អានតួអត្ថបទ
កម្ពុជា

លោក ហ៊ុន សែន បបួល​​លោក​​សម​ រង្ស៊ី ​ស្បថ​

រដ្ឋ​សភា​ជាតិ​នៅ​ថ្ងៃ​ចន្ទ ទី៨ មិថុនា​នេះ​បើក​កិច្ច​ប្រជុំ​បន្ត​ដើម្បី​អនុម័ត​ទៅ​លើ​ច្បាប់​ស្តី​ពីគ្រោះ​មហន្តរាយ​។ ប៉ុន្តែ​នៅ​ក្នុង​កិច្ច​ប្រជុំ​នេះ លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​បាន​ប្រតិកម្ម​ខ្លាំងៗ​ចំពោះ​ការ​លើក​ឡើង​របស់​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះជាតិ​ដែល​បាន​លើកឡើង​ពី​បញ្ហា​ព្រំដែន ការ​លួច​បន្លំ​សន្លឹក​ឆ្នោត របស់​បក្ស​អំណាច​និង ការប្រកាន់​បក្ខពូក​របស់​កាកបាទ​ក្រហម​ជាដើម។

លោក ហ៊ុន សែន បបួល​​លោក​​សម​ រង្ស៊ី ​ស្បថ​។
លោក ហ៊ុន សែន បបួល​​លោក​​សម​ រង្ស៊ី ​ស្បថ​។ RFI/ Siv Channa
ផ្សាយពាណិជ្ជកម្ម

នេះ​ជា​ការ​លើក​ឡើង​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ដែល​បាន​ប្រតិកម្ម​ខ្លាំង​ឆ្លើយ​តប​ការ​លើក​ឡើង​របស់​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះជាតិលោក លឹម គឹមយ៉ា។ ​តំណាងរាស្ត្រមណ្ឌល​​កំពង់ធំរូប​នេះ​​ បាន​លើក​ឡើង​នៅ​ក្នុង​សភាថា រដ្ឋាភិបាល​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ប្រើប្រាស់​ផែនទី​ក្លែងក្លាយ​ក្នុង​សំណុំ​រឿង​ព្រំដែន​ជា​មួយ​ប្រទេស​វៀតណាម និង​​ការ​ប្រកាន់​បក្ខពួក​ពេល​ចែក​អំណោយ​ពី​កាកបាទក្រហម​កម្ពុជា​ដែល​មាន​ភរិយា​លោក​នាយក​រដ្ឋមន្ត្រី​ជា​ប្រធាន។  លោកលឹម គឹមយ៉ា ដដែល ​បាន​បន្ថែម​ថា បច្ចុប្បន្ន​កម្ពុជា​ត្រូវ​ការ​សុំ​ការអនុញ្ញាតិ​ពី​ប្រទេសវៀតណាម​ដើម្បី​នាំ​ផលិតផល​ចេញ​ទៅ​ក្រៅ​ប្រទេស​តាម​រយៈផ្លូវ​សមុទ្រ​ជា​ដើម។ ​ប្រមុខ​បក្ស​កាន់​អំណាច បាន​ហៅការលើក​ឡើងនេះ ជា​ការ​លាប​ព័ណ៌​នយោបាយ និង​កេង​ចំណេញ​ពី​​គណបក្សប្រឆាំង។

បន្ថែមពីលើនេះ ​លោក​​នាយក​​រដ្ឋ​មន្ត្រី​​ហ៊ុន សែន​ បាន​​ស្នើ​​ឱ្យ​​ផ្សព្វផ្សាយ​​ឡើង​​វិញ​​ពី​​ការ​​បក​ស្រាយ​​របស់​​លោក​​ស្តី​​ពី​​បញ្ហា​​ព្រំដែន​​រយៈ៥​​ម៉ោង​​នៅ​​សភា​។ ​​ប្រតិកម្ម​​ឆ្លើយ​​តប​​របស់​​លោក​​នាយក​​រដ្ឋ​មន្ត្រី​​នេះ ​គឺ​​ធ្វើ​​ឡើង​​នៅ​​អំឡុង​​ពេល​​ដែល​​សភា​បាន​​​​បើក​​កិច្ច​​ប្រជុំ​​ពិភាក្សា​​​​បន្ត​​ស្តី​​ពី​​ការ​​គ្រប់គ្រង​​គ្រោះមហន្តរាយ​។ ច្បាប់​នេះ​​មាន​​១០​ ជំពូក​ និង​៤៧​មាត្រា។ ជា​​ច្បាប់​​ដែល​​នឹង​​កំណត់​​អំពី​​ការ​​គ្រប់គ្រង​​គ្រោះ​មហន្តរាយ​​ប្រកប​​ដោយ​​ប្រសិទ្ធភា​​ព​​ទៅ​​លើ​​ការ​​ត្រៀម​​បង្ការ​ បន្ស៊ាំ​​ការ​​កាត់​​បន្ថយ​​គ្រោះ​មហន្តរាយ និង​​ការ​​សង្គ្រោះ​​បន្ទាន់​ រួម​​ទាំង​​ការ​ស្តារ​​ឡើង​វិញ​​ក្រោយ​​គ្រោះមហន្តរាយ។ យ៉ាង​ណា​​ក៏​​ដោយ​​ច្បាប់​​គ្រប់គ្រង​​គ្រោះ​ម​ហន្តរាយ​​នេះ ​បាន​​ត្រូវ​​បាន​​រដ្ឋសភា​ជាតិ​​អនុមត័​​រួច​​ហើយ​​នៅ​​ព្រឹក​​ថ្ងៃ​ចន្ទ​​ទី០៨​ ​មិថុនា​​នេះ។​

សូមបញ្ជាក់​ថា ក្រោយ​ប្រតិកម្ម​ខ្លាំង​ចំពោះ​ការលើក​ឡើង​របស់​តំណាងរាស្ត្រ​បក្សប្រឆាំង​លោកហ៊ុន សែន បាន​ឈរជជែក​គ្នា​ដោយ​បិទទ្វា​ក្នុង​សភា ប្រមាណ​ជាង១០នាទីបន្ថែម​ទៀត​ ជាមួយ​តំណាង​រាស្ត្រ​បក្ស​ប្រឆាំង​ចំនួន​ជិត​១០រូប​បន្ថែមទៀត​ មុន​នឹង​សភា​បន្ត​ការ​អនុម័ត​ច្បាប់​បញ្ចប់។

លោក​យឹម សុវណ្ណ អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះជាតិ​ មិន​អត្ថាធិប្បាយ​យ៉ាង​ណានោះ​ទេ ចំពោះ​ការ​បបួល​ស្បថ​ពី​ប្រមុខ​រដ្ឋាភិបាល​ស្តី​ពី​បញ្ហា​ព្រំដែន ការ​លួចបន្លំ​សន្លឹក​ឆ្នោត ដោយលោក​បញ្ជាក់​ថា ទុក​ឱ្យ​លោកសម រង្ស៊ីជា​អ្នក​សម្រេច៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ