ខែមេសា​មុននេះ។ តាម​ឥណ្ឌា ទាហាន​ចិន​បាន​ឈ្លានពាន​ចូល​ក្នុង​តំបន់​ហិមាល័យា ដែល​ជា​ទឹកដី​របស់​ឥណ្ឌា។  ចិនវិញ​បាន​បដិសេធ​ថា ទ័ព​របស់ខ្លួន​មិន​ដែល​ឆ្លង​ព្រំដែន ចូល​ទៅ​ក្នុងទឹកដី​ឥណ្ឌា​ទេ។
 

គួររំលឹកថា ចិន​នឹង​ឥណ្ឌា​មើល​មុខ​គ្នា​មិន​សូវ​ចំ​ដោយសារ​ជម្លោះ​ព្រំដែនដីគោក ដែល​ប្រទេស​ទាំងពីរ​មាន​ជាមួយ​គ្នា តាំងពី​ឆ្នាំ ១៩៦២។ ប៉ុន្តែ យ៉ាងណាក៏ដោយ នាយករដ្ឋមន្រ្តី​ចិន លោក​​ Li Keqiang​ ធ្លាប់​បាន​បញ្ជាក់ កាលពីសប្តាហ៍មុនថា ផលប្រយោជន៍រួម នឹង​ធ្វើ​ឲ្យ​គេ​ភ្លេច រំលង​បញ្ហា​មិន​ចុះសម្រុងគ្នា៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ