អានតួអត្ថបទ
ជម្លោះ​​អ៊ីស្រាអែល​-ក្រុមហាម៉ាស

អាមេរិក​ផ្តើម​សាងសង់​ផែបណ្តែត​ ដើម្បីផ្តល់​ជំនួយមនុស្សធម៌​​នៅ​ហ្កាហ្សា

កងទ័ព​ជើង​ទឹក​សហរដ្ឋអាមេរិក បាន​​ផ្តើម​សាងសង់​ផែបណ្តែត ​ដើម្បីផ្តល់​ជំនួយ​ដល់​ប្រជាពលរដ្ឋ​នៅ​ហ្កាហ្សា។ នេះបើតាម​ការ​ប្រកាស​បញ្ជាក់​របស់​មន្ទីរបញ្ចកោណអាមេរិក នៅថ្ងៃព្រហស្បតិ៍ ម្សិលមិញ។​ ​គំនិត​ផ្តួច​ផ្តើម​សាងសង់​ផែ​បណ្តែត​នេះ ត្រូវ​លោកប្រធានាធិបតី​ ចូ បៃដិន បាន​បង្ហើប​ឡើង​តាំងតែ​ពីដើម​ខែមីនាមកម្ល៉េះ​​ បន្ទាប់​ពីកងទ័ព​​អ៊ីស្រាអែល បដិសេធ​ដាច់​អហង្ការ មិន​ឲ្យ​ដឹក​ជំនួយ​មនុស្សធម៌​តាម​ផ្លូវ​គោក។ ​

លោក​ឧត្តមសេនីយ បាទ្រីក រ៉ាយដ័រ អ្នក​នាំពាក្យ​​មន្ទីរបញ្ចកោណអាមេរិក បា​នប្រកាស​ថា​ កងទ័ព​ជើង​ទឹក​សហរដ្ឋអាមេរិក បាន​​ផ្តើម​សាងសង់​ផែបណ្តែត នៅ​សមុទ្រ​ហ្កាហ្សា។
លោក​ឧត្តមសេនីយ បាទ្រីក រ៉ាយដ័រ អ្នក​នាំពាក្យ​​មន្ទីរបញ្ចកោណអាមេរិក បា​នប្រកាស​ថា​ កងទ័ព​ជើង​ទឹក​សហរដ្ឋអាមេរិក បាន​​ផ្តើម​សាងសង់​ផែបណ្តែត នៅ​សមុទ្រ​ហ្កាហ្សា។ © AP
ផ្សាយពាណិជ្ជកម្ម

អ្នក​នាំពាក្យ​​មន្ទីរបញ្ចកោណអាមេរិក លោក​ឧត្តមសេនីយ បាទ្រីក រ៉ាយដ័រ បា​នប្រកាស​នៅ​ចំពោះមុខ​អ្ន​កកាសែត​ នាថ្ងៃ​​ទី​២៥មេសា ថា​ កងទ័ព​ជើង​ទឹក​សហរដ្ឋអាមេរិក បាន​​ផ្តើម​សាងសង់​ផែបណ្តែត នៅ​សមុទ្រ​ហ្កាហ្សា។ ផែ​បណ្តែត​សិប្បនិមិត្តនេះ​ មាន​កម្មវត្ថុ​​ដើម្បីសម្របសម្រួល​ការ​ផ្ទេរ​និង​ផ្តល់​ជំនួយមនុស្សធម៌ ទៅ​​ដល់​ប្រជា​ពលរដ្ឋ​ប៉ាឡេស្ទីន​​​នៅទឹកដី​​ហ្កាហ្សា ដែល​រងគ្រោះ​ព្រោះតែ​សង្គ្រាម ការ​វាយប្រហារ​ ការ​ទម្លាក់​គ្រាប់បែក​ ពី​សំណាក់កងទ័ព​​អ៊ីស្រាអែល។

អ្នក​នាំពាក្យក្រសួង​ការពារជាតិ​អាមេរិក រូបនេះ​ បាន​បញ្ជាក់ទៀតថា ផែ​បណ្តែត​សិប្បនិមិត្ត អាច​អនុញ្ញាត​ឲ្យ​នាវា ទាំង​​យោធា និង​ទាំង​នាវាស៊ីវិល​ ចូល​ចុះ​ចត ដើម្បី​ផ្ទេរ​ដាក់ទូកុងទីន័រ​ជំនួយ​មនុស្សធម៌។ ជំនួយ​ទាំងនោះ នឹងត្រូវ ផ្ទេរដឹកជញ្ជូន​បន្តតាមទូក ឬ​នាវា​តូចៗ របស់​បណ្តាក្រុម​អង្គការ​សង្គមស៊ីវិល និង​ភ្នាក់ងារ​មនុស្សធម៌​ ​ដឹកចូល​ទៅ​មាត់​ឆ្នេរ​តំបន់​ហ្កាហ្សា។ ហើយប្រសិន​បើ​គ្មា​នអ្វីប្រែប្រួល​ធំដុំ​ទេ ​ផែ​បណ្តែត​នេះ នឹងអាច​​ចាប់ផ្តើម​ដំណើរ​ការប្រតិបត្តិ​ផ្ទេរ​ជំនួយ​បាន​ នៅ​ដើម​ខែឧសភា ខាងមុខ​នេះ​។​

បើតាមការបញ្ជាក់​របស់​មន្ត្រី​ជាន់​ខ្ពស់​មន្ទីរបញ្ចកោណដដែល​ ​ក្នុង​ដំណើរ​ដឹកផ្ទេរជំនួយ​ស្បៀង​មនុស្សធម៌​នេះ គឺ​​នឹង​គ្មាន​វត្តមាន​របស់កង​​យោធាអាមេរិកនៅលើទឹកដី​ហ្កាហ្សា​ទេ​។​ ចំណែក​ភាគី​អ៊ីស្រាអែលវិញ​ កងទ័ព​អ៊ីស្រាអែល​​អះអាង​ថា​ខ្លួន​នឹង​ធ្វើ​អន្តរាគមន៍​​តាមដាន​ត្រួតពិនិត្យ​ដំណើរ​ដឹកជំនួយ​នេះ ដែល​ជា​ភាសា​ផ្លូវ​ការ​ទូត​ អ៊ីស្រាអែល ថា​«ដើម្បី​ធានា​សុវត្ថិភាព និង​គាំទ្រ​ការ​ដឹកជញ្ជូន​ស្បៀង​»។​

គួរ​រំឭកក​ជូនថា ការ​ដឹក​ជំនួយ​តាម​ផ្លូវ​ទឹកទៅ​ផ្តល់​ឲ្យ​ប្រជាជនហ្កាហ្សា​ គឺកាល​ពី​ខែមីនា ប្រទេស​ស៊ីប ជារដ្ឋ​​សមាជិក​សហភាព​អឺរ៉ុប និងដែលមានទីតាំង​​ឋិត​នៅជិត​នឹង​តំបន់ឆេរ​​ហ្កាហ្សា​ ជាង​ប្រទេស​សហភាព​អឺរ៉ុប​ផ្សេងទៀត ធ្លាប់​បាន​ដឹកជំនួយ​តាម​ទូក​ ជាលើកទី១ ​ទៅ​សង្គ្រោះ​ពលរដ្ឋ​ប៉ាឡេស្ទីន។ ​​កាលណោះ អង្គការ​សហប្រជាជាតិ បាន​កោត​សរសើរ​ចំពោះ​ការ​ដឹកជំនួយ​តាម​ផ្លូវ​សមុទ្រទៅជួយ​ពលរដ្ឋហ្កាហ្សា ក៏ប៉ុន្តែ ​ អង្គការ​សហប្រជាជាតិ ​​បានប្រមើលមើល​ឃើញ​ថា​​ ទាំងការ​ដឹកស្បៀង​តាម​ផ្លូវ​ទឹក និងទាំង​​ទម្លាក់​ស្បៀង​តាម​ផ្លូវ​អាកាស ​​​នៅ​ពុំ​គ្រប់គ្រាន់​ឡើយ​សម្រាប់​ជួយ​​ដល់​ជនរងគ្រោះ​ដែល​កំពុង​ដង្ហើយ​សុំ​ជំនួយ​បន្ទាន់។ បើ​តាម​ការិយាល័យ​កិច្ចការមនុស្សធម៌​របស់​អង្គការ​សហប្រជាជាតិ, មានតែ​ការដឹកជញ្ជូន​ជំនួយ​តាម​ផ្លូវ​គោក​តែមួយ​គត់​ ទើប​គ្រប់គ្រាន់​និង​មាន​ប្រសិទ្ធភាព​ជាងគេ។ ​ ផ្ទុយទៅវិញ ការ​ដឹកជំនួយ​មនុស្សធម៌​តាម​ផ្លូវ​គោក ចេញពីប្រទេស​អេហ្ស៊ីប​ មិនអាច​ធ្វើទៅបាន​ទេ ព្រោះតែ ​អ៊ីស្រាអែល​ បិទផ្លូវ​ ដាច់​អហង្ការ។​

នៅ​សហរដ្ឋអាមេរិក​ ថ្ងៃសុក្រ​ ទី២៦មេសា​ ​សិស្សនិស្សិត​នៅ​រដ្ឋ​​ញូវយ៉ក បន្តនាំគ្នា​ធ្វើ​បាតុកម្ម​ ដើម្បី​សម្តែង​មតិគាំទ្រ​បុព្វហេតុ​ពលរដ្ឋប៉ាឡេស្ទីន។​  ក្នុង​​រដ្ឋតិចសាច់វិញ​ នៅថ្ងៃ​ពុធ​និង​ថ្ងៃ​ព្រហស្បតិ៍ជាប់ៗគ្នា​ យុវនិស្សិតប្រមាណ​ជាង​២ ០០០នាក់ ក៏បាន​ជួប​ជុំគ្នានៅ​មុខ​មហាវិទ្យាល័យ​ផ្សេងៗគ្នា ដើម្បី​​ធ្វើ​បាតុកម្ម​ ​បង្ហាញការ​គាំទ្រ​ពលរដ្ឋ​ប៉ាឡេស្ទីន។ ក្នុងនោះ យុវបាតុករ ជាង ២០០ នាក់ ត្រូវ​ប៉ូលិស​អាមេរិក​ចាប់ខ្លួន​៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ