អានតួអត្ថបទ
អាមេរិក

លោក​ប្រធានាធិបតី​អូបាម៉ា​បាន​ចេញ​បទបញ្ជា​ពង្រឹង​សន្តិសុខ​តាម​ប្រព័ន្ធអ៊ីនធឺណិត

កាល​ពី​រសៀល​ថ្ងៃ​សុក្រលោក​ប្រធានាធិបតី​សហរដ្ឋអាមេរិកបារ៉ាក់ អូបាម៉ា​បាន​ចូលរួម​នៅ​ក្នុង​កិច្ចប្រជុំកំពូល​ស្តីពី​សន្តិសុខ​តាម​ប្រព័ន្ធ​អ៊ីនធឺនែត​នៅ​ក្នុង​រដ្ឋ California ដើម្បី​ពង្រឹង​ការ ការពារ​ផ្នែក​ពត៌មានវិទ្យា​ដល់​ក្រុមហ៊ុន។លោក​ប្រធានាធិបតី​ក៏​បាន​ចុះ​ហត្ថលេខា​លើ​បទបញ្ជា​ស្តីពី​សន្តិសុខ​តាម​ប្រព័ន្ធ​អ៊ីនធឺនែត​ដើម្បី​លើក​ទឹក​ចិត្ត​បន្ថែម​ទៀត​ដល់​ការ​ចែក​រំលែក​ព័ត៌មាន​រវាង​ក្រុមហ៊ុន​អំពី​ការ​វាយប្រហារ​របស់​ពួក Hacker

លោក​ប្រធានាធិបតី​អាមេរិក អូបាម៉ា
លោក​ប្រធានាធិបតី​អាមេរិក អូបាម៉ា REUTERS/Mandel Ngan/Pool
ផ្សាយពាណិជ្ជកម្ម

កិច្ចប្រជុំកំពូល​ស្តីពី​សន្តិសុខ​តាម​ប្រព័ន្ធ​អ៊ីនធឺនែត​រៀបរៀង​ដោយ​សេតវិមាន​បាន​ប្រព្រឹត្ត​ទៅ​នៅ​សាកលវិទ្យាល័យ​ស្ទែនហ្វដ​ក្នុង​រដ្ឋ California ដោយ​មាន​ការ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​ទាំង​ក្នុង​វិស័យសាធារណៈ និង​ឯកជន មាន​ដូច​ជា រដ្ឋមន្ត្រី​ក្រសួង​សន្តិសុខជាតិ រដ្ឋមន្រ្តី​ក្រសួង​ពាណិជ្ជកម្ម និង​នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Apple American Express Kaiser Permanente ក្រុមហ៊ុន​ធានា​រាប់រង និង​សេវាកម្ម​ហិរញ្ញវត្ថុ American International Group ក្រុមហ៊ុន​ឧស្ម័ន​និង​អគ្គិសនី​ប៉ាស៊ីហ្វិក​ជា​ដើម។ល។ តែ​ដោយ​អវត្តមាន​នូវ​តំណាង​នៃ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ដ៏​សំខាន់​ពីរ ⁣គឺGoogle និង Facebook។

ក្នុង​វត្តមាន​ជា​អធិបតី​នា​ឱកាស​នោះ លោក​ប្រធានធិបតី​អូបាម៉ា​បាន​បង្ហាញ​ពី​តម្រូវការ​ចាំ​បាច់​នៃការ​គោរព​នូវ​គោលការណ៍​រួម ក្នុង​គោលដៅ​គាំពារ និង​ប្រយុទ្ធប្រឆាំង​ចំពោះ​ការ​កើន​ឡើង​នៃ​ការ​គំរាមកំហែង​សន្តិសុខ​តាម​ប្រព័ន្ធ​អ៊ីនធឺនែត។ លោក​បានមាន​ប្រសាសន៍​ថា រដ្ឋាភិបាល​មិន​អាច​ដោះស្រាយ​បញ្ហា​នេះ​តែ​ម្នាក់​ឯង​នោះ​ទេ។ ចំណែក​វិស័យឯកជន​ក៏​មិន​អាច​ធ្វើ​រឿង​នេះ​តែ​ម្នាក់​ឯង​នោះ​ដែរ។ ហើយ​ជាទូទៅ គឺ​រដ្ឋាភិបាល​ជា​អ្នក​ដែល​ទទួល​បាន​ព័ត៌មាន​យឺតយ៉ាវ​ជាង​គេ​ពី​ការ​គំរាមកំហែង​ថ្មីៗ​ទាំង​នេះ។

ឆ្លៀត​ក្នុង​ឱកាស​នោះ​លោកប្រធានាធិបតី​អូបាម៉ា ក៏​បាន​ចុះ​ហត្ថលេខា​លើ​បទបញ្ជា​ថ្មីមួយ​សំដៅ​លើក​ទឹក​ចិត្ត​ឱ្យ​ក្រុមហ៊ុន​ឯកជន​អាមេរិក​នានា​ចាប់ដៃគ្នា និង​សហការ​ជាមួយ​នឹង​ទីភ្នាក់ងារ​រដ្ឋាភិបាល។ បទបញ្ជា​នោះ​បាន​ដាក់​ចេញ​នូវ​ក្របខណ្ឌ​ច្បាប់​សម្រាប់​ពង្រីក​ការ​ចែក​រំលែក​ព័ត៌មាន​ដើម្បី​ជួយ​ឱ្យ​ក្រុមហ៊ុន​ធ្វើការ​រួមគ្នា និង​ធ្វើការ​ជាមួយ​រដ្ឋាភិបាល​សហព័ន្ធ ដើម្បី​កំណត់​អត្តសញ្ញាណ និង​ការពារ​ប្រឆាំង​នឹង​ការ​គំរាមកំហែង​តាម​អ៊ីនធឺនែត​ឲ្យ​បាន​រហ័ស។

ម៉្យាងទៀត​ដើម្បី​បង្កើន​ប្រសិទ្ធិភាព​នៃ​កិច្ចការពារ​សន្តិសុខ​ពត៌មានវិទ្យា លោក​ប្រធានាធិបតី​ក៏​បាន​នឹង​កំពុង​ជំរុញ​ឲ្យ​សភា​អនុម័ត​ច្បាប់​ដែល​មាន​វិសាលភាព​ការពារ​ទូលំទូលាយ​ជាង​នេះ។ ទន្ទឹម​នឹង​នោះ​កាល​ពី​ដើម​សប្តាហ៍​នេះ រដ្ឋបាល​លោ​អូបាម៉ា​ក៏​ទើប​នឹង​បង្កើត​នូវ​ស្ថាប័ន​មួយ​ឈ្មោះ​ថា Cyber Threat Intelligence Integration Center ដែល​នឹង​ត្រូវ​មាន​ភារកិច្ច​វិភាគ និង​ចែករំលែក​ព័ត៌មាន​ស៊ើបការណ៍សម្ងាត់​ឲ្យ​បាន​យ៉ាង​លឿន។

លោក​ក៏​បាន​សង្កត់ធ្ងន់​នា​ឱកាស​នោះ​ថា នេះ​មិនមែន​ជា​បញ្ហា​មនោគមវិជ្ជា​នោះ​ទេ និង​ក៏​មិនមែន​ជា​បញ្ហា​គណបក្ស​ប្រជាធិបតេយ្យ ឬ​គណបក្ស​សាធារណរដ្ឋ​នោះ​ដែរ។ តែ​វា​ជា​បញ្ហា​របស់​ជន​គ្រប់រូប​ដែល​ប្រើប្រាស់​អ៊ីនធឺនែត និង​ជា​ការ​ប្រឈម​របស់​អ្នក​ទាំង​នោះ​ដែល​ជា​ជន​ងាយ​រងគ្រោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ