ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 20/08 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 20/08 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 20/08 12h00 GMT
កម្ពុជា

​បន្ទាប់​ពី​ខេត្ត​ស្វាយ​រៀង ​ខេត្ត​តាកែវ​ត្រូវ​បាន​ជ្រើស​រើស​ជា​កន្លែង​ព្រះ​រាជ​ពិធី​ច្រត់​ព្រះ​នង្គ័ល​

media  
គោឧសភរាជស៊ីពោត សណ្តែក នៅក្នុងព្រះរាជពិធីច្រត់ព្រះនង្គ័ល @siv channa

ដូច​រៀង​រាល់​ឆ្នាំ​ដែរ ព្រះ​រាជ​ពិធី​បុណ្យ​ច្រត់​ព្រះ​នង្គ័ល​ត្រូវ​បាន​ប្រារព្ធ​ធ្វើ​យ៉ាង​ទៀង​ទាត់​នៅ​មុន​រដូវ​ភ្លៀង​ចូល​មក​ដល់ ក្នុង​ខែ​ពិសាខ​។ ព្រះ​រាជ​ពិធី ដែល​ជា​ទំនៀម​ទំលាប់ ប្រពៃណី ខ្មែរ​តាំង​ពី​បុរាណ​កាល​នេះ ត្រូវ​បាន​រៀប​ចំ​ធ្វើ​នៅ​ថ្ងៃ​ទី២២ ខែឧសភា នៅ​ក្នុង​ទឹក​ដី​ខេត្ត​តាកែវ ក្រោម​ព្រះ​រាជា​ធិបតី​ភាព​របស់​ព្រះ​មហាក្សត្រ​កម្ពុជា​គឺព្រះបាទ​សម្តេច​ព្រះ​បរម​នាថ នរោត្តម សីហមុនី​។ 

ព្រះ​រាជ​ពិធី​ច្រត់​ព្រះ​នង្គ័ល នៅ​ឆ្នាំ​២០១៩​នេះ ត្រូវ​បាន​រដ្ឋា​ភិបាល​កម្ពុជា រៀប​ចំ​ធ្វើ​នៅ​ពហុ​កីឡាដ្ឋាន​គីរីវង្ស សុខ សែនជ័យ ក្នុង​ក្រុង​ដូនកែវ ខេត្ត​តាកែវ​។ អភិបាល​ខេត្ត​តាកែវ និង​ភរិយា​ត្រូវ​បានជ្រើស​តាំង​ឲ្យ​ធ្វើ​ជា​ស្ដេច​មាឃ និងព្រះ​មេហួរ សម្រាប់​ព្រះ​រាជ​ពិធី​បុណ្យ​ច្រត់​ព្រះ ​នង្គ័ល​នៅ​ខេត្ត​តាកែវ​នេះ​។

ព្រះ​រាជ​ពិធី​បុណ្យ​ច្រត់​ព្រះ​នង្គ័ល ដែល​គេ​ចាត់​ចូល​ជា​ព្រះរាជ​ពិធី​ទ្វារ​ទស​មាស គឺ​ធ្វើ​ឡើង​ក្នុង​គោល​បំណង​ប្រាប់​កសិករ​ឲ្យ​ដឹង​ថា​ រដូវ​វស្សា ដែល​ជា​រដូវ​ប្រពល​វប្បកម្ម ធ្វើស្រែ​ ចំការ បាន​ឈាន​ចូល​មក​ដល់​ហើយ​។ ម្យ៉ាង​ទៀត​ ​ការ​ផ្សង​គោ​ឧសភរាជ ដែល​បរិភោគ​អាហារ​ទាំង​៧​មុខ ធ្វើ​ឲ្យ​មាន​ប្រផ្នូល​ផ្សេងៗ​ទាក់​ទង​ទៅ​នឹង​បញ្ហា​ស្រុក​ទេស ទឹកភ្លៀង ជំងឺដំកាត់ និង​គ្រោះ​រាំង​ស្ងួត​ជា​ដើម​។

កាល​ពី​ឆ្នាំ​ទៅ ព្រះ​រាជ​ពិធី​ច្រត់​ព្រះ​នង្គ័ល ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ខេត្ត​ស្វាយ​រៀង​។ នៅ​ក្នុង​ឱកាស​នោះ ព្រាហណ៍​បាគូ បាន​ប្រកាស​ថា​គោឧសភរាជ​បាន​បរិភោគ​ស្រូវ​ប្រមាណ​៩៥% ពោត​៩៥% សណ្តែក​៨០%​។ គោឧសភរាជ​មិន​បរិភោគ ស្មៅ ល្ង ទឹក និងស្រា ទេ ជា​ហេតុ​នាំ​ឲ្យ​មាន​ប្រផ្នូល​ថា ស្រូវ ពោត សណ្តែក ទទួល​បាន​ទិន្ន​ផល​គាប់​ប្រសើរ​។

សូមរំលឹកថា តាំងពីបរមបុរាណកាលមក ព្រះ​រាជ​ពិធី​បុណ្យ​ច្រត់​ព្រះនង័្គ​ល​ ត្រូវ​បាន​គេ​រៀប​ចំ​ធ្វើ​ឡើង​នៅ​រាជ​ធានី​ភ្នំ​ពេញ ក្នុង​ទីលានវាល​ព្រះមេរុ​ ​ស្ថិតនៅភាគ​ខាង​ជើង​ព្រះបរមរាជ​វាំង។ លុះ​មក​ដល់ ដំណាក់​កាល​ក្រោយៗ​មក ព្រះ​រាជ​ពិធី​នេះ ត្រូវ​បាន​គេ​រៀប​ចំ​ធ្វើ​ឡើង នៅ​តាម​បណ្តា​ខេត្ត​នា​នា ជា​បន្ត​បន្ទាប់ ដើម្បី​ផ្តល់​ឱកាស​ឲ្យ​ប្រជាពល​រដ្ឋ​នៅ​តាម​បណ្តា​ខេត្ត​បាន​ចូល​រួម និង​ស្វែង​យល់​ពី​ព្រះរាជ​ពិធី​ច្រត់​ព្រះ​នង្គ័ល​នេះ​៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ