ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 26/05 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 25/05 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 25/05 12h00 GMT

លោក​ពូទីន៖ សន្តិសុខ​កូរ៉េខាងជើង តម្រូវឲ្យ​មាន​ការធានា​ពី សហគមន៍អន្តរជាតិ

លោក​ពូទីន៖ សន្តិសុខ​កូរ៉េខាងជើង តម្រូវឲ្យ​មាន​ការធានា​ពី សហគមន៍អន្តរជាតិ
 
មេដឹកនាំ​កូរ៉េខាងជើង​ប្រគល់​ដាវ​ឲ្យ​លោកពូទីន ប្រធានាធិបតី រុស្ស៊ី នៅក្នុង​ឱកាស​ជំនួបកំពូល​​ថ្ងៃព្រហស្បតិ៍ទី ២៥​មេសា​២០១៩ ©Sputnik/Alexei Nikolsky/Kremlin via REUTERS

ថ្ងៃ ២៥ មេសានេះ នៅក្រុង Vladivostok ចុងបូព៌ា​ប្រទេស​រុស្ស៊ី លោក​ប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀរ ពូទីន បាន​ទទួលជួ​បចរចា ជាលើកដំបូង ជាមួយ មេដឹកនាំ កូរ៉េខាងជើង លោក គីម ជុងអ៊ុន។ តាមវិមានក្រេមឡាំង កម្មវត្ថុ​នៃ​កិច្ចចរចា គឺ ទំនាក់ទំនង​ទ្វេភាគី និង ប្រាកដណាស់ ជុំវិញ​បញ្ហា​រំសាយធាតុ​នុយក្លេអ៊ែរ នៅ​ឧបទ្វីបកូរ៉េ។ ក្រោយពី​មាន​ប្រព្រឹត្ត​ទៅ​អស់​ពីរម៉ោង ដោយ នៃជំនួប តទល់​មុខ ពីរនាក់ នៅក្នុង​កិច្ចចរចា​ចូលរួម​ដោយគណៈប្រតិភូ​ទាំងសងខាង មេដឹកនាំ កូរ៉េខាងជើង បាន​ថ្លែង​ថា ការពិភាក្សា​គ្នានោះ បានប្រព្រឹត្ត​ទៅ “ ពោរពេញ​ដោយ​ខ្លឹមសារ”។

 

មេដឹកនាំ​កូរ៉េខាងជើង លោក​គីម ជុងអ៊ូន បាន​និយាយ​ថ្លែង អំណរគុណ លោកពូទីន សម្រាប់​ជំនួប “នៅ​ចំ​ឱកាស​ល្អក្រៃ”។ ចំណែក​លោកប្រធានាធិបតី​រុស្ស៊ី​វិញ បាន​និយាយ​រំលឹក​ដល់​ទស្សនកិច្ច​របស់​លោក នៅ​កូរ៉េខាងជើង។ តាម​ប្រមុខរដ្ឋ​រុស្ស៊ី នៅក្នុង​ទស្សនកិច្ច នៅរុស្ស៊ី ​លោកគីម ជុងអ៊ីល ឪពុក​របស់​លោក​គីម ជុងអ៊ុន ជាអ្នកផ្តើម​គំនិត​ម្នាក់ ដើម្បី​ចុះ​បាន​ជា​សន្ធិសញ្ញា​គន្លឹះ គឺ សន្ធិសញ្ញា​ស្តី​អំពី​មិត្តភាព​រវាងប្រទេសកូរ៉េខាងជើង និង​រុស្ស៊ី។ “ខ្ញុំជឿជាក់​ថា ទស្សនកិច្ច​លោកនៅរុស្ស៊ី​ថ្ងៃនេះ មុខជា​នឹងបម្រើ​ដល់​បុព្វហេតុ​នៃ ការអភិវឌ្ឍន៍​ទំនាក់ទំនង ទ្វេភាគី ហើយ​និង​អនុញ្ញាត​ឲ្យយល់​កាន់តែ​ច្បាស់ ថា តើ​តាមផ្លូវ​ណាដែល យើង​អាច​រៀបរយ​ស្ថានការណ៍ នៅ ឧបទ្វីបកូរ៉េ  និង​ថា តើអ្វី​ដែលយើង​អាចធ្វើ​រួមគ្នា តើអ្វី​ដែល​រុស្ស៊ីអាច​ធ្វើ ដើម្បី​គាំទ្រ​ដល់ដំណើរការ​ដែលកំពុង ប្រព្រឹត្តទៅ”។

ភាគីរុស្ស៊ី​អបអរ​ផងដែរ ចំពោះ​ការខំប្រឹងប្រែង​របស់​មេដឹកនាំ​កូរ៉េខាងជើង លោក គីម ជុងអ៊ុន ខាង​បំផុសបំផុល​ឲ្យ​មាន​កិច្ចសន្ទនា រវាង​ប្រទេស​កូរ៉េទាំងពីរ ហើយ​និង​ខាង រៀបរយ​ឲ្យបាន​ស្រួលបួល​ទៅ ទំនាក់ទំនងរវាង កូរ៉េខាងជើង និង សរអា។

“ប្រាដណាស់ ក្នុងផ្ទៃ​នៃ​ទំនាក់ទំនង​ឧភតោ យើង​មាន​ការងារ​សែនច្រើន​ដែលត្រូវធ្វើ ដើម្បី ពង្រីក ចំណង​ពាណិជ្ជកម្ម-សេដ្ឋកិច្ច ពង្រីក​ការទាក់ទង​គ្នា​រវាង​ប្រជាពលរដ្ឋ​យើង”។

ប្រសាសន៍​របស់​លោក គីម ជុងអ៊ុន ទៅកាន់​លោក​ពូទីន “ខ្ញុំសង្ឃឹមថា ជំនួបខ្ញុំជាមួយលោក ឯក​ឧត្តមប្រធានាធិបតី មុខជា​នឹងមាន​ប្រយោជន៍ សម្រាប់​ពង្រឹង និង ពង្រីក ចំណងមិត្តភាព​ជាប្រពៃណី រវាង សាធារណរដ្ឋប្រជាធិបតេយ្យ-ប្រជាមានិតកូរ៉េ និង សហព័ន្ធរុស្ស៊ី។ ស្ថានការណ៍ នៅឧបទ្វីបកូរ៉េ ទាក់ទាញ​ការយកចិត្តទុកដាក់​យ៉ាងខ្លាំង ពីសំណាក់​សហគមន៍​ពិភពលោក ទាំងមូល។ ខ្ញុំសង្ឃឹមថា កិច្ចចរចាយើងនឹងក្លាយជា ព្រឹត្តិការណ៍សំខាន់សម្រាប់ យើងវាយតម្លៃរួមគ្នា អំពី ស្ថានការណ៍នេះ  និង ធ្វើការផ្លាស់ប្តូរមតិគ្នា”។

ជំនួប​មេដឹកនាំ​កូរ៉េខាងជើង និង​រុស្ស៊ី ធ្វើឡើង នៅក្រោយ ក្នុងជំនួប​កំពូល ពីរ​លើក​រវាង លោកប្រធានាធិបតី សរអា ដូណាល់ ត្រាំ  នៅក្រុងសិង្ហបុរី កាលពីខែ​មិថុនាឆ្នាំទៅមិញ ហើយនិងនៅ ក្រុង ហាណូយ គ្មានសម្រេច បាន លទ្ធផលអ្វី។

បន្ទាប់ពី ជំនួប​លើកទី១ ភាគី​កូរ៉េខាងជើង ថែម​ទាំងបាន​ស្ម័គ្រចិត្ត​កំទេច ចោល​កន្លែង​បាញ់​សាកល្បង គ្រាប់បែក​បរមាណូ​របស់​ខ្លួន​ទៅផង ប៉ុន្តែ ពីខាង សរអា គ្មានបាន​ធ្វើសម្បទាន ដើម្បី​សម្រាល​ទណ្ឌកម្ម ទល់​នឹង​ក្រុងព្យុងយ៉ាង។ អាមេរិក គិតតែ ពីសង្កត់ ក កូរ៉េខាងជើង ឲ្យ បំពេញ​តាមល័ក្ខខ័ណ្ឌខ្លួន គឺមុនដំបូង កំទេច​ឲ្យអស់​រាល់អ្វីៗ ពាក់ព័ន្ធ​នឹង​កម្មវិធី​នុយក្លេអ៊ែ កូរ៉េខាងជើង ហើយលុះ​បន្ទាប់មក ក្រុង វ៉ាស៊ីនតោន នឹង​ពិចារណា​អំពី​ការសម្រាល​ទណ្ឌកម្ម។ ម៉្លោះហើយ បានជា កូរ៉េខាងជើង​យល់ថា ពិបាក​ចរចា​ជាមួយ ដៃគូ ដែលចេះ​ប្រើតែ សំដី​គំរាម សំដី​បំភ័យ សំដី​ទណ្ឌកម្ម ប៉ុន្តែ​គ្មានទេ សំដី​ធានា​ដល់​សន្តិសុខ កូរ៉េខាងជើង ក្នុងករណី បើ​ប្រទេស​នេះ នៅននលគក គ្មានអ្វី​សម្រាប់​ការពារខ្លួន។ នៅចំពោះមុខ ស្ថានការណ៍​នេះ ក្រោយពី​មាន​ប្រព្រឹត្តទៅ ជំនួប​យ៉ាងកក់ក្តៅ ជាមួយ មេដឹកនាំ​មហាប្រទេសចិន លោក ស៊ី ជិនពីង អស់ ៤ លើក លោក គីម ជុងអ៊ុន ក៏ប្រាថ្នា​ចង់បាន ការធានា ដល់​សន្តិសុខ​ប្រទេស​គាត់ ពី​ខាង រុស្ស៊ី ដែលក៏ជា​សមាជិក​អចិន្ត្រៃយ៍​នៃ​ក្រុមប្រឹក្សា​សន្តិសុខ អសប ដែល​មានសិទ្ធិ​វេតូ ដូចជា​ចិនដែរ។

មិនមែនចៃដន្យទេ ដែល​ក្នុងសប្តាហ៍​មុន កូរ៉េខាងជើង បាន​សំដែង​ការខឹងសម្បារ​ដ៏កម្រ ទល់​នឹង​លោករដ្ឋមន្ត្រី​ការបរទេស សរអា Mike Pompeo ទាំង​សុំឲ្យ​គាត់ឈប់​ចូលរួម​ទៅ ក្នុង​កិច្ចចរចា ឆ្ពោះ​ទៅ រំសាយធាតុនុយក្លេអ៊ែរ នៅ ឧបទ្វីបកូរ៉េ។ ក្នុង​បទ​សម្ភាសន៍​ទៅ កាណាល់ CBS ថ្ងៃពុធម្សិលមិញ លោក Pompeo សំដែង ក្តីប្រយ័ត្ន ប្រយែង ក្នុងរឿង​បន្ត តទៅទៀត ក្នុង​កិច្ចចរចា ជុំវិញ​បញ្ហានេះ។ តាមសំដី​គាត់ ការណ៍​នេះនឹង ”បង្ក​ចលាចល និង ភាពពិបាក””។

ចំណែកម៉ូស្គូ ថា ខ្លួនធ្វើការ​ពិភាក្សាជាមួយ ក្រុងព្យុងយ៉ាង គឺដោយ អនុលោម​តាម បណ្ណ​នាំផ្លូវ ដែល​កំណត់ ដោយ ចិន និង រុស្ស៊ី ។ រុស្ស៊ី បានសុំ​ទៅហើយ​ឲ្យលុប​ទណ្ឌកម្ម​អន្តរជាតិ ចំណែក សរអា ចោទ​រុស្ស៊ី ថា ជួយ​ក្រុងព្យុងយ៉ាង ឲ្យដើរ ឃ្វាង​ទណ្ឌកម្មនេះ។

ថ្លែងក្នុងសន្និសីទកាសែត ក្រោយពីកិច្ចចរចាចប់ទៅ លោកពូទីន ចង្អុលឲ្យ​ឃើញថា សន្តិសុខកូរ៉េខាងជើង តម្រូវឲ្យ​មានការធានាពី សហគមន៍អន្តររជាតិទាំងមូល។

តុល្យាការ​កិច្ចចរចា​ថ្ងៃនេះ ឥតមានគ្រោងចុះហត្ថលេខាលើ សេចក្តីថ្លែងការណ៍រួម ឬ កិច្ច​ព្រមព្រៀង​អ្វីណាទេ។ លើក​មុន ក្នុងប្រទេស​រុស្ស៊ី សម័យថ្មី គឺឪពុកមេដឹកនាំសព្វថ្ងៃ លោក គីម ជុង អ៊ីល ដែល​ក្នុងឆ្នាំ ២០១១ បាន​បំពេញ​ទស្សនកិច្ច នៅរុស្ស៊ី ទទួល​កាលនោះ ដោយលោក ឌ្មីទ្រី មេដវេដេវ ជា ប្រធានាធិបតី​រុស្ស៊ី។

តាមពិត ទំនាក់ទំនង​រវាងក្រុងព្យុងយ៉ាង និង ម៉ូស្គូ មាន​ប្រភព​ខ្លួន តាំងពី សម័យ​សូវៀតមក។ ប៉ុន្តែ បើ សហភាពសូវៀត បានផ្តល់ការគាំទ្រ ស្លាប់រស់ ដល់ លោក គីម អ៊ីលស៊ុង ជា ជីតា មេដឹកនាំសព្វថ្ងៃ ជំនាន់​សង្គ្រាមត្រជាក់ ទំនាក់ទំនងនោះ បានវិវឌ្ឍ​ទៅ ប្រៀប​បាន​ធ្មេញ រណា ដោយ មកពី គាត់បាន​ដើរតួ កេង​យក​ចំណេញពី ការប្រជែង​គ្នា រវាង​ចិន និង សូវៀត ជា​មហាអំណាច​ពីរ នៅ ជិតខាងខ្លួន។

ក្រោយពីឈ្នោះឆ្នោត ក្នុងងឆ្នាំ ២០០០ ជាប្រធានាធិបតី ពេញសិទ្ធិ នៅរុស្ស៊ី លោក ពូទីន បានស្វះស្វែង រៀបរយ ទំនាក់ទំនង ជាមួយកូរ៉េខាងជើង ហើយបាន​ជួបលោក គីម ជុងអ៊ីល ដល់ទៅ ៣ លើក ព្រមទាំង​ខ្លួន​គាត់ផ្ទាល់ បានទៅកាន់​ក្រុងព្យុងយ៉ាង ជាលើកដំបូង ក្នុងឆ្នាំ ២០០០។  លោកពូទីន បានទៅជា ក្នុង​នាម​ជា​មេដឹកនាំ​រុស្ស៊ីទី១ ដែលបាន​ធ្វើដំណើរ​ទៅកាន់​កូរ៉េខាងជើង។

ដោយហេតុថា ទំនាក់ទំំនងរុស្ស៊ី -កូរ៉េខាងជើង ក្តោបវិស័យ ជាច្រើន បានជា ក្នុង សមាសភាព គណៈប្រតិភូ កូរ៉េខាងជើង មានសមាជិក ដល់ទៅ ២៥០ នាក់​ឯណោះ ក្នុងនោះ មានរដ្ឋមន្ត្រី ជាច្រើន​ក្រសួង។ យ៉ាងណាមិញ បញ្ហា​មួយ ដែល​គូភាគី​ពិភាក្សា គឺ រឿង តភ្ជាប់​ខ្សែផ្លូវដែក ពីរុស្ស៊ី ទៅពេញ​លើ​ឧបទ្វីបកូរ៉េ បាន ន័យថា ឆ្លងកាត់​ដែនដី​កូរ៉េខាងជើង ធ្លាយ​ទៅដល់ប៉ែក​ខាងត្បូង នៃ កូរ៉េខាងត្បូង តែម្តង ។  ក្រុងព្យុងយ៉ាង ក៏ ចង់ឲ្យ​ក្រុមហ៊ុនរុស្ស៊ី បោះទុន​យ៉ាង​ក្រាស់ក្រែល ទៅ​ក្នុង​វិស័យជីក រ៉ែស្ពាន់ នៅកូរ៉េខាងជើង។ កូរ៉េខាងជើង ក៏ប្រាថ្នាទិញ អគ្គិសនី​ពីរុស្ស៊ី។

រឿងមួយ ដែលមិន​អាចរំលង​បាន គឺ បញ្ហា​ពលករ​កូរ៉េខាងជើង ដែលតាម​តួលេខ​ប្រព័ន្ធផ្សព្វផ្សាយ​រុស្ស៊ី មាន​ចំនួន ៤០.០០០ នាក់ ដែលធ្វើការ នៅរុស្ស៊ី ហើយដែល ក្នុង ១ ឆ្នាំៗ តែងនាំ​ចំណូល ដល់ទៅ ២.០០០ លាន ដុល្លារ ដល់​ថវិកា​ប្រទេស​នេះ ឲ្យនៅ​បន្តធ្វើការ​ដដែល ប៉ុន្តែ ម៉ូស្គូ ដោយ​គោរពតាម ទណ្ឌកម្មចេញ ដោយ ក្រុមប្រឹក្សា​សន្តិសុខ អសប កំពុង​ព្យាយាម​រកដំណោះស្រាយ៕


ទាក់ទង​នឹង​ប្រធានបទ​នេះ

  • ស៊ីរី

    ទីក្រុងរ៉ាកា​នៅ​ស៊ីរី​ត្រូវ​បាន​រំដោះ​ទាំង​ស្រុង​ពី​កណ្តាប់ដៃ​អង្គការ​រដ្ឋអ៊ីស្លាម

    ស្វែងយល់បន្ថែម

  • ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

    តើនឹង​មាន​អ្វីកើត​ឡើង ​បន្ទាប់​ពី​តំបន់​រ៉ាខា ​ត្រូវរំដោះ​បាន​ពីដៃ​ក្រុម​ជីហាត​អង្គការ​រដ្ឋ​​អ៊ីស្លាម

    ស្វែងយល់បន្ថែម

  1. 1
  2. 2
  3. 3
  4. ...
  5. បន្ទាប់ >
  6. ចុងក្រោយ >
កម្មវិធីផ្សាយផ្សេងទៀត
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ