អានតួអត្ថបទ
កម្ពុជា

សិក្ខា​សាលា​ជា​ស៊េរី​ស្តីពី​ការ​កសាង​ម៉ាក​យីហោ​ត្រូវ​ធ្វើ​ឡើង​នៅ​ថ្ងៃ​នេះ

ការ​កសាង​ម៉ាក​យីហោ​កម្ពុជា និង​វិធី​កសាង​ម៉ាក​យីហោ និង​ការធ្វើ​ឲ្យ​សម​ស្រប​នៅ​ក្នុង​បរិបទ​ទីផ្សារ​ក្នុងស្រុក ត្រូវ​បាន​ធ្វើ​ឡើង​នៅ​រសៀល​ថ្ងៃ​សុក្រ ទី ២៧​មីនា​នេះ នៅ​ឯ​វិទ្យាស្ថាន​ជាតិ​អប់រំ ក្នុង​រាជធានី​ភ្នំពេញ។ មនុស្ស​ប្រមាណ​ជាង ១ពាន់​នាក់​ដែល​ភាគ​ច្រើន​ជា​សិស្ស​និស្សិត​បាន​ចួល​រួម​ស្តាប់​បទ​បង្ហាញ​ពី​លោក​រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម ស៊ុន ចាន់ថុល និង​លោកស្រី​ស្រីCristinaBondolowskiអនុប្រធាន​ផ្នែក​ទីផ្សារ របស់​ក្រុមហ៊ុន​កូ​កា​កូ​ទ្បា។

លោក​រដ្ឋ​មន្ត្រី​ស៊ុន ចាន់​ថុល កំពុង​ឆ្លើយ​សំ​ណួរ​របស់​អ្នក​ចូលរួម​នៅ​ក្នុង​សិក្ខា​សាលា។​
លោក​រដ្ឋ​មន្ត្រី​ស៊ុន ចាន់​ថុល កំពុង​ឆ្លើយ​សំ​ណួរ​របស់​អ្នក​ចូលរួម​នៅ​ក្នុង​សិក្ខា​សាលា។​ @RFI/ Thida Prak
ផ្សាយពាណិជ្ជកម្ម

ការ​កសាង​ម៉ាក​យីហោ​ផលិតផល​កម្ពុជា​សម្រាប់​ទីផ្សារ​សកល បានក្លាយ​ទៅជា​កត្តា​មួយ​ដ៏​មាន​សារៈសំខាន់​បំផុត ខណៈពេលដែល​កម្ពុជា ធ្វើ​សមាហរណកម្ម ចូល​ទៅ​ក្នុង​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​ឆ្នាំ២០១៥ ។ លោក​ស៊ុន ចាន់ថុល​បាន​លើក​ឡើង​ថា អ្វី​ដែល​ប្រជាជន​កម្ពុជា​ត្រូវ​ធ្វើ​នៅ​ពេល​នេះ គឺ​ខិត​ខំ​ធ្វើ​យ៉ាង​ណា​ដើម្បី​ឲ្យ​ពិភពលោក​ស្គាល់​កម្ពុជា​ឲ្យ​បាន​កាន់​តែ​ច្រើន​ហើយ​និង​ច្បាស់។ ហើយ​ដើម្បី​ឲ្យ​គេ​ស្គាល់​បាន​លុះ​ត្រា​ណា​តែ​យើង​ព្យាយាម​បង្កើត​ម៉ាក​យីហោ​ឲ្យ​កម្ពុជា។

 

ទន្ទឹម​គ្នា​នេះ លោក​រដ្ឋ​មន្ត្រី​ដែល​ប្តេជ្ញា​លុប​បំបាត់​អំពើ​ពុក​រលួយ និង​ខិត​ខំ​ធ្វើ​កំណែ​ទម្រង់​ស៊ីជម្រៅ​នៅក្នុង​នៅក្នុង​ស្ថាប័ន​របស់​ខ្លួន​នោះ ក៏​បាន​លើក​ឡើង​ពី​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​ក្រសួង​ពាណិជ្ជកម្ម ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​បញ្ហា​ប្រឈម​នានា និង​ការ​ផ្តល់នូវ​ដំណោះ​ស្រាយ ចំពោះ​ការ​កសាង​ម៉ាក​យីហោ​កម្ពុជា និង​ផលិត​ផល​របស់​កម្ពុជា។

កិច្ចខិតខំ​ប្រឹងប្រែង​នេះ​ត្រូវបាន​លោក​រដ្ឋមន្ត្រី​លើក​ឡើង​ថា ក្រសួង​បាន​ស្តាប់​រាល់​បញ្ហា​និង​ការ​លំបាក​នានា​របស់​វិស័យ​ឯកជន ហើយ​ប្រមូល​រាល់​បញ្ហា​ទាំង​អស់​នោះ​យក​ទៅ​ដោះស្រាយ ដែល​ជា​ផ្នែក​មួយ​នៃ​ការ​ធ្វើ​កំណែ​ទម្រង់​ស៊ីជម្រៅ​ផងដែរ។ ហើយ​ក្រសួង​ក៏​បាន​ធ្វើ​ការ​សិក្សា​ពី​តំលៃ​ទីផ្សារ​ផលិតផល​កសិកម្ម​នានា​នៅលើ​ទីផ្សារ​អន្តរ​ជាតិ ដើម្បី​ផ្តល់​ជា​ព័ត៌មាន​ទុក​ជាមុន​សម្រាប់​ប្រជាពល​រដ្ឋ​កម្ពុជា កុំ​ឲ្យ​ចេះតែ​ដាំ​ដំណាំ​ផ្អើល​តាម​គ្នា ហើយ​មិន​បាន​គិត​ពី​ការ​ប្រែប្រួល​នៃ​តំលៃ​ទីផ្សារ។

នៅ​ចុង​បញ្ចប់​នៃ​សិក្ខា​សាលា​ជា​ស៊េរី​នេះ លោក​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជ​ក៏បាន​បង្ហើប​ឲ្យ​ដឹង​ដែរ​ថា នៅក្នុង​ឆ្នាំ ២០១៥នេះ ក្រុម​ហ៊ុន​កូកាកូឡា​នឹង​បើក​រោង​ចក្រ​មួយ​នៅ​កម្ពុជា ជាមួយ​និង​ទឹក​ប្រាក់​វិនិយោគ​ចំនួន ១០០លាន​ដុល្លា​អាមេរិក។ លោក​បាន​បន្តថា ការ​សម្រេច​ចិត្ត​របស់​ក្រុមហ៊ុន​កូកាកូឡា​នៅ​ពេលនេះ នឹង​ផ្តល់​ឱកាស​ការងារ​កាន់​តែ​បន្ថែម​ទៀត​ដល់​ប្រជាពល​រដ្ឋ​ខ្មែរ ហើយ​ក៏​បាន​បង្ហាញ​ពី​ភាព​ជឿ​ជាក់​មក​លើ​ស្ថាន​ភាព​នយោបាយ និង​ការអភិវឌ្ឍន៍​នៅ​កម្ពុជា​ផងដែរ។

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ