ឫស មានទម្រង់ដូចជាដំបៅសើរស្បែកតូច ស្រាល ដែលបង្កឡើងដោយវីរ៉ុស។ ឫសអាចកើតនៅម្រាមដៃ ម្រាមជើង បាតជើង លើមុខ ឬនៅក នៅឃ្លៀក ជួនឈឺខ្លាំង ជួនឈឺតិច។ ឫសជាជំងឺស្រាល អាចជាសះបាត់ទៅវិញ ដោយគ្មានបន្សល់ទុកនូវផលវិបាកធ្ងន់ធ្ងរអ្វីទាំងអស់។ តែអាចចម្លងទៅពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត ឬពីកន្លែងមួយទៅកន្លែងមួយទៀតនៃខ្លួនប្រាណ ដោយផ្ទាល់និងដោយមិនផ្ទាល់។
ឫសលេចឡើងក្នុងទម្រង់ជាដំបៅសើរស្បែក ដែលបណ្តាលមកពីការឆ្លងវីរ៉ុសម្យ៉ាងឈ្មោះថា"Human Papillomavirus" (HPV) យូមែន ប៉ាពីឡូម៉ាវីរ៉ុស។ វីរ៉ុសនេះបានចម្លងចូលតាមស្បែក និងសំងំយ៉ាងយូររាប់ខែ មុនលេចធ្លាយជាដំបៅឫសឡើង។
ការវិវឌ្ឍន៍របស់ឫសគ្មានគ្រោះថ្នាក់ធ្ងន់ធ្ងរ ប៉ះពាល់ដល់សុខភាពមនុស្សទេ។ ថ្វីត្បិតតែឫសបង្កឡើងដោយវីរ៉ុស"Human Papillomavirus" HPV មែន ប៉ុន្តែវីរ៉ុសនេះមិនមែនជាភ្នាក់ងារបង្កឱ្យមានជំងឺមហារីកស្បែកឡើយ។ ជាពពួកតែមួយ និងមានឈ្មោះដូចគ្នាមែន តែ papillomavirus បង្កឫស ខុសពី papillomavirus ដែលកើតនិងចម្លងនៅលើតំបន់ភ្នាស និង ដែលជាភ្នាក់ងារបង្កជំងឺមហារីកមាត់ស្បូន។ ឫសភាគច្រើន នឹងត្រូវជា ដោយខ្លួនឯងទៅវិញ នៅរវាងពីរបីខែក្រោយ ប៉ុន្តែឬសខ្លះរឹងក្បាល អាចនៅទល់រាប់ឆ្នាំក៏មាន។ ប្រការគួរឱ្យកត់សម្គាល់មួយទៀត គឺឬសជាជំងឺលាប់ ជាបាត់ទៅហើយ រំលងបានបន្តិចក៏កើតជាថ្មីទៀត ជាញឹកញយ។
ប្រភេទឫស
ឫសមានច្រើនប្រភេទ និងច្រើនទម្រង់ណាស់ !
ឫសរួម ៖ ឫសដែលគេសង្កេតឃើញមានកើតឡើងច្រើន និងមានលក្ខណៈទូទៅខ្លាំង គឺជាឫសមូល ទល់ខ្ពស់ចេញផុតពីស្បែក។ ជាឫសតែមួយឯកា ឬ ច្រើន មានទំហំប្រមាណពីរបីមីល្លីម៉ែត្រ ហើយច្រើនកើតនៅលើម្រាមដៃ និងខ្នងដៃ។ ម្តងម្តាលគេឃើញឫសប្រភេទនេះ កើតនៅក្រោមក្រចក និងតំបន់ជុំវិញក្រចក ដែលក្នុងករណីនេះ ឫសអាចបង្កការឈឺចុកចាប់ខ្លាំង ព្រមទាំងធ្វើឱ្យខូចទម្រង់ក្រចក ឬរបើកក្រចកផង។
ឫសអាចមានរាងទ្រវែង។ ឬសប្រភេទនេះ ច្រើនកើតនៅលើមុខ ជាពិសេសនៅតំបន់ជុំវិញមាត់ ឬតំបន់មានរោមកោរ ចំពោះបុរស។
ឫសរាប ៖ ឫសប្រភេទនេះច្រើនកើតនៅលើមុខ និងខ្នងដៃ។ មានទម្រង់មិនច្បាស់លាស់ ច្រើនជ្រុង រាបស្មើនឹងស្បែក មានពណ៌ស្រដៀងនឹងស្បែកឬដុតជាងបន្តិច
ឫសបាតជើង ៖ ឫសនៅបាតជើង ចែកជាពីរប្រភេទទៀត។ ឫសទោល ច្រើនតែចាក់ជ្រៅក្នុងសាច់ មានវ័នដូចរង្វង់កង ដោយស្បែករឹងព័ទ្ធជុំវិញ។ នៅកណ្តាលឬស មានចំណុចខ្មៅៗ ដែលគ្មានអ្វីក្រៅពីជាសរសៃឈាមតូចៗ។ ហេតុដូច្នេះហើយបានជាពេលខ្លះ គេឃើញមានចេញឈាម និងធ្វើឱ្យមានការឈឺចាប់ខ្លាំង នៅពេលដើរ ព្រោះត្រូវសង្កត់លើវា។ ប្រសិនបើជាករណីពហុឫសវិញ ឫសនោះច្រើនតែដុះសើរៗលើស្បែក តូចៗផ្តុំគ្នា និងមិនសូវឈឺ ដូចឫសទោលទេ។
តើឫសនេះដុះឡើងយ៉ាងដូចម្តេច ?
ឫសអាចដុះនិងលេចឡើងនៅលើស្បែក ក្រោយពីវីរ៉ុសPapillomavirus បានជ្រៀតចូលដល់ស្រទាប់ខាងក្នុងនៃស្បែក ដោយសារតែមានការរលាត់ដាច់ ឬមានដំបៅ លែងអាចដើរតួនាទីជារនាំងបាំងវីរ៉ុសមកពីក្រៅបាន។ Papillomavirus ជាវីរ៉ុសឆ្លង អាចចម្លង ដោយផ្ទាល់ និងដោយមិនផ្ទាល់។
ការចម្លងដោយផ្ទាល់ គឺជាការស្វ័យចម្លង។ វីរ៉ុសក្នុងកោសិកាឫស ខ្ទាតរាយប៉ាយនៅលើស្បែក ដោយសារការអេះ។ វត្តមានវីរ៉ុសបែបនេះ អាចបង្កបង្កើតឱ្យមានឫសមួយកន្លែងផ្សេងទៀត។ វីរ៉ុសក៏អាចចម្លងមនុស្សម្នាក់ផ្សេងទៀត ដោយសារបានប៉ះពាល់ដោយផ្ទាល់វីរ៉ុសនោះ។
ការចម្លងមិនផ្ទាល់ គឺវីរ៉ុសស្ថិតលើផ្ទៃដែលងាយចម្លង ហើយជ្រៀតចូលតាមស្បែកបាន តាមរយៈការប៉ះពាល់ ឬជាន់ដោយមិនដឹងខ្លួន ព្រោះស្បែកក្រៅរលាត់ ដាច់ ឬមុត។ អ្នកកាប់គោ/ជ្រូក អ្នកលក់សាច់ អ្នកលក់ត្រី ឬគ្រូពេទ្យសត្វ ច្រើនតែមានឫសនៅដៃ។ អ្នកកីឡា អ្នកចូលចិត្តអាងហែលទឹក ឬត្រាំទឹកក្តៅរួម ច្រើនងាយកើតឫសនៅជើង ព្រោះនៅពេលសើម និងត្រូវទឹក ស្រទាប់ស្បែកទន់ ផ្ទៃរដិបរដុបនៅអាងងាយធ្វើឱ្យស្បែកដាច់រលាត់ ដែលជាឱកាសសម្រាប់វីរ៉ុសចូលទៅសំងំក្នុងស្បែក រួចផ្តុំជាឫសនៅពេលក្រោយ។
តើត្រូវធ្វើដូចម្តេចដើម្បីកម្ចាត់ឫស និងតើពេលណាត្រូវទៅជួបពេទ្យ ?
ឫសជាជំងឺសើរស្បែកស្រាលបំផុត ! ត្រូវការការប្រយ័ត្នប្រយែងបន្តិចក៏អាចទប់ស្កាត់ការចម្លងបានយ៉ាងងាយ ហើយការព្យាបាលទៀតសោតក៏មិនពិបាក។ គេអាចរកថ្នាំព្យាបាល បានដោយសេរី នៅតាមឱសថស្ថាន ឬ ក្បួនចាស់បូរាណក៏បាន តែសូមប្រយ័ត្នតែម្យ៉ាង គឺកុំឱ្យប៉ះពាល់រលាកដល់ស្បែកជុំវិញ។ កុំសាកល្បង ចៀរអារឫស ឬផ្តាច់ឫសដោយកំរោល អាចមានករណីឫស ធ្ងន់ធ្ងរដល់ថ្នាក់រកពេទ្យជួយ និងធ្វើការវះកាត់យកចេញ តែជាប្រការកម្របំផុត !
ខាងក្រោមនេះជាវិធីងាយ នៃការព្យាបាលឬសដោយខ្លួនឯង ៖
លាបថ្នាំសម្លាប់ឫស ដែលមានលក់ដោយសេរី នៅឱសថស្ថាន ឱ្យចំលើឫស ជារៀងរាល់ថ្ងៃ។ ថ្នាំនោះនឹងទៅបំផ្លាញឫស បន្តិចម្តងៗរហូតរបូតដាច់ចេញពីស្បែក។ តែសូមកុំប្រើថ្នាំនេះ ព្យាបាលឫសនៅលើមុខនិងប្រដាប់ភេទ។
ប្រើបង់បិទដំបៅ មិនជ្រៀបទឹកនិងខ្យល់ ដើម្បីយកទៅបិទបន្ថប់ឫស ឱ្យទាល់តែងាប់។ វិធីនេះត្រូវបើកពេលយូរ ហើយក៏មិនអាចអនុវត្តបានចំពោះឫសនៅមុខ និងក្រចកដៃទេ។
ប្រើផលិតផលត្រជាក់ បាញ់លើឫស ដើម្បីបង្កកឫសឱ្យងាប់។ ឬវិធីដុត តាមបែបបូរាណខ្មែរក៏បាន។
សញ្ញាបន្ទាន់
ថ្វីបើឬសមិនមែនជាជំងឺសើរស្បែកធ្ងន់ធ្ងរ ការរាតត្បាតរបស់វីរ៉ុស មិនមែនជាភ្នាក់ងារបង្កជំងឺមហារីកស្បែកមែន ប៉ុន្តែលោកអ្នកត្រូវប្រុងប្រយ័ត្ន និងទៅពិគ្រោះជាមួយគ្រូពេទ្យ ប្រសិនបើអ្នកសង្កេតឃើញមានសញ្ញាមួយចំនួនដូចខាងក្រោម ៖
អ្នកមានឫសមួយឬច្រើន នៅលើមុខ
ឫស បង្កឱ្យមានអាការៈឈឺចាប់ខ្លាំង និងបង្កើនបរិមាណឫសផង ប្តូរពណ៌ផង ឬប្តូរទម្រង់
ឫសប្រែជាដំបៅ
ឫសចេញឈាម
អ្នកមានជំងឺខ្សោយប្រព័ន្ធការពារខ្លួន មានជំងឺទឹកនោមផ្អែម ឬបញ្ហាសរសៃឈាមនៅជើង
វិធីការពារកុំឱ្យកើតឫស
ឫសបង្កឡើងដោយវីរ៉ុស ! ដោយការប៉ះពាល់ផ្ទាល់និងដោយមិនផ្ទាល់។ ប៉ុន្តែការចម្លងនេះគ្មានលក្ខណៈរាតត្បាត គួរឱ្យព្រួយបារម្ភ រហូតបង្ឃាំងខ្លួននោះឡើយ។ គោរពក្បួនអនាម័យ ចាំបាច់មួយចំនួន អាចបញ្ចៀសកុំឱ្យកើតឫសបានហើយ ៖
កុំប៉ះ ឬស្ទាបអេះ ឬសរបស់គេ
កុំប្រើកន្សែង ឬ ក្រណាត់ដុះខ្លួនរួម ជាមួយអ្នកមានឬស
កុំប្រើសោមជើង ឬស្បែកជើងរួមជាមួយអ្នកមានឬស
កុំដើរជើងទទេ ក្នុងទីសាធារណៈ
ជូតជើង ជូតដៃឱ្យបានស្ងួត ក្រោយពីមុជទឹក ឬត្រាំ លេងទឹក ក្នុងអាងរួម ព្រោះវីរ៉ុសអាចជ្រៀតចូលក្នុងស្បែកសើមបានយ៉ាងងាយស្រួល៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ