អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

អាមេរិក​ប្រកាស​អាសន្ន​ពី​គម្រោង​ធ្វើ​ភេរវកម្ម​របស់​ក្រុមអាល់កៃដា

ចុះផ្សាយ​នៅ​ថ្ងៃ៖

កាលពីថ្ងៃ​សុក្រ​ទី ២ សីហា រដ្ឋាភិបាល​អាមេរិក​បាន​ចេញ​សេចក្តី​​ប្រកាស​អាសន្ន ដែលថា នឹង​អាច​មាន​អំពើភេរវកម្ម របស់​ក្រុមអាល់កៃដា នៅក្នុង​ពិភពលោក។ កាលពី​មួយ​ថ្ងៃ​មុន គឺ​ថ្ងៃ​ព្រហស្បតិ៍ ទី ១ សីហា អាមេរិក​ទើប​បាន​ប្រកាស​បិទទ្វារ​ស្ថានទូត និង​កុលស៊ុល​របស់​ខ្លួន ដែល​មាន នៅក្នុង​ពិភពលអារ៉ាប់ ចំនួន ១៤ នៅ​ថ្ងៃ​អាទិត្យ​ទី​៤ សីហានេះ។ អាមេរិក អង់គ្លេស អាល្លម៉ង់ បាន​ប្រកាស​បិទ​ស្ថានទូត​របស់ខ្លួន នៅក្នុង​ប្រទេស​យេម៉ែន ដោយ​ហេតុផល​សន្តិសុខ។

ស្ថានទូត​អាមេរិក​នៅ​ទីក្រុង​បាកដាដ ត្រូវ​បិទទ្វារដែរ​នៅ​ថ្ងៃ​អាទិត្យ​ទី ៤​សីហា គឺ​ដូចស្ថានទូត​អាមេរិក​ជាង​១០​ទៀត នៅ​បណ្តាប្រទេស​អារ៉ាប់ ដោយសារ​ហេតុផល​សន្តិសុខ
ស្ថានទូត​អាមេរិក​នៅ​ទីក្រុង​បាកដាដ ត្រូវ​បិទទ្វារដែរ​នៅ​ថ្ងៃ​អាទិត្យ​ទី ៤​សីហា គឺ​ដូចស្ថានទូត​អាមេរិក​ជាង​១០​ទៀត នៅ​បណ្តាប្រទេស​អារ៉ាប់ ដោយសារ​ហេតុផល​សន្តិសុខ ©REUTERS/Lucas Jackson/
ផ្សាយពាណិជ្ជកម្ម

 

កាល​ពីថ្ងៃ​ព្រហស្បតិ៍ ក្នុងមូលហេតុ​សន្តិសុខ​របស់​មន្រ្តី​ស្ថានទូត​អាមេរិក នៅបរទេស ក្រសួង​ការបរទេស​អាមេរិក​គ្រាន់តែ​បញ្ជា​ឲ្យ​គេ​បិទ​ស្ថានទូត អាមេរិក ចំនួន ១៤ ដែល​តាម​ទម្លាប់​បើកទ្វារ ធ្វើការ នៅ​ថ្ងៃ​អាទិត្យ នៅក្នុង​ប្រទេស​អារ៉ាប់។ ត្រូវ​ដឹងថា នៅប្រទេស​អារ៉ាប់ ថ្ងៃ​អាទិត្យ ជា​ថ្ងៃធ្វើការ​ដំបូង​នៃ​សប្តាហ៍។

ប៉ុន្តែ ទើប​តែ​ថ្ងៃ​សុក្រ​ម្សិលមិញ ដែល​ក្រសួងការបរទេស​ប្រកាស​បន្ថែម​ថា នឹង​អាច​មាន​ការវាយប្រហារ ធ្វើ​ភេរវកម្ម របស់​ក្រុមអាល់កៃដា នៅក្នុង​ដើមបូព៌ា និង​នៅ​អាហ្រ្វិក​ខាងជើង។ ដូច្នេះ នៅ​ក្នុង​ពិភពអារ៉ាប់ ស្ថានទូត​អាមេរិក​មិន​ត្រឹមតែ​បិទទ្វារ​​ប៉ុណ្ណោះទេ ប៉ុន្តែ កម្រិត​ការពារ​សន្តិសុខ​បាន​កើនឡើង​ទ្វេ​ថែមទៀត។ ដើម្បី​សន្តិសុខដដែល អាមេរិក​គ្រោង​នឹង​ពន្យារ​បិទទ្វា​ស្ថានទូត​របស់ខ្លួន មួយ​រយៈ គឺ​មិនមែន​ត្រឹម​តែ​ថ្ងៃ​ចុង​សប្តាហ៍​នេះ​ទេ។

ការដែល​អាមេរិក​ហ៊ាន​ចេញ​សញ្ញាប្រកាស​អាសន្ន​នៅពេលនេះ គឺ​ដោយសារ​តែ​មន្ទីរបញ្ចកោណ​បាន​ទទួល​ព័ត៌មាន​ដ៏​គួរ​ឲ្យ​ជឿជាក់ ច្បាស់ និង​មិន​ក្លែងបន្លំ។ នោះគឺ​ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​​អាមេរិក បាន​ចាប់បាន​សំឡេង​សន្ទនា​របស់​ក្រុមមេដឹកនាំ​អាល់កៃដា និង​បណ្តាញ​របស់​ខ្លួន ដែល​និយាយ​ពីសកម្មភាព​រៀបចំ​គម្រោង​វាយប្រហារ​ទៅលើ​អាមេរិក។ តាម​មន្រ្តីអាមេរិក​ដែល​សុំ​មិន​បញ្ចេញឈ្មោះ ព័ត៌មាន​គឺ​គួរ​ឲ្យ​ជឿជាក់ ព្រោះគេ​តាមដាន​ឃើញថា កិច្ចសន្ទនា​ស្តីពីការ​រៀបចំ​ផែនការ​ធ្វើភេរវកម្ម​បាន​កើតមានជាប់​មិនដាច់។

មួយវិញទៀត ប្រមុខ​ដឹកនាំ​ក្រុមអាល់កៃដា ថ្មី បន្ទាប់ពី​អូសាម៉ា បិនឡាដិន ដែល​ជា​ជនជាតិ​អេហ្ស៊ីប ទើប​តែ​បាន​ប្រកាស​អំពាវនាវ កាលពីថ្ងៃ​ម្សិលមិញ ឲ្យ​ប្រជាជន​កាន់សាសនា​អ៊ីស្លាម​នៅអេហ្ស៊ីប​ងើបប្រឆាំង​នឹង​អាមេរិក ដែល​គេ​ចោទថា ជាអ្នកនៅពីក្រោយ​កងទ័ព​ដើម្បី​ទម្លាក់​លោក​ប្រធានាធិបតី​ម៉រស៊ី។​

តាម​ក្រសួងការបរទេស​អាមេរិក សញ្ញា​ប្រកាសអាសន្ន​នឹង​មាន​សុពលភាព​រហូត​ដល់​ចុង​ខែ​សីហា ពោល​គឺ​អំពើភេរវកម្ម​វាយប្រហា​របស់​ក្រុមអាល់កៃដា នឹង​មាន​គ្រប់ពេលវេលា ចាប់ពីចុង​សប្តាហ៍នេះ រហូត​ដល់​ចុងខែ។ មន្រ្តី​អាមេរិក​មិន​បាន​បញ្ជាក់​ពី​ថ្ងៃ​ពិតប្រាកដ ឬ​ទីកន្លែង​ណា​ដែល​នឹងអាច​រងអំពើភេរវកម្ម​របស់​ក្រុមអាល់កៃដា​ទេ ប៉ុន្តែ គេគ្រាន់តែ​បញ្ជាក់​ថា មធ្យោបាយធ្វើ​ដំណើរ​សាធារណៈ និង​កន្លែង​សំបូរ​អ្នកទេសចរ គឺ​ជាគោលដៅ​វាយប្រហារ​របស់​ក្រុមអាល់កៃដា។ ហើយ​អំពើភេរវកម្ម​វាយប្រហារ​លើ​ប្រយោជន៍​អាមេរិកាំង នឹង​អាច​រាលដាល ចេញពី​តំបន់​អារ៉ាប់ និង​អាហ្វ្រិក នេះទៅទៀត។
 

©US department

បើ​តាម​អាមេរិក លទ្ធភាព​ធ្វើ​ភេរវកម្ម​របស់​ក្រុមអាល់កៃដា តែងតែ​កើតមាន​ច្រើន នៅក្នុង​ពេល​ជិត​អាមេរិក​ប្រារព្ធខួប​ថ្ងៃ​ភេរវកម្ម​១១​កញ្ញា។ តាម​អ្នកជំនាញ​អំពើភេរវកម្មវិញ គម្រោង​វាយប្រហារ​របស់​ក្រុមអាល់កៃដា​នឹង​អាច​កើតមាន​ច្រើន នៅ​ក្នុង​ថ្ងៃ​បិទ​បញ្ចប់​បុណ្យ​សាសនា​រ៉ាម៉ាដង់​របស់​ប្រជាជន​អ៊ីស្លាម ដែល​ត្រូវ​ធ្វើ​នៅ​ចុងសប្តាហ៍​ក្រោយ។ គេ​តែងតែ​ខ្លាច បារម្ភ ព្រោះថា នៅ​ពេល​ចប់​បុណ្យ​សាសនា​រ៉ាម៉ាដង់ បាតុកម្ម​តវ៉ា​របស់​ក្រុមអ៊ីស្លាម​តែងតែង​ពុះកញ្រ្ចោល​ខ្លាំង​ប្រឆាំង​នឹង​អាមេរិក។

ក្នុង​បទពិសោធន៍ជាក់ស្តែង កាលពី​ឆ្នាំមុន អំពើភេរវកម្ម​វាយប្រហារ​ស្ថានទូតអាមេរិក នៅ​ទីក្រុង​Bengazi​របស់​លីប៊ី​បាន​កើតមាន នៅក្រោយ​បាតុកម្ម​តវ៉ា​របស់​ប្រជាជន​អ៊ីស្លាម ប្រឆាំង​នឹង​កុន​អាមេរិកមួយ​ ដែល បណ្តុះបង្អាប់​ព្រះមូហាមេដ​របស់​ពួកអ៊ីស្លាម។ នៅមុន​បាតុកម្ម លើកនោះ អាមេរិក​បាន​ប្រកាស​អាសន្ន​ម្តងហើយ ស្តីពី​ភេរវកម្ម​ដែល​អាច​កើត​មាន​ជាយថាហេតុ។ មន្រ្តីស៊ើបការណ៍​CIA ក៏​មាន​គ្នីគ្នា​ជាច្រើន នាក់ ប៉ុន្តែ គេ​នៅ​តែមិន​អាច​ទប់ស្កាត់​អំពើភេរវកម្ម​វាយប្រហារ​ទៅលើ​ស្ថានទូត ដែល​កាលនោះ បាន​សម្លាប់​ឯកអគ្គរដ្ឋទូត​អាមេរិក និង​មន្រ្តី​អាមេរិក​បីនាក់​ផ្សេងទៀត។

អាមេរិក​មិន​សូវមាន​ប្រជាប្រិយភាព​ប៉ុន្មានទេ នៅ​ក្នុង​បណ្តាប្រទេស​អារ៉ាប់ ដែល​ជាអ្នកកាន់​សាសនា​អ៊ីស្លាម។ អាមេរិក​បាន​បង្កើត​សត្រូវ​ច្រើនជាងមិត្ត​នៅ​ដើមបូព៌ា ជាពិសេស​ជាមួយ​នឹង​ពួកអ៊ីស្លាម ក្រុមអ៊ីស្លាមជ្រុលនិយម ដែល​គាំទ្រ ដោយ​បណ្តាញអាល់កៃដា។ នៅ​យ៉េមែន យន្តហោះ​Drones​របស់​អាមេរិក​បាន​សម្លាប់​មេដឹកនាំ​ទីពីរ​របស់​អាល់កៃដា កាលពី​ដើមឆ្នាំនេះ។ ស្ថានភាព​ប្រកាសអាសន្ន​ខ្ពស់ជាងគេ នៅ​យេម៉ែន ហើយ​ស្ថានទូត​របស់​ប្រទេស​បី អាមេរិក អង់គ្លេស និង​អាល្លឺម៉ង់ បាន​ប្រកាស​បិទទ្វារ នៅថ្ងៃ​អាទិត្យ និង​ថ្ងៃ​ចន្ទ ដើម្បី​ហេតុផល​សន្តិសុខ។

យោងទៅតាម​ច្បាប់ រដ្ឋាភិបាល​អាមេរិក​ចាំបាច់  ត្រូវ​ប្រកាស​អាសន្ន និង​ចែករំលែក​ព័ត៌មាន​ជាមួយ​ប្រជាជន​អាមេរិក ស្តី​ពី​គម្រោង​ធ្វើ​ភេរវកម្ម​នានា។ គោលនយោបាយនេះ ​មាន​ចាប់​តាំង​ពី​​ឆ្នាំ ១៩៨៨ បន្ទាប់ពី​មាន​អំពើ​ភេរវកម្ម វាយប្រហារ​យន្តហោះ នៅ​Lockebie ក្នុង​ប្រទេស​ស្កុតឡែន ដែល​អ្នកដំណើរ​ស្លាប់​ភាគច្រើន ជា​ជនជាតិ​អាមេរិកាំង៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ