គណបក្សសម រង្ស៊ីរម្លឹកខួបអ្នកស្លាប់នៅស្ពានពេជ្រ
ក្រុមតំណាងរាស្ត្រ និងចលនាយុវជនរបស់គណបក្សសម រង្ស៊ីបានជួបជុំគ្នានៅរសៀលថ្ងៃព្រហស្បតិ៍នៅស្តូបរម្លឹកវិញ្ញាណក្ខន្ធអ្នកស្លាប់នៅលើស្ពានពេជ្រកាលពីខែវិច្ឆិកាឆ្នាំ២០១០។ នៅថ្ងៃនេះដែរ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាក៏បានចេញផ្សាយរបាយការណ៍ដែលនិយាយអំពីអវត្តមាននៃការបង្ហាញអំពីមូលហេតុពិតប្រាកដដែលនាំអោយមានសោកនាដកម្មមនុស្សស្លាប់ជាង៣៥០នាក់នៅលើស្ពានពេជ្រដែលត្រូវបានកំទេចចោលបាត់ហើយ។
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០២:០០
អ្នកតំណាងរាស្ត្រ និងក្រុមចលនាយុវជនគណបក្សសម រង្ស៊ីប្រមាណជាង២០នាក់បានជួបជុំគ្នានៅមុខស្តូបរម្លឹកវិញ្ញាណក្ខន្ធអ្នកស្លាប់នៅលើស្ពានពេជ្រកាលពីរសៀលថ្ងៃព្រហស្បតិ៍នេះ ដើម្បីរៀបចំពិធីបង្សកូល ឧទ្ទិសកុសលដល់អ្នកស្លាប់ជាង៣៥០នាក់ ដែលភាគច្រើនគឺជាយុវជន។ គណបក្សសម រង្ស៊ីបានយកកម្រងផ្កាទៅដាក់នៅមុខស្តូបរម្លឹកវិញ្ញាណក្ខន្ធដែលកសាងដោយសាលារាជធានីភ្នំពេញនោះ មុនការរៀបចំតាមបែបសាសនា។
នៅថ្ងៃនេះដែរ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាបានចេញផ្សាយឡើងវិញនូវរបាយការណ៍ឆ្នាំ២០១១របស់ខ្លួនដែលមានចំណងជើងថា មួយឆ្នាំកន្លងផុត ចម្ងល់នៅតែបន្ត។ មជ្ឈមណ្ឌលសិទ្ធិមនុស្សបានសម្រេចចុះផ្សាយរបាយការណ៍នេះឡើងវិញដោយសារតែពួកគេយល់ថា ជនរងគ្រោះនៅតែមិនទាន់ទទួលបានចម្លើយអំពីមូលហេតុនៃសោកនាដកម្មនេះ។ សោកនាដកម្មដែលបានកើតឡើងនៅថ្ងៃទី២២វិច្ឆិកាឆ្នាំ២០១០ បានធ្វើអោយមនុស្សជាង៣៥០នាក់ស្លាប់គរលើគ្នានៅលើស្ពានពេជ្រ និងរបួសជាច្រើនរយនាក់ផ្សេងទៀត។
លោកអ៊ូ វីរៈ ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាបាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានថា ថ្ងៃនេះគឺជាការរម្លឹកដ៏ស្ងៀមស្ងាត់ថា ជនរងគ្រោះនៅមិនទាន់ទទួលបាននូវការពន្យល់ពីអាជ្ញាធរអំពីអ្វីដែលបានកើតឡើងពិតប្រាកដនោះនៅឡើយ។ លោកបន្តថា ជនរងគ្រោះគួរតែទទួលបានអ្វីដែលប្រសើរជាងនេះ។ ហើយថា បើតាមលោកអ៊ូ វីរៈ អ្វីដែលគួរអោយខ្លាចគឺគ្មានការប្រកាសធានាថា សោកនាដកម្មដដែលនេះនឹងមិនកើតឡើងជាថ្មីទៀត។
គួររម្លឹកថា សោកនាដកម្មលើស្ពានពេជ្រដែលបានបង្កអោយមានការស្លាប់មនុស្សជាច្រើនរយនាក់ ដែលភាគច្រើនគឺជាយុវជន ត្រូវបានរិះគន់យ៉ាងខ្លាំងពីសង្គមស៊ីវិលនិងសាធារណៈជន បើទោះជារដ្ឋាភិបាលបានសងជំងឺចិត្តជាទឹកប្រាក់ដល់គ្រួសារជនរងគ្រោះក៏ដោយ។ នៅពេលនោះ លោកនាយករដ្ឋមន្ត្រីហ៊ុន សែនក៏បានទៅគោរពវិញ្ញាណក្ខន្ធ និងសម្រក់ទឹកភ្នែកនៅក្នុងពិធីគោរពវិញ្ញាណក្ខន្ធអ្នកស្លាប់ផងដែរ។
នៅពេលនេះ ស្ពានពេជ្រដែលបានបង្កសោកនាដកម្មនោះ ត្រូវបានក្រុមហ៊ុនវិនិយោគកោះពេជ្រកំទេចចោលហើយ ហើយបានសាងសង់ស្ពានថ្មថ្មីចំនួន២នៅក្បែរនោះជំនួសវិញ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ