ចិនពង្រីកវិសាលភាពត្រួតពិនិត្យប្រព័ន្ធអ៊ីនធ័រណែត ក្រោមផ្លាករក្សាសន្តិសុខជាតិ
ការពារសន្តិសុខ និងបូរណភាពជាតិ ជាមូលដ្ឋានគ្រឹះរបស់ពលរដ្ឋ ! ដោយឈរលើទស្សនៈនេះ ទើបសភាចិនបានអនុម័តនៅថ្ងៃពុធទី ១កក្កដា ២០១៥នេះ ច្បាប់ថ្មីស្តីអំពីសន្តិសុខជាតិ ដែលអនុញ្ញាតឱ្យអាជ្ញាធរមានអំណាចកាន់តែខ្លាំង ក្នុងការចាត់វិធានការចាំបាច់គ្រប់យ៉ាង រាប់ទាំងការពង្រីកវិសាលភាពត្រួតពិនិត្យទាំងស្រុង រចនាសម្ព័ន្ធអ៊ីនធ័រណែត ពេញផ្ទៃប្រទេស។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្តាប់ - ០១:៥០
បន្ថែមពីលើការពារបូរណភាពដែនដី ច្បាប់សន្តិសុខថ្មីរបស់ចិន បានពង្រីកសកម្មភាពការពារសន្តិសុខលើគ្រប់វិស័យ លើអាកាស ក្នុងទឹក និងរហូតដល់តំបន់ប៉ូល ព្រមទាំងលំហអ៊ីនធ័រនែត ដោយដាក់បណ្តាញ និងប្រព័ន្ធព័ត៌មានវិទ្យាឱ្យមានសុវត្ថិភាព និងអាចគ្រប់គ្រងអ្នកប្រើប្រាស់អ៊ីនធ័រនែតបាន។
ចិនក្រោមការដឹកនាំរបស់លោកស៊ីជីនពីង តាំងឆ្នាំ២០១២ បានរឹតបន្តឹងបង្ក្រាបរាល់គ្រប់ទម្រង់នៃការបះបោរ និងអំពើហិង្សាខ្លាំងនៅតំបន់ស៊ីនជាំង មានប្រជាជនភាគច្រើនកាន់សាសនាអ៊ីស្លាម។ ហើយបើតាមអ្នកទទួលខុសត្រូវជាន់ខ្ពស់សភាចិន ស្ថានភាពសន្តិសុខជាតិមានលក្ខណៈដុនដាបកាន់ធ្ងន់ធ្ងរ ទើបត្រូវបង្កើតច្បាប់ថ្មី ដែលឆ្លើយតបទៅនឹងភាពជាក់ស្តែង ដោយតម្រូវឱ្យមានការគោរពបូរណភាពនិងអធិបតេយ្យជាតិ និងអនុញ្ញាតឱ្យអាជ្ញាធរមានអំណាចខ្លាំងសម្រាប់ធានាសន្តិសុខនយោបាយ សង្គម។
អនុម័តដោយសំឡេងគាំទ្រ១៥៤សំឡេង ប្រឆាំងគ្មាន និងអនុប្បវាទមួយ ច្បាប់សន្តិសុខថ្មី បានឆ្លើយតបទាំងស្រុង ទៅនឹងនយោបាយរបស់លោកស៊ីជិនពីង ដែលយល់ថាសន្តិសុខជាតិ គឺជាការប្រមូលផ្តុំវិស័យច្រើន ដូចជា វប្បធម៌ នយោបាយយោធា សេដ្ឋកិច្ច បច្ចេកវិទ្យា បរិស្ថាន។ ប៉ុន្តែអត្ថបទច្បាប់ ហាក់មានលក្ខណៈទូទៅខ្លាំង ត្រង់ចំណុចដាក់ទោស ក្នុងករណីមានការរំលោភច្បាប់ និងចែងមិនច្បាស់លាស់សោះថាតើសកម្មភាពបែបណាជាការគំរាមកំហែងសន្តិសុខជាតិ។
ចិនដែលមានចំនួនអ្នកប្រើអ៊ីនធ័រនែត ច្រើនជាងគេលើពិភពលោក តែងរក្សាសិទ្ធិបិទខ្ទប់អ៊ីនធ័រនែត ក្រោមផ្លាករក្សាសន្តិសុខជាតិ និងអធិបតេយភាពព័ត៌មានវិទ្យា។ របបកុម្មុយនិស្ត បានតាមដានយ៉ាងស្អិតការប្រើប្រាស់ប្រព័ន្ធសង្គម និងបិទខ្ទប់ភ្លាមពេលឃើញរាល់ខ្លឹមសារពាក់ព័ន្ធនឹងនយោបាយ។ អង្គការការពារសិទ្ធិមនុស្ស មិនហាមឃាត់ការបង្កើតច្បាប់ដើម្បីសន្តិសុខជាតិទេ តែបានបរិហារចំណុចមួយចំនួននៃច្បាប់ ថាគួរឱ្យខ្វល់ខ្វាយខ្លាំង៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ