អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ចិន​និង​អាមេរិក​កំពុង​ចរចា​ចុះ​សន្ធិសញ្ញា​មិន​ឈ្លានពាន​គ្នា... ​តាម​អ៊ីនធ័រនែត

ចុះផ្សាយ​នៅ​ថ្ងៃ៖

សន្តិសុខ​តាម​ប្រព័ន្ធ​អ៊ីនធ័រនែត​គឺ​ជា​បញ្ហា​ដ៏ចម្បងមួយ នៅ​ក្នុង​ចំណោម​បញ្ហា​ធំៗ​ផ្សេងទៀត ដែល​កំពុងតែ​ចោទឡើង នៅ​ក្នុង​ទំនាក់ទំនង រវាង​សហរដ្ឋ​អាមេរិក​និង​ចិន។ បញ្ហា​នេះ​​កំពុងតែ​ទាក់ទាញ​ចំណាប់​អារម្មណ៍​កាន់តែ​ខ្លាំង នៅ​ក្នុង​ពេល​ដែល​លោក​ប្រធានាធិបតី​ចិន ស៊ី ជីនពីង ត្រូវ​ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវរដ្ឋ នៅ​សហរដ្ឋ​អាមេរិក នៅថ្ងៃ​ព្រហស្បតិ៍​ខាងមុខ។ យោងតាម​កាសែត​អាមេរិក The New York Times អាមេរិក និង​ចិន កំពុងតែ​ដុតដៃ​ដុតជើង​ចរចា​គ្នា ដើម្បី​ស្វែងរក​កិច្ចព្រមព្រៀងមួយ គឺ​សន្ធិសញ្ញា​មិន​ឈ្លានពាន​គ្នា​តាម​ប្រព័ន្ធ​អ៊ីនធ័រនែត។

លោក​អូបាម៉ា និង​លោក​ស៊ី ជីនពីង ពេល​ជួបគ្នា កាលពីថ្ងៃ​ទី១២ វិច្ឆិកា ២០១៤
លោក​អូបាម៉ា និង​លោក​ស៊ី ជីនពីង ពេល​ជួបគ្នា កាលពីថ្ងៃ​ទី១២ វិច្ឆិកា ២០១៤ REUTERS/Kevin Lamarque
ផ្សាយពាណិជ្ជកម្ម

 

ព័ត៌មាន​ស្តីពី​ការ​ចរចា​លើ​សន្ធិសញ្ញា​មិន​ឈ្លានពានគ្នា​តាមប្រព័ន្ធ​អ៊ីនធ័រនែត ត្រូវ​បាន​ចុះផ្សាយ​ដោយ​កាសែត The New York Times កាល​ពី​ថ្ងៃ​សៅរ៍​ចុងសប្តាហ៍​កន្លងទៅ ក៏ប៉ុន្តែ តាម​ការពិត​ទៅ លោក​បារ៉ាក់ អូបាម៉ា ក៏​ធ្លាប់​បាន​បង្ហើប​ឲ្យដឹង​អំពី​រឿងនេះ​ខ្លះៗ​ដែរ កាល​ពី​ថ្ងៃ​ពុធ ដោយ​លោក​បាន​លើកឡើង​នៅ​ក្នុង​វេទិកា​តុមូល​ធុរកិច្ច​មួយ​ថា ការកើនឡើង​នៃ​សកម្មភាព​វាយប្រហារ​តាម​ប្រព័ន្ធ​អ៊ីនធ័រនែត​ ប្រហែល​ជា​នឹង​ត្រូវ​ក្លាយ​ជា​បញ្ហា​ដ៏ចម្បងមួយ នៅ​ក្នុង​ជំនួប​កំពូល​​ជាមួយ​លោក​ស៊ី ជីនពីង ហើយ​ថា គោលដៅ​របស់​លោក គឺ​ចង់​ឲ្យ​មាន​ដំណើរការ​ចរចា​មួយ​ជាមួយ​ចិន ហើយ​ដែល​អាច​បញ្ចូល​ប្រទេស​ផ្សេងៗ​ទៀត ទៅថ្ងៃ​អនាគត។

យោងតាម​មន្រ្តី​ជាន់ខ្ពស់​អាមេរិក​ដែល​មិន​បញ្ចេញឈ្មោះ ហើយ​ដែល​ដកស្រង់​ដោយ​កាសែត The New York Times ការចរចា​ រវាង​អាមេរិក និង​ចិន បាន​ចាប់បើក​ធ្វើ​​យ៉ាងទាន់ហន់ នៅ​ក្នុងរយៈពេល​ប៉ុន្មាន​សប្តាហ៍​ចុងក្រោយ​នេះ ដើម្បី​ធ្វើ​យ៉ាងណា​ឲ្យ​មេដឹកនាំ​ប្រទេស​ទាំងពីរ​អាច​ប្រកាស​ពី​កិច្ចព្រមព្រៀងគ្នាមួយ នៅ​ក្នុង​អំឡុង​ដំណើរទស្សនកិច្ច​របស់​លោក​ស៊ី ជីនពីង នៅ​វ៉ាស៊ីងតោន។

ក៏ប៉ុន្តែ មន្រ្តី​រូបនេះ​ក៏​បាន​បញ្ជាក់ផងដែរ​ថា បើទោះបីជា​​មាន​កិច្ចព្រមព្រៀង​មែន ក៏លោក​អូបាម៉ា និង​លោក​ស៊ី ជីនពីង ប្រហែល​ជា​នឹង​មិន​ប្រកាស​ជាសាធារណៈ​អំពី​ខ្លឹមសារ​លម្អិត​នោះដែរ ដោយ​គ្រាន់តែ​នឹង​លើកឡើង​ពី​ការព្រមព្រៀង​ទៅលើ​គោលការណ៍​ជា​មូលដ្ឋាន ដែល​កំណត់​ដោយ​អ.ស.ប​តែ​ប៉ុណ្ណោះ។

គួរបញ្ជាក់ថា ក្រុមការ​ងារ​របស់​អ.ស.ប ទើប​នឹង​បាន​ចេញផ្សាយ កាល​ពីពេលថ្មី​នេះ នូវ​ក្រមប្រតិបត្តិមួយ​សម្រាប់​អនុវត្ត​ក្នុង​ប្រព័ន្ធ​អ៊ីនធ័រនែត ដោយ​នៅ​ក្នុង​ក្រមប្រតិបត្តិ​នេះ​មាន​ចែង​ថា មិនត្រូវ​ឲ្យ​មាន​ប្រទេស​ជា​សមាជិក​ណាមួយ​ប្រើប្រាស់​ប្រព័ន្ធ​អ៊ីនធ័រនែត​ធ្វើការ​វាយប្រហារ​ ឬ​បណ្តោយ​ឲ្យ​មាន​ការ​វាយប្រហារ​​ក្នុង​ចេតនា​ធ្វើ​ឲ្យ​ខូចខាត​ដល់​ហេដ្ឋារចនាសម្ព័ន្ធ​ចាំបាច់​ក្នុងការ​ផ្តល់​សេវាកម្ម​ដល់​សាធារណជន​នោះទេ។

ប្រសិនបើ​កិច្ចព្រមព្រៀង​ទ្វេភាគី រវាង​អាមេរិក និង​ចិន ពិតជា​ផ្តោត​តែ​ទៅលើ​គោលការណ៍​នៃ​ក្រមប្រតិបត្តិ​របស់​អ.ស.ប​នេះ​មែន មានន័យ​ថា វា​នឹង​មិន​គ្របដណ្តប់​ទៅលើ​បញ្ហា​ជា​សារវ័ន្ត ដែល​កំពុងតែ​ចោទ​នៅ​ក្នុង​ទំនាក់ទំនង រវាង​អាមេរិក និង​ចិន នៅ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ​ទេ នោះ​គឺ​ការ​ប្រើ​ប្រព័ន្ធ​អ៊ីនធ័រនែត​​ដើម្បី​​លួច​យក​ការណ៍​សម្ងាត់​ (ចារកម្ម) និង​ដើម្បី​លួច​យក​កម្មសិទ្ធិបញ្ញា។

ក៏ប៉ុន្តែ បើទោះបីជា​យ៉ាងនេះ​ក៏ដោយ សន្ធិសញ្ញា​កម្រិត​សកម្មភាព​វាយប្រហារ​តាម​ប្រព័ន្ធ​អ៊ីនធ័រនែត ប្រសិន​បើ​អាមេរិក​និង​ចិន​ពិត​ជា​អាច​ចរចា​សម្រេច​បាន​មែន វា​គឺជាចំណុច​ចាប់ផ្តើម​ដ៏សំខាន់​មួយ ពីព្រោះ​ថា វា​គឺ​ជា​លើកដំបូងបង្អស់​ដែល​ប្រព័ន្ធ​អ៊ីនធ័រនែត​នឹង​ត្រូវ​គេ​ចាត់បញ្ចូល​ជា​សមត្ថភាព​យោធា ដែល​ត្រូវតែ​មាន​វិធាន​​ដើម្បី​គ្រប់គ្រង​​ជា​អន្តរជាតិ​ដូច​គ្រឿងសព្វាវុធ​ផ្សេងទៀត ដូចជា អាវុធ​នុយក្លេអ៊ែរ អាវុធ​គីមី និង​អាវុធ​ជីវសាស្រ្ត ជាដើម។

មន្រ្តី​រដ្ឋាភិបាល​របស់​លោក​អូបាម៉ា​បាន​ធ្វើការ​ប្រៀបធៀប​សន្ធិសញ្ញា​​ស្តីពី​ការ​វាយប្រហារ​តាម​ប្រព័ន្ធ​អ៊ីនធ័រនែត ​ដែល​អាមេរិក​និង​ចិន​កំពុងតែ​ចរចា​គ្នា​នេះ ទៅនឹង​សន្ធិសញ្ញា​ស្តីពី​ការ​ហាមឃាត់​ការ​សាកល្បង​អាវុធ​នុយក្លេអ៊ែរ​ ដែល​រដ្ឋការ​របស់​លោក John Kennedy បាន​ចរចា​ជាមួយ​សហភាព​សូវៀត​កាល​ពីឆ្នាំ​១៩៦៣។ សន្ធិសញ្ញា​នេះ​មិនបាន​រារាំង​ការរីករាលដាល​នៃ​អាវុធ​នុយក្លេអ៊ែរ​នោះទេ ហើយ​ក៏​មិន​អាច​រារាំង​បាន​ទាំងស្រុង​នូវការ​សាកល្បង​អាវុធ​នុយក្លេអ៊ែរ​នោះដែរ ដោយការ​សាកល្បង​នៅ​ក្រោម​ដី​ត្រូវ​គេ​បន្ត​ធ្វើ​ជា​ច្រើន​ទសវត្សរ៍​ក្រោយ​មក​ទៀត ក៏ប៉ុន្តែ ទោះជា​យ៉ាងណា សន្ធិសញ្ញា​នេះ​វា​ជា​ចំណុច​ចាប់ផ្តើម​ដ៏​សំខាន់មួយ ដែល​ទាក់ទាញ​ប្រទេស​ផ្សេងទៀត​ឲ្យ​ចូលរួម​សហការគ្នា​ក្នុងការ​បញ្ចៀស​កុំ​ឲ្យ​បរិយាកាស និង​ទឹកសមុទ្រ​លើ​ភពផែនដី​ត្រូវ​បំពុល​ទៅដោយ​សារធាតុ​វិទ្យុសកម្ម។ ដូចគ្នា​ដែរ សន្ធិសញ្ញា​ស្តីពី​ការ​កម្រិត​សកម្មភាព​វាយប្រហារ​តាម​ប្រព័ន្ធ​អ៊ីនធ័រនែត រវាង​ប្រទេស​មហាអំណាច​ដូចជា​អាមេរិក និង​ចិន គឺ​ជា​ជំហាន​ដ៏សំខាន់​មួយ ដែល​អាច​នឹង​ទាក់ទាញ​ឲ្យ​មាន​កិច្ចខិតខំ​ប្រឹងប្រែង​ជា​លក្ខណៈ​អន្តរជាតិ ដើម្បី​ចៀសវាង​កុំ​ឲ្យ​ប្រព័ន្ធ​អ៊ីនធ័រនែត​ត្រូវ​បាន​គេ​យក​ទៅប្រើ​ជា​គ្រឿងសព្វាវុធ​បង្ក​ជា​វិនាសកម្ម​​ដល់​ប្រជាជន​ស៊ីវិល។

ក៏ប៉ុន្តែ បញ្ហា​ដែល​ចោទ​ជា​ចម្បង គឺ​នៅត្រង់ថា តើ​គេ​ធ្វើ​ដូចម្តេច​​អាច​ធានា​ថា​វិធាន​ស្តីពី​ប្រព័ន្ធ​អ៊ីនធ័រនែត​នេះ​​ត្រូវបាន​អនុវត្ត​តាម​យ៉ាង​ខ្ជាប់ខ្ជួន​ដែរ​ឬអត់? ហើយ​​​ប្រសិន​បើ​គេ​មិនមាន​វិធី​ដើម្បី​ត្រួតពិនិត្យ​មើល​បានទេ តើ​វិធាននេះ​មាន​តម្លៃ​អ្វី?

កិច្ចព្រមព្រៀង​គ្រប់គ្រង​សកម្មភាព​វាយប្រហារ​តាម​ប្រព័ន្ធ​អ៊ីនធ័រនែត​​ក៏​មិនខុស​ពី​កិច្ចព្រមព្រៀង​គ្រប់គ្រង​គ្រឿងសព្វាវុធ​ផ្សេងទៀត​ដែរ ដើម្បី​ឲ្យ​មាន​ប្រសិទ្ធភាព គេ​ចាំបាច់​ត្រូវ​តែ​មាន​យន្តការ​ដើម្បី​ត្រួតពិនិត្យ​ការ​អនុវត្ត​របស់​វា។ ក៏ប៉ុន្តែ ខុសពី​ការ​វាយប្រហារ​ដោយ​ប្រើ​គ្រឿងសព្វាវុធ ការ​ស្វែងរក​ប្រភព​ដើម​ពិតប្រាកដ​នៃ​​ការ​វាយប្រហារ​តាម​ប្រព័ន្ធ​អ៊ីនធ័រនែត​ គឺ​ជា​រឿង​ដែល​ស្មុគស្មាញ​បំផុត ហើយ​សូម្បីតែ​លោក​អូបាម៉ា​ផ្ទាល់​​ក៏​បាន​ទទួលស្គាល់​ដែរ កាល​ពី​សប្តាហ៍​មុន អំពី​បញ្ហា​ស្មុគស្មាញ​នេះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ