អានតួអត្ថបទ
កម្ពុជា-នយោបាយ

CNRP ថា លោក​ស្រី មួរ សុខហួរ ចាក​ចេញ​ពី​ប្រទេស​ដោយ​សារ​ការ​ភ័យ​ខ្លាច

កាល​ពី​ម្សិល​មិញ អនុប្រធាន​គណបក្ស​ប្រឆាំង​ម្នាក់ គឺ​លោក​ស្រី មួរ សុខហួរ បាន​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា។ នៅ​ថ្ងៃ​ពុធ​នេះ មន្ដ្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ អះ​អាង​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​​ថា លោក​ស្រី មួរ សុខហួរ ចាក​ចេញ​ពី​ប្រទេស​ដោយ​សារ​តែ​លោក​ស្រី​ភ័យ​ខ្លាច ក្រោយ​ពី​បាន​ឮ​ការ​ព្រមាន​របស់​លោក​នាយក​រដ្ឋ​មន្ដ្រី ហ៊ុន សែន ដែល​​ថា នឹង​ចាត់​វិធានការ​ទៅ​លើ​មន្ដ្រី​បក្ស​ប្រឆាំង​បន្ថែម ទៀត ទាក់​ទង​នឹង​ករណី​លោក កឹម សុខា​។ យ៉ាង​ណា​ក៏​ដោយ បើ​តាម​ក្រសួង​មហា​ផ្ទៃ អាជ្ញាធរ​គ្មាន​ផែនការ​ចាប់​ខ្លួន​អនុប្រធាន​បក្ស​ប្រឆាំង​នេះ​ទេ​។

លោកស្រី មួរ សុខហួរ អនុប្រធាន​​គណបក្សសង្រ្គោះជាតិ
លោកស្រី មួរ សុខហួរ អនុប្រធាន​​គណបក្សសង្រ្គោះជាតិ Siv Channa/RFI
ផ្សាយពាណិជ្ជកម្ម

អត្ថបទ​ដោយ៖ អ៊ឹង ប៊ុនថន

តំណាង​រាស្ត្រ​បក្ស​សង្រ្គោះ​ជាតិ លោក ម៉ៅ មុនីវណ្ណ បាន​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ ​RFI នៅ​ថ្ងៃ​ពុធ​នេះ​ថា ការ​ចាក​ចេញ​របស់​លោក​ស្រី សុខហួរ ទៅ​ប្រទេស​ថៃ គឺ​ដោយ​សារ​តែ​ការ​ភ័យ​ខ្លាច​ពី​ការ​គំរាម​កំហែង។ បើ​តាម លោក ម៉ៅ មុនីវណ្ណ ការ​ចាក​ចេញ​របស់​លោក​ស្រី សុខហួរ ធ្វើ​ឡើង​ជា​លក្ខណៈ​បុគ្គល​ប៉ុណ្ណោះ មិន​មែន​គណបក្ស​បញ្ជូន​ចេញ​ឡើយ។

​លោក​ស្រី មួរ សុខហួរ នៅ​ថ្ងៃ​អង្គារ បាន​ប្រាប់​សារព័ត៌មាន REUTERS ថា សមត្ថកិច្ច​មាន​ផែនការ​ចាប់​ខ្លួន​លោក​ស្រី ទាក់ទង​នឹង​ករណី​លោក កឹម សុខា​។ ប៉ុន្តែ​លោក ខៀវ សុភ័គ អ្នក​នាំ​ពាក្យ​ក្រសួង​មហា​ផ្ទៃ បាន​អះ​អាង​ថា សមត្ថកិច្ច​មិន​បាន​គំរាម​ចាប់​ខ្លួន​ ​លោក​ស្រី​ មួរ សុខហួរ ឡើយ។ ​ការ​ចាប់​ខ្លួន​ណា​មួយ​អាច​ធ្វើ​ទៅ​បើ លុះ​ណា​តែ​សមត្ថកិច្ច​ទទួល​បាន​ភ្លើង​ខៀវ​ពី​តុលាការ​ជា​មុន​សិន​។ នេះ​បើ​តាម​លោក ខៀវ សុភ័គ​។

ជា​ការ​កត់​សម្គាល់ ក្រៅ​ពី​​លោក​ស្រី មួរ សុខហួរ ​មន្ដ្រី​ជាន់​ខ្ពស់​សំខាន់​ៗ​របស់​​គណបក្ស​សង្គ្រោះ​ជាតិ​ជា​ច្រើន​រូប​ទៀត ក៏​កំពុង​តែ​មាន​វត្តមាន​នៅ​ក្រៅ​ប្រទេស​ដែរ។ ក្នុង​នោះ​មួយ​ចំនួន​បាន​បំពេញ​បេសកម្ម​នៅ​ក្រៅ​ប្រទេស​តាំង​ពី​មុន​ពេល​មាន​ការ​ចាប់​ខ្លួន​លោក កឹម សុខា និង​មួយ​ចំនួន​បាន​ចាក​ចេញ​ក្រោយ​មាន​ព្រឹត្តិការណ៍​នេះ​កើត​ឡើង។

តំណាង​រាស្ត្រ​បក្ស​សង្រ្គោះ​ជាតិ​ដែល​នៅ​ក្រៅ​ប្រទេស​រួម​មាន លោក អេង ឆៃអ៊ាង លោក យឹម សុវណ្ណ លោក ងឹម ញ៉េង និង​ព្រះ​អង្គ​ម្ចាស់​ស៊ី​សុវត្ថិ ធម្មិកោ ដែល​បំពេញ​បេសកកម្ម នៅ​សហរដ្ឋ​អាមេរិក។

ចំណែក លោក ញ៉យ ចំរើន លោក​ស្រី ជូឡុង សួមូរ៉ា លោក ម៉ែន សុថាវរិន្ត្រ បំពេញ​បេសកកម្ម​នៅ​សហគមន៍​អឺរ៉ុប ខណៈ​លោក អ៊ូ ច័ន្ទឫទ្ធិ លោក ហូរ វ៉ាន់ និង​លោក យ៉ែម បុញ្ញឫទ្ធិ ត្រូវ​បាន​មន្ដ្រី​​គណបក្ស​កាន់​អំណាច​បង្ហើប​​ថា កំពុង​រត់​គេច​ខ្លួន។

រីឯ​កូន​ស្រី​លោក កឹម សុខា ទាំង​ ២ ​រូប​គឺ​កញ្ញា កឹម មនោវិទ្យា និង​កញ្ញា កឹម សម្មាធីតា រួម​ទាំង​ប្រធាន​ក្រុម​យុវជន​គណបក្ស​សង្គ្រោះ​ជាតិ​លោក ហ៊ីង សុខសាន្ត​ បាន​ចាក​ចេញ​ពី​កម្ពុជា​ភ្លាមៗ ក្រោយ​ការ​ចាប់​ខ្លួន លោក កឹម សុខា និង​ក្រោយ​ពី​រង​ការ​គំរាម​ថា​នឹង​ចាប់​ខ្លួន​ពាក់ព័ន្ធ​នឹង​សំណុំ​រឿង​លោក កឹម សុខា​។

គណបក្ស​សង្រ្គោះ​ជាតិ បាន​អំពាវនាវ​ឲ្យ​តំណាង​រាស្ត្រ​ដែល​កំពុង​នៅ​ក្រៅ​ប្រទេស​វិល​ចូល​ស្រុក​វិញ​ ព្រោះ​​វត្តមាន​របស់​អ្នក​តំណាង​រាស្ត្រ​ទាំង​អស់​នេះ គឺមាន​សារ​សំខាន់​​ណាស់ ក្នុង​ការ​ជួយ​ជម្រុញ​ដំណើរ​ការ​ចុះ​ឈ្មោះ​ការ​បោះ​ឆ្នោត​នៅ​តាម​មូលដ្ឋាន​របស់​ពួក​គេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ