អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

តើអ្វី​ជា​កម្មវិធីXKeyscore​ដែល​ទីភ្នាក់ងារ​NSA ​ប្រើ​ដើម្បី​លួច​យក​ព័ត៌មាន​ពី​អ្នកប្រើប្រាស់​អ៊ីនធ័រណេត

ចុះផ្សាយ​នៅ​ថ្ងៃ៖

យុវជន​Edward Snowden អតីត​បុគ្គលិក បម្រើការ​ឲ្យ​ទីភ្នាក់ងារ​NSA បាន​ទទួល​សិទ្ធិជ្រកកោន មួយ​ឆ្នាំ​នៅរស្ស៊ី កាលពី​ចុងសប្តាហ៍មុននេះ។ ក្នុង​ទឹកដី​រុស្ស៊ី Snowden បាន​រួចផុត​ពី​ការតាមចាប់​របស់​អាជ្ញាធរ​អាមេរិក​ដែល​បាន​ចោទ​រូបគេ ពីបទ​ឧក្រិដ្ឋ លួច​បញ្ចេញ​ឯកសារ​សម្ងាត់​របស់​រដ្ឋាភិបាល​ទៅ​ឲ្យ​អ្នកកាសែត។ ឯកសារ​ដែល​ Snowden​បញ្ចេញ​ទៅ​ឲ្យ​កាសែត​អង់គ្លេស​The Guardian បាន​បង្ហាញ ពី​មួយ​ថ្ងៃ ទៅ​មួយថ្ងៃ នូវ​យុទ្ធសាស្រ្ត​របស់​ទីភ្នាក់ងារ​សន្តិសុខ​អាមេរិក ក្នុង​ការប្រមូល​លួច​យក​ព័ត៌មាន​ពី​អ្នកប្រើប្រាស់​អ៊ីនធ័រណេត​ក្នុង​ពិភពលោក។

កម្មវិធី​Xkeyscores​ដែល​NSA​ប្រើ​ដើម្បី​ទាញ​យក​ព័ត៌មាន​តាម​អ៊ីនធ័ណេតពី​សារអេឡិចត្រូនិក​​របស់​បុគ្គល​
កម្មវិធី​Xkeyscores​ដែល​NSA​ប្រើ​ដើម្បី​ទាញ​យក​ព័ត៌មាន​តាម​អ៊ីនធ័ណេតពី​សារអេឡិចត្រូនិក​​របស់​បុគ្គល​ ©NSA
ផ្សាយពាណិជ្ជកម្ម

 

ដោយ​ហ៊ាន​ចេញមុខ​ផ្ចាញ់​រដ្ឋាភិបាល​របស់​ប្រទេស​មហាអំណាច​អាមេរិក យុវជន​ Edward Snowden​បាន​បូជា​សេរីភាព និង​អត្តសញ្ញាណ​ជាតិ​អាមេរិកាំង​របស់ខ្លួន។ បន្ទាប់ពី​លួច​បញ្ចេញ​ព័ត៌មាន​សម្ងាត់​ទាក់ទង​នឹង​ការលួច​ស្តាប់​យកការណ៍​សម្ងាត់​របស់​រដ្ឋាភិបាល​ពី​​ប្រជាជន​អាមេរិក Edward Snowden​បាន​រត់គេច​ពី​ប្រទេស​កំណើត និង​សឹង​តែ​រក​កន្លែងជ្រក​មិន​បាន ដោយសារ​តែ​ការប្រម៉ាញ់​របស់​ក្រុមភ្នាក់ងារ​សម្ងាត់​អាមេរិក។ ប្រសិន​បើ​អាជ្ញាធរ​រុស្ស៊ី​មិន​ផ្តល់​សិទ្ធិជ្រកកោន​បណ្តោះអាសន្ន​ទេ នោះ​ Edward Snowden​ប្រាកដ​ជា​ត្រូវ​ធ្លាក់​ក្នុង​សំណាញ់​ច្បាប់​របស់​អាមេរិក ដែល​រង់ចាំ​កាត់ទោស​យុវជន​ Edward Snowdenដែល​រដ្ឋាភិបាល​បាន​ចាត់ទុក​ជា​ជនក្បត់ជាតិ។

ការប្រថុយ​គ្រោះថ្នាក់​​របស់​យុវជន​អាមេរិកាំង​រូបនេះ ពិត​ជា​មានន័យ។ ដោយសារ​តែ​ឯកសារ​សម្ងាត់​ដែល Snowden​បាន​លួច​បញ្ចេញ​ទៅ​ឲ្យ​អ្នកកាសែត មនុស្ស​នៅក្នុង​ពិភពលោក ជាពិសេស​អ្នកប្រើប្រាស់​អ៊ីនធ័រណេត ឬ​អ្នកប្រើទូរស័ព្ទ បាន​ដឹង ថា ពួកគេ​មិន​អាច​លាក់កំបាំង​អ្វី​ពី​ភ្នែក​របស់​អាមេរិក​បាន​ទេ។ និយាយ​ដោយ​សាមញ្ញ គឺ​គ្មាន​អ្វី​ដែល​អាច​ជា​ការណ៍សម្ងាត់​សម្រាប់​ទីភ្នាក់ងារ​អាមេរិក។ តាមរយៈ ការទម្លាយ​ឯកសារ​សម្ងាត់​របស់​ Snowden គេ​បាន​ឃើញ​ច្បាស់​ពី​មុខមាត់​ពិត​របស់​ប្រទេស​មហាអំណាច​ដូចជា​អាមេរិក។ ជាការពិត ប្រទេស​ណា​ក៏​មាន​ទីភ្នាក់ងារ ឬ​ឧបករណ៍​ស៊ើបការសម្ងាត់​ដែរ។ ប៉ុន្តែ អាមេរិក ក្នុង​នាមជា​ប្រទេស​មហាអំណាច ​មាន​សមត្ថភាព និង​បច្ចេកវិទ្យា ដ៏វិសេស​វិសាល​ជាងគេ ក្នុង​ការប្រមូល​លួចស្តាប់​យកការណ៍។

ឧទាហរណ៍​ជាក់ស្តែង នៅក្នុង​ការចុះផ្សាយ​លើកមុនៗ​របស់​កាសែត The Guardian យើង​បាន​ដឹងថា ទីភ្នាក់ងារ​សន្តិសុខ​អាមេរិក​បាន​ប្រើប្រាស់​កម្មវិធី​Prisme ដើម្បី​លួចស្តាប់​ទូរស័ព្ទ​របស់​ប្រជាជន​អាមេរិក។ កាលពី​ចុងសប្តាហ៍ កាសែត អង់គ្លេស The Guardian បាន​ចេញផ្សាយ​ឯកសារ​សម្ងាត់​មួយទៀត ដែល​បង្ហាញ​ពី​កម្មវិធី​ជ្រើសរើស និង​វិភាគ​ទិន្នន័យ​ដែល​ទីភ្នាក់ងារ​សន្តិសុខ​NSA បាន​ប្រមូល​ទុក នោះ​គឺ​កម្មវិធី XKeyscore។ តើ​កម្មវិធី​XKeyscore​ជា​អ្វី?

គេ​បាន​ដឹង​ថា កម្មវិធី Xkeyscore មាន​រូបរាង​តាំងពីយូរហើយ ប៉ុន្តែ គេ​ប្រហែល​ជា​មិន​បាន​ដឹង​ពី​ដំណើរការ​របស់វា ឬ​សមត្ថភាព​របស់​វា​កម្រិត​ណាទេ។ នៅ​ទីស្នាក់ការ​កណ្តាល​របស់​ទីភ្នាក់ងារ​សន្តិសុខ​ជាតិ​អាមេរិក អ្នកវិភាគ​ព័ត៌មាន​​ប្រើ​កម្មវិធី​ Xkeyscore ដើម្បី​ចូល​ទៅ​រុករក​ព័ត៌មាន​លម្អិត ដែល​គេ​លាក់កំបាំង នៅក្នុង​វិបសៃតិ៍។ កម្មវិធី​ Xkeyscore​ក៏​អាច​ជួយ​ឲ្យ​មន្រ្តី​ស៊ើបការណ៍​សម្ងាត់​អាមេរិក​ចូល​មើល​ខ្លឹមសារ នៅក្នុង​សារអេឡិចត្រូនិក ដោយ​មិន​ចាំបាច់​ត្រូវការ​ឈ្មោះ ឬ​ពាក្យ​សម្ងាត់។ លើសពីនោះ គេ​ប្រើកម្មវិធី​ Xkeyscore​ដើម្បី​ចូល​មើល​សារ ដែល​គេ​សរសេរ​ឆ្លងឆ្លើយ​គ្នា ជា​លក្ខណៈ​ឯកជន​នៅក្នុង​បណ្តាញ​សង្គម​Facebook។ នៅត្រង់​ចំណុចនេះ អ្នកទទួលខុសត្រូវ​ម្នាក់​របស់​Facebook នៅប្រទេស​បារាំង​បាន​បដិសេធ​​ថា គេ​មិន​អាច​ចូល​មើល​សារ​សម្ងាត់ ជា​លក្ខណៈ​ឯកជន​នៅក្នុង​Facebook ដោយសេរី​បាន​ទេ។ ក្រុមហ៊ុន​អនុញ្ញាត​ឲ្យ​មន្រ្តី អាមេរិក​ចូលមើល​ទិន្នន័យ​របស់ខ្លួន តែ​ក្នុង​លក្ខខណ្ឌណា​ដែល​មាន​ដីកា​ពី​តុលាការ​តែប៉ុណ្ណោះ។

ទោះបី​ជា​ក្រុមហ៊ុន​Facebook អះអាង​ថា គេ​មិន​អាច​ចូលមើល​សារសម្ងាត់ នៅក្នុង​បណ្តាញសង្គមបាន ប៉ុន្តែ បើ​មើល​ទៅលើ​ឯកសារ​ដែល​ពន្យល់​យ៉ាងលម្អិត​ពី​សមត្ថភាព​របស់​កម្មវិធី Xkeyscore នោះ គឺ​គ្មាន​អ្វី​ជាអាថ៌កំបាំង​សម្រាប់​អាជ្ញាធរ​អាមេរិកាំង។ និយាយ​ឲ្យ​ចំ កម្មវិធី Xkeyscore​គឺ​ដូចជា​វិបសៃត៍​Google ដែល​ជា​ប្រព័ន្ធ​រុករក​ព័ត៌មាន នៅក្នុង​អ៊ីនធ័រណេត យ៉ាងដូច្នេះដែរ។ ប៉ុន្តែ គ្រាន់តែ​ថា Xkeyscore​គឺ​ជា​ប្រព័ន្ធ​រុករក​ព័ត៌មាន​ផ្នែក​ចារកម្ម។ កម្មវិធី​ Xkeyscore ​គឺ​ជាឧបករណ៍​ដែល​ច្រោះព័ត៌មាន ជួយ​ឲ្យ​គេ​វែករក​ព័ត៌មាន ឬ​ទិន្នន័យ​សង្ស័យ​នានា ដែល​ បន្ទាប់មក នឹង​អនុញ្ញាត ឲ្យ​ក្រុមស៊ើបការណ៍​សម្ងាត់​ធ្វើការ​វិភាគ។ គេ​អាច​រក​ក្រុមភេរវករ ឬ​រកឃើញ​សកម្មភាព​ទាំងឡាយ​ណា​ដែល​មាន​លក្ខណៈ​មិនធម្មតា។ ឧទាហរណ៍ ដូចជា ការនិយាយ​ភាសា​របស់​មនុស្សម្នាក់ មិន​ស៊ីសង្វាក់​គ្នា​នឹង​តំបន់​ដែល​គេស្ថិតនៅ ឬ​លិខិត​ដែល​សរសេរ​ដោយ​អក្សរ ឬ​សញ្ញា​សម្ងាត់ ដែល​គេ​ដាក់​នៅក្នុង​អ៊ីនធ័រណេត​ជាដើម។

កម្មវិធី​ Xkeyscore ស័ក្តិសិទ្ធិ​ខ្លាំងណាស់ ដែល​ធ្វើ​ឲ្យ​គេ​បាន​ទទួល​ព័ត៌មាន​ស៊ីជម្រៅ​ទាក់ទង​នឹង​បុគ្គល​ម្នាក់ ក្រុម​អង្គការ​ណាមួយ។ គេគ្រាន់តែ​តែ​សរសេរ​ថា បង្ហាញ​ខ្ញុំ​រាល់​ឈ្មោះ​អ្នកផ្គត់ផ្គង់​បណ្តាញ​អ៊ីនធ័រណេត ដែល​ធានា​សុវត្ថិភាព​សិទ្ធិឯកជន ក្នុង​ប្រទេស​មួយ ឬ​បង្ហាញ​ខ្ញុំ​រាល់ទិន្នន័យ ដែល​អាច​ឲ្យ​ខ្ញុំ​បំបែក​យល់​បាន និង​រកឃើញ​ឈ្មោះ ម្ចាស់​អ្នកប្រើប្រាស់​អ៊ីនធ័រណេត ប៉ុណ្ណេះ កម្មវិធី​នឹង​ស្វែងរក និង​ផ្តល់​ចម្លើយ​បាន​ភ្លាមៗ។

ការស្រាវជ្រាវ​ដ៏ស៊ីជម្រៅ និង​ដ៏​លម្អិតនេះ​ហើយ ដែល​ធ្វើ​ឲ្យ​រក​បាន​ឯកសារ​ទាំងឡាយ​ណា​ដែល​ទាក់ទង​នឹង​អូសាម៉ា បិនឡាដិន។ បើតាម​ទីភ្នាក់ងារ សន្តិសុខ​ជាតិ NSA គេ​ចាប់បាន​ភេរវករ​ប្រមាណ​៣០០​នាក់ ដោយសារ​តែ​កម្មវិធី​ Xkeyscore។ នៅក្នុង​លិខិត​មួយ​ផ្ញើ​ទៅកាសែត The Guardian NSAបាន​បញ្ជាក់ថា គេប្រើ​កម្មវិធី​សម្រាប់តែ​ការរុករក​ពិសេស​មួយ​ចំនួន ក្នុង​បេសកកម្ម​ច្បាស់លាស់​មួយ ប៉ុន្តែ មិន​ដោយសេរី​ទេ។ មិន​មែន​មនុស្ស​ទាំងអស់​សុទ្ធតែមានសិទ្ធិ​ចូល​ប្រើ​កម្មវិធី​ Xkeyscore​នេះដែរ។ ដូច្នេះ ការចុះផ្សាយ​កន្លងមក ដែល​ថា កម្មវិធី​ Xkeyscore​ប្រើ​ដើម្បី​លួច​យកស្តាប់​ជីវិត​ឯកជន​របស់​ប្រជាជន​អាមេរិកាំង នោះ គឺ​ជា​រឿង​មិនពិត។ មួយវិញទៀត ទីភ្នាក់ងារ​NSA អះអាងថា គេ​ប្រើ​កម្មវិធី Xkeyscore សម្រាប់​ប្រឆាំង​តែ​គោលដៅ​ណា ដែល​ជា​ក្រុមជន​បរទេស ពោល គឺ​ដើម្បី​ការពារ​ជាតិ និង​ប្រយោជន៍​របស់​ប្រជាជន​អាមេរិកាំង និង​សម្ព័ន្ធមិត្ត​របស់​អាមេរិក៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ