ឈឺក្បាលជាអាការៈដែលតែងកើតមានលើមនុស្សគ្រប់រូប និងជាញឹកញយ។ ឈឺក្បាលខ្លះជា រឿងធម្មតា គ្មានអ្វីគួរឱ្យព្រួយបារម្ភទេ សម្រាក ឬទទួលទានថ្នាំប៉ារ៉ាសេតាម៉ុលមួយគ្រាប់ពីរ ជាការស្រេច។ ប៉ុន្តែការឈឺក្បាលខ្លះ ជាសញ្ញាបន្ទាន់ បញ្ជាក់ថាអាចមានជំងឺធ្ងន់ធ្ងរ។ តើការឈឺក្បាលបែបណា និងពេលណា ដែលគួរព្រួយបារម្ភ ?
ឈឺក្បាលជាអាការៈដែលមានកើតឡើងយ៉ាងញឹកញយ ហើយមានមនុស្សច្រើនណាស់ ដល់ទៅ ៤៦% ប្រកាសថាធ្លាប់ជួបអាការៈឈឺក្បាល ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។ ៦០% មានអាការៈឈឺក្បាលហើយក្តៅខ្លួនទៀត តែមាន៦%ប៉ុណ្ណោះ ដែលឈឺក្បាលជាប់ជាប្រចាំរាល់ថ្ងៃ។ ឈឺពេញក្បាល ឈឺមួយចំហៀងក្បាល ជាទូទៅ គ្មានអ្វីជាគ្រោះថ្នាក់ធ្ងន់ធ្ងរទេ ប៉ុន្តែជួនវារំខានខ្លាំង។
ឈឺចាប់ ឈឺចាក់ ឈឺខ្ទោកៗពេញលលាដ៍ក្បាល ទាំងនេះលក្ខណៈឈឺដែលមនុស្សគ្រប់រូបតឺងពិពណ៌នារៀបរាប់អំពីអាការៈឈឺក្បាលម្តងៗ។ តែរោគឈឺក្បាល គឺសំដៅលើរាល់គ្រប់អាការៈនៃការឈឺនៅក្នុងក្បាល និងលលាដ៏។
ឈឺក្បាលមានច្រើនប្រភេទណាស់ តែគេអាចបែកចែងបានដូចខាងក្រោម ៖
- ការលេចឡើងនៃអាការៈឈឺក្បាល ៖ ស្ងៀមៗស្រាប់តែលេចអាការៈឈឺក្បាលភ្លាមភ្លែតឡើង ដោយងំឡើងៗ
- កន្លែងឈឺ ៖ ជួនកាល ការឈឺរាយពេញក្បាល ជួនឈឺតែនៅផ្នែកខាងណាមួយនៃក្បាល
- កំរិតនៃការឈឺ ៖ មិនឈឺខ្លាំងទេ តែមានអារម្មណ៍ដូចជារំខាន ជួនជាការឈឺខ្លាំងយូរ រហូតរំខានដល់សកម្មភាពការងារជាទម្លាប់ ហើយអាចជាការឈឺបន្តងំក្នុងក្បាល ឬ ខ្ទោកៗ
- បរិបទដែលនាំឱ្យឈឺក្បាល ៖ មានកត្តាក្រៅខ្លួនជាច្រើនដែលជាភ្នាក់ងារនាំកើតអាការៈឈឺក្បាល ដូចជាបរិយាកាសពុលខ្លាំង ប្រើថ្នាំ ទទួលទានសុរា ។ ការឈឺក្បាលអាចកាន់ខ្លាំង នៅពេលយើងប្រឹងធ្វើអ្វីមួយខ្លាំងពេក/ហួសកម្លាំង
- រយៈពេល ៖ ការឈឺក្បាលធម្មតា អាចលេចឡើងរួចក៏បានបាត់ទៅ វិញ យ៉ាងលឿន។ តែបើជារោគឈឺក្បាលរ៉ាំរ៉ៃ នោះអាការៈឈឺក្បាលនៅងំជាប់ ក្នុងក្បាល ជាទូទៅ ដោយយឺតៗ និងឡើងបន្តិចម្តងៗ រយៈពេលរាប់អាទិត្យ ចូលដល់រាប់ខែ
- ឈឺក្បាលដែលអមដោយរោគសញ្ញាផ្សេងៗទៀត ដូចជាក្តៅខ្លួន ក្អួត ចង្អោរ ធ្ងន់ខ្លួន និងបាត់បង់ញាណ ...
មូលហេតុនៃការឈឺក្បាល
មូលហេតុដែលបង្កឱ្យមានអាការៈរោគឈឺក្បាល មានប្លែកៗគ្នា ដែលជាទូទៅ ច្រើនតែគ្មានលក្ខណៈធ្ងន់ធ្ងរទេ។ ប៉ុន្តែគេអាចកំណត់បាននូវមូលហេតុធំៗសំខាន់ពីរ ៖
ឈឺក្បាលដោយតឹងសាច់ដុំ
នៅក្នុងករណីនេះ ការឈឺក្បាល ច្រើនតែត្រូវអូសបន្លាយពេលវេលាយូរថ្ងៃ និងមានអាការៈសញ្ញាដូចខាងក្រោម ៖ ឈឺជាប់ មិនសូវខ្លាំង និងបែបរាយសាយ ហើយធ្លាប់ឈឺបែបនេះតាំងពីយូរមកហើយ។ ជាការឈឺ ដែលគ្មានអាការៈក្អួតចង្អោរជាមួយទេ។ ពេលប្រឹង និងប្រើកម្លាំងទៅ មិនឈឺថែម តែឈឺខ្លាំងនៅពេលមានស្ត្រេស និងសង្កេតមានលក្ខណៈធូរស្បើយប្រសើរ នៅពេលសប្បាយចិត្ត បានលំហែ។ ជាការឈឺ ដែលដូចគ្មានអ្វីសោះក្នុងក្បាល ធ្វើឱ្យពិបាកផ្ចង់អារម្មណ៍ ឬជាការឈឺព្រោះក្បាលធ្ងន់ជ្រុល។ បន្ទាប់ពីមានអារម្មណ៍ខ្វាយខ្វល់ និងមានការកន្ទ្រាក់ដាច់ដុំក។
ប្រកាំង-ឈឺក្បាលមួយផ្នែក
គេអាចចាត់ទុកថាលោកអ្នកមានជំងឺឈឺក្បាលមួយផ្នែក មីក្រែន បាន ដរាបណាអាការៈឈឺនោះលេចឡើង យ៉ាងហោច៥ដង និងក្នុងមួយដងៗ លោកអ្នកតែងមានរោគសញ្ញាពីរមុខទៀត យ៉ាងតិច ដូចជា ៖
- ឈឺត្រង់ចំហៀងណាមួយនៃក្បាលយ៉ាងច្បាស់លាស់
- ឈឺខ្លាំង ខ្ទោកៗ
- ឈឺកាន់តែខ្លាំងនៅពេលប្រឹងធ្វើអ្វីមួយ ដោយប្រើកម្លាំង ឬ ដោយគ្រាន់តែធ្វើកិច្ចការតាមទម្លាប់។
មិនតែប៉ុណ្ណោះ ការឈឺក្បាលមីក្រែន អាចមានអមដោយអាការៈមួយ ក្នុងចំណោមអាការៈ ក្អួត ចង្អោរ ខ្លាចពន្លឺឈឺក្បាលភ្លាមពេលត្រូវពន្លឺថ្ងៃ ឬពេលឮសំឡេងខ្លាំង។
មូលហេតុផ្សេងទៀតដែលបង្កឱ្យឈឺក្បាលដែរ តែជាការកម្រណាស់នោះ គឺរលាករន្ធច្រមុះ មានជំងឺឡើងឈាម មានជំងឺដាច់សរសៃឈាមខួរក្បាល រលាកស្រោមខួរ រលាកភ្នែក ឬពុលជាតិគីមីអ្វីមួយ។
ការព្យាបាល
ឈឺក្បាលជាអាការៈជំងឺស្រាល អាចធ្វើការព្យាបាលដោយខ្លួនឯងបាន ប្រសិនបើ កំរិតនៃការឈឺនោះ មិនខ្លាំងរហូតដល់ធ្វើការងារមិនកើត ម្តងម្កាល ធ្លាប់ឈឺបែបនេះដែរ និងបានដឹងអំពីមូលហេតុនៃការឈឺ តុល្យការសុខភាពល្អត្រឹមត្រូវ ... ការព្យាបាលដោយខ្លួនដោយលេបថ្នាំ ពីរបីគ្រាប់ ដូចជា ប៉ារ៉ាសេតាម៉ុល និងពពួកថ្នាំបំបាត់ការឈឺចាប់ Ibuprofène ឬ Aspirine អាចបំបាត់ការឈឺចាប់បាន ហើយ។ តែសូមចងចាំថា ត្រូវលេបថ្នាំតែមួយមុខ ក្នុងពេលតែមួយ និងសូមប្រុងប្រយ័ត្នខ្លាំង នៅពេលសម្រេចចិត្តប្រើពពួកថ្នាំបំបាត់ការឈឺចាប់ Ibuprofène ឬ Aspirine ព្រោះថ្នាំពីរប្រភេទនេះអាចបង្កផលវិបាកប្រសិនបើមានជំងឺអ្វីផ្សេងជាប់នឹងខ្លួន។
សូមគិតគូរទៅពិគ្រោះជំងឺជាមួយគ្រូពេទ្យជំងឺទូទៅ នៅពេលណាអាការៈជំងឺឈឺក្បាល កាន់តែខ្លាំងឡើងៗ កាន់តែយូរថ្ងៃទៅៗ ឡើងរាប់អាទិត្យ រាប់ខែ លេបថ្នាំបំបាត់ការឈឺចាប់ហើយនៅតែមិនស្រាកស្រាន្ត ហើយលោកអ្នកមិនធ្លាប់មានអាការៈឈឺក្បាលបែបនេះពីមុនមកទេ ទើបតែកើតនៅពេលនេះ និងជាលក្ខណៈញយៗ។
ប៉ុន្តែអាការៈឈឺក្បាលក៏អាចជាសញ្ញាអាសន្នមួយប្រាប់អំពីគ្រោះថ្នាក់នៃសុខភាពដែរ។ ការឈឺក្បាលដែលគួរឱ្យព្រួយបារម្ភបំផុត គឺនៅពេលការឈឺក្បាលមានអមដោយអាការៈសញ្ញាផ្សេងៗទៀត ដូចជា ៖
- ធ្លាប់មានអាការៈឈឺក្បាលដែរ តែលើកនេះ មានលក្ខណៈខ្លាំងចំឡែក ព្រមទាំងមានការឈឺចុកចាប់សាច់ដុំ ក្អួត នឿយហត់ អស់កម្លាំង បាត់ការចងចាំ ស្រវាំងភ្នែក។ អាការៈបែបនេះ លោកអ្នកចាំបាច់ត្រូវទៅជួបគ្រូពេទ្យជាដាច់ខាត។
- អាការៈឈឺក្បាល លេចឡើងភ្លាមភ្លែត ក្នុងកំរិតខ្លាំង ធ្វើឱ្យយើងអស់កម្លាំងចុះខ្សោយមួយរំពេច សាច់ដុំចុះទន់ មានអារម្មណ៍ច្របូលច្របល់ ឈឺក្បាលហើយក្តៅខ្លួន ក្អួត តឹងច្រឡក ឈឺក្នុងភ្នែក ជាអាការៈជំងឺដែលត្រូវប្រញាប់រួសរាន់ទៅមន្ទីរពេទ្យឱ្យលឿនបំផុត ឬត្រូវហៅក្រុមគ្រូពេទ្យមកសង្គ្រោះជាបន្ទាន់។
អាការៈសញ្ញា៥យ៉ាងនៃការឈឺក្បាល ដែលគួរឱ្យព្រួយបារម្ភ
- ឈឺក្បាលហើយក្អួត កើតឡើងនៅពេលព្រឹក ជាអាការៈសញ្ញាបន្ទាន់ត្រូវបញ្ជូនទៅមន្ទីរពេទ្យភ្លាម ព្រោះរោគសញ្ញានេះអាចបណ្តាលមកពីមានការលូតលាស់ដុំសាច់នៅក្នុងខួរក្បាល ទើបជំរុញឱ្យមានការឈឺក្បាលខ្លាំង រហូតចង់ក្អួតផង ចង់ចង្អោរផង។ ការឈឺក្បាលបែបនេះ បណ្តាលមកពីសម្ពាធក្នុងក្បាលឡើងខ្លាំងលលាដ៍។ នៅពេលយើងស្ថិតក្នុងជំហរដំណេក សម្ពាធខ្លួនប្រាណឡើងកាន់ខ្ពស់ បុកទៅក្បាល។ ឈឺក្បាលហើយក្អួត ក៏អាចជាសញ្ញាប្រាប់ថារបួស ឬដំបៅនៅក្នុងលលាដ៍ក្បាល ដែលជារោគសញ្ញាត្រូវសង្គ្រោះឱ្យបានក្នុងពេលដ៏ខ្លីបំផុត ទើបប្រសើរ។
- ឈឺក្បាល ចុកដៃ ៖ ប្រសិនបើលោកអ្នកមានអាការៈឈឺក្បាលហើយ ហើយមានអារម្មណ៍ដូចជាចាក់ស្កៀប ឬស្ពឹកស្រពន់ដៃ សឹងដូចស្វិតដៃ លោកអ្នកទំនងជាកំពុងរងគ្រោះដាច់សរសៃឈាមក្នុងខួរក្បាល។ ការឈឺចាប់បែបនេះអាចធ្វើអ្នកជំងឺ ពិបាកនិយាយស្តី ស្រវាំងភ្នែក ស្ពឹកមុខ- មាត់ មួយចំហៀង លើកដៃ លើកជើងលែងរួច ឬស្ពឹកមួយចំហៀងខ្លួនតែម្តង។ ប្រសិនបើលោកអ្នកមានសញ្ញាបែបនេះ ឬនៅចំពោះមុខអ្នកជំងឺបែបនេះ សូមបញ្ជូនអ្នកជំងឺទៅមន្ទីរពេទ្យជាបន្ទាន់ ឱ្យបានកាន់តែឆាប់កាលណា កាន់តែប្រសើរ ព្រោះបើប្រហែសតែមួយម៉ោង នោះប្រព័ន្ធប្រសាទ១២០លាននឹងត្រូវបំផ្លាញ បួនម៉ោងក្រោយក្តីសង្ឃឹមថានឹងធ្វើឱ្យស្ថានភាពអ្នកជំងឺបានប្រសើរឡើងវិញ ស្ទើរតែលែងមានសោះ។
- ឈឺក្បាលខ្លាំងមួយរំពេចពេលមានផ្ទៃពោះ។ ស្ត្រីមានពរពោះច្រើនជួបអាការៈឈឺក្បាលជាញឹកញយ ប៉ុន្តែប្រសិនបើកំរិតនៃការឈឺលេចភ្លាម ឈឺខ្លាំង ហើយអ្នកមានផ្ទៃចូលដល់ត្រីមាសទីបីហើយ ការឈឺបែបនេះ អាចជាសញ្ញាថាអ្នកមានសម្ពាធឈាមមិនល្អ កំរិតជាតិប្រូតេអ៊ីនច្រើនជ្រុលក្នុងទឹកនោម ដូច្នេះអ្នកអាចប្រឈមនឹងគោះកើតរោគប្រកាច់ ព្រាយក្រឡាភ្លើង ពេលឆ្លងទន្លេ ដែលអាចធ្វើអ្នកម្តាយនិងទារកក្នុងផ្ទៃស្លាប់បាន។
-ឈឺក្បាល ក្រោយដួល ឬមានគ្រោះថ្នាក់។ លោកអ្នកជាជនរងគ្រោះថ្នាក់ចរាចរណ៍ ឬដួលធម្មតា តែមួយថ្ងៃពីរក្រោយ ជួនមួយអាទិត្យពីរក្រោយ ស្រាប់តែអ្នកមានអារម្មណ៍ថាឈឺក្បាលខ្លាំងទ្រាំលែងបានតែម្តង។ អាការៈនេះ អាចជាសញ្ញាបញ្ជាក់ថាមានថ្នក់ឈាមដាច់ចេញពីសរសៃឈាមតូចប៉ោងនៅក្នុងក្បាល។ ត្រូវតែទៅព្យាបាលជាបន្ទាន់ ព្រោះថ្នក់ឈាមក្នុងខួរក្បាលនេះ អាចនឹងធ្វើឱ្យអ្នកបាត់បង់ស្មារតីសន្លប់
- ឈឺក្បាលរហូតបាត់ការចងចាំ។ ឈឺក្បាលខ្លាំង អាចធ្វើឱ្យបាត់ការចងចាំ ឱ្យងងឹតភ្នែក ហឹងត្រចៀកស្តាប់អ្វីលែងលឺ និងមិនអាចប្រមូលផ្តុំផ្ចង់អារម្មណ៍បានមូលឡើយ។ អាការៈសញ្ញាមិនធម្មតាបែបនេះ អាចបណ្តាលមកពីមានដុំសាច់ក្នុងខួរក្បាល តែជួនកាលដុំសាច់នោះមិនកាច។ ប៉ុន្តែទោះជាយ៉ាងដូច្នេះក្តី យើងមិនត្រូវបង្អង់នឹងបញ្ជូនអ្នកជំងឺទៅមន្ទីរពេទ្យសង្គ្រោះបន្ទាន់ សូម្បីតែមួយនាទី ដើម្បីបានទទួលការត្រួតពនិត្យ ថតឆ្លុះត្រឹមត្រូវថាតើជាករណីធ្ងន់ធ្ងរឬអត់៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ