អានតួអត្ថបទ
កម្ពជា

លោក​សម រង្ស៊ី​៖​ជប៉ុន​​អាច​​បញ្ចុះ​បញ្ចូល​​លោក​​ហ៊ុន សែន​​ឲ្យ​​រៀបចំ​​ការ​បោះឆ្នោត​​តាម​បែប​​ប្រជាធិបតេយ្យ​

ក្រោយពី​បាន​ជួបពិភាក្សា​គ្នា​ជាមួយ​ក្រុម​សមាជិកសភា​ជប៉ុន​កាលពី​ថ្ងៃទី១២ មេសា នៅ​ថ្ងៃ​សុក្រ​ម្សិលមិញ​នេះ លោក​សម រង្ស៊ី បានធ្វើ​សន្និសីទកាសែត​មួយ ជាមួយ​ក្លឹប​អ្នកកាសែត​បរទេស​នៅក្នុង​ប្រទេស​ជប៉ុន។ នៅក្នុង​សន្និសីទកាសែត​នោះ លោក​សម រង្ស៊ី បានលើកឡើង​ពី​សារៈសំខាន់​នៃ​តួនាទី​របស់​ប្រទេស​ជប៉ុន​ក្នុង​ស្តារ​លទ្ធិប្រជាធិបតេយ្យនៅ​ក្នុងប្រទេស​កម្ពុជា។ អតីត​មេបក្ស​ប្រឆាំង​រូបនេះ​បាន​អះអាងថា មានតែ​ជប៉ុន​ទេ​ដែល​អាច​បញ្ចុះបញ្ចូល​លោក​ហ៊ុន សែន ឲ្យ​រៀបចំ​ការបោះឆ្នោត​នា​ខាងមុខ តាម​លទ្ធិប្រជាធិបតេយ្យ។

លោក សម រង្ស៊ី
លោក សម រង្ស៊ី REUTERS
ផ្សាយពាណិជ្ជកម្ម

ឆ្លើយ​បត​នឹង​សំណួរ​អ្នកកាសែត​ជុំវិញ​តួនាទី​របស់​ប្រទេស​ជប៉ុន​នៅក្នុង​ស្ថានភាព​នយោបាយ​កម្ពុជា​បច្ចុប្បន្ន ជាពិសេស​ទាក់ទង​ទៅ​ការបោះឆ្នោត លោក​សម រង្ស៊ី​បាន​អះអាងថា ជប៉ុន​មាន​តួនាទី​សំខាន់។ សំខាន់ បើតាម​លោក​សម រង្ស៊ី គឺ​ជប៉ុន​កំពុងកាន់​ក្នុង​ដៃ​នូវ​កូនសោរ​ដែល​ផ្តល់​ភាពស្របច្បាប់​ចំពោះ​ការបោះឆ្នោត​នៅ​កម្ពុជា ហើយ​បើសិនជា​ជប៉ុន​និយាយថា បោះឆ្នោត​នាពេលខាងមុខ​មិន​ស្របច្បាប់ នោះ​រដ្ឋាភិបាល​ដែល​កើតចេញ​ការបោះឆ្នោត​នេះ​ក៏​មិន​ស្របច្បាប់​ដែរ។ លោក​បន្ថែមថា ប្រសិនបើ​នៅពេលនេះ ជប៉ុន​ចូលរួម​ជាមួយ​ប្រទេស​ប្រជាធិបតេយ្យ​ដទៃទៀត តួយ៉ាង​សហរដ្ឋអាមេរិក​ក៏​ដូច​សហភាព​អឺរ៉ុប ហើយ​ប្រកាសថា ការបោះឆ្នោត​ដែល​គ្មាន​បក្សប្រឆាំង គឺ​មិន​មានន័យ​ហើយ​មិនអាច​ទ​ទូល​ស្គាល់ នោះ​វា​នឹងធ្វើ​ឲ្យ​មាន​បញ្ហា​កាន់តែខ្លាំង​ដល់​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន។

ដូច្នេះហើយ សម្រាប់​លោក​សម រង្ស៊ី ប្រទេស​ជប៉ុន គឺអាច​បញ្ចុះបញ្ចូល​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ឲ្យ​រៀបចំ​ការបោះឆ្នោត​នាពេល​ខាងមុខនេះ ឲ្យ​មាន​ភាពសេរី​តាមបែប​ផែន​លទ្ធិប្រជាធិបតេយ្យ។ បើតាម​លោក​សម រង្ស៊ី ដដែល លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ក៏បាន​ដឹង​ពី​ភាព​សំខាន់​នៃ​ប្រទេស​ជប៉ុន​នេះ​ផងដែរ ហើយ​លោក​គិតថា លោកនាយក​រដ្ឋមន្ត្រី​អាច​នឹង​ស្ដាប់​តាម​ជប៉ុន។

សូមបញ្ជាក់ថា លោក​សម រង្ស៊ី បាន​ទៅដល់​ប្រទេស​ជប៉ុន​កាល​ដើម​សប្តាហ៍​នេះ ហើយ​លោក​ក៏បាន​ជួប​ជាមួយ​សន្ទនា​ជាមួយ​សមាជិកសភា​ជប៉ុន​មួយចំនួន​ផងដែរ​កាលពី​ថ្ងៃទី១២ មេសា។ គោលបំណង​នៃ​ដំណើរ​របស់លោក​សម រង្ស៊ី​នៅក្នុង​ប្រទេស​ជប៉ុន​នេះ គឺ​ដើម្បី​ស្នើសុំ​ឲ្យ​រដ្ឋាភិបាល​ជប៉ុន​ជំរុញ​ឲ្យ​ការបោះឆ្នោត​នៅ​កម្ពុ​ជានា​ចុងខែ​កក្កដា ធ្វើឡើង​ដោយ​សេរី និង​យុត្តិធម៌។ នៅមុន​វត្តមាន​របស់​លោក​សម រង្ស៊ី​នៅ​ជប៉ុន​នោះ រដ្ឋាភិបាល​ជប៉ុន​ក៏បាន​ជំរុញ​ឲ្យ​លោក​ហ៊ុន សែន រៀបចំ​ការបោះឆ្នោត​នាពេលខាងមុខ​ប្រកបដោយ​សេរី និង​យុត្តិធម៌​ផងដែរ។

យ៉ាងណាក៏ដោយ ប្រសិនបើ​ការបោះឆ្នោតជាតិ​នៅ​ចុងខែ​កក្កដា​ខាងមុខនេះ មិនមាន​វត្តមាន​គណ​បក្ស​សង្គ្រោះ​ជាតិ​ចូលរួម​ទេនោះ លោក​សម រង្ស៊ី ក៏បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ធ្វើពហិការ​ការបោះឆ្នោត។ បន្ថែម​ពីលើ​នេះ លោក​អតីត​ប្រមុខ​បក្សប្រឆាំង​ក៏បាន​អំពាវនាវ​កុំ​ឲ្យ​អ្នកសង្កេតការណ៍​ជាតិ និង​អន្តរជាតិ​ចូលរួម​ឃ្លាំមើល​ការបោះឆ្នោត​នេះដែរ ពីព្រោះ​លោក​ចាត់ទុកថា ជាការ​បោះឆ្នោត​ក្លែងក្លាយ​ដែល​រៀបចំឡើង​គ្រាន់តែ​ដើម្បី​ឲ្យ​គណបក្សកាន់អំណាច​សព្វ​ថ្ងៃ​ឈ្នះ​យ៉ាង​ងាយ​ប៉ុណ្ណោះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ