អានតួអត្ថបទ
កម្ពុជា-បោះឆ្នោត

គណបក្ស​ជាតិ​និយម ​ប្រកាស​មិន​ចូលរួម​ការ​បោះ​ឆ្នោត​ជាតិ​

គណបក្ស​​ជាតិ​និយម ​អតីត​​គណបក្ស​​ដែល​​បែក​​ចេញ​ពី​​គណបក្ស​​នរោត្តម ​រណ​ឬ​ទ្ធិ ​បាន​ប្រកាស​​មិន​​ចូល​រួម​​ការ​បោះ​ឆ្នោត​ជាតិ ​នៅ​​ថ្ងៃទី ​២៩ ​ខែ​កក្កដា ​ខាង​មុខ​នេះ​​ទេ​។ ​សម្ព័ន្ធ​អតីត​គណបក្ស​ប្រឆាំង​មួយ​នេះ ​បាន​លើក​មូលហេតុ​ថា ​ការ​បោះ​ឆ្នោត​ខាង​មុខ​ជា​ការ​បោះ​ឆ្នោត​ក្លែង​ក្លាយ​។ ​សូម​បញ្ជាក់​ថា ​គិត​​​មក​​ទល់​​នឹង​​​ថ្ងៃទី ​​១២ ​​ឧសភា​​​នេះ ​​មាន​​​គណបក្ស​​នយោបាយ​​ចំនួន​៥​ហើយ ​ដែល​​ប្រកាស​​មិន​​ចូល​រួម​​ការ​បោះ​ឆ្នោត ​ខណៈ​​គណបក្ស​នយោបាយ​​ចំនួន​៣​បាន​​ចុះ​ឈ្មោះ​​ជា​​ផ្លូវ​ការ​​នៅ ​គជប​។ 

គណបក្សជាតិនិយម អតីតគណបក្សដែលបែកចេញពីគណបក្សនរោត្តម រណឬទ្ធិ បានប្រកាសមិនចូលរួមការបោះឆ្នោតជាតិ នៅថ្ងៃទី ២៩ ខែកក្កដា ខាងមុខនេះទេ។
គណបក្សជាតិនិយម អតីតគណបក្សដែលបែកចេញពីគណបក្សនរោត្តម រណឬទ្ធិ បានប្រកាសមិនចូលរួមការបោះឆ្នោតជាតិ នៅថ្ងៃទី ២៩ ខែកក្កដា ខាងមុខនេះទេ។ @សហការី
ផ្សាយពាណិជ្ជកម្ម

គណបក្ស​ជាតិនិយម​ដែល​គេ​ដឹងថា ជា​គណបក្ស​ដែលមាន​សម្ព័ន្ធភាព​ជាមួយ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ បានប្រកាស​ជំហរ​មិន​ចូលរួម​ការបោះឆ្នោតជាតិ នៅ​ថ្ងៃទី ២៩ កក្កដា ខាងមុខនេះ​ទេ។ មូលហេតុ គឺ​ដោយសារតែ​គណបក្ស​ដែល​បែក​ចេញពី​អតីត​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច បន្ទាប់មក​គណបក្ស នរោត្តម រណ​ឬ​ទ្ធិ មួយ​នេះ ចាត់ទុកថា ការបោះឆ្នោតជាតិ​ដែល​ប្រព្រឹត្តទៅ​នៅ​ខែកក្កដា​ខាងមុខនេះ គឺជា​ការបោះឆ្នោត​ក្លែង​ក្លាយ​។ ក្លែងក្លាយ ត្បិត​ការបោះឆ្នោត​រដ្ឋសភា​អាណត្តិ​ទី៦នេះ មិនមាន​ការចូលរួម​ពី​អតីត​​គណបក្ស​សង្គ្រោះ​ជាតិ ដែលជា​គណបក្សប្រឆាំង​ធំ​ជាង​នៅ​កម្ពុជា។

យោងតាម​សេចក្តីថ្លែងការណ៍​របស់​ខ្លួន ចុះ​ថ្ងៃទី ១១ ឧសភា គណបក្ស​ជាតិនិយម​បានទាមទារ​ឲ្យ​មានការ​ពិនិត្យឡើងវិញ នូវ​ច្បាប់​និង​លិខិតបទដ្ឋាន​គតិយុត្តិ ដែលជា​ឧបករណ៍​បំរើការ​បោះឆ្នោត​តាម​គោលការណ៍​ប្រជាធិបតេយ្យ សេរី​ពហុបក្ស ដើម្បី​ធានា​ឲ្យ​មាន​ភាពស្មើគ្នា​នៅ​ចំពោះមុខ​ច្បាប់។ បន្ថែម​លើ​នេះ គណបក្ស​បានទាមទារ​ឲ្យ​មានការ​ដោះស្រាយ​វិបត្តិ​នយោបាយ​រវាង​ភាគី​ពាក់ព័ន្ធ​ជាមុនសិន ដើម្បី​សំដៅ​ឲ្យ​ការ​បោះ​ឆ្នោតជាតិ​នៅ​ខែកក្កដា​ខាងមុខនេះ ប្រព្រឹត្តិ​ទៅដោយ​សេរី ត្រឹមត្រូវ យុត្តិធម៌ និង​អាច​​ជឿទុកចិត្ត​បាន ដែល​ឆ្លុះបញ្ចាំង​ពី​ឆន្ទៈ​ប្រជាពលរដ្ឋ​ពិតប្រាកដ។ នេះ​បើ​យោងតាម​សេចក្តី​ថ្លែងការណ៍។

គួរ​ជំរាបជូន​ថា គណបក្ស​ជាតិនិយម គឺជា​គណបក្ស​ដែល​បែក​ចេញពី​គណបក្ស​នរោត្តម រណ​ឬ​ទ្ធិ របស់​ព្រះអង្គម្ចាស់​នរោត្តម រណ​ឬ​ទ្ធិ ដែល​ធ្លាប់​ចូលរួម​ការបោះឆ្នោត​អាណត្តិ​កន្លងមក ហើយ​ទទួលបាន​អាសនៈ​រដ្ឋសភា​នៅ​ឆ្នាំ២០០៨ មុន​ពេលដែល​គណបក្ស​នរោត្តម រណ​ឬ​ទ្ធិ បាន​ប្តូ​ឈ្មោះ​មកជា​គណបក្ស​ជាតិនិយម​នៅ​ឆ្នាំ២០០។ គណបក្ស​នេះ ធ្លាប់​បានឈ្នះ​អាសនៈ​ក្រុមប្រឹក្សា​រាជធានី​ខេត្ត​ក្រុង ស្រុក​ខណ្ឌ កាលពី​ឆ្នាំ២០០៩ និង​ក្រុមប្រឹក្សាឃុំ-សង្កាត់​នៅ​ឆ្នាំ២០០៧និង​ឆ្នាំ២០១២កន្លងទៅ។ បន្ទាប់មក គណបក្ស​ជាតិនិយម ដែល​បច្ចុប្បន្ន​ដឹកនាំ​ដោយ​លោក​មេធាវី ផែង ហេង បាន​ចូលរួម​ជាមួយ​គណបក្ស​​សង្គ្រោះ​ជាតិ​នៅ​ឆ្នាំ២០១៤ ដើម្បី​ចូលរួម​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី​ខេត្ត​ក្រុង ស្រុក​ខណ្ឌ កន្លងមកនេះ។

គួរ​ជំរាបជូន​ដែរ​ថា គិត​មកទល់នឹង​ថ្ងៃទី ១២ ឧសភា​នេះ មាន​គណបក្សនយោបាយ​ចំនួន៥ហើយ ដែល​បានប្រកាស​ធ្វើពហិការ មិន​ចូលរួម​បោះឆ្នោតជាតិ​នៅ​ខែកក្កដា​ខាងមុខ គឺ​គណបក្ស​ភ្លើងទៀន អតីត​គណបក្ស សម រង្ស៊ី, គណបក្ស​សិទ្ធិមនុស្ស គណបក្ស​អំណាច​ខ្មែរ គណបក្ស​មហា​សាមគ្គី​ជាតិខ្មែរ និង​ចុង​ក្រោយនេះ គឺ​គណបក្ស​ជាតិនិយម​របស់លោក ផែង ហេង អតីត​មេធាវី​ការពារ​ក្តី​ឲ្យ​លោក កឹម សុខា។

ទោះបីជា​គណបក្ស​ទាំង៥ខាងលើ​បានធ្វើ​ពហិការ​ក្តី ប៉ុន្តែ​គិត​ត្រឹម​រសៀល​ថ្ងៃទី ១២ ឧសភា​​នេះ មាន​គណបក្សនយោបាយ​ចំនួន៩ហើយ ដែល​បាន​ចុះឈ្មោះ និង​ចុះបញ្ជី​បេក្ខជន​នៅ គ.ជ.ប ក្នុងនោះ​មាន​គណបក្សនយោបាយ​ចំនួន៣ ដែល​ទទួលស្គាល់​ជា​ផ្លូវការ ដោយ គជប រួមមាន គណបក្ស​យុវជន​កម្ពុជា គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សញ្ជាតិ​ក​ម្ពុ​ជា។ ក្រៅពីនោះ នៅមាន​គណបក្សនយោបាយ​ចំនួន ៨ ទៀត ដែល​កំពុង​បំពេញ​លក្ខខណ្ឌ​តម្កល់​ប្រាក់១៥លាន​រៀល​នៅ​រតនាគារជាតិ ខណៈ​គណបក្ស​៦​ផ្សេងទៀត បានមក​ទទួល​ទម្រង់ ១០០៨ ពាក្យសុំ​ចុះបញ្ជី​ពី គជប។ ការចុះបញ្ជីឈ្មោះ​គណបក្សនយោបាយ និង​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត នឹងត្រូវ​បិទ​បញ្ចប់​នៅវេលា​ម៉ោង៥និង៣០នាទី​ល្ងាច ថ្ងៃទី ១៤ ឧសភា ដើម​សប្តាហ៍​ក្រោយនេះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ