អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

វិហារ​យ៉ាស៊ូគូនី៖ ទីសក្ការៈ​ដ៏​ចម្រូងចម្រាស​នៅ​អាស៊ីបូព៌ា

ចុះផ្សាយ​នៅ​ថ្ងៃ៖

កាលពីចុងសប្តាហ៍​កន្លងទៅនេះ មន្រ្តី​ជាន់ខ្ពស់​ជប៉ុន​ជាច្រើន​រូប​បាន​នាំគ្នាធ្វើដំណើរទៅ​ធ្វើការ​បួងសួង​នៅ​វិហារ​យ៉ាស៊ូគូនី ដែល​ជា​ហេតុធ្វើ​ឲ្យ​មាន​ប្រតិកម្ម​តប​ដោយ​កំហឹង​ភ្លាមៗ ពី​សំណាក់​ចិន និង​កូរ៉េ។ នេះ​មិនមែន​ជា​លើកទីមួយ​ទេ ដែល​វិហារ​យ៉ាស៊ូគូនី​ធ្វើ​ឲ្យ​ផ្ទុះ​ជា​ជម្លោះ​ការទូត​ រវាង​ជប៉ុន និង​ប្រទេស​ជិតខាង។ ក៏ប៉ុន្តែ ជារឿយៗ​ គេតែងតែ​ឃើញ​មាន​អ្នក​នយោបាយ​ជប៉ុន​ នៅតែ​បន្ត​ជម្នះ​ទៅ​ធ្វើការ​បួងសួង​នៅ​វិហារ​យ៉ាស៊ូគូនី​នេះ។ តើ​មក​ពីហេតុអ្វី? តើ​ការ​ទៅ​បួងសួង​នៅ​យ៉ាស៊ូគីនី​នេះ គឺ​ជា​ការ​គោរព​ដល់​វិញ្ញានក្ខខន្ធ​ដល់វីរបុរស​ជប៉ុន ឬ​ក៏​ជា​ការ​ប្រមាថ​ដល់​ប្រទេស​ជិតខាង?

វិហារយ៉ាស៊ូគូនី នៅ​ក្នុង​ទីក្រុង​តូក្យូ ដែល​តែងតែ​បង្ក​ឲ្យ​មាន​ជម្លោះការទូត​រវាង​ជប៉ុន និង​ប្រទេស​ជិតខាង
វិហារយ៉ាស៊ូគូនី នៅ​ក្នុង​ទីក្រុង​តូក្យូ ដែល​តែងតែ​បង្ក​ឲ្យ​មាន​ជម្លោះការទូត​រវាង​ជប៉ុន និង​ប្រទេស​ជិតខាង REUTERS/Toru Hanai
ផ្សាយពាណិជ្ជកម្ម

វិហារយ៉ាស៊ូគូនី​ គឺ​ជា​ទីសក្ការៈ​ដ៏សំខាន់​មួយ​ ដែល​ត្រូវ​បាន​សាងសង់​ឡើង កាលពី​ឆ្នាំ​១៨៦៩ ដោយ​អធិរាជ​ម៉ីជី ដើម្បី​ទុក​ជា​ទីកន្លែង​រំឭក​ដល់​បណ្តាជន​ជប៉ុន​ទាំងឡាយណា ដែល​បាន​បូជា​ជីវិត​​ដើម្បី​ជាតិ។ រហូតមកទល់នឹង​ពេល​បច្ចុប្បន្ន​នេះ វិហារ​យ៉ាស៊ូគូនីមាន​​កត់ត្រា​ឈ្មោះ​មនុស្ស​ប្រមាណ​ជា​ជិត ២,៥លាន​នាក់ ដែល​បាន​បាត់បង់​ជីវិត​ក្នុង​សង្រ្គាម ចាប់តាំង​ពី​ឆ្នាំ​១៨៦៧ រហូតដល់​ចុងសង្រ្គាម​លោក​លើកទី២ នៅ​ឆ្នាំ​១៩៤៥ ក្នុងនោះ ក៏មាន​កត់ត្រា​ផងដែរ​នូវ​ឈ្មោះ អតីត​មន្រ្តីជាន់ខ្ពស់​​ជប៉ុន​ចំនួន ១៤រូប ដែល​ត្រូវ​បាន​តុលាការ​អន្តរជាតិ​​ក្រុងតូក្យូ​កាត់​ឲ្យ​ជាប់ទោស​ពី​បទឧក្រិដ្ឋកម្ម​សង្រ្គាម ប្រព្រឹត្ត​ក្នុង​អំឡុង​សង្រ្គាម​លោក​លើកទី២។

កន្លងមក គេ​សង្កេតឃើញ​ថា ថ្នាក់ដឹកនាំ​ជប៉ុន រួមមាន​ទាំង​នាយករដ្ឋមន្រ្តី សមាជិក​រដ្ឋាភិបាល ព្រមទាំង​​អ្នក​នយោបាយ​ជាន់ខ្ពស់​ផ្សេងៗ​ទៀត តែងតែ​នាំគ្នា​ធ្វើ​ដំណើរ​ទៅ​ធ្វើការ​បួងសួង នៅ​វិហារ​យ៉ាស៊ូគូនី​នេះ។ ការបួងសួង ដែល​តែងតែ​ធ្វើ​ឲ្យ​ប្រទេស​ជិតខាង​របស់​ជប៉ុន រួមមាន ចិន កូរ៉េ​ខាង​ត្បូង និង​កូរ៉េ​ខាងជើង ផ្ទុះកំហឹង។ សម្រាប់​ប្រទេស​ជិតខាង​​ទាំងនេះ វិហារ​យ៉ាស៊ូគូនី គឺ​ជា​និមិត្តរូប​នៃ​អំពើ​ឈ្លានពាន​របស់​ជប៉ុន ក្នុង​សម័យសង្រ្គាម ហើយ​ការណ៍ដែល​មន្រ្តី​ជប៉ុន​នាំគ្នា​ទៅ​បួងសួង​នៅ​វិហារ​យ៉ាស៊ូគូនី​នេះ គឺ​មានន័យ​ស្មើ​នឹង​ការ​ផ្តល់​កិត្តិយស​ដល់​ឧក្រិដ្ឋជន​សង្រ្គាម និង​ជា​ការមិន​ទទួលស្គាល់​អំពើ​ឃោរឃៅ​របស់​ខ្លួន នៅ​អាស៊ី កាល​ពីអតីតកាល។

គួរបញ្ជាក់ថា នៅ​ក្នុង​សម័យ​សង្រ្គាម​ ទាហាន និង​ប្រជាជន​ស៊ីវិល​​រាប់លាននាក់ នៅ​ក្នុង​ប្រទេស​ចិន និង​កូរ៉េ ត្រូវ​ស្លាប់បាត់បង់ជីវិត ក្នុង​ពេល​ដែល​ទាហាន​ជប៉ុនឈ្លានពាន​វាតទី កាន់​កាប់​ប្រទេស​ទាំងនេះ។

ក៏ប៉ុន្តែ ចំពោះ​មន្រ្តី និង​អ្នក​តំណាងរាស្រ្ត​ជប៉ុន ដែល​នាំគ្នា​ទៅ​ធ្វើការ​បួងសួង​នៅ​វិហារ​យ៉ាស៊ូគូនី បាន​អះអាង​ថា ប្រទេស​អធិបតេយ្យ​មួយ​ត្រូវ​តែ​អាច​ធ្វើ​ការគោរពវិញ្ញានក្ខន្ធ​ដល់​អ្នក​ស្លាប់ ទៅតាម​ទំនៀមទម្លាប់ និង​វប្បធម៌​របស់​ខ្លួន ដោយ​មិនត្រូវ​មាន​ការលូកដៃ​ជ្រៀតជ្រែក​ពី​ប្រទេស​ក្រៅនោះទេ។ ម្យ៉ាងទៀត ពួកគេ​ក៏​បាន​​​​បកស្រាយ​ផងដែរ​​ថា តាមការពិត វិហារ​យ៉ាស៊ូគូនី គឺ​ជា​ទីសក្ការៈ ដែល​ប្រជាជន​ជប៉ុន​នាំគ្នា​ទៅ “បួងសួង​សុំ​សន្តិភាព” ក៏ប៉ុន្តែ វា​បែរ​ជា​ត្រូវ​បាន​កាសែត​បរទេស​ធ្វើការ​ចុះផ្សាយ​បំផ្លើស​ខុសពីការពិត​ទៅវិញ។

ក៏ប៉ុន្តែ អ្នកវិភាគខ្លះ​យល់ថា អ្នក​នយោបាយ​ជប៉ុន ដែល​នាំគ្នា​ទៅធ្វើការ​បួងសួង​នៅ​វិហារ​យ៉ាស៊ូគូនី មិនមែន​ធ្វើឡើង​​តែ​ក្នុង​គោលដៅ​​ទំនៀមទម្លាប់ វប្បធម៌ ឬ​សាសនា​​សុទ្ធសាធ​​នោះទេ ក៏ប៉ុន្តែ ក៏មាន​បង្កប់​នូវ​អត្ថន័យ​នយោបាយ​ផងដែរ។

សម្រាប់​ពួក​អ្នក​អភិរក្ស​និយម​ជប៉ុន ការធ្វើ​ដំណើរទៅ​បួងសួង​នៅ​វិហារ​យ៉ាស៊ូគូនី គឺ​ជា​កាយវិការមួយ​បង្ហាញ​ពី​មោទនភាព​ជាតិ និង​បង្ហាញ​ពី​ការ​ប្រឆាំង​ជំទាស់​នឹង​ការ​ទម្លាក់​កំហុស​ដាក់​ជប៉ុន នៅ​ក្នុង​សម័យសង្រ្គាម។ អ្នកអភិរក្ស​ជប៉ុន​ខ្លះ​នៅតែ​យល់ថា តុលាការ​អន្តរជាតិ ដែល​កាត់ទោស​មេដឹកនាំ​ជប៉ុន នៅ​ក្រោយ​សង្រ្គាម​លោក​លើកទី២ មិនមែន​ជា​ដំណើរការ​យុត្តិធម៌​នោះទេ ប៉ុន្តែ វាគឺ​ជា​តុលាការ ដែល​បង្កើត​ឡើង​ដោយ​អ្នក​ឈ្នះ ដើម្បី​កាត់ទោស​អ្នក​ចាញ់។

នៅ​ក្នុង​ពេល​ដែល​ចលនាជាតិនិយម​ជប៉ុន​កំពុង​តែ​ងើបឡើង​ខ្លាំង នៅ​ក្នុង​​បរិបទ​នៃ​ភាព​តានតឹង​រវាង​ជប៉ុន និង​ប្រទេស​ជិតខាង​ (ចិន និងកូរ៉េ) អ្នកនយោបាយ​ជប៉ុន​ខ្លះ​ប្រហែល​ជា​គិត​ថា ការ​ធ្វើ​ដំណើរទៅ​បួងសួង​នៅ​វិហារ​យ៉ាស៊ូគូនី អាច​ជា​មធ្យោបាយ​មួយ ដើម្បី​ទាក់ទាញ​ការ​គាំទ្រ​ផ្នែក​នយោបាយ​ពី​ប្រជាជន ពីព្រោះ​ អ្នក​បោះឆ្នោត​អាច​នឹង​មើលឃើញ​ថា ពួកគេ​ជា​អ្នក​ការពារ​អធិបតេយ្យ​របស់​ជប៉ុន ដោយ​​មិនចុះញ៉ម​នឹង​សម្ពាធ​របស់​ចិន ឬ​កូរ៉េ។

ក៏ប៉ុន្តែ ការស្ទាបស្ទង់មតិ​ថ្មីៗ​នេះ​បង្ហាញ​ថា ថ្វីដ្បិត​តែ​នៅ​ក្នុង​ចំណោម​ប្រជាជន​ជប៉ុន មាន​ប្រមាណ​ជា​ពាក់កណ្តាល​គាំទ្រ​វិហារ​យ៉ាស៊ូគូនី ប៉ុន្តែ ភាគច្រើន​មិន​ចង់​ឲ្យ​លោក​ស្ហ៊ីនហ្សូ អាបេ នាយករដ្ឋមន្រ្តី​ជប៉ុន ធ្វើ​ដំណើរ​ទៅ​បួងសួង​នៅ​ទីនោះទេ។

កាលពី​សប្តាហ៍​មុន កាសែត​​ជប៉ុន ឈ្មោះ​ The Asahi Shimbun ដែល​មាន​និន្នាការ​ឆ្វេងនិយម បាន​ចុះផ្សាយ​នូវ​បទវិចារណកថា​មួយ ដោយ​បាន​អំពាវនាវ​ឲ្យ​លោក​ស្ហ៊ីនហ្សូ អាបេ ពិចារណា​រក​វិធី​ថ្មី​ណាមួយ​ទៀត ដើម្បី​បន្ត​រំឭក និង​គោរព​វិញ្ញានក្ខន្ធ​ដល់​ប្រជាជន​ជប៉ុន ដែល​ស្លាប់​ក្នុង​សង្រ្គាម ដោយ​មិន​បង្ក​ឲ្យ​មាន​ភាពចម្រូងចម្រាស​ផ្នែក​ការទូត​ជាមួយ​ប្រទេស​ជិតខាង។

កាលពីដើមខែ​តុលា​នេះ គេឃើញ​​មន្រ្តី​ជាន់ខ្ពស់​អាមេរិក​ពីររូប គឺ​លោក​ចន ឃែរី រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​ និង​លោក​ឆាក់ ហេហ្គ័ល រដ្ឋមន្រ្តី​ក្រសួង​ការពារជាតិ ដែល​បំពេញ​ទស្សនកិច្ច នៅ​ក្នុង​ប្រទេស​ជប៉ុន ក៏​បាន​នាំគ្នា​ធ្វើ​ដំណើរទៅ​គោរព​វិញ្ញានក្ខន្ធ​ដល់​ជនរងគ្រោះ​ជប៉ុន ដែល​ស្លាប់​ក្នុង​សម័យសង្រ្គាម​ដែរ ក៏ប៉ុន្តែ ការគោរពវិញ្ញានក្ខខន្ធ​នោះ​មិនបាន​ធ្វើឡើង នៅ​វិហារ​យ៉ាស៊ូគូនី នោះទេ គឺ​ធ្វើ​នៅ​វិមានសព​ជាតិ ឈ្មោះ ឈីដូរីហ្កាហ៊្វូឈី (Chidorigrafuchi) នៅ​ទីក្រុងតូក្យូ។

នេះ​ទំនង​ជា​សារមួយ​របស់​អាមេរិក ដែល​ជាទូទៅ​តែងតែ​ទទូច​ចង់​ឲ្យ​ជប៉ុន​បញ្ចៀស​នូវ​រាល់​​បញ្ហា​ចម្រូងចម្រាស ដែល​អាច​បង្កភាព​តានតឹង​ជាមួយ​​ចិន និង​កូរ៉េខាង​ត្បូង។

គេ​សង្កេតឃើញ​ថា ចាប់តាំង​ពី​ឡើង​កាន់តំណែង​ជា​នាយករដ្ឋមន្រ្តី​ជប៉ុន​មក លោក​ស្ហ៊ីនហ្សូ អាបេ ទាន់​ដែល​បាន​ទៅ​ធ្វើការ​បួងសួង​នៅ​វិហារ​យ៉ាស៊ូគូនី​នេះ​នៅឡើយទេ។ ក៏ប៉ុន្តែ កាល​ពី​ថ្ងៃ​អាទិត្យ​កន្លងទៅ​នេះ ទីភ្នាក់ងារ​ព័ត៌មាន​ជប៉ុន​ក្យូដូ​បាន​ចុះផ្សាយ​ឲ្យដឹង​ថា លោក​ស្ហ៊ីន​ហ្សូ អាបេ ទំនង​ជា​នឹង​ធ្វើ​ដំណើរ​ទៅ​វិហារ​យ៉ាស៊ូគូនី នៅមុន​ដំណាច់​ឆ្នាំ​នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ