អានតួអត្ថបទ
នាទីសុខភាពនិងអនាម័យ

ធ្វើ​កីឡា​អណ្តាត ដើម្បី​បំបាត់​ការ​ស្រមុក

ចុះផ្សាយ​នៅ​ថ្ងៃ៖

ភាគ​ច្រើន​ជា​បុរស ការស្រមុក មិន​មែន​ជា​អាការៈ​ធ្ងន់ធ្ងរ​ទេ សម្រាប់​បុគ្គល​ផ្ទាល់ បើ​និយាយ​ពី​ខាង​ជំងឺ​រោគា តែ​ជា​ការ​រំខាន​ខ្លាំង សម្រាប់​​​អ្នក​គេង​ក្បែរ។ គ្មាន​ទេ​ថ្នាំ​ព្យាបាល​ជា​លក្ខណៈ​សកល មាន​តែ​ដំណោះស្រាយ​​មួយ​គ្រាៗ ខ្លះ​ក៏​មាន​ប្រសិទ្ធិភាព​ខ្លាំង ខ្លះ​ក៏​គ្មាន​។ នៅ​សប្តាហ៍​នេះ អ្នក​ស្រាវជ្រាវ​ជាតិ​ប្រេស៊ីល​ម្នាក់ បាន​រក​ឃើញ​វិធី​ហាត់​ប្រាណ​អណ្តាត ដែល​អាច​កាត់​បន្ថយ​ចំនួន ស្រមុក​បាន​៣៦% និង​កម្លាំង​ស្នូរស្រមុក​បាន​៥៩%។ តើ​លោក​អ្នក​នាង​ចាប់​អារម្មណ៍​នឹង​លំហាត់​ប្រាណ​នេះ​ទេ? ​នេះ​ជា​ឱកាស​មួយ​ដែល​ អៀង សុខម៉ិញ សូម​ជម្រាប​ជូន​អ្នក​នាង​អំពី​ មូលហេតុ​ដែល​នាំ​ឱ្យ​មនុស្ស​គេង​ស្រមុក និង​វិធី​ងាយ​មួយ​ចំនួន​​សម្រាប់ទប់ស្កាត់​ការ​ស្រមុក។

គំនូស​បង្ហាញ​ពី​ការ​គេង​ផ្ងារ​ សាច់​ដុំ​ អណ្តាត​ក្រអូម​មាត់ លា ស្ទះ​​បំពង់​ខ្យល់​ បង្ក​ជា​​សំឡេង​ស្រមុក ឬ​ស្ទះ​ថប់​ដង្ហើម
គំនូស​បង្ហាញ​ពី​ការ​គេង​ផ្ងារ​ សាច់​ដុំ​ អណ្តាត​ក្រអូម​មាត់ លា ស្ទះ​​បំពង់​ខ្យល់​ បង្ក​ជា​​សំឡេង​ស្រមុក ឬ​ស្ទះ​ថប់​ដង្ហើម DP, Habib M’henni / Wikimedia Commons
ផ្សាយពាណិជ្ជកម្ម

ស្នូរ​ស្រមុក​លាន់​ខ្លាំង​អាច​មាន​កំរិត​ដល់​ទៅ ១០០​ដេស៊ីប៊ែល ​ពោល​គឺ​ស្មើ​នឹង​សំឡេង​ម៉ាស៊ីន​កាត់​ស្មៅ ឬ​ម៉ាស៊ីន​ឡាន​ធំ។ ស្រមុក​ជា​ប្រធានបទ​​នៃ​ការកំប្លែង​លេង​សើច​រវាង​មិត្តភក្តិ តែ​ជា​​ក្តី​រំខាន​បំផុត​​ប្តីប្រពន្ធ និង​ជាពិសេស​មាន​មនុស្ស​ម្នា​ច្រើន​ណាស់ មាន​បញ្ហា​ស្រមុក​នេះ (ជិត៤០%)។ ថ្វីបើ​ការ​ស្រមុក​ភាគ​ច្រើន​ ជា​អាការៈ​មិន​ធ្ងន់ធ្ងរ តែ​សម្រាប់​ក្រុម​គ្រូពេទ្យ ស្រមុក​​ ដោយ​ថប់​ ឬ​​ ស្ទះ​ខ្យល់​ដង្ហើម​ ត្រូវ​ការ​ការ​ព្យាបាល​ជា​ចាំបាច់។ បើ​តាម​កាយវិភាគវិទ្យា​ មាន​ករណី​មិន​ធម្មតា​កើត​ឡើង​​ទើប​មនុស្ស​ដេក​ស្រមុក។ ស្រមុក​គឺ​ជា​រោគ​សញ្ញា​​ដំបូង​​នៃ​បញ្ហា​ចរន្ត​ដង្ហើម​។ នេះ​បើ​តាម​វេជ្ជបណ្ឌិត​ Gérard Vincent ឯកទេស​វះកាត់​ធ្មេញ​ ដែល​សរសេរ​សៀវភៅ​មួយ​មាន​ចំណង​ជើង បញ្ចប់​ការ​ស្រមុក “En finir avec le ronflement”។

ហេតុ​អ្វី​បាន​ជា​យើង​ដេក​ស្រមុក ?

លាន់ស្នូរ​ស្រមុក​ ​ បណ្តាល​មក​ពី​​ផ្លូវ​ដង្ហើម​នៅ​ត្រង់​បំពង់​ត្រូវ​ត្អៀប​ ឬ​រួម​តូច។ ក្នុង​ពេលលង់​លក់ សាច់នៅ​ចុង​ក្រអូម​មាត់ កន្លើត អណ្តាត​ រលា​។ ដូច្នេះ​បើ​សរីរាង្គ​ណាមួយ​រីក​-លា​ធំ សរីរាង្គ​នោះ​​អាច​ជា​ឧបសគ្គ​បាំង​ស្ទះ​ផ្លូវ​​ដង្ហើមបាន។ ហើយ​នៅ​ពេល​ដក​​ដង្ហើម​ចេញ​​​ចូល​ ឆ្លង​កាត់ វា​នឹង​ធ្វើ​ឱ្យ​ជាលិកា​ត្រង់​កន្លែង​នោះ​ញ័រ​រង្គើ ទើប​បង្ក​ជា​សំឡេង​ ដែល​យើង​ហៅ​ថា​ស្រមុក​នេះ​ឯង។ បញ្ហា​ស្រមុក​នេះ​មាន​ទំនាក់ទំនង​យ៉ាង​ខ្លាំង​​នឹង​ទម្ងន់​មាឌមនុស្ស​​ធាត់។ ជួន​កាល ការ​ទទួល​ទានសុរា​ច្រើន​នៅ​​​ពេលបាយ​​ល្ងាច​ច្រើន​ពេក ឬ​ការ​លេប​ថ្នាំ​គេង​លក់ ក៏​អាច​ជា​ភ្នាក់ងារ​បង្ក​ឱ្យ​គេង​​ស្រមុក​​ដែរ ព្រោះ​ស្រា​និង​ថ្នាំ​លេង​លក់ អាច​ពន្លារ​​​សាច់​ដុំ​​ ខ្លាំង​ជ្រុល​។ សម្រាប់​កុមារ មាន​ដុះ​សាច់​បំពង់​ក​ធំ amygdale ក៏​ជា​នាំ​ឱ្យ​គេង​ទៅ​ស្រមុក​ដែរ។

 

តើ​មាន​សញ្ញា​អ្វី​គួរ​ប្រុង​ប្រយ័ត្ន ?

ស្រមុក​មាន​ច្រើន​ប្រភេទ ! ស្រមុក​ម្តង​ម្កាល​ មិន​សូវ​លាន់​ខ្លាំង ​ច្រើន​តែ​បង្ក​ឡើង​ដោយ​កត្តា​ខាង​ក្រៅ​មួយ​ចំនួន ដែល​គេ​ងាយ​រក​ឃើញ​និង​កំណត់បាន ព្រម​ទាំង​អាច​ចៀស​វាង​បាន មាន​ជាអាទិ៍ អាការៈ​ផ្តាសាយ​ ជក់បារី ផឹក​សុរា។ ស្រមុក​ព្រោះមូលហេតុ​នេះ មិន​ចាំ​បាច់​មាន​ការ​ព្យាបាល ឬ​ការ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ទេ។

 

ស្រមុក​ខ្លាំង និង​ជា​លក្ខណៈ​ជំងឺ​ គឺ​ជា​ផលវិបាក​នៃ​គ្រោង​កាយ​មនុស្ស​ពី​កំណើត ដូចជា មានឆ្អឹង​ថ្គាម​តូច​ពេក អណ្តាត​ធំ ឬ​ក៏​មាន​ភាព​មិន​ប្រក្រតី​នៃ​ប្រព័ន្ធ​រាងកាយ​ណា​ ក្រៅអំពី​ប្រព័ន្ធ​ដក​ដង្ហើម។

 

ត្រូវ​បែង​ចែង​ឱ្យ​​ដាច់ រវាង​ការ​ស្រមុក​របស់​មនុស្ស​ម្នាក់ ព្រោះ​តែ​គាត់​មាន​បញ្ហា​ដង្ហើម ពិបាក​ដក​តាម​​ច្រមុះ​ និង​អ្នក​ដែល​ស្រមុក​ព្រោះ​ខ្យល់​ដង្ហើម​ត្រូវ​ស្ទះ​នៅ​ម្តុំ​បំពង់​ខ្យល់។ នេះ​បើ​តាម​ការ​ពន្យល់​របស់​វេជ្ជបណ្ឌិត ហ្សេរ៉ា វ៉ាំងសង់។ ក្នុង​ករណី​ទី​មួយ គេ​សង្កេត​មាន​ក្នុង​ចំណោម​អ្នក​ស្រមុក​តែ​ប្រមាណ​១០%​ប៉ុណ្ណោះ។ សំឡេង​ស្រមុក​លាន់​ចេញ​ឡើង ដោយ​សារ​តែភាព​ញ័រ​​​នៃ​ចុង​ក្រអូម​មាត់​លើ​ ពេល​ ខ្យល់​​ដង្ហើម​ឆ្លងកាត់​ទៅ​ប៉ះ​។ អាការៈ​នេះ អាច​ព្យាបាល​ជា តែ​តម្រូវ​ឱ្យ​អ្នក​ស្រមុក​ទៅ​ជួប​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ឯកទេស​​ច្រមុះ​ត្រចៀក​បំពង់ក។ អ្នក​មិន​អាច​ដក​ដង្ហើម​តាម​ច្រមុះ​បាន​ស្រួល ជួនកាល​​​អ្នក​មាន​បញ្ហា​រលាក​ច្រមុះរ៉ាំរ៉ៃ​។

 

ចំពោះ​ករណី​ស្រមុក​នៅ​​បំពង់​ខ្យល់​វិញ អ្នក​នឹង​មាន​អារម្មណ៍​ហត់​ពេល​ភ្ញាក់​ពី​ដំណេក ឈឺក្បាល​ វិបត្តិ​លិង្គ ការ​ឡើង​សម្ពាធ​ឈាម ... ឬ​ក៏​ថប់​​-ស្ទះ​ដង្ហើម​ពេល​គេង​ផងក៏​មាន។ ដូច្នេះ​ត្រូវ​ទៅ​ពិគ្រោះ​ជំងឺ​ជាមួយ​គ្រួពេទ្យ​ឯកទេស​ផ្នែក​ដំណេក (ឯកទេស​សួត ឬ​បេះដូង) ដើម្បី​វិភាគ​សញ្ញារោគ។

 

ដូច្នេះ​តើ​គួរ​​ឱ្យ​ព្រួយ​បារម្ភខ្លាំង​​ទេ ?

 

ការ​ស្រមុក ភាគ​ច្រើន គ្មាន​ផ្តល់​ផលវិបាក​អ្វី​ទៅ​ថ្ងៃ​ក្រោយ​ទេ។ ប៉ុន្តែ​ គួរ​តែ​មាន​ការ​តាមដានជា​ចាំ​បាច់​ ចំពោះ​​ករណី​ស្រមុក​នៅ​បំពង់​ខ្យល់​ ក្រែង​មាន​ការ​​ថប់​ដង្ហើម​​ពេល​គេង​។ ភ្លាមៗ គ្មាន​ការ​បន្សល់​ទុក​នូវ​ផលវិបាក​នៃ​ការ​ថប់​ដង្ហើម​ញយៗ​បែប​នេះទេ​ ក្រៅពី​ធ្វើ​ឱ្យ​អ្នកគេង​មិន​ស្កប់ លក់​រលីវៗ​ហើយ ត្រូវ​កន្ទ្រាក់​​​ភ្ញាក់ក្រញាង​ឡើង នៅ​ពេល​គេង។ ហើយ​នៅ​ពេល​ថ្ងៃ​​ មាន​អារម្មណ៍​គេង​មិន​ឆ្អែត មិន​ពេញ​ភ្នែក​។ ប៉ុន្តែ​នៅ​ថ្ងៃ​អនាគត​ និង​សម្រាប់​រយៈ​ពេល​យូរ វិបត្តិស្រមុក​រហូត​ថប់​​ដង្ហើម​ ស្ទះ​ខ្យល់ ប្រមាណ​តែ​១០​វិនាទី​ម្តង​នេះ​ ប្រសិន​បើ​ អាច​លេច​ឡើង​ ​ជា​ច្រើន​ដង​ក្នុង​មួយ​យប់ៗ នឹង​ធ្វើ​ឱ្យ​ខ្លួន​ប្រាណ​ខ្វះ​ខ្យល់​អុកស៊ីសែន​ ដូច្នេះយើង​អាច​មាន​គ្រោះ​កើត​ជំងឺ​បេះដូង ជំងឺ​លើស​ឈាម ឬ​ជំងឺ​ស្ទះ​សរសៃ​ឈាម​បេះដូង និង​រំខាន​ដល់​ប្រព័ន្ធ​សរសៃ​ឈាម​បេះដូង​ទាំង​មូល។

 

តើ​ត្រូវ​ព្យាបាល​យ៉ាង​ដូចម្តេច ?

ចំពោះ​ការ​ស្រមុក​ដោយ​ពិបាក​ដក​ដង្ហើម​តាម​ច្រមុះ វិធី​ព្យាបាល​មាន​លក្ខណៈ​ងាយ​ស្រួល​ទេ និង​សម្រេច​បាន​ដោយ​វេជ្ជបណ្ឌិត​ឯកទេស​ច្រមុះ​ត្រចៀក​បំពង់ក។ តែ​បើ​ជា​ការ​ស្រមុក​ដល់​ស្ទះ​បំពង់​ខ្យល់​ផង ពេល​ខ្លះ​​គេ​អាច​ជ្រើស​រើស​វិធី​សាស្ត្រ​ធ្ងន់ធ្ងរ​គឺ​ការ​វះកាត់ពង្រីក​បំពង់​ខ្យល់ បង្រួម​សាច់​ដុំ​នៅ​ផ្លូវ​ដង្ហើម ឬ​តម្រង់​ច្រមុះ ឬ​ពាក់​ម៉ាស៊ីន​ជួយ​​ដកដង្ហើម ដែល​រំខាន​ខ្លាំង​ពេល​គេង។

 

ជា​លក្ខណៈ​ទូទៅ ចៀស​វាង​ការ​ទទួល​ទាន​សុរា​នៅ​ពេល​បាយ​ល្ងាច និង​គេង​ផ្ងា។ សូម​សម្រក​ទម្ងន់ និង​គេង​ផ្អៀង  ដើម្បី​ឱ្យ​កុំឱ្យ​អណ្តាត​ធ្លាក់​ទៅ​បាំង​បំពង់​ខ្យល់ ជា​ហេតុ​នាំ​មាន​ភាព​ញ័រ​នៅ​បំពង់​ខ្យល់​រួច​បញ្ចេញ​ជា​សំឡេង​ស្រមុក ...

គ្រប់​មធ្យោបាយ​ដែល​រៀប​រាប់​មក​នេះ អាច​ជួយ​កាត់​បន្ថយ​ការ​ស្រមុក​បាន ប៉ុន្តែ​គ្មាន​ដំណោះស្រាយ​ជា​​លក្ខណៈ​សកល​ឡើយ។

 

នៅ​ពេល​ថ្មីៗ​នេះ អ្នក​ស្រាវជ្រាវ​ជាតិ​ប្រេស៊ីល បាន​រក​ឃើញ​វិធី​​ធ្វើ​លំហាត់​ប្រាណ​អណ្តាត ដែល​អាច​កាត់​បន្ថយ​​ការ​ស្រមុក​បាន​ប្រមាណ​៣៦% និង​បើ​នៅ​ស្រមុក​ ក៏​សំឡេង​លែង​សូវ​លាន់​ខ្លាំង និង​ថយ​ចុះ​អស់​៥៦%។ លំហាត់​ប្រាណ​នេះ​ប្រសិទ្ធិភាព​ចំពោះ​អ្នក​ស្រមុក​ខ្សោយ​ មធ្យម​ និង​ខ្លាំង​ ដែល​រហូត​មាន​ការ​ថប់​ដង្ហើម​ពេល​គេង​លក់​ ម្តង​ម្កាល​ផង។

 

មិនបាច់​មានសម្លៀក​បំពាក់​កីឡា ស្បែក​ជើង​​អ្វី​ទាំង​អស់ ! ប្រសិន​បើ​អ្នក​​គេង​ស្រមុក សូម​ចំណាយ​ពេល​វេលា​ពីរ​បី​នាទី​ ជា​រៀង​រាល់​ព្រឹក​ ហាត់​ពត់​អណ្តាត​ និង​ក្រអូម​មាត់​ ៖

-       យក​ចុង​អណ្តាត​ទៅ​ទល់​នឹង​​ក្រអូមមាត់​លើ រួច​រំកិល​អណ្តាត​បន្តិច​ម្តងៗ​ឱ្យ​ទៅ​ទល់​នឹង​គល់​ក្រអូប ហើយ​រក្សា​ជំហរ​បែប​នេះ​មួយស្របក់

-       លា​អណ្តាត​ទល់​នឹង​ពេញ​ផ្ទៃ​ក្រអូមលើ​ រួច​សង្កត់​អណ្តា​តទាំង​មូល​

-       ប្រឹង​ធ្វើ​គល់អណ្តាត​ឱ្យ​ឡើង​រឹង​ទល់​នឹង​បំពង់ក​ តែ​ត្រូវ​ឱ្យ​អណ្តាត​នៅ​ប៉ះ ធ្មេញ​ជានិច្ច

-       រុញ​គល់​អណ្តាត​ឱ្យ​ប៉ះ​ខាង​លើ​គល់​​ក្រអូម រួច​ទន្ទេញ​ពាក្យ​ “អា” ឱ្យ​បានញយ​ដង។

លំហាត់​នេះ​ត្រូវ​ធ្វើ​ជា​ប្រចាំ​រាល់​ថ្ងៃ ជា​ច្រើន​ខែ​ទើប​ទទួល​បាន​លទ្ធផល​ល្អ។

 

ហេតុ​អ្វី​ត្រូវ​គិត​គូរ​ព្យាបាល​ការ​ស្រមុក ?

អ្នក​ដែល​ស្រមុក​ខ្លាំង ស្រមុក​ស្ទើរ​ជាប់​ឈ្មោះ​ជា​ជំងឺ ភ្ញាក់​ឡើង​គ្មាន​កម្លាំង​ទេ ! ចេះ​តែ​ងងុយ​ពេល​ថ្ងៃ ចង់​លក់​ម្តងៗ​ទាំង​កណ្តាល​ថ្ងៃ​។ គេង​មិន​ឆ្អែត មិន​ពេញ​ ផ្តល់​ផល​វិបាក​ច្រើន​ដល់​យន្តការ​សិក្សា និងការ​ចង​ចាំ អារម្មណ៍ ស្ត្រេស អត្រា​ជាតិ​ស្ករ​ក្នុង​ឈាម អាយុ និង​ជំងឺ​សរសៃឈាម​បេះដូង​ គ្រោះថ្នាក់​ចរាចរណ៍ នៅ​កន្លែង​ធ្វើការ ព្រម​ទាំង​ធ្វើ​​ឱ្យ​​ឡើង​ទម្ងន់។ អ្នក​ស្រមុក​មែនទែន មិន​ដែល​បាន​គេង​លក់​ដល់​ដំណាក់​ស៊ុប​ខ្លាំង​ទេ​ ! ការ​លក់​ស៊ុប​ខ្លាំង​គឺ​ជា​ដំណាក់កាល​​នៃ​ការ​ផលិត​ជាតិ​អ័រមូន IGF ដែល​ជា​អ្នក​ចូល​រួម​ចំណែក​យ៉ាង​ខ្លាំង ខាង​ការ​លូត​លាស់​របស់​កុមារ និង​ជា​អ្នក​ដុត​ខ្លាញ់​កុំ​ឱ្យ​កក​ខ្លាំង​ក្នុង​ខ្លួន​មនុស្ស​ពេញ​វ័យ។ ការ​ធាត់​ជ្រុល​ ងាយ​នឹង​ប្ងក​ឱ្យ​មាន​ការ​ថប់​ដង្ហើម​ពេល​គេង ផ្ទុយ​ទៅ​វិញ គេ​ត្រូវ​ព្យាបាល​ការ​ថប់​ដង្ហើម​ពេល​គេង​សិន​ ប្រសិន​បើ​ចង់​បញ្ចុះ​ទម្ងន់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ