អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

តើ​អង្គការ​សហប្រតិបត្តិការ​ក្រុង​សៀងហៃ (OCS) ជាអ្វី?

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅថ្ងៃ​ពុធ ១៥ មិថុនា ២០១១​នេះ គឺ​ជា​ខួប​ទី១០ នៃ​ការ​​អង្គការ​សហប្រតិបត្តិការ​ក្រុង​សៀងហៃ​ ហៅកាត់​តាមភាសាបារាំង​ថា OCS (Organisation de Coopération de Shanghai)។ ជំនួបកំពូល​ប្រចាំ​ឆ្នាំ​របស់​ OCS នៅ​ឆ្នាំ​នេះ ត្រូវ​បាន​គេ​បើកធ្វើ​នៅ​ចំ​ថ្ងៃ​ខួប​ទី​១០​ឆ្នាំ​នេះ​ផងដែរ។ ប្រធានបទ​ដ៏ចម្បង​នៃ​ជំនួបកំពូល​នេះ គឺ​ការ​កំណត់​គោលដៅ​ជា​យុទ្ធសាស្រ្ត​របស់ OCS​ សម្រាប់​រយៈពេល ១០​ឆ្នាំ​ខាងមុខ។ តើ​អង្គការ​សហប្រតិបត្តិការ​ក្រុង​សៀងហៃ​នេះ​​ត្រូវបាន​បង្កើតឡើង​ក្នុង​គោលដៅ​អ្វី? តើ​អង្គការ​នេះ​មាន​សក្តានុពល​អ្វីខ្លះ​ទៅថ្ងៃ​អនាគត?

ប្រមុខរដ្ឋ​សមាជិក​អង្គការ​ប្រតិបត្តិការ​ក្រុង​សៀងហៃ ពេល​បើក​ជំនួបកំពូល ថ្ងៃ​ទី១៥ មិថុនា ២០១១
ប្រមុខរដ្ឋ​សមាជិក​អង្គការ​ប្រតិបត្តិការ​ក្រុង​សៀងហៃ ពេល​បើក​ជំនួបកំពូល ថ្ងៃ​ទី១៥ មិថុនា ២០១១ REUTERS/Shamil Zhumatov
ផ្សាយពាណិជ្ជកម្ម

 

អង្គការ​សហប្រតិបត្តិការ​ក្រុង​សៀងហៃ (OCS) គឺ​ជា​អង្គការ​អន្តររដ្ឋាភិបាល បង្កើត​ឡើង​ នៅថ្ងៃ​ទី​១៥ ខែ​មិថុនា ឆ្នាំ​២០០១ នៅទីក្រុង​សៀងហៃ ដោយ​ប្រទេស​ចំនួន ៦៖ ចិន រួមជាមួយ​​ប្រទេស​អតីត​សហភាព​សូវៀត​ចំនួន ៥ គឺ រុស្ស៊ី កាហ្សាក់ស្ថាន កៀហ្គីស៊ីស្ថាន តាហ្ស៊ីគីស្ថាន និង​អ៊ូសបេគីស្ថាន។

ចាប់តាំង​ពី​បង្កើតឡើង​មក អង្គការ OCS មិន​ទទួល​ប្រទេស​សមាជិក​ថ្មី​ទេ ក៏ប៉ុន្តែ បាន​អនុញ្ញាត​ឲ្យ​មាន​ប្រទេស​ចំនួន ៤ ចូលរួម​ជា​អ្នក​សង្កេតការណ៍៖ ឥណ្ឌា ប៉ាគីស្ថាន ម៉ុងហ្គោលី និង​អ៊ីរ៉ង់។

គោលដៅ​ចម្បង​នៃ​ការ​បង្កើត​អង្គការ OCS គឺ​កិច្ចសហប្រតិបត្តិការ​ ក្នុង​វិស័យ​សន្តិសុខ ក៏ប៉ុន្តែ កិច្ចសហប្រតិបត្តិការ​ក្នុង​វិស័យ​សេដ្ឋកិច្ច​ក៏​មាន​ទំហំ​ធំធេង​ដែរ។ ប្រទេស​សមាជិក OCS តែងតែ​រៀបចំ​ធ្វើ​សមយុទ្ធ​រួមគ្នា ក្នុង​ការ​ប្រយុទ្ធប្រឆាំង​នឹង​ភេរវកម្ម ព្រមទាំង​សហការគ្នា ក្នុងការ​ចែកចាយ​ព័ត៌មាន​ក្នុង​វិស័យ​សន្តិសុខ​ឲ្យ​គ្នា​ទៅវិញ​ទៅមក។

អង្គការ OCS ត្រូវបានគេ​មើលឃើញ​ជាទូទៅ​ថា ជា​គូប្រជែង​របស់​អូតង់។ ថ្វីដ្បិត​តែ OCS មិន​ទាន់​មាន​រចនាសម្ព័ន្ធ​យោធា​​​ដូច​អូតង់ ក៏ប៉ុន្តែ ប្រទេស​សមាជិក​ទាំង ៦ បានព្រមព្រៀង​គ្នា​ថា​នឹង​ជួយគ្នា​ទៅវិញ​ទៅមក ក្នុង​វិស័យ​សន្តិសុខ។ OCS គឺ​ជា​អង្គការ​សន្តិសុខ​ដ៏កម្រ​មួយ ដែល​មិនមាន​សហរដ្ឋ​អាមេរិក និង​ប្រទេស​លោកខាងលិច​ចូលរួម ផ្ទុយទៅវិញ មានសុទ្ធតែ​ជា​អតីត​ប្រទេស​ក្នុង​ប្លុក​ខាង​កើត។ យុទ្ធសាស្រ្ត​របស់​អង្គការ OCS គឺ​ចង់​ធ្វើ​ជា​តួអង្គ​ដ៏​ចម្បង​មួយ ក្នុងការ​ទប់ស្កាត់​ឥទ្ធិពល​របស់​អាមេរិក នៅ​អាស៊ី។

នៅ​ក្នុង​ជំនួបកំពូលចំ​ខួប​​១០​ឆ្នាំ នៅ​​ថ្ងៃ​នេះ ប្រទេស​ជាសមាជិក​ OCS មាន​គម្រោង​ចង់​ពង្រឹង​រចនាសម្ព័ន្ធ​របស់​ខ្លួន ជាពិសេស ក្នុង​វិស័យ​សន្តិសុខ។ OCS ក៏​គ្រោង​នឹង​ចាប់ផ្តើម​បើកទ្វារ​ទទួល​សមាជិក​ថ្មី​ៗ​ទៀត​ដែរ ដោយ​ក្នុង​នោះ គេរំពឹង​ថា ឥណ្ឌា និង​ប៉ាគីស្ថាន ទំនង​ជា​នឹង​មាន​ឱកាស​ចូល​ជា​សមាជិក OCS មុនគេ។ រុស្ស៊ី​កំពុង​តែ​ព្យាយាម​បញ្ចុះបញ្ចូល​សមាជិក​ផ្សេងទៀត​ឲ្យ​ទទួល​យក​ឥណ្ឌា​ជា​សមាជិក។ ចំណែក​ចិនវិញ ក៏​កំពុង​តែ​ព្យាយាម​រុញ​ប៉ាគីស្ថាន​ឲ្យ​ចូល​ក្នុង OCS ដែរ។

បច្ចុប្បន្ន​នេះ OCS មាន​សមាជិក​ពីរ ដែល​សុទ្ធសឹង​ជា​មហាអំណាច​នុយក្លេអ៊ែរ (ចិន និង​រុស្ស៊ី)។ ប្រសិន​បើ​ឥណ្ឌា និង​ប៉ាគីស្ថាន បាន​ចូល​ជា​សមាជិក​បន្ថែមទៀត មហាអំណាច​នុយក្លេអ៊ែរ ក្នុង​អង្គការ OCS នឹង​កើនឡើង​ដល់​ទៅ ៤។ លើសពីនេះ​ទៅទៀត ចិន និង​ឥណ្ឌា សុទ្ធសឹង​ជា​ប្រទេស​ដែល​មាន​ប្រជាជន​ច្រើន​ជាងគេ (លេខ១ និង​លេខ២ នៅលើពិភពលោក) និង​ជាប្រទេស​ដែល​មាន​សក្តានុពល​សេដ្ឋកិច្ច​ខ្លាំង។ បូករួម​ទាំង ​រុស្ស៊ី និង​ប្រទេស​​អតីត​សហភាព​សូវៀត​ផ្សេងទៀត ដែល​​ជា​ប្រទេស​សម្បូរ​ប្រេងកាត​ផង​នោះ អង្គការ OCS អាច​នឹង​ក្លាយ​ទៅជា​តួអង្គ​ដ៏​មាន​ឥទ្ធិពល​មួយ ​ទាំង​នៅ​អាស៊ី និង​នៅ​លើ​ឆាក​អន្តរជាតិ​ជាទូទៅ ប្រសិន​បើ​​ប្រទេស​ជាសមាជិក​ពិត​ជា​អាច​​ពង្រឹង​រចនាសម្ព័ន្ធ​​ និង​បង្កើន​សហប្រតិបត្តិការ​​រវាងគ្នា​បាន​មែននោះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ