អានតួអត្ថបទ
កម្ពុជា

ផ្ទុះ​ឡចំហាយ៖ សមត្ថកិច្ច​ចាប់​ខ្លួនកម្មករម្នាក់​ពី​បទ​ធ្វេសប្រហែស ប៉ុន្តែ​​សហជីព​ថា​ អ្នក​គ្រប់​គ្រង​ក្រុម​ហ៊ុន មន្ត្រីជំនាញ និង​អាជ្ញាធរ​ទៅវិញទេ ដែល​ធ្វេសប្រហែស!

 ករណី​ផ្ទុះ​ឡ​ចំហាយ​រោង​ចក្រ ZHEN TAI សម្លាប់​មនុស្ស​ម្នាក់​និង​របួស​៧នាក់, សមត្ថកិច្ច​បាន​ចាប់​ឃាត់​ខ្លួន​កម្មករ​ដុតឡចំហាយនោះ តាំង​តែពីថ្ងៃ​កើត​ហេតុ។ នៅ​ថ្ងៃសៅរ​នេះ សមត្ថកិច្ច​ខណ្ឌ​សែន សុខ នឹង​បញ្ចូន​ខ្លួន​កម្មកររូប​​នោះ ទៅកាន់​តុលាការ​ ដោយ​ចោទពី​បទ​ធ្វេស​ប្រហែស​​ក្នុង​ការងារ។​ ក៏ប៉ុន្តែ​តំណាង​សហជីព​ជា​ច្រើននាក់​ មើលឃើញថា រឿង​ហេតុ​នេះ គឺ​ជា​កំហុស​របស់​​អ្នក​គ្រប់​គ្រង​ក្រុម​ហ៊ុន និង​អាជ្ញាធរ​ទៅវិញទេ ដែល​ធ្វេសប្រហែស។ 

ការផ្ទុះឡចំហាយក្នុងរោងចក្រ កើតឡើងនៅថ្ងៃទី២២មីនា
ការផ្ទុះឡចំហាយក្នុងរោងចក្រ កើតឡើងនៅថ្ងៃទី២២មីនា @vanna-mano-fb
ផ្សាយពាណិជ្ជកម្ម

 

ការ​ផ្ទុះ​ឡ​ចំហាយ​ក្នុង​រោង​ចក្រ​ បណ្តាល​ឲ្យ​ស្លាប់​និង​របួសនេះ បាន​កើត​ឡើង​នៅ​ថ្ងៃទី​២២មីនា វេលា​ម៉ោង​ប្រមាណ​១១និង​៤០នាទី គឺ​ចំពេល​សម្រាក​ទទួល​ទាន​អាហារ​ថ្ងៃត្រង់ របស់​ក្រុម​កម្មករ​។ ភ្លាមៗ​ក្រោយ​កើត​ហេតុ អាជ្ញាធរពាក់ព័ន្ធ​និង​នគរបាល​ខណ្ឌ សែនសុខ បានចុះ​ទៅត្រួតពិនិត្យ និង​បាន​ចាប់​ឃាត់​ខ្លួន​កម្មករ​ម្នាក់​ ដែល​ជាអ្នក​ដុត​ឡ​ចំហាយ។

លោក កឹម សុខភេន ប្រធាន​សហជីព​​ស្មារតី​កម្មករ​ខ្មែរ ដែល​ជា​សហជី​ព​ក្នុង​រោង​ចក្រ​នេះ បាន​បញ្ជាក់​​ប្រាប់​វិទ្យុបារាំង​ថា កម្មករ​ដែល​ត្រូវ​ចាប់​ខ្លួន​នោះ គឺ​ជាអ្នក​រង់ចាំ​តែ​ស្តាប់​បញ្ជានិង​ធ្វើ​តាម​ការ​ណែនាំរបស់​អ្នក​គ្រប់​គ្រង​ក្រុម​ហ៊ុន​តែប៉ុណ្ណោះ ហើយ​គាត់​ត្រូវ​ធ្វើ​ការ​តែម្នាក់​ឯង​ទៅទៀត​​​។ ចំពោះ​ករណីកើត​ហេតុនោះ ​គឺ​ចំ​ម៉ោង​សម្រាករបស់​គាត់ទៀត​ផង​។ តាមប្រធាន​សហជីព​​ស្មារតី​កម្មករ​ខ្មែរ សមត្ថកិច្ច​មិន​គួរ​ចាប់​​កម្មករ​រូប​នោះ ហើយ​ទម្លាក់​កំហុស​លើ​រូប​គាត់​នោះឡើយ​។ លោក កឹម សុខភេន ថា​គួរតែ​ស្រាវជ្រាវ​ឲ្យ​បាន​ស៊ីជម្រៅ​ជាង​នេះ ដើម្បី​ផ្តល់​យុត្តិធម៌​ចំពោះ​កម្មករ​ដុត​ឡ​ចំហាយ​។

ចំណែក លោក អាត់ ធន់ ប្រធាន​សហភាព​ការងារ​កម្ពុជា ដែល​បាន​តាម​ដាន​រឿង​នេះ យ៉ាង​ស្និត គិតថា អាជ្ញាធរ​មាន​សមត្ថកិច្ច គួរ​ណាស់​តែ​ស៊ើប​អង្កេត​ឲ្យ​ច្បាស់​ជាង​នេះ ព្រោះ​អាច​នឹង​មានភាគី​ដល់ទៅបី ដែល​ត្រូវ​ទទួល​សុខត្រូវ។ នោះគឺអ្នក​មើល​ការ​ខុស​ត្រូវ ឡចំហាយ អ្នក​គ្រប់​គ្រង​រោង​ចក្រ និង​អាជ្ញធរ​ដែល​ចុះ​ត្រួត​ពិនិត្យ​បច្ចេកទេស​តាម​រោង​ចក្រ​នេះតែម្តង។
ស្រដៀង​គ្នា​នេះដែរ លោក ប៉ាវ ស៊ីណា ប្រធាន​សម្ព័ន្ធ​សហជីព​ចលនាកម្មករ​ ថា​អ្នក​គ្រប់គ្រង​ផ្នែក មន្ត្រី​ជំនាញ រួម​ទាំង​អ្ន​កគ្រប់​គ្រង​ក្រុម​ហ៊ុន ដែល​ត្រូវ​ទទួល​ខុស​ត្រូវ គឺ​មិន​មែន​កម្មករ​ដុត​ឡ​ចំហាយ ដែល​ត្រូវ​រង​ថ្មបាក់​តែម្នាក់​ឯង​នោះទេ។

តាមគំនិត​របស់​​មេៗ​សហជីព​ទាំង​នេះ, កម្មករ​ដុត​ឡ​ចំហាយ​នោះ មិន​គួរ​ត្រូវ​បាន​ចាប់​ខ្លួន ឬ​ត្រូវ​គេ​ទម្លាក់​កំហុស​លើ ដោយសារតែ​ខ្លួនជា​កម្មករ​​ក្រីក្រ​តូច​ទាប​នោះទេ។

ទន្ទឹម​នឹងនេះ លោក កឹម សុខភេន ដែល​ជា​ប្រធាន​សហជីព​​ស្មារតី​កម្មករ​ខ្មែរ ធ្វើការ​ក្នុង​រោង​ចក្រ​នោះ​ បាន​ដាក់​ការ​សង្ស័យ​លើ​ស្តង់​ដារ​បច្ចេកទេស​របស់​ឡចំហាយ​នោះ ហើយ​លោក​សូម​ឲ្យ​អ្នក​ជំនាញ​ត្រួត​ពិនិត្យ​បច្ចេកទេស​ចំពោះ​ឡ​នោះ​ឲ្យ​បាន​ត្រឹមត្រូវ ដើម្បី​បើក​កកាយ​ការពិត​។

ជាការ​កត់​សម្គាល់ ក្រោយ​ការ​ផ្ទុះ​ឡចំហាយ​នោះបាន​២ថ្ងៃ​ ក្រសួង​ការងារ​កោះ​ប្រជុំ ធ្វើសិក្ខា​សាលា​ស្តីពី ការ​ពង្រឹង​សុខដុម​រមនា​នៃ​ទំនាក់ទំនង​វិជ្ជាជីវៈ ហើយ​ក៏បាន​ដាក់​ចេញ​គោល​ការ​ណែនាំ​៩ចំណុច ដូច​ជា​ ការ​បញ្ជា​ឲ្យ​រោង​ចក្រ​ត្រួត​ពិនិត្យ​ជាប្រចាំប្រព័ន្ធ​សន្តិសុខ អនាម័យ ពិសេស​រឿងប្រព័ន្ធ​​កម្តៅ ដែល​ត្រូវ​រៀបចំ​ស្រោច​ទឹក​លើ​ដំបូល​អគារ​ផលិតកម្ម​ ឲ្យ​បាន​២​ដង​ក្នុង​មួយ​ថ្ងៃ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ