អានតួអត្ថបទ
នាទីសុខភាពនិងអនាម័យ

គុណប្រយោជន៍​នៃ​ផ្លែប៊ឺរ

ចុះផ្សាយ​នៅ​ថ្ងៃ៖

ផ្លែប៊ឺរ ជា​ផ្លែឈើ​ដ៏ពេញនិយម​ខ្លាំង នៅ​ប្រទេស​កម្ពុជា​យើង​ នា​រយៈកាលប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ប៉ុណ្ណោះ។ ​រុក្ខជាតិ​ស៊ីផ្លែ​មួយ​នេះ មាន​ប្រភព​មក​ពីណា ?​ ហេតុអ្វី​បាន​អ្នក​​ឯកទេស​ចំណីអាហារ​ ណែនាំ​ឱ្យ​បរិភោគ​ផ្លែប៊ឺរនេះ ? តើ​វា​មាន​គុណ​ប្រយោជន៍​យ៉ាង​ណា​ខ្លះ​សម្រាប់​សុខភាព ?

Avocat (fruit)
Avocat (fruit) ©wikipedia
ផ្សាយពាណិជ្ជកម្ម

ផ្លែប៊ឺរ គឺ​រុក្ខជាតិ​ស៊ីផ្លែ មានដើម​កំណើត​និង​ប្រភព​ដើម​ដុះ​ដាល​នៅក្នុង​ប្រទេស​ម៉ិចស៊ិក មុន​នឹង​រីក​រាល​ដាល​ដាំដុះ​នៅ​ពេញ​ពិភពលោក​។ ពលរដ្ឋ​ម៉ិចស៊ិក​យក​ផ្លែប៊ឺរ​នេះ សម្រាប់​ធ្វើ​ជា​ម្ហូប​អាហារ ទាំង​ផ្លែ​ ទាំង​ស្លឹក។ ចំណែក​ពលរដ្ឋ​អាមេរិក ប្រើសម្រាប់​មូរ​ធ្វើ​ជា​ស៊ូស៊ី ប្រេស៊ីល​យកមក​ធ្វើ​បង្អែម បារាំង​ប្រើ​ជា​ញាំ-អាហារ​បន្ទាប់​បន្សំ ម៉ារ៉ុក​មក​ផ្លែប៊ឺរ​មក​ធ្វើ​ជា​ភេសជ្ជៈ​ ....

ខ្លះ​មូល​ខ្លាំង ខ្លះ​រាង​ទ្រវែង ​មាន​គ្រាប់​តែ​មួយ និង​សាច់​ទន់​ ផ្លែប៊ឺរ មាន​ផ្ទុក​ពេញ​ទៅ​ដោយ​កាឡូរី និង​សម្បូរ​ទៅ​ដោយ​ជាតិ​ខ្លាញ់​ ហើយ​បូក​ផ្សំ​នឹង​សណ្ឋាន​សាច់​ទៀត ទើប​ខ្មែរ​យើង​ដាក់​ឈ្មោះ​ថា​ប៊ឺរ ដោយ​គិត​ដល់​ប៊ឺរ​បារាំង។

ប៉ុន្តែ​ទោះ​បី​ជា​មាន​ផ្ទុក​កាឡូរីច្រើន​ មាន​សារជាតិ​ខ្លាញ់​យ៉ាង​សម្បូរបែប​ក៏ដោយ ក៏​គេ​សង្កេត​ឃើញ​ថា​ ការ​បរិភោគ​ផ្លែប៊ឺរ​នេះ​ច្រើន មិន​បានប៉ះពាល់​ដល់​សុខភាពទេ គឺ​មាន​តែ​ផ្តល់​ប្រយោជន៍ដល់​សុខភាព​​ និង​ថែម​ទាំង​បាន​ចូល​រួម​ចំណែក​សម្រួល​អត្រា​ជាតិ​ខ្លាញ់​ក្នុង​ឈាម​ឱ្យ​បាន​​ប្រសើរ​ឡើង ដោយចេះ​បែង​ចែក ​បង្កើន​ជាតិ​កូឡេស្តេរ៉ូល​ល្អ​ និង​បញ្ចុះ​កូឡេស្តេរ៉ូល​អាក្រក់។ ជាង​នេះ​ទៀត ផ្លែប៊ឺរ​​ជា​ផ្លែឈើ​ស្រស់​មាន​ផ្ទុក​សារធាតុ​ស្ករ​ក្លុយស៊ីត​ តែ២ក្រាម​ក្នុង​១០០ក្រាម​ផ្លែឈើ តិច​ជាង​ផ្លែឈើ​ស៊ី​ផ្លែ​ស្រស់​ដទៃ​ផ្សេង​ទៀត ដែល​មាន​​ជា​មធ្យម ដល់​ទៅ​១០ក្រាម ក្នុង​ផ្លែឈើ​ទម្ងន់​១ខាំ។

ផ្លែ​ប៊ឺរ សម្បូរ​ខ្លាញ់​តែ​ល្អ

ផ្លែ​ប៊ឺរ​គឺ​ជាអាហារ​ដែល​មាន​សារធាតុ​ចិញ្ចឹម​ខ្ពស់​បំផុត ! ខ្ពស់​ជាង​ផ្លែឈើ​ដទៃ និង​ជា​អាហារ​ដ៏​ប្រពៃ​បំផុត​សម្រាប់​អ្នក​ដែល​ចង់​តម ធ្វើ​របប​អាហារ​​ដើម្បី​សុខភាព។ ជាមួយ​នឹង​កំរិតជាតិ​កាឡូរី ខ្ពស់ អត្រា​ជាតិ​ខ្លាញ់​ច្រើន មាន​កំរិត​អាហារូបត្ថម្ភ​ខ្ពស់ ផ្លែប៊ឺរ​គួរ​តែ​ត្រូវ​បាន​គេ​ចាត់​បញ្ចូល​ក្នុង​បញ្ជី​ខ្មៅ នៃ​ក្រុម​អាហារ​គ្រោះ​ថ្នាក់ ឬ​គួរ​ឱ្យ​ចៀសវាង តែ​នេះ​ជា​គំនិត​ខុស​ស្រលះ ! អ្នកឯកទេស​ និង​អ្នកជំនាញ​ផ្នែក​របប​អាហារ​សម័យ​បច្ចុប្បន្ន​បែរ​ជា​ណែនាំ និង​បង្ហាត់​បង្រៀន​​យើង​ឱ្យ​ស្គាល់ និង​ចូល​ចិត្ត​ទទួល​អាហារ​ផ្លែប៊ឺរ​ទៅ​វិញ​ ព្រោះ​ជា​អាហារ​ដែល​ល្អ​ឥតខ្ចោះ​សម្រាប់​សុខភាព មិន​គួរ​មើល​​រំលង​ និង​ខក​ខាន​មិន​បរិភោគ​ឡើយ។

ផ្លែប៊ឺរ គឺ​ជាប្រភព​ផ្គត់​ផ្គង់​​សារធាតុ​ប៉ូតាស្យូម ហ្វូឡាត អាស៊ីតបង់កូតេនិក (វីតាមីន​បេ៥) និង​ក្លុយតាលីយ៉ុង។​ ជាពិសេស​ទៅ​ទៀត ផ្លែប៊ឺរ សម្បូរ​ខ្លាំង ណាស់​ទៅ​ដោយ​សារធាតុ​សរសៃ និង​សារធាតុ​ខ្លាញ់មិន​ឆ្អែត Mono-insaturé ដែល​ល្អ​បំផុត​សម្រាប់​សរីរាង្គកាយ​មនុស្ស។

រក្សាទម្ងន់

ផ្លែប៊ឺរ មួយ​ផ្លែ​ផ្តល់​ជាតិ​អាស៊ីត​ខ្លាញ់​ អូមេហ្កា 9 ដល់​ទៅ​៣០ក្រាម។ អាស៊ីតខ្លាញ់​អូមេហ្កា៩​នេះ ជា​ប្រភេទ​ខ្លាញ់​ដែលជា​អ្នក​ចាត់​ចែង​ផ្តល់​​អាការៈ​ឃ្លាន​ និង​ចំណង់​អាហារ​ផ្សេងៗ។ ផ្លែ​ប៊ឺរ​ អាច​ជួយ​ថ្លើម​​​ឱ្យ​​បំផ្លែងសារធាតុ​ខ្លាញ់​រួច​រំលាយ​ចោល​បាន​យ៉ាងមាន​ប្រសិទ្ធិភាព។ ការសិក្សា​របស់​សកលវិទ្យាល័យ​ Riverside នៅ California​ បាន​បង្ហាញ​របក​គំឃើញ​​របស់​ខ្លួន​ថា គេ​អាចស្រក​ទម្ងន់​បាន​ដល់​ទៅ ៥​គីឡូក្រាម​ក្នុង​របស់​ពេល​ពីរ​ខែ ដោយ​គ្រាន់​តែ​ទទួល​ទាន​ផ្លែប៊ឺរ ក្នុង​មួយ​ថ្ងៃ​មួយ​ផ្លែ ដោយ​ទៀត​ទាត់ និង​ដោយ​មិន​ខ្វល់​ខ្វាយ​គិត​គូរ​អំពីរបប​អាហារ​ ទាក់ទង​នឹង​​បរិមាណ​​នៃ​ការ​ទទួល​ទាន​អាហារ​ដើម្បី​តម្រឹម​ជាតិកាឡូរី។

ការពារ​ប្រឆាំង​នឹង​អាការៈ​រោគ​ទឹក​នោម​ផ្អែម និង​ជំងឺ​មេតាបូលិក

ចង្កេះ ត្រកៀក រីក ជា​រៀង​រាល់​ថ្ងៃ ដែល​ស្ត្រី​ទាំង​ឡាយ​មិន​ចង់​ជួប មិន​ចង់​ឃើញ​សោះ​នោះ គឺ​ជា​ផលវិបាក​មួយ ក្នុង​ចំណោម​ផលវិបាក​ជា​ច្រើន​ ផ្សេង​ទៀត ដែល​ឈាន​ទៅ​ជួ​បគ្រោះ​មាន​អាការៈសញ្ញា​ X ឬ​អាការៈ​សញ្ញា​នៃ​ជំងឺ​មេតាបូលិក។ ពាក្យ​ថា​ជំងឺ​មេតាបូលិក គឺ​ចង់​ដំដៅ​លើ​កត្តា​គ្រោះថ្នាក់​ជា​ច្រើន​ចំពោះ​សុខភាព ដែល​បង្កើន​ហានិភ័យ​​ឱ្យ​បុគ្គល​ម្នកា់​អាច​វិវត្ត​ទៅ​រក​គ្រោះ​កើត​ជំងឺ​បេះដូង ជំងឺ​ដាច់​សរសៃ​ឈាម​ក្នុង​ខួរ​ក្បាល​ ឬ​ជំងឺ​ទឹក​នោម​ផ្អែម។ ដូច្នេះ​បញ្ចៀស​គ្រោះ​ហានិភ័យ​នេះ ដំណោះស្រាយ​មួយ​ដែល​ប្រសើរ​បំផុត និង​គ្មាន​ចំណាយ​​ថវិកា​ច្រើន គឺ​ការ​ទទួល​ទាន​​ផ្លែប៊ឺរ ជា​ប្រចាំ។ ព្រោះ​ផ្លែ​នេះ ជា​ថ្មី​ម្តង​ទៀត មាន​ផ្ទុក​សារធាតុ​ខ្លាញ់ Mono-insaturé ខ្លាញ់​ដែល​ជា​អាស៊ីត​អូឡេស៊ីត ចាំ​បាច់​បំផុត​សំរាប់​មនុស្ស​លោក ក្នុង​ការ​ធ្វើ​ឱ្យប្រសើរ​ឡើង​នូវ​អត្រា​លីពីត​ក្នុង​សរីរាង្គ​កាយ និង​ដែល​ចូល​ចំណែក​​ការពារ​ខ្លាញ់​មិន​ទៅ​កក​ផ្តុំ​នៅ​ម្តុំ​ពោះ។

ការពារ​បេះដូង​និង​សរសៃឈាម​បេះដូង

អាស៊ីត​អូឡេស៊ីត ក៏​មាន​ចំណែក​ជា​អ្នកចាត់​ចែង​បញ្ចុះ និង​ដំឡើង​អត្រា​កូឡេស្តេរ៉ូល​ទៀត។ វា​នឹង​ទៅ​បញ្ចុះ​កូឡេស្តេរ៉ូល​LDL មិន​ល្អ ហើយ​ចេះ​ទៅ​ដំឡើង​កំរិត​អត្រា​កូឡេស្តេរ៉ូល​ល្អ HDL។ បូក​ផ្សំ​នឹង​​សារធាតុ​សរសៃ​ដ៏​សម្បូរ​បែប​​ទៀត​ ផ្លែប៊ឺរ​ដើរ​តួនាទី​ជា​អ្នក​បញ្ចុះ​អត្រា​កូឡេស្តេរ៉ូល​ យ៉ាង​មាន​ប្រសិទ្ធិភាព។ សូម​បញ្ជាក់​ថា សារធាតុ​សរសៃ​ ជា​អ្នក​បង្កើន​បរិមាណ​សំណល់ (លាមក) ដែល​ជំរុញ​ឱ្យ​ឆាប់​មាន​ការ​បញ្ចេញ​ចោល។ នៅ​ពេល​បន្ទោរបង់ ជាតិកូឡេស្តេរ៉ូល​ក៏​ចេញ​អស់​ពី​ខ្លួន​ទៅ​តាម​នោះ​ដែរ។

ម្យ៉ាង​វិញ​ទៀត ការសិក្សា​តែង​បាន​បង្ហាញ​ថា បុគ្គលណា​បាន​ទទួល​ទាន​អាហារ​មាន​ជាតិ​ប៉ូតាស្យូម​ច្រើន មិន​សូវ​មាន​អាការៈ​​លើស​ឈាម និង​អាការៈ​ផ្សេងៗ​ទៀត​ដែល​មាន​ពាក់​ព័ន្ធ​នឹង​បញ្ហា​សម្ពាធ​ឈាម​ ដូច​ជាវិបត្តិ​បេះដូង និង​ការ​ស្ទះ​ឬ​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល​ទេ​។ ចុះ​សួរ​ថា​តើ​ទៅ​រក​ជាតិ​ប៉ូតាស្យូម​នៅឯណា​មក​បរិភោគ ?! ចម្លើយ​គឺ​ផ្លែប៊ឺរ​នេះ​ឯង ! ផ្លែប៊ឺរ​មួយ​ចំហៀង អាច​ផ្តល់​ជាតិ​ប៉ូតាស្យូម​ប្រមាណ​ដល់​ទោ ៥៥០​មីល្លីក្រាម ពោល​គឺ ១៥%​លើស​ផ្លែ​ចេក​មួយ​ផ្លែ​ទៀត។

ផ្តល់​ថាមពល​ និង​ប្រឆាំង​ស្ត្រេស

វីតាមីន​បេ-៥ ឬ​អាស៊ីត បង់តូតេនិក ដ៏​សម្បូរ​បែប​ក្នុង​ផ្លែប៊ឺរ ម៉ាញេស្យូម​ និង​ប៉ូតាស្យូម​ បូក​បញ្ចូល​ បាន​ធ្វើ​ឱ្យ​ផ្លែប៊ឺរ ក្លាយ​ជា​អាវុធ​ដ៏​ពិសេស​សម្រាប់​ប្រយុទ្ធ​ប្រឆាំង​នឹង​អាការៈ​ស្ត្រេស ហើយ​ថែម​ទាំង​បាន​ផ្សព្វផ្សាយ​បញ្ចៀប​ថាមពល​ ដល់​ខ្លួន​ប្រាណ​ទៀត។

វីតាមីន​បេ-៥ មាន​តួនាទី​ជា​អ្នក​រំដោះ​អ័រមូន​ដែល​សម្រួល​ដល់​ការ​នាំ​អុកស៊ីសែន​ទៅ​ចិញ្ចឹម​កោសិកា​បេះដូង​និង​ខួរ​ក្បាល ព្រមទាំង​អាច​ជួយ​កាត់​បនថយ​កំរិត​កង្វល់​ថប់​អារម្មណ៍។ ចំណែក​ម៉ាញេស្យូម​និង​ប៉ូតាស្យូម​វិញ មាន​សមត្ថភាព​ធ្វើ​សកម្មភាព​លើ​សល់ផល​នៃ​ជាតិសូឌីយ៉ូម​របស់​សរីរាង្គកាយ​ និង​ធ្វើ​ឱ្យ​រលូន​ឡើងនូវ​ការ​បំផ្លែង​ជាតិ​ស្ករ​ក្លុយកូស ទៅ​ជា​ថាមពល។

ជាតិ​ហ្វូឡាត របស់​ផ្លែប៊ឺរ បាន​ធ្វើ​ឱ្យ​ផ្លែ​ឈើ​មួយ​មុខ​នេះ​ក្លាយ​ជា​អាហារ​ដ៏​ចាំបាច់​បំផុត​​សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ​ និង​ស្ត្រី​ចង់​មានគ៌ភគ្រប់​រូប ក៏​ដូច​ជា​ជន​ស្រីប្រុស​ដទៃ​ទៀត​ដែល​បារម្ភ​ខ្លាច​ទទួល​ទាន​អាហារ​មិន​គ្រប់គ្រាន់ សម្រាប់​ជំនួយ​ប្រព័ន្ធ​ប្រសាទ​ និង​សរសៃ​ឈាម​បេះដូង។ ជាតិ​ហ្វូឡាត ឬ​អំបិល​អាស៊ីត ហ្វូឡាត ឬ​វីតាមីន បេ-៩ ជា​ជំនួយ​ការ​ដ៏​ពិសេស​ផ្នែកការពារការ​បង្ក​កំណើត​កូន​ និង​កកើត​នៃ​អំប្រ៊ីយ៉ុង​កូន ព្រមទាំង​ការ​លូតលាស់​របស់​ទារក​ក្នុងផ្ទៃ កុំ​ឱ្យ​ជួប​គ្រោះ​លូត​លាស់​មិន​ត្រឹម​ត្រូវ មិន​គ្រប់​លក្ខណៈ ប៉ះពាល់​ដល់​ខួរ​ក្បាល​និង​ឆ្អឹង​កង​ខ្នង។

ដូច​ជា​ផ្លែ​ឈើ​ផ្សេងៗ​ទៀត​ដែរ​ ដែល​មាន​ផ្ទុក​ច្រើន​ទៅ​ដោយ​សារធាតុ​ក្លុតាលីយ៉ុង ឬ​អង់ទីអុកស៊ីដង់ ផ្លែប៊ឺរ​ចូល​រួច​ចំណែក​យ៉ាង​ខ្លាំង​ក្នុង​ការកាត់​បន្ថយ​ភាព​ចាស់​នៃ​កោសិកា ដែល​បង្ក​ឡើង​ដោយ​សារ​សារធាតុ​ពុល​ក្នុង​សរីរាង្គ​កាយ។ មាន​ន័យ​ប្រសិន​បើ​អ្នក​បរិភោគ​ផ្លៃប៊ឺរ​ច្រើន គឺ​ដូច​ជា​បាន​​លេប​ថ្នាំ​ការពារ​កុំ​ឱ្យ​ឆាប់​ចាស់។ ប៉ុន្តែ​ក្នុង​ករណី អ្នក​មាន​ទទួលទាន​ថ្នាំ នឹងជំងឺ​​ឈាម​ក្រកក​ គួរ​តែ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ សិន​មុន​នឹង​ទទួល​ផ្លែប៊ឺរ ដើម្បី​កុំ​ឱ្យ​ថ្នាំ​បាត់​បង់​ប្រសិទ្ធិភាព។ ជា​ទូទៅ ទទួល​ទាន​ផ្លែប៊ឺរ​មួយ​ចំហៀង​ក្នុង​មួយ​ថ្ងៃ អាច​ទាញ​ប្រយោជន៍​ដល់​សុខភាព​បាន​ហើយ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ