អានតួអត្ថបទ
កម្ពុជា

ប្រធាន​យុវជន​សម រង្ស៊ី​ត្រៀម​ចូល​តុលាការ​តាម​ដីកា

លោក​សួង​ សុភ័ណ្ឌ ប្រធាន​ចលនា​យុវជន​របស់​គណបក្ស​សម រង្ស៊ី​នឹង​ចូល​ខ្លួន​ទៅ​តុលាការ នៅ​ថ្ងៃ​ទី​៧ខែធ្នូ​សប្តាហ៍​នេះ តាម​ការកោះហៅ​របស់​ព្រះរាជអាជ្ញា​អម​សាលាដំបូង។ លោក​សួង សុភ័ណ្ឌ​ថ្លែង​ថា លោក​នឹង​នាំយក​ភស្តុតាង​ទៅ​ជាមួយ​ដែល​មាន​ទាំង​វីដេអូ​នៃ​ជនរងគ្រោះ​នៅ​លើ​ស្ពាន​កោះពេជ្រ​ទៀត​ផង។ ដើមបណ្តឹង​រូប​នេះ​នឹង​ការពារ​ខ្លួន​ឯង ដោយ​មិនចាំបាច់​មាន​មេធាវី។

ប្រធានចលនាយុវជនគណបក្សសម រង្ស៊ី លោកសួង សុភ័ណ្ឌ
ប្រធានចលនាយុវជនគណបក្សសម រង្ស៊ី លោកសួង សុភ័ណ្ឌ ©
ផ្សាយពាណិជ្ជកម្ម

 

ដើមបណ្តឹង​ប្រឆាំង​លោក​នាយក​រដ្ឋមន្ត្រីហ៊ុន សែន​ ក្នុង​សំណុំរឿង​សោកនាដកម្ម​កោះពេជ្រ​នឹង​ចូល​ខ្លួន​បង្ហាញ​ភស្តុតាង នៅ​សាលាដំបូងនៅ​ថ្ងៃ​សុក្រ​ទី​៧​ខែ​ធ្នូ​ក្នុង​សប្តាហ៍​នេះ។ ដើមបណ្តឹង​​ដែល​ជាប្រធាន​ចលនា​យុវជន​គណបក្ស​សម រង្ស៊ី​ ឈ្មោះ​សួង​ សុភ័ណ្ឌ​បាន​អះអាង​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​នៅ​រសៀល​ថ្ងៃ​ពុធ​នេះ​ថា លោក​នឹងចូល​ខ្លួន​តាម​ដីកាកោះ​របស់​ព្រះរាជអាជ្ញារង​សាលាដំបូង​រាជធានីភ្នំពេញ។

លោក​ព្រះរាជអាជ្ញា​សុខ រឿន​បាន​ចេញ​ដីកា កាល​ពី​ថ្ងៃ​ទី​៣​ខែ​ធ្នូ​នេះ កោះហៅ​ដើមបណ្តឹង​សួង សុភ័ណ្ឌ​ដើម្បី​សាកសួរ​បន្ថែម​អំពី​បណ្តឹង និង​បាន​ស្នើ​អោយ​ដើមបណ្តឹង​យក​ឯកសារ​ពាក់ព័ន្ធ​មក​ជាមួយ​ផង។

លោក​សួង សុភ័ណ្ឌ​បាន​បញ្ជាក់​ថា លោក​នឹង​នាំ​យក​ភស្តុតាង​នានាដែល​បង្ហាញ​អំពី​​ទី​កន្លែង និង​ព្រឹត្តិការណ៍​សោកនាដកម្មលើ​ស្ពានពេជ្រ ដោយ​មាន​ជា​ឯកសារ​វីដេអូ​ផង​ទៅ​បង្ហាញ​លោក​ព្រះរាជអាជ្ញា ហើយថា លោក​នឹង​ទៅ​តុលាការ​តែ​ម្នាក់​ដោយ​គ្មាន​ទីប្រឹក្សា​ច្បាប់ ឬ​មេធាវីទៅ​ជាមួយ​នោះ​ទេ។ អតីត​និស្សិត​ច្បាប់​រូប​នេះ​អះអាង​ថា លោក​នឹង​ប្រើប្រាស់​ចំណេះដឹង​ផ្នែក​ច្បាប់​ដើម្បី​ការពារ​ខ្លួន​ឯង​នៅ​តុលាការ។

គួរ​រម្លឹក​ថា ប្រធាន​ចលនា​យុវជន​គណបក្ស​សម រង្ស៊ី​ លោក​សួង សុភ័ណ្ឌ​បាន​ដាក់​បណ្តឹង​ប្រឆាំង​លោក​នាយករដ្ឋមន្ត្រី​អោយ​ទទួល​ខុសត្រូវ​ចំពោះ​ព្រឹត្តិការណ៍​កោះពេជ្រ ក្នុង​ឆ្នាំ​២០១០​ដែល​បាន​ធ្វើ​អោយ​មនុស្ស​ស្លាប់​ជាង​៣៥០​នាក់ និង​របួស​ប្រមាណ​៤០០​នាក់ផ្សេងទៀត។

ក្នុង​សំណុំរឿង​ក្តីក្តាំ​នេះ តំណាង​រាស្ត្រ​គណបក្ស​សម រង្ស៊ី​ លោក​សុន ឆ័យ​បាន​ថ្លែង​បញ្ជាក់​ថា នេះ​មិន​មែនជាការ​ផ្តួចផ្តើម​គំនិត​របស់​គណបក្ស​សម រង្ស៊ី​ទេ តែ​វា​ជាសិទ្ធិ​របស់​លោក​សួង សុភ័ណ្ឌ។ ប្រមុខ​រដ្ឋាភិបាល​កម្ពុជាវិញ បាន​ប្រកាស​ហើយ​ថា លោក​នឹង​ប្តឹង​បក​ប្រឆាំង​យុវជន​សួង សុភ័ណ្ឌ​វិញ ប្រសិន​បើ​តុលាការ​រក​មិន​ឃើញ​កំហុស​របស់​លោក​នោះ។ លោក​នាយក​រដ្ឋន្ត្រីហ៊ុន​ សែន​ធ្លាប់​បាន​ឈ្នះ​ក្តី តែរហូតមក លើ​បណ្តឹង​របស់​លោក​សម រង្ស៊ី និង​លោក​ស្រី​មូ សុខហួរ​ដែល​បាន​ប្តឹង​ប្រឆាំង​រូប​លោក៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ