អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

លោកស្រី​ស៊ូជី​​បំពេញ​​​ទស្សនកិច្ច​​នៅ​ចិន​ ក្នុង​​អារម្មណ៍​​តានតឹង​​

ចុះផ្សាយ​នៅ​ថ្ងៃ៖

លោកស្រី​អ៊ុងសាន​ ស៊ូជី ​ក្នុង​នាម​ជា​រដ្ឋមន្ត្រី​ការបរទេស​ភូមា បាន​​ទៅដល់​ក្រុងប៉េកាំង ថ្ងៃពុធ​១៧សីហា ​ម្សិលមិញ ​សម្រាប់​ទស្សនកិច្ច​រយៈពេល​៥ថ្ងៃ។ ​ទស្សនកិច្ចនៅចិន​ ​មានទិសដៅ​​​ពិភាក្សា​ពី​ទំនប់វារី​អគ្គិសនី​ដ៏​ចម្រូងចម្រាស ​ដែល​ចិន​ឧបត្ថម្ភ​ការ​សាងសង់​ក្នុង​ទឹកដី​ភូមា។ ​​ថ្ងៃព្រហស្បតិ៍​នេះ ​លោកស្រី​​ស៊ូជី បាន​ជួប​នាយករដ្ឋមន្ត្រី​ចិន លិ ខឺ ឈាំង។ លោក​លី​​លើកឡើង​​ថា ទស្សនកិច្ច​​លោកស្រី​ស៊ូជី បង្ហាញ​ពី​ការយកចិត្ត​ទុកដាក់​របស់​រដ្ឋាភិបាល​ភូមា ក៏ដូចជា​លោកស្រី​ស៊ូជី​ផ្ទាល់​ ចំពោះ​ទំនាក់ទំនង​​រវាង​ប្រទេស​ទាំង២។

នាយករដ្ឋមន្ត្រី​ចិន លី ខឺឈាំង បាន​ទទួល​លោកស្រី ស៊ូជី នៅ​ក្រុងប៉េកាំង​ ថ្ងៃ​១៨សីហា​នេះ។
នាយករដ្ឋមន្ត្រី​ចិន លី ខឺឈាំង បាន​ទទួល​លោកស្រី ស៊ូជី នៅ​ក្រុងប៉េកាំង​ ថ្ងៃ​១៨សីហា​នេះ។ Reuters
ផ្សាយពាណិជ្ជកម្ម

ថ្ងៃសុក្រ​ស្អែក លោកស្រី​នឹង​ជួប​ប្រធានាធិបតី ស៊ី ជីនពីង។ នេះ​ជាទស្សនកិច្ច​លើកទី២ របស់​លោកស្រី​ស៊ូជី នៅ​ចិន។ លោកស្រី​ធ្លាប់​ត្រូវបាន​បក្ស​កុម្មុយនិស្ត​​ចិន​អញ្ជើញ​ អោយ​ទៅ​ចិន ម្តង​រួចហើយ កាលពី​ខែមិថុនា ឆ្នាំមុន។

ភូមា​ផ្អាក​គម្រោង​សង់​ទំនប់​វារី​អគ្គិសនី​ចិន​ តាំងពី​ឆ្នាំ២០១១

សូមរំលឺក​ថា ​ទំនប់​វារី​អគ្គិសនីមីតសូន របស់​​ចិន​​ ត្រូវ​សង់​នៅ​ទន្លេ​អ៊ីរ៉ាវ៉ាឌី ​រដ្ឋកាឈីន ​ភាគ​ខាងជើង​​ភូមា ក្នុង​តម្លៃ​សាងសង់​៣៦០០ លាន​ដុល្លារ។ សង់​នៅ​ភូមា​ក៏ពិតមែន តែ​​ទិសដៅ​គឺ​ត្រូវផលិត​អគ្គិសនី​សម្រាប់​ប្រើ​នៅ​​ចិន។

​រដ្ឋាភិបាល​​លោក​ថេន សេន ​អាណត្តិមុន ​បាន​ផ្អាក គម្រោង​នេះ ​តាំងពី​ឆ្នាំ២០១១ម្ល៉េះ ដោយសារ​​​​ប្រជាជន​ភូមា​បាតុកម្ម​ប្រឆាំង​​គម្រោងនេះ។ ភូមា​មើលឃើញ​ថា គម្រោង​នេះ​ បង្ហាញ​ថា ​ចិន​ចង់​ត្រួតត្រា​​​លើ​សេដ្ឋកិច្ច​ភូមា​។ ​ចិន​​ខឹង​ភូមា​ខ្លាំងណាស់ កាលនោះ ដែល​ភូមា​ហ៊ានផ្អាក​គំរោង។

ទស្សនកិច្ច​លោកស្រីស៊ូជី នៅ​ចិន​ពេលនេះ គឺ​ផ្តោត​លើ​ទំនប់វារី​អគ្គិសនី​នេះហើយ ព្រោះ​វា​ជាប្រយោជន៍​ចំបង​របស់​ចិន។ ចិន​បាន​ដាក់សម្ពាធ​រដ្ឋាភិបាល​ថ្មី ​រឿង​ទំនប់​វារី​អគ្គិសនី​មួយនេះ ច្រើន​ខែ​មកហើយ។

លោកស្រី​ស៊ូជីត្រូវផ្គាប់ចិត្ត​ចិន​ផង ផ្គាប់ចិត្ត​ប្រជាជន​ភូមា​ផង

ទំនប់វារី​អគ្គិសនី​មីតសូន​របស់​ចិន ​​ជា​បញ្ហា​​​​ស្មុគស្មាញ​របស់​​រដ្ឋាភិបាល​​​ភូមា​ថ្មី។ លោកស្រី ស៊ូជី ​​តឹងតែង​ក្នុង​ចិត្ត​មិនតិចទេ ដែល​ត្រូវ​បំពេញ​ទស្សនកិច្ច​នៅ​ចិន​ពេលនេះ។ ​​លោកស្រី​​ត្រូវផ្គាប់ចិត្ត​ប្រជាជន​ភូមាផង ត្រូវផ្គាប់ចិត្ត​ចិន​ផង ​​លៃយ៉ាងណា កុំអោយ​ចិន​អន់ចិត្ត ហើយ​ក៏​កុំអោយ​ពលរដ្ឋ​ភូមា​ខឹងសម្បារ​ដែរ ព្រោះ​ប្រជាជន​ភូមា​មិនពេញចិត្ត​ទំនប់​វារី​អគ្គិសនី​ចិន​ទេ។

 
​​​មុន​ឡើង​កាន់​អំណាច ខែ​មេសា បក្ស​សម្ព័ន្ធជាតិ​ដើម្បីលទ្ធិ​​​ប្រជាធិបតេយ្យ​ភូមា​​ ធ្លាប់​បាន​បង្ហើបអោយដឹង​​ថា អាច​លុបចោល​គម្រោង​នេះ ដោយសារ​តែ​តំបន់​ដែលត្រូវ​សាងសង់​ទំនប់​វារី​អគ្គិសនី​​​ នៅ​ភាគខាងជើង​ភូមា​ ងាយ​រងគ្រោះ​រញ្ជួយដី។

កាលនោះ បក្ស​លោកស្រី​ស៊ូជី ​​ចង់ផ្គាប់ចិត្ត​ប្រជាជន​ផង ចង់​ផ្គាប់ចិត្ត​ចិន​ផង។ ​ប្រជាជនបាន​សប្បាយចិត្ត​ដែល​​លឺថា គម្រោងសង់​ទំនប់​វារី​អគ្គិសនីចិន អាច​នឹង​​ត្រូវ​លុបចោល។

មួយវិញទៀត ចិន​ក៏​មិន​អាច​ខឺង​រដ្ឋាភិបាល​​​ភូមា​​ទាំងស្រុង​ដែរ ព្រោះ​ថា ការលុបចោល​គឺ​ធ្វើឡើង​​ក្នុង​ហេតុផល​សន្តិសុខ។ រដ្ឋាភិបាល​លោកស្រី​ស៊ូជី ប្រហែល​ជា​អា​ចលើក​ការ​សង់​ទំនប់​វារី​អគ្គិសនី​នេះ​ ទៅ​សង់​នៅ​កន្លែង​ផ្សេង​វិញ​។

ថ្នូរនៃទំនប់​វារីអគ្គិសនី​មីតសូន - ចិន​បន្ត​ទាក់ភូមា​មិនអោយ​ផ្អៀងទៅរកអាមេរិក
រដ្ឋាភិបាល​ភូមា​ថ្មី​ សង្ឃឹមថា ​រដ្ឋាភិបាល​ចិន​អាច​គាំទ្រ​ភូមា ក្នុង​ដំណើរការ​ចរចា​សន្តិភាព​ជាមួយ​​​ក្រុមប្រដាប់អាវុធ​ក្នុងស្រុក។ កងទ័ព​ភូមា​បាន​ប្រយុទ្ធ​ជាមួយ​ក្រុមឧទ្ទាមនៅតំបន់​​កូងកាង ​​តាមព្រំដែន ធ្វើអោយ​​ប្រជាជន​រាប់សិបពាន់​នាក់​ភៀសខ្លួន​ ចូល​ក្នុង​​ទឹកដី​ចិន។

ក្រុងប៉េកាំង​ច្បាស់​ជា​គាំទ្រ​ភូមាហើយ​ ក្នុង​ការចរចា​សន្តិភាព​​ជាមួយ​ក្រុមឧទ្ទាម ព្រោះ​មិនត្រឹម​​តែ​​​បំពេញ​ចិត្ត​ភូមា ដោះស្រាយ​បញ្ហា​​​តានតឹង​តាម​ព្រំដែន​​ទេ គឺ​ថែមទាំង​អាច​ទាក់​រដ្ឋាភិបាល​លោកស្រី​ស៊ូជី អោយ​នៅ​ខាងចិន​ច្រើនដែរ។

ចិន​មិនចង់​អោយភូមា​ផ្អៀង​ទៅ​រក​លោកខាងលិច ពិសេស​អាមេរិក ​​ពេកទេ។ តាំង​ពី​របប​សឹកភូមា​ដួលរលំ រដ្ឋាភិបាល​​របស់​លោកថេន សេន ក្នុង​អាណត្តិ​មុន បានធ្វើ​កំណែទម្រង់​ច្រើន​ណាស់ ដោយ​បើក​អោយ​អ្នកវិនិយោគ​បរទេស​ ​ប្រទេស​លោក​ខាងលិច បាន​ចូល​មករកស៊ី​នៅភូមា។

ដើម្បីកុំអោយ​ភូមា​ងាកទៅរក​លោកខាងលិចច្រើន ​​ចិន​បានចែចង់​បក្ស​លោកស្រី​ស៊ូជី តាំង​ពី​មុន​បក្ស​នេះ​ជាប់ឆ្នោត​ខែវិច្ឆិកា ឆ្នាំ​មុនម្ល៉េះ។ កាលពី​ខែ​មិថុនា ឆ្នាំ២០១៥ បក្ស​កុម្មុយនិស្ត​ចិន​បាន​អញ្ជើញ​​លោកស្រី​ស៊ូជី អោយ​ទៅ​ទស្សនកិច្ច​នៅ​ចិន ៤ថ្ងៃ​ដែរ។ កាលនោះ ​ចិន​អាច​​រំពឹង​រួចស្រេច​ហើយថា​ បក្ស​លោកស្រី​ស៊ូជីពិតជា​ឈ្នះឆ្នោត ហើយ​អាច​ប្រែចិត្ត​ ជួយ​សង់​ទំនប់​វារី​អគ្គិសនី​​​បំពេញ​ចិត្ត​ចិន​វិញ។

បើភូមា​​​ព្រមសង់​ទំនប់​អគ្គិសនី​​ ​ចិន​ប្រហែល​​អាច​បន្ទន់​ខ្លួន ​​ចុះទៅ​ជួប​ពលរដ្ឋភូមា​ផ្ទាល់ ​​នៅ​តំបន់​ដែល​ត្រូវសង់​ទំនប់នេះ​ ​​ស្វែងយល់ពីតំរូវការ​ពួកគេ ​ក៏ដូចជា​លក្ខខណ្ឌ​​បរិស្ថាន​ផ្សេងៗ គឺធ្វើយ៉ាងណា ​រកវិធី​សម្រុះសម្រួល​​ជាមួយប្រជាជនក្នុងស្រុក​​​ ដើម្បី​​​សង់​ទំនប់​នេះអោយបាន។  ​

ការវិនិយោគ​ចិន​នៅ​ភូមា
ចិនជាដៃគូ​ដ៏​ធំ​ជាងគេ នៅ​ភូមា។ ចិន​វិនិយោគ​ប្រមាណ​១៥៤០០លាន​ដុល្លារ​នៅ​ភូមា។ នៅ​ភូមា​ចិន​វិនិយោគ​លើ​ផ្នែកប្រេង ឧស្ម័ន និង​រ៉ែផ្សេងៗ។ យោងតាម​​​​ការចុះផ្សាយ​របស់​សារព័ត៌មាន​ ហ្វ្រិន ឆាយណា អរ ស៊ីអិន French.china.org.cn បើ​​គិតដល់​ចុងខែ​កក្កដា កន្លងទៅ កិច្ចសន្យា​​វិនិយោគ​របស់​ចិន នៅ​ភូមា មានទំហំទឹកប្រាក់​​​ប្រមាណ​ជិត​៤០ភាគរយ ​នៃ​ការវិនិយោគ​បរទេសសរុប​​​​នៅភូមា។ 

នេះ​បង្ហាញ​ថា សេដ្ឋកិច្ច​ភូមា​ផ្អែក​លើ​ចិន​ខ្លាំងណាស់។ ភូមា​ជា​មិត្ត​នឹង​ចិន តាំង​ពី​យូរ​ហើយ។ ​កាលពីរបប​សឹកចាស់ ​​ឃុំ​លោកស្រី​ស៊ូជី ១៥ឆ្នាំ​ កាលនោះ ភូមា​​រងទណ្ឌកម្ម​អន្តរជាតិ ធ្លាក់ខ្លួន​ឯកោ។ កាលនោះ ​មានតែ​​ចិន​ទេ ដែល​ជួយ​សេដ្ឋកិច្ច​ភូមា។

ពេលនេះ ចិនក៏​​​ត្រៀមជួយ​ហេដ្ឋារចនា​សម្ព័ន្ធ ភូមា​ដែរ​។ ការ​កែលម្អ​ សង់ផ្លូវថ្នល់ ស្ពាន​ផ្សេងៗ​​ ​នឹង​ជួយ​ភូមា​អោយ​​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​ប្រទេស​ផ្សេងៗ​ ​ក្នុងតំបន់បាន​​ប្រសើរ​ជាងមុន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ