បារាំងចេញមុខកាន់តែខ្លាំងនៅក្នុងសំណុំរឿងលោកសាដ ហារីរី នាយករដ្ឋមន្រ្តីលីបង់លាលែងពីតំណែង
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៥:៣៥
នៅថ្ងៃពុធ ទី១៥ វិច្ឆិកា លោកប្រធានាធិបតីបារាំងអេម៉ានុយអែល ម៉ាក្រុងបានអញ្ជើញនាយករដ្ឋមន្រ្តីលីបង់លាលែងពីតំណែងលោកសាដ ហារីរី និងក្រុមគ្រួសារមកកាន់ប្រទេសប្រទេសបារាំង។ ការអញ្ជើញរបស់លោកម៉ាក្រុងពេលនេះបានធ្វើឡើង បន្ទាប់ពីលោកម៉ាក្រុងបានជួបសន្ទនាតាមទូរស័ព្ទដាច់ដោយឡែកពីគ្នាជាមួយស្តេចស្នងរាជ្យអារ៉ាប៊ីសាអូឌីតបេន សាលម៉ាន និងលោកសាដ ហារីរី។ ម្យ៉ាងទៀត ការអញ្ជើញរបស់លោកម៉ាក្រុងបានធ្លាក់មក ចំពេលដែលលោកប្រមុខការទូតបារាំង Jean-Yves Le Drian កំពុងបំពេញទស្សនកិច្ចក្នុងទឹកដីអារ៉ាប៊ីសាអូឌីត។
តាំងពី ១២ថ្ងៃមក ពោលតាំងពីលោកសាដ ហារីរីបានប្រកាសលាចុះពីតំណែងនាយករដ្ឋមន្រ្តីលីបង់ក្នុងថ្ងៃទី៤ វិច្ឆិកាមក បារាំងបានចេញមុខយ៉ាងសកម្មដើម្បីព្យាយាមជួយដោះស្រាយវិបត្តិផ្ទៃក្នុងនៅលីបង់ និងការប្រឈមមុខដាក់គ្នាយ៉ាងតានតឹងរវាងលីបង់ និងអារ៉ាប៊ីសាអូឌីតដោយសារតែរឿងលោកហារីរី។ ចូរកុំភ្លេចថា លោកហារីរីបានប្រកាសលាលែងពីតំណែងក្នុងពេលដែលលោកកំពុងស្ថិតក្នុងទឹកដីអារ៉ាប៊ីសាអូឌីត និងដែលតាំងពីពេលនោះមក លោកហារីរី និងក្រុមគ្រួសាររបស់លោកកំពុងបន្តស្នាក់នៅក្នុងទឹកដីអារ៉ាប៊ីសាអូឌីតមកដល់សព្វថ្ងៃ។
បារាំងក្នុងនាមជាមិត្តរបស់លីបង់បានតាមដានព្រឹត្តិការណ៍មួយនេះតាំងពីដំបូង។ លោកប្រធានាធិបតីបារាំងអេម៉ានុយអែល ម៉ាក្រុងបានទៅទស្សនកិច្ចក្នុងប្រទេសអារ៉ាប៊ីសាអូឌីតដោយគ្មានគ្រោងទុក បន្ទាប់ពីទស្សនកិច្ចផ្លូវការក្នុងប្រទេសអេមីរ៉ាតអារ៉ាប់រួមនាពេលថ្មីៗនេះ។ បំណងប្រាថ្នារបស់លោកម៉ាក្រុង គឺចង់ឃើញលោកហារីរីត្រឡប់ទៅលីបង់វិញ និងចង់ឃើញលោកហារីរីប្រកាសលាលែងពីតំណែងជាផ្លូវការនៅលីបង់ បើលោកហារីរីមានឆន្ទៈចង់លាលែងពីតំណែងមែន។
តែទីបំផុត និងបន្ទាប់ពីបានសន្ទនាតាមទូរស័ព្ទជាមួយស្តេចស្នងរាជ្យអារ៉ាប៊ីសាអូឌីតបេន សាលម៉ាន និងលោកសាដ ហារីរីមក លោកម៉ាក្រុងបានប្រាប់ពីការអញ្ចើញលោកហារីរី និងក្រុមគ្រួសារឲ្យមកប្រទេសបារាំង។ លោកម៉ាក្រុងបានបញ្ជាក់ថា ការអញ្ជើញនេះមិនមែនជាការផ្តល់ការជ្រកកោណនយោបាយឲ្យលោកហារីរី និងក្រុមគ្រួសាររបស់លោកហារីរីទេ តែជាការអញ្ជើញក្នុងលក្ខណៈមិត្តភាព។ លោកម៉ាក្រុងសង្ឃឹមថា ការទទួលលោកហារីរីឲ្យស្នាក់នៅក្នុងទឹកដីបារាំងមួយរយៈពេលអាចនឹងជួយកាត់បន្ថយភាពរំជើបរំជួលនៅលីបង់ក៏ដូចជាតានតឹងរវាងអារ៉ាប៊ីសាអូឌីត និងលីបង់ ពិសេសការប្រឈមមុខដាក់គ្នារវាងអារ៉ាប៊ីសាអូឌីត និងអ៊ីរ៉ង់ដែលជាមហាអំណាចពីរនៅក្នុងតំបន់។
លីបង់ធូរចិត្ត ក្រោយលោកសាដ ហារីរីយល់ព្រមទៅប្រទេសបារាំង
ការអញ្ជើញរបស់លោកម៉ាក្រុងបានធ្លាក់មក ចំពេលដែលលោកប្រមុខការទូតបារាំង Jean-Yves Le Drian កំពុងបំពេញទស្សនកិច្ចក្នុងទឹកដីអារ៉ាប៊ីសាអូឌីត និងចប់នៅថ្ងៃព្រហស្បតិ៍ ទី១៦ វិច្ឆិកា។ នៅក្នុងទីក្រុងរីយ៉ាដ លោក Le Drian បានជួបសំណេះសំណាលជាមួយព្រះមហាក្សត្រអារ៉ាប៊ីសាអូឌីត សាលម៉ាន ស្តេចស្នងរាជ្យបេន សាម៉ាន និងលោកសាដ ហារីរី។ តាមប្រមុខការទូតបារាំង លោកហារីរីបានយល់ព្រមតាមការអញ្ជើញរបស់លោកម៉ាក្រុង តែមិនបានបញ្ជាក់ពីថ្ងៃខែទេដោយលោក Le Drian ទុកឲ្យលោកហារីរីសម្រេចចិត្តដោយខ្លួនឯង។
លោក Le Drian បានបញ្ជាក់បន្ថែមថា លោកបានប្រាប់ព័ត៌មានពីការយល់ព្រមទៅកាន់ប្រទេសបារាំងរបស់លោកហារីរីទៅឲ្យព្រះមហាក្សត្រសាលម៉ាន ក៏ដូចជាស្តេចស្នងរាជ្យបេន សាលម៉ានរួចហើយ។ នៅក្នុងប្រទេសលីបង់ឯណោះ ដំណឹងមួយនេះបានធ្វើឲ្យមជ្ឈដ្ឋានទូទៅ ពិសេសមជ្ឈដ្ឋានអ្នកនយោបាយធូរចិត្តយ៉ាងច្រើន ពិសេសរូបលោកប្រធានាធិបតីលីបង់មីសែល អាអ៊ូន។ លោកអាអ៊ូនថែមទាំងចាត់ទុកទង្វើរបស់លោកប្រធានាធិបតីបារាំងម៉ាក្រុងថាជារូបមន្តស័ក្តិសិទ្ធិទៀតផង។
យ៉ាងណាក៏ដោយ គ្រប់គ្នាកំពុងបន្តរង់ចាំមើលវត្តមានជាក់ស្តែងរបស់លោកសាដ ហារីរី និងក្រុមគ្រួសាររបស់គាត់នៅក្នុងទឹកដីបារាំងនាពេលខាងមុខ។ ម្យ៉ាងទៀត គ្រប់គ្នាក៏កំពុងបន្តរង់ចាំមើលទៀតថា នៅពេលទៅដល់ប្រទេសបារាំង តើលោកសាដ ហារីរីនឹងសម្រេចចិត្តយ៉ាងណាដែរ ត្រឡប់ចូលលីបង់វិញ ឬមួយក៏សុំសិទ្ធិជ្រកកោណក្នុងប្រទេសបារាំង?។
ហេតុអ្វីបានជាការលាលែងរបស់លោកសាដ ហារីរីបង្កឲ្យមានរឿងអាស្រូវខ្ចរខ្ចាយ?
រឿងការលាលែងពីតំណែងនាយករដ្ឋមន្រ្តីលីបង់របស់លោកសាដ ហារីរីហាក់ជារឿងមួយធម្មតា តែអ្វីដែលមិនធម្មតានោះនៅត្រង់ថា ការលាលែងរបស់លោកហារីរីបានធ្វើឡើងនៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត និងក្នុងកាលៈទេសៈមួយដែលមិនគួរឲ្យទុកចិត្ត។ សូមជម្រាបជូនថា ១២ថ្ងៃក្រោយការប្រកាសលាលែងពីតំណែងរបស់លោកហារីរីមក សំណួរដែលកំពុងបន្តចោទ និងមិនទាន់មានចម្លើយច្បាស់លាស់ គឺទាក់ទងនឹងស្ថានភាព និងលក្ខខណ្ឌពិតប្រាកដនៃការរស់នៅរបស់លោកសាដ ហារីរីក៏ដូចជាក្រុមគ្រួសារនៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត។
រហូតមកដល់ពេលនេះ អ្នកនយោបាយលីបង់ភាគច្រើន ពិសេសលោកប្រធានាធិបតីលីបង់មីសែន អាអ៊ូននៅបន្តចោទអារ៉ាប៊ីសាអូឌីតថា ជាអ្នកចាប់ឃុំខ្លួនលោកហារីរី និងជាអ្នកបង្ខំលោកហារីរីឲ្យលាចុះពីតំណែង។ ចំណែកចលនាហេស្បូឡាលីបង់គាំទ្រដោយអ៊ីរ៉ង់បានចោទអារ៉ាប៊ីសាអូឌីតដូចគ្នានេះ ព្រមទាំងអះអាងថា អារ៉ាប៊ីសាអូឌីតបានស្នើអ៊ីស្រាអែលឲ្យវាយប្រហារលីបង់។ ដូច្នេះឃើញថា ផលវិបាកដែលនឹងអាចកើតចេញពីការលាលែងរបស់លោកសាដ ហារីរី មិនមែនកម្រិតត្រឹមវិបត្តិនយោបាយផ្ទៃក្នុងនៅលីបង់ប៉ុណ្ណោះទេ តែអាចបង្កឲ្យមានសង្រ្គាមប្រឈមមុខដាក់គ្នារវាងអារ៉ាប៊ីសាអូឌីត និងអ៊ីរ៉ង់ទៀតផង៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ