អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ទស្សនកិច្ច​របស់​ប្រមុខរដ្ឋ​អាល្លឺម៉ង់​នៅ​ភូមិ Oradour ជា​និមិត្តរូប​នៃ​ការ​ផ្សះផ្សា​រវាង​អាល្លឺម៉ង់ និង​បារំាង

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ថ្ងៃ​ពុធ ទី៤ កញ្ញា​នេះ លោក​ប្រធានាធិបតី​បារំាង François Hollande និង​លោក​ប្រធានាធិបតី​អាល្លឺម៉ង់ Joachim Gauck បាន​ធ្វើ​ដំណើរ​រួម​គ្នា​ទៅ​កាន់​ភូមិ Oradour-sur-Glane ស្ថិត​ប៉ែកកណ្តាល​ប្រទេស​បារំាង។ គឺ​នៅ​ក្នុង​ភូមិ​នោះ​ឯង​ដែល​កាល​ពី​ថ្ងៃទី១០ មិថុនា ឆ្នំា ១៩៤៤ មាន​កើត​ឡើង​នូវ​ព្រឹត្តិការណ៍​សម្លាប់​រង្គាល​លើ​អ្នកភូមិ​ទំាងអស់​ដោយ​កងទ័ព​អាល្លឺម៉ង់​ណាហ្ស៊ី។ ទស្សនកិច្ច​របស់​ប្រមុខរដ្ឋ​អាល្លឺម៉ង់​នៅ​ភូមិ Oradour គឺ​ជា​និមិត្ត​នៃ​ការ​ផ្សះផ្សា​រវាង​អាល្លឺម៉ង់ និង​បារំាង​ក្រោម​អតីតកាល​យ៉ាង​ជូរចត់។

ទស្សនកិច្ច​របស់​ប្រមុខរដ្ឋ​អាល្លឺម៉ង់​នៅ​ភូមិ Oradour ជា​និមិត្តរូប​នៃ​ការ​ផ្សះផ្សា​រវាង​អាល្លឺម៉ង់ និង​បារំាង
ទស្សនកិច្ច​របស់​ប្រមុខរដ្ឋ​អាល្លឺម៉ង់​នៅ​ភូមិ Oradour ជា​និមិត្តរូប​នៃ​ការ​ផ្សះផ្សា​រវាង​អាល្លឺម៉ង់ និង​បារំាង REUTERS/Pascal Rossignol
ផ្សាយពាណិជ្ជកម្ម

Oradour គឺ​ជា​ភូមិ​មួយ​ដែល​មាន​ចម្ងាយ​ប្រមាណ​ជា ២០គីឡូម៉ែត្រ​ពី​ខេត្ត Limoges ស្ថិតប៉ែក​កណ្តាល​ប្រទេស​បារំាង។ កាល​ពី ៦៩ឆ្នំា​មុន ពោល​នៅ​ថ្ងៃទី១០ មិថុនា ឆ្នំា ១៩៤៤ មាន​អ្នកភូមិ Oradour ចំនួន ៦៤២នាក់ ក្នុង​នោះ​មាន​កូនក្មេង​ក្រោម​អាយុ ១៥ឆ្នំា​ចំនួន ២០៥នាក់​ត្រូវ​បាន​កងទ័ព​អាល្លឺម៉ង់ណាហ្ស៊ី​សម្លាប់​ចោល​ក្នុង​រយៈពេល​តែ​មួយ​ថ្ងៃ គឺ​នៅ​ថ្ងៃទី១០ មិថុនា ឆ្នំា ១៩៤៤។ តាម​គម្រោង កងទ័ព​អាល្លឺម៉ង់ណាហ្ស៊ី​គ្រោង​សម្លាប់​អ្នកភូមិ Oradour ទំាង​អស់ ដោយ​មិន​រើសមុខ តែ​សំណាង​ល្អ​មាន​អ្នករត់រួចខ្លួន និង​រស់រានមាន​ជីវិត​មក​ដល់​សព្វថ្ងៃ​ចំនួន ៦នាក់។

នៅ​រសៀល​ថ្ងៃទី១០ មិថុនា ឆ្នំា ១៩៤៤ ក្នុង​អំឡុង​សង្រ្គាមលោកលើក​ទី២ មាន​ទ័ព​អាល្លឺម៉ង់ណាហ្ស៊ី​ពី ១២០ ទៅ ២០០នាក់​បាន​ព័ទ្ធជុំវិញ​ភូមិ Oradour ដោយ​បាន​អំពាវនាវ​ឲ្យ​អ្នកភូមិ​ទំាងអស់ ក្មេងចាស់ ប្រុសស្រី​ប្រមូលផ្តុំ​គ្នា​នៅ​លើ​ទីលាន​មួយ ក្រោម​លេស​ថា ត្រួតពិនិត្យ​ក្រដាសស្នាម។ ការ​ប្រមូលផ្តុំ​ត្រូវ​បាន​ចែក​ជា​ពីរ​ក្រុម គឺ​ក្រុមបុរស និង​ក្រុមស្រ្តី រួម​ជាមួយ​កូនក្មេង។ នៅ​ពេល​ជួបជុំ​គ្នា​អស់​ហើយ ទ័ព​អាល្លឺម៉ង់ណាហ្ស៊ី​ក៏​ផ្តើម​ធ្វើ​ការ​បាញ់រះ​ទៅ​ហ្វូងបុរស រួច​យក​សាកសព​ទៅ​គរ​លើ​គ្នា​កប់​ក្រោម​ចម្បើង​ដើម្បី​ដុតចោល។ សំណាង​ល្អ​នា​ពេល​នោះ មាន​បុរស ៥នាក់​បាន​រត់រួច​ខ្លួន។ ព្រម​ពេល​ជាមួយ​គ្នា​នោះ ទាហាន​អាល្លឺម៉ង់ណាហ្ស៊ី​មួយ​ក្រុមទៀត​ក៏​បាន​ផ្តើម​សម្លាប់​ស្រ្តី និង​កូនក្មេង​ដែល​ប្រមូលផ្តុំ​គ្នា​នៅ​ក្នុង​វិហារ​មួយ​បិទជិត ដោយ​បញ្ចូល​ឧស្ម័នហ្គាស​ទៅ​ខាង​ក្នុង រួច​អុជភ្លើង​ដុត​ទំាង​រស់។ សំណាង​ល្អ មាន​ស្រ្តី​ម្នាក់​បាន​រត់គេច​ខ្លួន​រួច​តាម​បង្អួច។

ព្រឹត្តិការណ៍​នៅ​ភូមី Oradour បាន​កើត​មាន​ឡើង ៤ថ្ងៃ បន្ទាប់​ពី​កម្លំាងទ័ព​អាមេរិក​បាន​ឡើង​គោក​នៅ Normandie ក្នុង​ប្រទេស​បារំាង​ដើម្បី​ជួយ​វាយបណ្តេញ​ទ័ពអាល្លឺម៉ង់ណាហ្ស៊ី​ឈ្លានពាន​ចេញ​ពី​បារំាង ក៏​ដូច​ជា​ប្រទេស​អឺរ៉ុប​ផ្សេង​ទៀត​ផង។ បច្ចុប្បន្ន ភូមិ Oradour គ្មាន​មនុស្ស​រស់នៅ និង​ដែល​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​កន្លែង​ដែល​មាន​ការ​សម្លាប់​រង្គាល​លើ​ជនស៊ីវិល​ច្រើន​ជាង​គេ​នៅ​ក្នុង​ប្រទេស​បារំាង ដោយ​ទាហាន​អាល្លឺម៉ង់ណាហ្ស៊ី។

តំាង​ពី​ក្រោយ​ការ​បិទបញ្ចប់​សង្រ្គាមលោក​មក បារំាង និង​អាល្លឺម៉ង់​បាន​ព្យាយាម​ជា​បង្រួបបង្រួម​គ្នា​ថ្មី។ ជាក់ស្តែង និមិត្តរូប​នៃ​ការ​កាន់ដៃ​គ្នា​រវាង​លោកអតីតប្រធានាធិបតី​បារំាង François Mitterrand និង​លោក​អតីត​ប្រមុខ​រដ្ឋាភិបាល​អាល្លឺម៉ង់ Helmut Khol កាល​ពី​ថ្ងៃទី២៥ កញ្ញា ឆ្នំា ១៩៨៤។ កាលណោះ គឺ​ក្នុង​ឱកាស​ពិធី​រម្លឹក​វិញ្ញាណក្ខន្ធ​ទាហាន​បាត់បង់​ជីវិត​ក្នុង​សម័យសង្រ្គាមលោក​នៅ​ឯ​កន្លែង​បញ្ចុះសព Douaumont ក្នុង​ប្រទេស​បារំាង។ ដៃកាន់ដៃ​រវាង​លោក Mitterrand និង​លោក Kohl ពេល​នោះ ត្រូវ​បាន​គេ​ចាត់​ទុក​ជា​កាយវិការ​យ៉ាង​សំខាន់​មួយ​នៃ​ទសវត្ស​នៃ​ការ​បង្រួបប្រង្រួម​រវាង​បារំាង និង​អាល្លឺម៉ង់។

ទស្សនកិច្ច​ជា​ប្រវត្តិសាស្រ្ត​របស់​ប្រមុខរដ្ឋ​អាល្លឺម៉ង់​នៅ​ភូមិ Oradour

តំាង​ពី​ក្រោយ​ព្រឹត្តិការណ៍​សម្លាប់​រង្គាល​នៅ​ភូមិ Oradour ដោយ​ទាហាន​អាល្លឺម៉ង់ណាហ្ស៊ី​កាល​ពី ៦៩ឆ្នំា​មុន​មក នេះ​ជា​លើកទីមួយ​បង្អស់​ដែល​មាន​រូប​ប្រធានាធិបតី​អាល្លឺម៉ង់​ម្នាក់​បាន​ដាក់​ជើង​ជាន់​លើ​ភូមិ Oradour។ ភូមិ Oradour ដែល​ត្រូវ​បាន​បារំាង​រក្សា​ទុក​នូវ​ទិដ្ឋភាព​ដើម​តំាង​ពី​ពេល​នោះ​រហូត​មក​ដល់​សព្វថ្ងៃ និង​ថែម​ទំាង​បាន​ចុះ​ក្នុង​បញ្ជី​បូជនីស្ថានប្រវត្តិសាស្រ្ត​តំាង​ពី​ឆ្នំា ១៩៤៥។

គឺ​លោក​ប្រធានាធិបតី​បារំាង​ដែល​ជា​អ្នក​ផ្តួចផ្តើម​គំនិត​អញ្ជើញ​លោក​ប្រធានាធិបតី​អាល្លឺម៉ង់​ឲ្យ​ទៅ​ទស្សនា​ភូមិ Oradour។ លោក​ប្រមុខរដ្ឋ​អាល្លឺម៉ង់​ក៏​បាន​យល់ព្រម និង​ថែម​បាន​ពន្យល់​បកស្រាយ​ថា ដំណើរ​ទៅ​កាន់​ភូមិ Oradour ពេល​នេះ គឺ​ជា​សក្ខីកម្ម​មួយ​ដែល​លោក​ចង់​បង្ហាញ​ពី​ភាព​ខុស​គ្នា​រវាង​ប្រទេស​អាល្លឺម៉ង់​ដែល​លោក​តំណាង​ឲ្យ​នា​ពេល​នេះ និង​ប្រទេស​អាល្លឺម៉ង់​ក្នុង​ជំនាន់​អ៊ីត្លែរ។

ដូច្នេះ​គេ​អាច​និយាយ​បាន​ថា ទោះ​បី​ជា​លោក​ប្រធានាធិបតី​អាល្លឺម៉ង់​បាន​ព្យាយាម​ពន្យល់​បកស្រាយ​ពី​ភាព​ខុសគ្នា​រវាង​ប្រទេស​អាល្លឺម៉ង់​បច្ចុប្បន្ន និង​ប្រទេស​អាល្លឺម៉ង់​ក្នុង​អាតីតកាល​ក៏​ដោយ ក៏​វា​ជា​សក្ខីកម្ម​មួយ​ដែល​បញ្ជាក់​ពី​ការ​ទទួល​ខុសត្រូវ និង​ការ​ទទួល​ស្គាល់​នូវ​ទង្វើ​សម្លាប់​រង្គាល​លើ​ពលរដ្ឋ​បារំាង​ពី​សំណាក់​ទាហានអាល្លឺម៉ង់​កាល​ពី ៦៩ឆ្នំា​មុន​ដែរ។

ម្យ៉ាង​ទៀត ដំណើរ​ទស្សនកិច្ច​លើកទីមួយ​របស់​លោក​ប្រមុខរដ្ឋ​អាល្លឺម៉ង់​នៅ​ ភូមិ Oradour នា​ពេល​នេះ ក៏​ជា​សក្ខីកម្ម​មួយ​ដែល​បញ្ជាក់​ពី​ការ​បើក​ទំព័រសករាជ​ថ្មី​នៃ​ការ​ផ្សះផ្សា និង​ការបង្រួបបង្រួម​រវាង​បារំាង អាល្លឺម៉ង់​ក្រោម​អាតីតកាល​ដ៏​ល្វីងជួរចត់។ ទីក្រុងប៊ែរឡំាង និង​ទីក្រុង​ប៉ារីស​សុទ្ធ​តែ​បាន​ប្តេជ្ញា​ចិត្ត​រៀងខ្លួន​ថា គេ​ពិត​ជា​មិន​អាច​បំភ្លេច​រឿងអាតីតកាល​បាន​ឡើយ អាតីតកាល​នៅ​តែ​ជា​អាតីតកាល តែ​អាល្លឺម៉ង់ និង​បារំាង​ចំា​បាច់​ត្រូវ​តែ​កសាង​អនាគតកាល​រួមគ្នា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ