កិច្ចប្រជុំស្តីពីអាកាសធាតុ ប្រឈមនឹងការខ្វះឆន្ទៈនយោបាយនិងថវិកា
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៦:៥៨
នៅថ្ងៃនេះ ជាលើកទី១ ដែលក្រុងសាន់ហ្វ្រាន់ស៊ីស្កូ របស់សហរដ្ឋអាមេរិក បានរៀបចំកិច្ចប្រជុំកំពូលស្តីពីអាកាសធាតុ។ កិច្ចប្រជុំប្រព្រឹត្តទៅរយៈពេលបីថ្ងៃ គឺពីថ្ងៃពុធនេះ រហូតដល់ថ្ងៃសុក្រ។ របាយការណ៍ដែលថ្លែងឡើងក្នុងឱកាសបើកជំនួបប្រជុំ គឺបង្ហាញថា កិច្ចព្រមព្រៀងស្តីពីអាកាសធាតុ បានធ្លាក់ចុះខ្សោយ ដោយសារតែអ្នកដឹកនាំប្រទេសនៅលើលោក គ្មានការតាំងចិត្ត និងគ្មានការចូលរួមសម្រេចឲ្យបាននូវវត្ថុបំណងនៃការកាត់បន្ថយកម្តៅផែនដី។ នៅពេលនេះ ភពផែនដី បានកើនកម្តៅក្តៅជាងមុន គឺជាង១អង្សារទៅហើយ។ បើនៅតែបន្តដូច្នេះទៀត នោះគ្រោះមហន្តរាយធម្មជាតិ នឹងកាន់តែគំរាមកំហែងអាយុជីវិតមនុស្សនិងភពផែនដីកាន់តែធ្ងន់ធ្ងរឡើង។
អាមេរិករបស់លោកប្រធានាធីបតី ដូណាល់ ត្រាំ បានសម្រេចដកខ្លួនចេញពីកិច្ចព្រមព្រៀងស្តីពីអាកាសធាតុនេះទៅហើយ។ ហេតុអ្វីបានជាគេនៅតែរៀបចំកិច្ចប្រជុំនេះ នៅអាមេរិកទៀត?
ពីព្រោះថា អភិបាលរដ្ឋ កាលីហ្វ័រញ៉ា និងថ្នាក់ដឹកនាំក្រុងសាន់ហ្វ្រាន់ស៊ីស្កូ គឺភាគច្រើនសុទ្ធសឹងតែជាក្រុមអ្នកគាំទ្របក្សប្រជាធិបតេយ្យ ដែលមិនយល់ស្របនឹងឆន្ទៈនយោបាយរបស់លោក ត្រាំ នៃបក្សសាធារណរដ្ឋ។ បើយើងនិយាយជាក់ស្តែងទៅសោភ័ណ! កាលីហ្វ័រញ៉ា ជារដ្ឋមួយដែលស្ទុះស្ទាណាស់ ដើម្បីអាចរៀបចំកិច្ចប្រជុំកំពូលនេះ។ កិច្ចប្រជុំខ្នាតអន្តរជាតិ មានការចូលរួមពីក្រុមអង្គការសង្គមស៊ីវិល ក្រុមហ៊ុនឯកជនជាច្រើន ហើយមានប្រទេសបារាំង ចិន អាល្លឺម៉ង ជប៉ុន តំណាងក្រុងជាច្រើនរបស់ឥណ្ឌា និងអាហ្វ្រិកខាងត្បូង ហើយមានបណ្តាថ្នាក់ដឹកនាំរដ្ឋផ្សេងៗទៀតរបស់អាមេរិក ក៏បានមកចូលរួមដែរ។
ដូចយើងដឹងហើយថា នៅសហរដ្ឋអាមេរិក ក្រោយបានឡើងក្តាប់អំណាចនៅឆ្នាំ២០១៧ លោក ដូណាល់ ត្រាំ បានដកអាមេរិកចេញពីកិច្ចព្រមព្រៀងនេះ។ កិច្ចព្រៀងនេះ លោក អូប៉ាម៉ា បានចូលរួមសកម្មណាស់ ទម្រាំប្រទេស១៩៦សម្រេចចុះហត្ថលេខា តែត្រូវរលាយទៅវិញ ដោយសារលោកត្រាំ។
ក៏ប៉ុន្តែ ទោះយ៉ាងណាក្តីសោភ័ណ! អភិបាលរដ្ឋ កាលីហ្វ័រញ៉ា លោក Jerry Brown នៅតែជម្នះតស៊ូដើម្បីរក្សាគោលនយោបាយកាត់បន្ថយបម្រែបម្រួលអាកាសធាតុ របស់លោក អូបាម៉ា តទៅទៀត។ នៅថ្ងៃចន្ទដើមសប្តាហ៍នេះ សភារបស់រដ្ឋកាលីហ្វ័រញ៉ា បានអនុម័តច្បាប់ថ្មីមួយ ឲ្យប្រើតែថាមពលអគ្គិសនីដែលស្អាត មិនបំពុលបរិស្ថាន។ ហើយវត្ថុបំណងនេះ ត្រូវសម្រេចឲ្យបាននៅឆ្នាំ២០៤៥។ ទោះបីវានៅយូរទៀតមែន តែនេះគឺបង្ហាញពីការប្តេជ្ញាចិត្តថា កាលីហ្វ័រញ៉ា យកចិត្តទុកដាក់គិតពីអាកាសធាតុ។ យ៉ាងណាក៏ដោយចុះ អភិបាលរដ្ឋ កាលីហ្វ័រញ៉ា លោក Jerry Brown ក៏នៅតែសារភាពថា ការខំប្រឹងប្រែងរបស់ក្រុមលោកនិងរដ្ឋមួយចំនួនរបស់អាមេរិក គឺមិនទាន់អាចគ្រប់គ្រាន់សង្គ្រោះបរិស្ថានអាមេរិក ឬអាកាសធាតុភពផែនដីនោះទេ គឺកិច្ចការនេះចាំបាច់ត្រូវធ្វើឡើងដោយឆន្ទៈនយោបាយនៃរដ្ឋសហព័ន្ធអាមេរិកទាំងមូលតែម្តង។
តើវិស័យបរិស្ថាននិងអាកាសធាតុនៅអាមេរិក មានសភាពបែបណាហើយ?
តាំងពីលោក ត្រាំ ដកអាមេរិកចេញពីកិច្ចព្រមព្រៀងស្តីពីអាកាសធាតុមក! ហើយកាលណាគេនិយាយដល់កិច្ចព្រមព្រៀងអាកាសធាតុ គឺមានតែពាក្យសោកស្តាយទេ។ នៅពេលបើកជំនួបកំពូលនៅក្រុងសាន់ហ្វ្រាន់ស៊ីស្កូនេះ គេបានបង្ហាញរបាយការណ៍សិក្សាមួយថា អាមេរិកសម្រេចបានវត្ថុបំណងស្តីពីការកាត់បន្ថយកម្តៅអាកាសធាតុ បានតិចតួចណាស់។
គួរបញ្ជាក់ថា វត្ថុបំណងមួយរបស់អាមេរិក ក្នុងអាណត្តិប្រមុខរដ្ឋចាស់ គឺកាត់បន្ថយការបញ្ចេញឧស្ម័នពុល ឲ្យបាន១៧ភាគរយ នៅឆ្នាំ២០២៥ បើធៀបនឹងឆ្នាំ២០០៥។ តែអាមេរិកទំនងជាបរាជ័យហើយ ក្នុងការសម្រេចឲ្យបានការកាត់បន្ថយការបញ្ចេញឧស្ម័ន និងកាត់បន្ថយកម្តៅអាកាសធាតុនេះ។ ពីព្រោះថា អាមេរិកដកខ្លួនចេញពីកិច្ចព្រមព្រៀងស្តីពីអាកាសធាតុ ពីឆ្នាំទៅ ហើយមិនតែប៉ុណ្ណោះ នៅឆ្នាំ២០១៨នេះ លោក ត្រាំ បានលុបចោលបទដ្ឋាននិងច្បាប់មួយចំនួនដែលការពារដល់បរិស្ថាន ព្រមទាំងអនុញ្ញាតឲ្យរោងចក្រឧស្សាហកម្ម ធ្យូងថ្ម បើកដំណើរការឡើងវិញថែមទៀត។ ទាំងនេះ គឺហាក់ដូចជាចង់រំលាយការខិតខំប្រឹងប្រែង របស់លោក អូប៉ាម៉ា ក្នុងការចូលរួមកិច្ចព្រមព្រៀងស្តីពីអាកាសធាតុក្រុងប៉ារីស ចោលតែម្តង។
បើនិយាយពីអាកាសពិភលោកទាំងមូលវិញ គឺថា នៅពេលនេះ ភពផែនដី បានកើនកម្តៅក្តៅជាងមុន គឺជាង១អង្សារទៅហើយ។ ហើយគេរំពឹងថា នៅសតវត្សរ៍ទី២១នេះ ផែនដីនឹងបន្តកើនក្តៅ ៣,២អង្សារសេឯណោះ។ គឺថា អាកាសធាតុផែនដីយើងនឹងក្តៅខ្លាំងជាងរាល់ថ្ងៃនេះទៀត។
កិច្ចព្រមព្រៀងស្តីពីអាកាសធាតុ ដែលមានគោលបំណងឲ្យពិភពលោកកាត់បន្ថយកម្តៅ កុំឲ្យកើនលើស២អង្សារសេ នោះ គឺបរាជ័យទៅហើយ?
នេះជាក្តីព្រួយបារម្ភសម្រាប់ពិភពលោកនិងផែនដី! កិច្ចព្រមព្រៀងស្តីពីអាកាសធាតុ ដែលអាមេរិកដកខ្លួនដើរចេញនៅឆ្នាំ២០១៧ គឺជារឿងដែលនាំឲ្យកិច្ចព្រមព្រៀងដើរថយក្រោយយ៉ាងច្រើនសម្បើម។ នេះជាការយល់ឃើញរបស់អ្នកតំណាងប្រទេសបារាំង គឺលោកស្រី Ségolène Royal ដែលកំពុងតែចូលរួមប្រជុំនៅ ក្រុងសាន់ហ្វ្រាន់ស៊ីស្កូនេះ។ លោកស្រីក៏បានពន្យល់បន្ថែមទៀត ពីភាពអសកម្មនៃកិច្ចព្រមព្រៀង ដូចជានៅអូស្ត្រាលី អាល្លឺម៉ង់ ហើយថែមទាំងការលាលែងចេញពីដំណែងរបស់រដ្ឋមន្ត្រីបរិស្ថានបារាំងថែមទៀត។ គឺសុទ្ធសឹងតែជាដំណើរថយក្រោយនៃកិច្ចព្រមព្រៀងស្តីពីអាកាសធាតុ។
បញ្ហាឆន្ទៈនយោបាយរបស់ប្រទេសធំៗ គឺជារឿងចម្បងមួយ ប៉ុន្តែបញ្ហាធំ មួយទៀត! គឺរឿងលុយកាក់តែម្តង។ នៅក្នុងកិច្ចព្រមព្រៀង ក្រុងប៉ារីស ឆ្នាំ២០១៥ គេគ្រោងចង់បានថវិកា ឬវិភាគទានបៃតង ប្រមាណ ១០០ ពាន់លានដុល្លារ ក្នុងមួយឆ្នាំ សម្រាប់ជួយប្រទេសក្រីក្រ ប្រទេសកំពុងអភិវឌ្ឍន៍ ដែលរងគ្រោះដោយសារការប្រែប្រួលអាកាសធាតុ។ ប្រទេសអ្នកមាន និងប្រទេសមហាឧស្សាហកម្ម ដែលជាអ្នកបញ្ចេញឧស្ម័នពុល ច្រើនជាងគេនោះ គឺត្រូវជាអ្នកបង់វិភាគទានសម្រាប់កញ្ចប់ថវិកាបៃតងនេះ។ ប៉ុន្តែពួកគេកំពុងតែរកលេស ដោះដៃ ឬទម្លាក់បន្ទុកដាក់គ្នាទៅវិញ ទៅមក៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ