អានតួអត្ថបទ
សហរដ្ឋអាមេរិក-រុស្ស៊ី

Snowden ​បាន​ទទួល​សិទ្ធិជ្រកកោនពី​ទីក្រុង​មូស្គូ

យុវជន​ snowden អ្នក​ទម្លាយ​ឯកសារ​សម្ងាត់​របស់​អាមេរិក ​ទើប​បាន​ទទួល​សិទ្ធិ​ជា​ជនភៀស​ខ្លួន​ពី​រដ្ឋាភិបាល​ម៉ូស្គូ កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី ១សីហា។ តាមមេធាវី​ជនជាតិ​រុស្ស៊ី​របស់​ Edward Snowden, គឺ​លោក​ Anatoli Koutcherena យុវជន​Snowden,បាន​ចាកចេញ​ពី​ព្រលាន​យន្តហោះ ក្នុង​ទីក្រុង​ម៉ូស្គូ កាលពី​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍ បន្ទាប់ពី​នៅជាប់គាំង អស់ជាង​មួយខែ​ ដោយសារ​តែ​គ្មានក្រដាស​ស្នាម​ធ្វើដំណើរ​ក្នុង​ប្រទេស​រុស្ស៊ី បន្ទាប់ពី​រដ្ឋាភិបាល​អាមេរិក​លុបចោលលិខិត​ឆ្លងដែន​ស្របច្បាប់​របស់​អ្នកទម្លាយ​ឯកសារ​សម្ងាត់​មួយនេះ។

បណ្ណជនភៀសខ្លួន​ដែល​អាជ្ញាធរ​ផ្តល់​ដល់​យុវជន​Snowdenសម្រាប់​រយៈពេល​មួយឆ្នាំ
បណ្ណជនភៀសខ្លួន​ដែល​អាជ្ញាធរ​ផ្តល់​ដល់​យុវជន​Snowdenសម្រាប់​រយៈពេល​មួយឆ្នាំ ©REUTERS/Maxim Shemetov
ផ្សាយពាណិជ្ជកម្ម

តាម​លោក មេធាវី ​ Anatoli Koutcherena ​យុវជន Snowden,ដែល​ត្រូវ​អាជ្ញាធរ​អាមេរិកាំង​​តាម​រកចាប់ខ្លួន​ពី​បទ​បញ្ចេញ​ឯកសារ​សម្ងាត់​ទៅ​ឲ្យ​អ្នកកាសែត ពេលនេះ​បាន​ទទួល​លិខិត​ជ្រកកោន រស់នៅ ក្នុង​ប្រទេស​រុស្ស៊ី រយៈពេល​មួយឆ្នាំ គឺ​ចាប់ពីថ្ងៃ​ទី ៣១​កក្កដា ដល់​ថ្ងៃ​ទី ៣១​កក្កដា ឆ្នាំ ២០១៤។

 
វិបសៃតិ៍ Wikileaks វិញ ដែល​ជួយតាម​ការពារ​យុវជន​Snowden,បាន​អះអាងថា Snowden,កំពុង​ស្ថិតនៅក្នុង​ទីតាំង​មួយ​ដ៏សុវត្ថិភាព។ ជាមួយ​នឹង​លិខិត​ស្នាម​ក្នុង​នាម​ជា​ជនភៀសខ្លួន Snowden អាចធ្វើដំណើរ​ដោយសេរី ក្នុង​ប្រទេស​រុស្ស៊ី។ បើតាម​វិបសៃតិ៍ Wikileaks យុវជន Snowden,បាន​ជ្រើសរើស​ប្រទេស​ដែល​ផ្តល់​ទីជ្រកកោណ​នយោបាយ​របស់​ខ្លួន រួចហើយដែរ។ រហូតមកដល់ពេលនេះ មាន​ប្រទេស​អាមេរិកឡាទីន​បី  គឺ​វេណេស៊ុយអេឡា បូលីវី និង​នីការ៉ាហ្កា ដែល​ផ្គើន​អាមេរិក ប្រកាស​ផ្តល់​សិទ្ធិជ្រកកោន​នយោបាយ​ដល់​យុវជន​Snowden។ កន្លងមក ប្រធានាធិបតី​រុស្ស៊ី​ធ្លាប់បាន​ប្រកាស​ផ្តល់​សិទ្ធិជ្រកកោន​នយោបាយ​ដល់​យុវជន​Snowden ក្នុង​លក្ខខណ្ឌ​ដែល​យុវជន​រូបនេះ​បោះបង់​ចោល​ការបញ្ចេញ​ឯកសារ​សម្ងាត់​វាយប្រហារ​លើ​ប្រទេស​អាមេរិក​ទៀត។

អ្នកទទួលខុសត្រូវ​ជាន់ខ្ពស់​ម្នាក់​របស់វិមាន​ប្រធានាធិបតី​រុស្ស៊ី​បាន​អះអាងថា ការផ្តល់​ឯកសារ​ដល់​យុវជនSnowden គឺ​ជារឿង​តូចតាច ដែល​នឹង​មិនធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ទំនាក់ទំនង​អាមេរិក និង​រុស្ស៊ី ទេ។ ​អ្នកទទួលខុសត្រូវរូបនេះ​សង្ឃឹមថា លោក​ប្រធានាធិបតី​អាមេរិក នឹងមិន​លុបចោល​ទស្សនកិច្ច​របស់លោក នៅ​ទីក្រុង​មូស្គូ ដែល​នឹង​ត្រូវ​ធ្វើ នៅ​ខែ​កញ្ញា​ខាងមុខ ដោយសារ​តែ​រឿង​Snowdenនេះដែរ។ តាម​អ្នកទទួល​ខុសត្រូវ​ជាន់​ខ្ពស់​រុស្ស៊ី លោក​ប្រធានាធិបតី​​រុស្ស៊ី បាន​បង្ហាញក្តី​សង្ឃឹម​ជាច្រើន​ដង ថា ករណី​Snowden នឹង​មិនបំពុល​ទំនាក់ទំនង​រវាងប្រទេស​ទាំងពីរ។

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ