បារាំង-លីប៊ី៖ប៉ូលិសឃាត់ខ្លួនលោកសាកូហ្ស៊ីក្នុងបទសង្ស័យទទួលលុយពីលោកកាដាហ្វ៊ី
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៥:៣១
នៅថ្ងៃអង្គារ ទី២០ មីនានេះ លោកអតីតប្រធានាធិបតីបារាំងនីកូឡា សាកូហ្ស៊ីត្រូវបានប៉ូលិសឃាត់ខ្លួនក្នុងបទសង្ស័យពាក់ព័ន្ធនឹងការទទួលលុយពីអតីតមេដឹកនាំលីប៊ីលោកកាដាហ្វ៊ីដើម្បីយកទៅប្រើប្រាស់ក្នុងការធ្វើយុទ្ធនាការឃោសនាបោះឆ្នោតប្រធានាធិបតីបារាំងក្នុងឆ្នាំ ២០០៧។ កាលណោះ រូបលោកសាកូហ្ស៊ីជាបេក្ខជនមកពីគណបក្សស្តាំនិយម និងដែលលោកបានជាប់ឆ្នោតជាប្រធានាធិបតីកាន់តំណែងពីឆ្នាំ ២០០៧ ដល់ឆ្នាំ ២០១២។ តែតាំងពីរឿងអាស្រូវមួយនេះបានបែកធ្លាយមក លោកសាកូហ្ស៊ីតែងចេញមុខបដិសេធជានិច្ច។
រឿងរ៉ាវរវាងលោកអតីតប្រធានាធិបតីបារាំងនីកូឡា សាកូហ្ស៊ី និងអតីតមេដឹកនាំលីប៊ីលោកកាដាហ្វ៊ីបានផ្តើមលេចខ្ចរខ្ចាយតាំងពីឆ្នាំ ២០១២ បន្ទាប់ពីគេហទំព័រព័ត៌មានមួយឈ្មោះ Médiapart បានចុះផ្សាយឯកសារមួយក្នុងខែឧសភា ឆ្នាំ ២០១២ ដែលបញ្ជាក់ថា លោកកាដាហ្វ៊ីបានផ្តល់លុយឲ្យលោកសាកូហ្ស៊ីដើម្បីយកទៅប្រើប្រាស់នៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោតប្រធានាធិបតីបារាំងក្នុងឆ្នាំ ២០០៧។ ផ្អែកលើព័ត៌មានចុះផ្សាយដោយ Médiapart នេះ ក្រុមចៅក្រុមក៏បានបើកការស៊ើបអង្កេតក្នុងខែមេសា ឆ្នាំ ២០១៣។
នៅក្នុងដំណើរការស៊ើបអង្កេតនោះ ក្រុមចៅក្រមបានប្រមែប្រមូលភស្តុតាង និងសាក្សីជាច្រើនពីក្រុមឥស្សរជន មន្រ្តីការទូតបារាំង លីប៊ី រួមទាំងក្រុមអ្នកជំនួញ និងក្រុមមនុស្សជំនិតរបស់លោកសាកូហ្ស៊ី។ ជាមួយនឹងភស្តុតាង និងសាក្ស៊ីដែលប្រមូលបាន ភាពមន្ទិលសង្ស័យពីការលូកដៃរបស់ប្រទេសលីប៊ីនៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោកសាកូហ្ស៊ីក្នុងឆ្នាំ ២០០៧ មានកាន់តែខ្លាំងឡើងៗ។ ក៏ប៉ុន្តែ ក្រុមចៅក្រមស៊ើបអង្កេតនៅមិនទាន់អាចទម្លាក់ការទទួលខុសត្រូវលើលោកសាកូហ្ស៊ីត្រង់ៗទេ ដោយចង់បន្តស្វែងរកភស្តុតាងបន្ថែមទៀត។
ក្រុមចៅក្រមស៊ើបអង្កេតមានសុទិដ្ឋិនិយមថា លីប៊ីក្នុងជំនាន់លោកកាដាហ្វ៊ីពិតជាបានឲ្យលុយលោកសាកូហ្ស៊ីដើម្បីធ្វើយុទ្ធនាការបោះឆ្នោតមែន តែមិនដឹងថាឲ្យតាមរបៀបណា ចំនួនប៉ុន្មាន និងមាននរណាខ្លះដែលជាប់ពាក់ព័ន្ធនៅក្នុងបណ្តាញនោះ។
ក្រុមចៅក្រមទទួលបានភស្តុតាងកាន់តែជាក់ច្បាស់ក្នុងការស៊ើបអង្កេតរយៈពេល ៥ឆ្នាំ
ក្រោយពីបានស៊ើបអង្កេតអស់រយៈពេល ៥ ឆ្នាំ ក្រុមចៅក្រមប្រមូលបានភស្តុតាងយ៉ាងច្រើនដោយមានជាប់ពាក់ព័ន្ធនឹងមនុស្សជាច្រើន ទាំងពីខាងបារាំងក៏ដូចជាលីប៊ី។ សាក្សីដែលគួរឲ្យភ្ញាក់ផ្អើលជាងគេ គឺការ
ថ្លែងបញ្ជាក់របស់លោក Ziad Takieddine អ្នកជំនួញជនជាតិបារាំងដើមកំណើតលីបង់ក្នុងខែកញ្ញា ឆ្នាំ ២០១៦។ លោក Ziad បានសារភាពត្រង់ៗថា លោកជាអ្នកនាំលុយសុទ្ធចំនួន ៥លានអឺរ៉ូពីទីក្រុងទ្រីប៉ូលីទៅទីក្រុងប៉ារីសចន្លោះដំណាច់ឆ្នាំ ២០០៦ និងដើមឆ្នាំ ២០០៧ ទៅឲ្យលោក Claude Guéant មនុស្សជំនិតម្នាក់របស់លោកសាកូហ្ស៊ីដើម្បីប្រគល់បន្តទៅឲ្យលោកសាកូហ្ស៊ីដែលកាលណោះមានតួនាទីជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។
ការថ្លែងរបស់លោក Ziad គឺដូចគ្នានឹងចម្លើយសារភាពរបស់លោក Abdallah Senoussi អតីតនាយកស៊ើបការណ៍សម្ងាត់លីប៊ីនៅចំពោះមុខរដ្ឋអាជ្ញានៃក្រុមប្រឹក្សាជាតិលីប៊ីកាលពីថ្ងៃទី២០ កញ្ញា ឆ្នាំ ២០១២។ បន្ទាប់មក នៅកូនសៀវភៅកត់ត្រាមួយរបស់អតីតរដ្ឋមន្រ្តីថាមពលលីប៊ីដែលតុលាការបារាំងរឹបអូសបានបញ្ជាក់បន្ថែមថា លីប៊ីបានបញ្ជូនលុយជាច្រើនរយលានអឺរ៉ូទៅឲ្យលោកសាកូហ្ស៊ី។ បន្ទាប់មកទៀត នៅមានសាក្សីជាច្រើននាក់ទៀតដែលបានដើរតួនាទីជាអ្នកកណ្តាលនៅក្នុងរឿងនេះ។ កន្លងមក មនុស្សដែលជាប់ពាក់ព័ន្ធដោយផ្ទាល់ និងដោយប្រយោល មានអ្នកខ្លះកំពុងបន្តជាប់ការអង្កេតដូចលោកសាកូហ្ស៊ី និងខ្លះទៀតត្រូវបានកាត់ទោសឲ្យដេកក្នុងគុក។
លោកសាកូហ្ស៊ីជាប់ចោទជាផ្លូវការ?
តាំងពីរឿងអាស្រូវមួយនេះបានបែកធ្លាយមក នេះជាលើកទី១ ដែលប៉ូលិសបានឃាត់ខ្លួនលោកសាកូហ្ស៊ី ហើយតាមធម្មតា ការឃាត់ខ្លួននេះនឹងមានរយៈពេលច្រើនបំផុត ៤៨ម៉ោង។ ចំណែកនីតិវីធីបន្ទាប់យ៉ាងណានោះ គេត្រូវរង់ចាំមើលនៅប៉ុន្មានថ្ងៃខាងមុខ។ អ្វីដែលគេអាចនិយាយបានពេលនេះគឺថា ការសម្រេចឃាត់ខ្លួនលោកសាកូហ្ស៊ីថ្ងៃនេះ ប្រហែលជាក្រុមចៅក្រមមានភស្តុតាងគ្រប់គ្រាន់ដែលអាចចោទប្រកាន់លើលោកសាកូហ្ស៊ីផ្ទាល់ ឬមួយគ្រាន់តែថា ហៅលោកសាកូហ្ស៊ីទៅសួរដើម្បីចង់បានការបំភ្លឺលើព័ត៌មានមួយចំនួន។
ព័ត៌មានដែលក្រុមចៅក្រមចង់បានការពន្យល់បំភ្លឺបន្ថែមពីលោកសាកូហ្ស៊ីអាចជាព័ត៌មានសារភាពដោយឥស្សរជន និងមនុស្សជំនិតរបស់លោក ឬមួយក៏ព័ត៌មានមកពីប្រទេសលីប៊ី។ មានសំណួរចោទឡើងថា តើរដ្ឋអំណាចថ្មីនៅលីប៊ីទើបបានសម្រេចចិត្តរួមសហការណ៍ជាមួយក្រុមចៅក្រមស៊ើបអង្កេតបារាំង ឬមួយក៏ថា ក្រុមអតីតមន្រ្តីលីប៊ីក្នុងជំនាន់លោកកាដាហ្វ៊ីទើបបានផ្តល់ព័ត៌មានថ្មីៗទាក់ទងនឹងសំណុំរឿងមួយនេះ។ យ៉ាងណាក៏ដោយ វាហាក់ដូចជារហ័សពេកដែលគេត្រូវសន្និដ្ឋានយ៉ាងណានោះ។ អ្វីដែលគេដឹង អស់អំណាចក៏ដោយ ក៏លោកសាកូហ្ស៊ីមិនអាចគេចផុតពីសំណាញ់តុលាការដែរ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ