អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

អ៊ីរ៉ាក់​បើក​ប្រតិបត្តិការ​វាយលុកយក​ក្រុង​មូស៊ូល​ពី​ពួក​ជីហាត​រដ្ឋ​អ៊ីស្លាម

ចុះផ្សាយ​នៅ​ថ្ងៃ៖

ក្រោយ​ពី​បាន​ត្រៀម​រៀប​ចំ​អស់​ជា​ច្រើន​ខែ ប្រតិបត្តិការ​វាយ​លុកយក​ក្រុង​មូស៊ូល ក្រុងទីពីរ​របស់​អ៊ីរ៉ាក់ និង​ជា​ទីជង្រុក​​ដ៏សំខាន់របស់​ពួក​ជីហាត​រដ្ឋ​អ៊ីស្លាមមក​វិញ​ បាន​ចាប់​ផ្តើម។ ​​​ នាយក​រដ្ឋមន្ត្រី​អ៊ីរ៉ាក់ ជាអ្នក​ប្រកាស​បើក​យុទ្ធនាការ​នេះ ដោយ​ផ្ទាល់​ តាម​កញ្ចក់​ទូរទស្សន៍​នៅ​យប់មិញ។ ជា​ប្រតិបត្តិការ​ផ្តាច់​ព្រ័ត្រក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ពួក​អង្គការ​រដ្ឋ​អ៊ីស្លាម ដែល​មាន​ភាព​ស្មុគស្មាញ​បំផុត។ គ្មាន​នរណា​អាច​ទស្សន៍ទាយ បាន​ឡើយ​ ថា​តើ​ទាហាន​និង​ប៉ូលិស​អ៊ីរ៉ាក់ ត្រូវ​ការ​ចំណាយ​ពេល​ប៉ុណ្ណា និង​កម្លាំង​ប៉ុណ្ណា ទើប​អាច​ទម្លុះ​ចូល​ដល់​ក្នុង​ក្រុង​​កម្ចាត់​ពួក​ជីហាតរដ្ឋ​អ៊ីស្លាម​អស់ ហើយ​អាច​គ្រប់គ្រង​ក្រុង​បាន។

កងទ័ពគួដឌីស្ថាន​តម្រង់ទិស​ទៅ​ក្រុង​ Mossoul ថ្ងៃទី ១៧ តុលា ២០១៦
កងទ័ពគួដឌីស្ថាន​តម្រង់ទិស​ទៅ​ក្រុង​ Mossoul ថ្ងៃទី ១៧ តុលា ២០១៦ REUTERS/Azad Lashkari
ផ្សាយពាណិជ្ជកម្ម

អ៊ីរ៉ាក់​បាន​ត្រៀម​រៀប​ចំ​បើក​ប្រតិបត្តិការរំដោះ​ខេត្ត​នីនីវ ដែល​មាន​​មូស៊ូល​ជា​ទីក្រុង តាំងពី​ខែ​មីនា​មក​ម្ល៉េះ។ ​​មូស៊ូល​នេះ ជា​ទីក្រុង​ដ៏​ធំ​សំខាន់ទីពីរ​របស់​អ៊ីរ៉ាក់ ​សម្បូរ​ទៅ​ដោយ​ធនធាន​ធម្មជាតិ​ ជាពិសេស​ប្រេង​កាត និង​កប្បាស (កប្បាសសម្រាប់​ផលិត​ក្រណាត់​ប្រភេទ​មូសឺលីនដ៏​ល្បីល្បាញ​)។ មូស៊ូល​ជា​ក្រុង​យុទ្ធសាស្ត្រ និង​ចិត្តសាស្ត្រ បាន​ធ្លាក់ក្នុងកណ្តាប់​ដៃ​ពួក​អង្គការ​រដ្ឋ​អ៊ីស្លាម នៅ​ខែ​មិថុនា ឆ្នាំ​២០១៤ តាម​សម្រួល​ ព្រោះ​ពេល​នោះ​ប្រជាពលរដ្ឋ​ដែល​ភាគ​ច្រើន​ជា​អ្នក​កាន់​នីកាយ​ស៊ុននីត មិន​ទុក​ចិត្ត​រដ្ឋាភិបាល​ក្រុង​បាកដាត។ គឺ​ពី​ទីក្រុង​មូស៊ូល​នេះ​តែ​ម្តង​ដែល​​ពួក​អង្គការ​រដ្ឋ​អ៊ីស្លាម ​បាន​ជ្រើសរើស​ធ្វើការ​ស្វ័យប្រកាស​ជា​រដ្ឋកាលីហ្វា​។ ប៉ុន្តែ​ការ​បើក​ប្រតិបត្តិការ​ត្រូវ​បាន​លើក​ពេល​ម្តង​ជាពីរ​ដង ដោយ​សារ​​​​ មាន​កងកម្លាំង​ទ័ព​បរទេស​ច្រើន​បក្ស​ច្រើន​ពួក ​និយាយ​មិន​ត្រូវ​គ្នា និង​ដោយ​សារ​អ៊ីរ៉ាក់ខ្លួនឯងមាន​ជម្លោះ​​នយោបាយ​ផ្ទៃក្នុង រវាង​រដ្ឋាភិបាល​និង​សភា។

ប្រតិបត្តិការយឺតយ៉ាវ

ប្រតិបត្តិការ​ថ្ងៃ​នេះ ត្រូវ​បាន​នាយក​រដ្ឋមន្ត្រី​អ៊ីរ៉ាក់​ប្រកាស​ជា​ប្រតិបត្តិការ​ជោគជ័យ​រំដោះ​មូស៊ូល​ពី​អំពើ​ហិង្សា​និង​ពី​កណ្តាប់​ដៃពួក​ជីហាត​រដ្ឋ​អ៊ីស្លាម។ ជា​ប្រតិបត្តិការយោធា​​ដ៏ធំបំផុត​មិន​ធ្លាប់​មាន​គេ​គិត​ចាប់​ពី​ឆ្នាំ​២០០៣​ ឆ្នាំ​ដែល​អាមេរិក​ចូល​វាយលុក​នៅ​អ៊ីរ៉ាក់មក។
អ្នក​ដែល​ចូល​រួម​ក្នុង​យុទ្ធនាការ​នេះ​មាន​ច្រើនបក្ស​ច្រើន​ក្រុម​ណាស់ ពោល​គឺ​ យោធា​អ៊ីរ៉ាក់ ឬ​កង​កម្លាំង​ប្រយុទ្ធ​ប្រឆាំង​នឹង​ភេរវនិយម​ ប៉ូលិស​សហព័ន្ធ​និង​ប៉ូលិស​តំបន់​អ៊ីរ៉ាក់ យុទ្ធជនអ៊ីរ៉ាក់​​និកាយ​ឈីអ៊ីត ដែល​ភាគ​ច្រើន​ដើរ​តាម​បញ្ជា​របស់​អ៊ីរ៉ង់ កងកម្លាំង​គួដឌីស្ថាន តួកគី សហរដ្ឋ​អាមេរិក និង​ប្រទេស​ជា​សមាជិក​សម្ព័ន្ធ​មិត្ត​អន្តរជាតិ ...

កង​កម្លាំង​សម្ព័ន្ធមិត្ត​អន្តរជាតិ​ដឹកនាំ​ដោយ​សហរដ្ឋ​អាមេរិក ដែល​​ធ្វើ​ប្រតិបត្តិការ​ផ្លូវអាកាស​ កងកម្លាំង​ទ័ពស្វ័យត្រាណ​អ៊ីរ៉ង់ ជា​ជំនួយ​កម្លាំង​ទ័ព​ថ្មើរ​ជើង ​ តាំង​ពី​ខែ​មីនា​មក​យោធា​អ៊ីរាក់​អាច​រំកិល​បន្តិចម្តងៗ​ឆ្ពោះ​ទៅ​ក្រុង​មូស៊ូល​។ ចំណែក​កងទ័ព​គួដឌីស្ថាន​​រំកិល​ចូល​មូស៊ូល​ពីភាគ​ខាងជើង​មក​វិញ។ ក្រៅ​អំពី​ក្រុម​កម្លាំងទ័ព​នេះ នៅ​មាន​ទាហាន​តួកគី​មួយ​ក្រុម​ទៀត ដែល​មាន​ទីតាំងយោធា​​ឈរ​ជើង​នៅជិត​មូស៊ូលដែរ​ មាន​បំពាក់បំប៉ន​កម្លាំង​ទាហាន​អ៊ីរ៉ាក់​និកាយ​ស៊ុននីត ជាង​២០០០​នាក់ដែរ និង​ត្រូវ​បានរដ្ឋាភិបាល​​អ៊ីរ៉ាក់​ចាត់ទុក​ជា​ទ័ព​ឈ្លានពាន។ ហើយ​បើតាម​អ្នក​ជំនាញ​ វត្តមាន​កម្លាំងទ័ព​ជា​មូលហេតុ​ចំបង​ដែល​ធ្វើ​ឱ្យ​ប្រតិបត្តិការ​វាយលុក​យក​មូស៊ូលយឺតយ៉ាវ ព្រោះ​អ៊ីរ៉ាក់ ទាមទារ​ឱ្យ​តួកគី​ដក​ទ័ព​ចេញ ឯ​អង់ការ៉ា ដាច់ខាត​ចង់​ចូល​ជួយ ដោយ​ខ្លាច​ពួក​គួដឌីស្ថាន​ឡើង​កម្លាំង​។​

ផែនទី​ក្រុង​មូស៊ូល
ផែនទី​ក្រុង​មូស៊ូល Studio grpahique FMM

កងទ័ព​និង​ប៉ូលិស​អ៊ីរ៉ាក់​ចូល​ក្រុង​មូស៊ូល​ម្នាក់ឯង

កងកម្លាំង​ទាហាន​និង​ប៉ូលិស​រដ្ឋាភិបាល​អ៊ីរ៉ាក់ អាច​រំពឹង​លើ​​កម្លាំង​សម្ព័ន្ធ​មិត្ត​អន្តរជាតិ ដែល​ធ្វើការ​វាយប្រហារ​តាម​អាកាស​ជា​ការ​បើក​ផ្លូវ និងមាន​ទាហាន​អាមេរិក៤៦០០​នាក់ ក្នុង​៦០០​នាក់​ទើប​បញ្ជូន​មក​បន្ថែម។ ចំណែក​កងទ័ព​គួដឌីស្ថាន​អ៊ីរ៉ាក់ តួកគី អ៊ីរ៉ង់ ត្រូវ​បញ្ឈប់​សកម្មភាព​ត្រឹម​មាត់​ច្រក​ចូល​ក្រុងមូស៊ូល។ នាយក​រដ្ឋមន្ត្រី​អ៊ីរ៉ាក់ បាន​ប្រកាស​យ៉ាង​ក្តែងៗ និង​ដាច់​ណាត់ ថា​មាន​តែ​កងទ័ព​និង​ប៉ូលិស​របស់​រដ្ឋាភិបាល​អ៊ីរ៉ាក់​តែ​មួយគត់​​ដែល​អនុញ្ញាត​ឱ្យ​ចូល​ទៅ​ប្រយុទ្ធ​បោស​សម្អាត​ នៅក្នុង​ក្រុង​មូស៊ូល។ ការ​ធ្វើ​យ៉ាង​នេះ ដើម្បី​កំរិត​​កុំ​ឱ្យ​មាន​ការ​ប៉ះទង្គិច​​បែប​សហគមន៍​រវាង​កង​កម្លាំង​កាន់​និកាយ​ខុស​គ្នា​ផង និង​ដើម្បី​កុំ​ឱ្យ​មានការ​ហែកហួរ​មូស៊ូល​ ដណ្តើម​ឥទ្ធិពល​គ្នា​ផង។

ប្រតិបត្តិការចំណាយ​ពេល​​វែង និង​វិបត្តិ​មនុស្សធម៌

នៅ​ពេល​ប្រតិបត្តិការ​វាយលុក​បាន​ចូល​ទៅ​ក្រុង ក្នុង​ដំណាក់កាល​នោះ ការវាយប្រហារ​នឹង​ត្រូវ​ប្រឈម​គ្នា​ស្ទើរ​ទល់​មុខ ត្រូវ​វាយ​ពី​មួយ​ផ្លូវ​ទៅ​មួយ​ផ្លូវ ទល់​នឹង​ពួក​ទាហាន​ជីហាត​រដ្ឋអ៊ីស្លាម ដែល​មាន​គ្នា​ប្រមាណ​ពី ៣ពាន់ ទៅ​បួនពាន់​ប្រាំ​រយ​នាក់។ នេះ​បើ​តាម​ការ​ប៉ាន់​ស្មាន​របស់​​សម្ព័ន្ធអន្តរជាតិ។ ប្រភព​ខ្លះ​ទៀត ថា​មាន​ដល់​ទៅ ៩ពាន់​នាក់។

បើ​តាមតាកទិច​កន្លង​មក ដែល​ទាហាន​អ៊ីរ៉ាក់​ធ្លាប់​ធ្វើ និង​វាយ​ឈ្នះ​អង្គការ​រដ្ឋ​អ៊ីស្លាម​​យក​ក្រុង​ទីគ្រីត កាលពី​ខែ​មីនា​២០១៥ និង​រ៉ាម៉ាឌី នៅ​ខែ​​កុម្ភៈ​២០១៦ នោះ​គឺ​ឡោមព័ទ្ធក្រុង​ ហើយ​បញ្ជូន​ទ័ព​ដៃឆើត​ឱ្យ​ដើរ​ជួរ​មុខ​ក្នុង​សមរភូមិ។ ប៉ុន្តែមុន​​នឹង​អាចចូល​ដល់​ក្រុង កងទ័ព​អ៊ីរ៉ាក់​ត្រូវ​​កម្ចាត់​និង​យក​​ឈ្នះ​លើ​ពួក​ជីហាត​​ ដែល​ឈរ​ជើង​ការពារក្រុងមូស៊ូល​​​តាំង​ពី​រាប់​សិប​គីឡូម៉ែត្រ​មុន​។ ដោយ​សារ​តែ​ពួក​ជីហាត​រដ្ឋអ៊ីស្លាម​ត្រួត​ត្រា​មូស៊ូល​អស់​ជាង​ពីរ​ឆ្នាំ​ មាន​ពេល​ត្រៀម​ប្រយុទ្ធ​ ពួក​គេ​​ប្រើ​កម្លាំង​ស្នាព័រ បំផ្ទុះ​រថយន្ត​ ដាក់​មីន​បង្អាក់​ដំណើរ​រុល​ទៅ​មុខ​របស់​ទាហាន​និង​ប៉ូលិសអ៊ីរ៉ាក់។ ​ប្រជាពលរដ្ឋ​ស៊ីវិល​អាច​នឹង​ត្រូវ​ពួក​ជីហាត​យក​មក​ប្រើ​ខែល​ការពារ​ផង។

ហេតុ​ដូច្នេះ​ហើយ បាន​ជា​ចំណោទ​ទាក់ទង​នឹង​បញ្ហា​មនុស្សធម៌​កំពុង​ចោទ​ខ្លាំង។ ព្រោះ​គេ​មិន​ដឹង​ថា​តើ​ប្រតិបត្តិការនេះ​អាច​អូស​បន្លាយ​ពេល​យូរ​ប៉ុណ្ណា តើ​ប្រជាពលរដ្ឋ​ស៊ីវិលជាង​មួយ​លាន​នាក់​កន្លះ​ ​អាច​នឹងបញ្ចេញ​​​ប្រតិកម្ម​បះបោរ​យ៉ាងណា រត់​ទៅណា។ អង្គការ​សហប្រជាជាតិ​បាន​បង្ហាញក្តី​ព្រួយ​បារម្ភមុនគេ និង​ព្យាករ​អំពី​វិបត្តិ​មនុស្សធម៌​ដ៏​ធ្ងន់ធ្ងរ។ លោក ពូទីន ប្រធានាធិបតី​ រុស្ស៊ី បាន​ចំអក​ថា​លោក​សង្ឃឹម​លើ​អាមេរិក​និង​សម្ព័ន្ធមិត្ត​ក្នុង​ការ​ខិត​ខំប្រឹង​ប្រែង​ខ្ពស់​មិន​ឱ្យ​ប៉ះពាល់​ដល់​ជីវិត​ជនស៊ីវិល៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ