អានតួអត្ថបទ

​អ៊ីស្រាអែល​បង្ហាញ​ភាព​ល្អូន​ល្អើនជាមួយ​​អឺរ៉ុប​ខាង​កើត​ បញ្ឈឺ​សហភាព​អឺរ៉ុប

នាយក​រដ្ឋមន្ត្រីអ៊ីស្រាអែល លោក បិនយ៉ាមែន នេតាន់យ៉ាហ៊ូ កំពុង​បំពេញទស្សនកិច្ច​ ជា​លើក​ដំបូង នៅ​ប្រទេសហុងគ្រី។ ក្នុង​ជំនួបដ៏​ល្អូន​ល្អើន​​ជាមួយ​នឹង​បណ្តា​ថ្នាក់​ដឹកនាំ​ប្រទេស​នៅតំបន់​អឺរ៉ុប​ខាង​កើត នា​ទី​ក្រុង​ប៊ុលការ៉េស លោក នេតាន់យ៉ាហ៊ូ បាន​ថ្លែង​អំណរ​គុណ​ក្រុមប្រទេស​ទាំង​នេះ ដែល​បាន​គាំទ្រ​អ៊ីស្រាអែល និង​ចាត់​ទុក​ពាក្យ​រិះគន់​របស់​សហភាព​អឺរ៉ុប​ថា​ មិន​ប្រក្រតី។

នាយក​រដ្ឋមន្ត្រី​អ៊ីស្រាអែល  (ទីពីរ​ឆ្វេង)និង​សមភាគី​ក្រុម​សម្ព័នបួន​ប្រទេស​អឺរ៉ុប​ខាង​កើត
នាយក​រដ្ឋមន្ត្រី​អ៊ីស្រាអែល (ទីពីរ​ឆ្វេង)និង​សមភាគី​ក្រុម​សម្ព័នបួន​ប្រទេស​អឺរ៉ុប​ខាង​កើត © Reuters
ផ្សាយពាណិជ្ជកម្ម

លោក នេតាន់យ៉ាហ៊ូ ដែល​កំពុង​ស្វែង​​រក​សម្ព័ន្ធមិត្ត​លើ​ឆាក​អន្តរជាតិ បាន​អញ្ជើញ​ទៅ​ដល់​ប្រទេស​ហុងគ្រី​ តាំង​ពី​ថ្ងៃ​ចន្ទ​ទី ១៧កក្កដា​មក។ នេះ​ជា​ទស្សនកិច្ច​លើក​ដំបូង​របស់​​នាយក​រដ្ឋមន្ត្រី​អ៊ីស្រាអែលហើយ​ គិត​ចាប់​តាំង​ពី​ឆ្នាំ​១៩៨៩​មក។

បន្ទាប់​ពី​បាន​ជួប​ពិភាក្សា​ជាមួយ​សមភាគី ហុងគ្រី ប៉ូឡូញ ឆែក និង​ស្លូវ៉ាគី​ (សម្ព័ន្ធ​បួន​ប្រទេស​នៅ​អឺរ៉ុប​ខាង​កើត​ Vesegrad) នៅ​ថ្ងៃពុធ​នេះ លោក​នេតាន់យ៉ាហ៊ូ បានសម្តែង​អំណរ​គុណ​ក្រុម​សម្ព័ន្ធមិត្ត​ដែល​តែងការពារ​អ៊ីស្រាអែល​នៅ​ចំពោះ​សហភាព​អឺរ៉ុប​កន្លង​មក និង​បាន​​ឆ្លៀត​វាយ​​ផ្លែ​ឱ្យ​អឺរ៉ុបទៀត។

សហភាព​អឺរ៉ុប មិន​ពេញ​ចិត្ត​នយោបាយ​ធ្វើ​អាណានិគមកិច្ច និងបានរិះគន់​​ជា​ញឹកញយ​​សកម្មភាព​​សាងសង់​លំនៅដ្ឋាន​ជ្វីហ្វ​លើ​ទឹក​ដី​ប៉ាឡេស្ទីន របស់​អ៊ីស្រាអែល ក៏​ដូច​ជា​ដំណើរ​​ស្វែង​រក​សន្តិភាព​ក្នុង​ជម្លោះអ៊ីស្រាអែល​-ប៉ាឡេស្ទីន។ ប៉ុន្តែ​សម្រាប់​​លោក​នេតាន់យ៉ាហ៊ូ ​ការ​រិះគន់របស់​អឺរ៉ុប​​មិន​ប្រក្រតីទេ ! អឺរ៉ុប​គួរ​តែ​ពិចារណា​មើល​ទំនាក់ទំនង​ជាមួយ​អ៊ីស្រាអែល​ឡើង​វិញ ព្រោះ​អ៊ីស្រាអែល​បាន​ផ្តល់​ដល់​អឺរ៉ុប​ច្រើន​ណាស់ លើ​វិស័យ​សន្តិសុខ​និង​បច្ចេកវិទ្យា​ ហើយ​អ៊ីស្រាអែល​ជា​ប្រទេស​ប្រជាធិបតេយ្យ​តែ​មួយ​គត់​នៅ​តំបន់​ដើម​បូព៌ា។

ចំណែក​លោក វិចទ័រ អ័របាន Viktor Orban នាយក​រដ្ឋមន្ត្រី​ហុងគ្រី ដែល​ប្រធាន​ផ្លាស់​វេន ក្រុម​សម្ព័ន្ធ​បួន​ប្រទេស​អឺរ៉ុប​ខាង​កើត ក៏​បាន​អះអាង​​ថា​ ចង់​ឃើញ​សហភាព​អឺរ៉ុប​និង​អ៊ីស្រាអែល​ត្រូវ​រ៉ូវ​គ្នា​ មាន​កិច្ចសហប្រតិបត្តិការ​ជាមួយ​គ្នា​។ ការ​ព្រងើយ​កន្តើយ​នឹងដៃគូ​​អ៊ីស្រាអែល គឺ​ប្រៀប​ដូច​ជា​អឺរ៉ុប​កំពុង​ដាក់​ទណ្ឌកម្ម​ខ្លួនឯង។

សម្ព័ន្ធ​បួន​ប្រទេស​នៅ​អឺរ៉ុប​ខាង​កើត​ ដែល​​​ជាកូន​​រឹង​រូស​របស់​សហភាព​អឺរ៉ុប និង​មាន​​ទំនាក់ទំនង​តាន​តឹង​ជាមួយ​សមាជិក​សហភាព​ផ្សេង​ទៀត បាន​ចេញសេចក្តី​ថ្លែងការណ៍​ សន្យារក​វិធី​​រឹត​ចំណងសហភាព​អឺរ៉ុប​ជាមួយ​អ៊ីស្រាអែល និង​ប្រកាស​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ទ្វេ​ភាគី​រៀងៗ​ខ្លួន​ជាមួយ​អ៊ីស្រាអែល​នេះ ក្នុង​វិស័យ​សេដ្ឋកិច្ច​និង​សន្តិសុខ។ ប្រមុខ​​សម្ព័ន្ធ​បួន​ប្រទេស​អឺរ៉ុប​ខាងកើត​និង​អ៊ីស្រាអែល​ត្រូវ​ជួប​គ្នា​ជា​ថ្មី​នៅ​ឆ្នាំ​២០១៨ នៅ​ទីក្រុង​ហ្សេរ៉ុយសាឡិម។​

ថ្វី​បើ​នេះ​ជា​ជំហរ​របស់​សមាជិក​តែ​បួន​ប្រទេស​មែន ប៉ុន្តែ​បើ​អ្នក​វិភាគ​ ចាប់​ពី​នេះ​ទៅ​សហភាព​អឺរ៉ុប​ពិត​ជាត្រូវ​ជួប​ការ​​ពិបាកក្នុង​ការ​​ចេញ​សេចក្តី​សម្រេច​ចិត្ត​ឯកច្ឆន្ទ​រិះគន់​អ៊ីស្រាអែល​ហើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ