អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

គួរ​ដល់​ពេល​ដែល​បក្ស​ធំ​ៗ​ទាំង​ពីរ ឈប់​ឈ្លោះ​​គ្នា ហើយ​ងាក​មក​ត្រៀម​ខ្លួន​សម្រាប់​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់​ឆ្នាំ​២០១៧

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​កម្ពុជា ចាប់​តាំង​ពី​ការ​បោះ​ឆ្នោត​ជាតិ​ឆ្នាំ​២០១៣​រហូត​មក​ទល់​ពេល​នេះ ទំនាក់ទំនង​រវាង​គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ ត្រូវ​បាន​គេ​សង្កេត​ឃើញ​ថា ​មាន​ភាព​រកាំ​រកូស​នឹង​គ្នា​មិន​ចប់​មិន​ហើយ​។ ក្នុង​ឱកាស​​ឆ្នាំ​ថ្មី ឆ្នាំ​២០១៦​នេះ និង​ក្នុង​ឱកាស​ដែល​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់​នឹង​ឈាន​ចូល​មក​ដល់​នៅ​ឆ្នាំ​២០១៧ អ្នក​វិភាគ​នយោបាយ​មួយ​ចំនួន​យល់​ថា ​បក្ស​ធំ​ៗ​ទាំង​ពីរគួរ​ឈប់​បង្ក​ជម្លោះ​នឹង​គ្នា ហើយ​ងាក​មក​ត្រៀម​ខ្លួន​សម្រាប់​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់​​វិញ ទើបជា​ការ​​ប្រសើរ​។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងលោក សម រង្ស៊ី ចាប់ដៃគ្នា ក្រោយជួបប្រជុំកិច្ចព្រមព្រៀងនយោបាយកាលពីខែកក្កដា ឆ្នាំ២០១៤
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងលោក សម រង្ស៊ី ចាប់ដៃគ្នា ក្រោយជួបប្រជុំកិច្ចព្រមព្រៀងនយោបាយកាលពីខែកក្កដា ឆ្នាំ២០១៤ @RFI
ផ្សាយពាណិជ្ជកម្ម

វិបត្តិ​នយោបាយ កម្ដៅ​​នយោបាយ រហូត​ឈាន​ដល់​ការ​ចាប់​ដាក់​គុក​ច្រវាក់ មិន​មែន​ជា​រឿង​ប្លែក​អ្វី​ទេ​នៅ​កម្ពុជា​ ជា​ពិសេស​រវាង​គណបក្ស​កាន់​អំណាច និង​គណបក្ស​ជំទាស់​។ ក្រោយ​ការ​បោះ​ឆ្នោត​ជាតិ​ឆ្នាំ​២០១៣ ទំនាក់ទំនង​រវាងគណបក្ស​នយោបាយ​ជាប់​ឆ្នោត​ទាំង​ពីរ​នៅ​កម្ពុជា មាន​ដំណើរ​ឡើង​ចុះ​គួរ​ឲ្យ​កត់​សម្គាល់​។ រាប់​ចាប់​តាំង​ពី​ការ​ចុះ​ផ្លូវ​ធ្វើ​បាតុកម្ម​របស់​បក្ស​ប្រឆាំងនៅ​ចុង​ឆ្នាំ​២០១៣ ការស្រុះ​ស្រួល​ផ្លូវ​នយោបាយ​នៅ​ពាក់​កណ្ដាល​ឆ្នាំ​២០១៤ ការ​អនុវត្ត​វប្បធម៌​សន្ទនា​ដ៏​ផ្អែម​ល្ហែម​នៅ​ដើម​ឆ្នាំ​២០១៥ និង​ភាព​​ប្រេះ​ឆា​ដែល​លេច​ឡើង​ច្បាស់ ​ចាប់​ពីខែ​សីហា​​​ឆ្នាំ​២០១៥​។

រហូត​មក​ទល់​ពេល​នេះ ថ្វី​ត្បិត​តែ​គណបក្ស​ប្រជាជន និង​គណបក្ស​សង្គ្រោះ​ជាតិ បាន​ត្រឡប់​មក​ជួបជជែក​គ្នា​តាម​ប្រក្រតី​ហើយ​ក៏​ដោយ ក៏​ប៉ុន្តែសីតុណ្ហភាព​នយោបាយ​អាច​ឡើង​កំដៅ​គ្រប់​ពេល ខណៈ​ដែល​សកម្មជន​បក្ស​ប្រឆាំង​កំពុង​តែ​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ និង​ខណៈ​ដែល​ដីកា​ចាប់​ខ្លួន​របស់​តុលាការ នៅ​តែ​តាម​លង​ប្រមុខ​បក្ស​ប្រឆាំង គឺ​លោកសម រង្ស៊ី នៅ​​ឡើយ​។

​ក្នុង​ឱកាស​​ឆ្នាំ​ថ្មី ឆ្នាំ​២០១៦​នេះ និង​ក្នុង​ឱកាស​ដែល​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់​នឹង​ឈាន​ចូល​មក​ដល់​នៅ​ឆ្នាំ​២០១៧ អ្នក​វិភាគ​នយោបាយ​មួយ​ចំនួន​យល់​ថា ​បក្ស​ធំ​ៗ​ទាំង​ពីរគួរ​ឈប់​បង្ក​ជម្លោះ​នឹង​គ្នា ហើយ​ងាក​មក​ត្រៀម​ខ្លួន​សម្រាប់​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់​​វិញ ទើបជា​ការ​​ប្រសើរ​។ ហេតុ​អ្វី​​ត្រូវ​ត្រៀម​ខ្លួន​សម្រាប់​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់​ ខណៈ​ដែល​​គណបក្ស​សង្គ្រោះ​ជាតិ និង​គណបក្ស​ប្រជាជន​កម្ពុជា បាន​ធ្វើ​កំណែ​ទម្រង់​ផ្សេង​ៗ​មួយ​ចំនួន​ទៅ​ហើយ​នោះ​​?

ជា​ការ​ពិត បន្ទាប់​ពី​ការ​បោះ​ឆ្នោត​ជាតិ​ឆ្នាំ​២០១៣ គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ ក្រៅ​តែ​ពី​បង្ក​ជម្លោះនឹង​គ្នា​ហើយ ក៏​បាន​ធ្វើ​កំណែ​ទម្រង់ និង​ដាក់​ចេញ​នូវ​គោល​នយោបាយ​សំខាន់​ៗមួយ​ចំនួន​​គួរ​ឲ្យ​កត់​សម្គាល់​ដែរ​។ ប៉ុន្តែ​កំណែ​ទម្រង់ និង​គោល​នយោបាយ​ទាំង​នោះ ភាគ​ច្រើន​ផ្ដោត​តែ​ទៅ​លើ​ថ្នាក់​ដឹក​នាំ​ជាន់​ខ្ពស់​តែ​ប៉ុណ្ណោះ​។ កំណែទម្រង់​ទាំង​ឡាយ​ដែល​ចាប់​ផ្ដើម​ពី​មន្ដ្រី​ថ្នាក់​លើ​សម្រាប់​ជា​គំរូ​ដល់​មន្ដ្រី​ថ្នាក់​ក្រោម ជា​រឿង​គួរ​ឲ្យ​លើក​ទឹក​ចិត្ត។ ប៉ុន្តែ​កំណែ​ទម្រង់​ដោយ​ចំពោះ​ទៅ​លើ​មន្ដ្រី​មូលដ្ឋាន ដែល​នៅ​កៀក​នឹង​ប្រជាពលរដ្ឋ ក៏​ជា​រឿង​ចាំ​បាច់ មិន​អាច​មើល​រំលង​បាន​ឡើយ​។

នៅ​ក្នុង​ការ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់ អាណត្តិ​ទី​៣ កាល​ពី​ឆ្នាំ​២០១២​កន្លង​ទៅ លទ្ធផល​បាន​បង្ហាញ​ថា គណបក្ស​ប្រជាជន​កម្ពុជា​មាន​សមាសភាព​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ក្នុង​អាសនៈ សរុប​៨​ពាន់​២៩២​នាក់ ក្នុង​នោះ​មាន​មេ​ឃុំ​ចំនួន​១​ពាន់​៥៩២​នាក់​។

ដោយ​ឡែក​សម្រាប់​គណបក្ស​សង្គ្រោះ​ជាតិ​។ ថ្វី​ត្បិត​តែ​បក្ស​ប្រឆាំង​នេះ​មិន​ទាន់​កើត​នៅ​ឡើយ​នៅ​ឆ្នាំ​២០១២ គេ​អាច​បូក​សរុប​ចំនួន​សមាសភាព​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​នៅ​ក្នុង​អាសនៈ​របស់​គណបក្ស​សម រង្ស៊ី និង​គណបក្ស​សិទ្ធិ​មនុស្ស ដែល​ជា​សរុប មាន​ចំនួន​រហូត​ដល់​ទៅ​២​ពាន់​៩​៥៥​នាក់​ ក្នុង​នោះ​មាន​មេ​ឃុំ​ចំនួន​៤០​នាក់​។

សមាសភាព​តំណាង​គណបក្ស​ទាំងនេះ ដើរ​តួ​យ៉ាង​សំខាន់ ក្នុង​ការ​ចូល​រួម​ប្រយុទ្ធ ប្រកួត​ប្រជែង ដើម្បី​ដណ្ដើម​ប្រជាប្រិយភាព និង​ជ័យ​ជំនះ សម្រាប់​គណបក្ស​ពួកគេ​រៀង​ៗ​ខ្លួន​។ ក្នុង​ន័យ​នេះ ប្រសិន​បើ​សមាសភាព​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់ ឬ​មេ​ឃុំ​ចៅ​សង្កាត់ បំពេញ​ការងារ​ខ្ជីខ្ជា គ្មាន​ប្រសិទ្ធភាព ឬ​ធ្វើ​ឲ្យ​ពលរដ្ឋ​អាក់អន់​ស្រពន់​ចិត្ត នោះ​ផល​វិបាកនឹង​ត្រូវ​ធ្លាក់​ទៅ​លើ​គណបក្ស​ដោយ​ចៀស​មិន​រួច​។

ដូច្នេះ ក្រៅ​តែ​ពី​ធ្វើ​កំណែ​ទម្រង់​ និង​ដាក់​ចេញ​នូវ​គោលនយោបាយ​សម្រាប់​មន្ដ្រី​ជាន់​ខ្ពស់​ហើយ គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ មិន​ត្រូវមើល​រំលង​ជា​ដាច់​ខាត កំណែ​ទម្រង់​​របៀប​ធ្វើ​ការ​ចាស់​គំរិល​របស់​មន្ដ្រីនៅ​តាម​​មូលដ្ឋាន​។ ថ្នាក់​ដឹក​នាំ​ជាន់​ខ្ពស់ ចាំ​បាច់​ត្រូវ​តែ​អប់រំ​មន្ដ្រី​ថ្នាក់​ក្រោម​​​ឲ្យ​បាន​ម៉ឺងម៉ាត់​បំផុត ធ្វើ​យ៉ាង​ណា​ឲ្យ​ពួក​គេ​បម្រើ​ប្រជាជន​បាន​ត្រឹម​ត្រូវ​។ ចៀសវាង​ការ​មិន​អើ​ពើ មិន​ខ្វាយ​ខ្វល់​ចំពោះ​​ប្រជាជន​មូលដ្ឋាន​ក្រោមការ​គ្រប់​គ្រង​របស់​ខ្លួន​។ ជា​ថ្នូរ​មក​វិញ មន្ដ្រី​ថ្នាក់​ក្រោម​គ្រប់​រូប ត្រូវ​តែ​ទទួល​បាន​នូវ​ការ​លើក​ទឹក​ចិត្ត ឬ​ប្រាក់​ខែ​ច្រើន​ជាង​មុន ដើម្បី​ជីវភាព​ល្អ​​ប្រសើរ។ ទាំង​នេះ​គឺជា​វិញ្ញាសារ​សាក​ល្បង​សម្រាប់​គណបក្ស​ប្រជាជន និង​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ក្នុង​ដំណើរ​ឆ្ពោះ​ទៅ​កាន់​សង្វៀន​ប្រដាល់​ថ្មី​មួយ​ទៀត នៅ​ក្នុង​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់​ឆ្នាំ​២០១៧​ខាង​មុខ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ