អានតួអត្ថបទ
នាទីសុខភាពនិងអនាម័យ

គន្លឹះ​សំខាន់ៗក្នុង​ការបំបាត់​​​ក្លិន​មាត់

ចុះផ្សាយ​នៅ​ថ្ងៃ៖

ក្លិន​មាត់​មិន​ល្អ​ មិន​មែន​ ​ជា​​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​ទេ។ មាន​ក្លិន​មាត់ ក៏​មិន​មែន​ ជា​ហេតុការណ៍​ថ្មី​គួរ​ឱ្យ​ចម្លែក​ដែរ អ្នក​ស្រាវជ្រាវ និង​វេជ្ជសាស្ត្រ​ស្គាល់​មូលហេតុ​ ព្រមទាំង​សមាសភាគ​​សារធាតុ​ដែល​បង្ក​ឱ្យ​មាន​ក្លិន​ស្អុយ​ទៀតផង។ ​ ក្លិន​អាក្រក់​ចេញ​ពីមាត់​ពិត​ជា​រំខាន​ខ្លាំងណាស់ និង​គួរ​ឱ្យ​រអៀស​ចិត្ត​ ជាទី​បំផុត។ ប៉ុន្តែក្រៅ​ពី​ចៀសវាង​មិន​បរិភោគ​​ខ្លឹម​ ប្រហុក​ គ្រឿង​ផ្អាប់ គ្រឿង​ស្អុយ​ បារី​ និង​សុរា នៅ​មាន​​​ដំបូន្មាន​ផ្សេងៗ​ទៀត សម្រាប់​ជួយ​លោក​អ្នក​ ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​បំបាត់​ក្លិន​មាត់។

DR
ផ្សាយពាណិជ្ជកម្ម

ជា​ប្រធានបទ​ដ៏​មហាសែន​ពិបាក​លើក​មក​និយាយ ! រំខាន​ទាល់​តែ​​មាន​មណ្ឌល អង្គការ​សមាគម​ពិសេស​​ ផ្នែក​ពិគ្រោះ “ជំងឺ”​ ធុំ​ក្លិន​មាត់។ សម្រាប់​សមាគម​មាត់​ធ្មេញ​បារាំង​ ស្គាល់​ឬ​សគល់​នៃ​បញ្ហា​ ទើប​ការ​ព្យាបាល​មាន​ប្រសិទ្ធិភាព​ល្អ។

ថ្វីបើ​ស្ថិតិ​​របស់​សមាគម​​រកឃើញ​ថា​មាន​បណ្តា​ជន​បារាំង​ប្រមាណ​២៥% ទៅ​៥០%​ ធ្លាប់​ជួប​ប្រទះ​បញ្ហា​ក្លិន​មាត់ ដោយ​ប្រការ​ណា​មួយ មួយ​រយៈ​ខ្លី​ឬ​វែង នៅ​មាន​មនុស្ស​ជា​ច្រើន​ផ្សេង​ទៀត​ជួប​ការ​លំបាក ឬ​មិន​ហ៊ាន​ប្រឈម​នឹង​បញ្ហា​នេះ។

ដំបូង​ឡើយ​បញ្ហា​នេះ ពិបាក​និយាយ​ចេញ​មក​ជា​សាធារណៈ។ ក្រុមគ្រួសារ​ និង​អ្នក​នៅ​ជុំ​វិញ​ខ្លួន​ តែង​តែ​ចោទ​សួរ​ក្នុង​ចិត្ត​ជា​និច្ច​ ថា​តើ​ត្រូវ​និយាយ​ឬ​មិន​និយាយ ត្រូវ​ប្រាប់​ឬ​មិន​ប្រាប់​ បើ​ប្រាប់​ត្រូវ​ផ្តើម​និយា​យយ៉ាង​ដូច​ម្តេច ? តើ​នឹង​អាច​មាន​ការ​អាក់​អាន់​ស្រពន់​ចិត្ត ដែរ​ឬ​យ៉ាង​ណា ? តាម​ការ​ពិត​ យើង​មិន​គួរ​រួញ​រា ប្រសិន​បើ​យើង​ជា​ក្រុម​គ្រួសារ ជា​មនុស្ស​ស្និទ្ធ​ស្នាល ហើយ​​ស្រលាញ់​គ្នាស្មោះ​ត្រង់​នោះ ព្រោះ​វា​ល្អ​ជាង​ទុក​ឱ្យ​អ្នក​ក្រៅ​ គ្មាន​ភាសា​ទូត​វាយប្រហារ​ចំៗ​ ឬ​អ្នក​ផ្សេង​ និយាយ​ដើមពី​ក្រោយ​ខ្នង​យ៉ាង​ហ៊ុយ​ទ្រលោម​នោះ ឬ​ធ្ងន់ធ្ងរ​ខ្លាំង​ជាង​នោះ​ គេ​គេច​មិន​និយាយ​រក​។

ក្នុង​៩​ករណី​លើ​១០​ ក្លិន​មាត់​ មាន​ពាក់​ព័ន្ធ​នឹង​សុខភាព​មាត់​ធ្មេញ។ ជួន​បណ្តាល​​មក​ពី​ បញ្ហា​អញ្ចាញ ជួន​មក​ពី​បញ្ហា​ធ្មេញ ៖ ធ្មេញ​មាន​កំណក​កំបោរ​ ធ្មេញ​សណ្តក ធ្មេញ​មាន​ដង្កូវ​ស៊ី គ្មាន​ការ​ព្យាបាល។ បាក់​តេរី​ និង​កាក​សំណល់​ចំណី​អាហារ​នៅ​ចន្លោះ​ជើង​ធ្មេញ​ គឺ​ជា​អ្នក​បង្ក​បញ្ហា​ក្លិន​មាត់​មិន​ល្អ។ លៀន​អណ្តា​ចេញ​មក​ក្រៅ​ យក​ច្រាស​ដុស​ថ្មមៗ​អ្នក​នឹង​ឃើញ​មាន​សំណល់កប់​លាក់​ក្នុង​សរសៃ​ល្អិតៗ​​របស់​អណ្តាត។ ក្រោម​សរសៃ​ល្អិតៗ​ ជាពិសេស​នៅ​គល់​អណ្តាត​ ជា​កន្លែង​ស្តុក​សំណល់​ និង​ជា​បន្តុំ​នៃ​ការ​បង្ក​បង្កើត​ក្លិន​អាក្រក់​ក្នុង​មាត់ ដោយ​សារ​តែ​បាក់តេរី​ផ្តុំគ្នា​ច្រើន​ផលិត​ជា​ល្បាយ​​ស្ពាន់​ធ័រ​ ដែល​រលាត់​ហើរ​ពេញ​មាត់។ ប៉ុន្តែ​គេ​មិន​ដឹង​ថា​ហេតុ​អ្វី​បាន​ជា​អ្នក​ខ្លះ​ផលិត​ល្បាយ​មាន​ក្លិននេះ​​ច្រើន​ អ្នក​ខ្លះ​តិច​នោះ​ទេ។ បាក់តេរី​នេះ ក៏​ជា​ប្រភព​ផ្តល់​ក្លិន​មាត់​អាក្រក់​នៅ ពេល​ព្រលឹម ទើបងើប​ពី​គេង​ដែរ ព្រោះ​ពេល​យប់​ មនុស្ស​យើង​មិន​សូវ​បញ្ចេញ​ទឹក​មាត់​ តើបាក់តេរី​គរ​គ្នា​​​ច្រើន​ឡើង​បញ្ចេញ​ជា​ក្លិនស្អុយ​ តែ​វា​អាច​​​បាត់​ទៅ​វិញ ដោយ​គ្រាន់​តែ​លុប​លាង​មុខ​ ខ្ពុរ​​មាត់ ពិសារ​ទឹក​ ឬ​ទទួល​អាហារ​ពេល​ព្រឹក​ទៅ​ជា​ការ​ស្រេច។

 
​ ជា​ញឹក​ញាប់​ ម្ចាស់​ខ្លួន​ផ្ទាល់​អះអាង​​បាន​ធ្វើ​ការ​ដុស​សម្អាត​ធ្មេញ​ យ៉ាង​ត្រឹម​ត្រូវ​ រាល់​ពេល​បរិភោគ​អាហារ​​ ហើយគ្មាន​ទាំង​ដង្កូវ​ស៊ីធ្មេញ​ទៀត ប៉ុន្តែ​ក្លិន​មាត់​នៅ​តែ​មានដដែល​​។​
​ត្រង់​ចំណុច​នេះ​ លោក​វេជ្ជបណ្ឌិត Dr Fabien Cohen ឯកទេស​មាត់​ធ្មេញ​ និង​ជា​ប្រធាន​ផ្នែក​​សុខភាព​សាធារណៈ​មាត់​ធ្មេញ​នៅ​ក្រុង​ Val-de-Marne ជាយ​ក្រុង​ប៉ារីស បាន​ពន្យល់​ថា ៖

“សូម​កុំ​ច្រលំ​​ រវាង​ សកម្មភាព​ឬ​កាយវិការ​ដុស​ធ្មេញ​ នឹង​ ការ​ដុស​​ធ្មេញ​ ប្រកប​ដោយ​គុណភាព​។ ជា​ញឹកញយ​ អ្នកជំងឺ​មក​ជួយ​ខ្ញុំ​តែង​និយាយ​ថា ខ្ញុំ​ដុស​ធ្មេញ​រាល់​ថ្ងៃ ហើយ​គ្មាន​​​ដង្កូវ​ស៊ីទេ។ មែនហើយ ! ប៉ុន្តែ​គាត់​ភ្លេច​ថា គាត់មាន​កំណក​លើ​ធ្មេញ​ច្រើន​។ កំណក​ដែល​មក​តោង​ជាប់​លើ​​ធ្មេញបន្តិច​ម្តងៗ​ជា​រៀង​រាល់​ថ្ងៃ​ តាម​បែប​ធម្មជាតិ​ ជា​លក្ខណៈ​ធម្មតា គ្មាន​ជំងឺ​ក្នុងមាត់ គ្មាន​ដង្កូវ​ស៊ីធ្មេញ គ្មាន​បញ្ហា​អញ្ចាញ​ គ្មានដំបៅ ក៏​ដោយ ក៏​កំណក​លើ​ធ្មេញ​ប្រព្រឹត្ត​ទៅ​ជាប់ជា​ប្រចាំ​។ កំណក​នេះ​ផ្សំ​ឡើង​ ដោយ​ទឹក​មាត់ សំណល់​អាហារ​ កោសិការ​ងាប់ៗ​ និង​អ្វីៗ​ផ្សេង​ទៀត​ ព្រម​ទាំង​មីក្រុប​ដែល​នៅ​ក្នុង​មាត់ និង​ជា​មីក្រុប​ល្អ​ តែ​ដល់​លាយ​ចូល​គ្នា​ច្រើន​ទៅ ក៏​ក្លាយ​ជា​ទម្រង់​ម្សៅ​កក​ជាប់​នៅ​ផ្ទៃ​ធ្មេញ​នេះ​ឯង។ កំណក​ម្សៅ​ទន់ៗ​ (សម្អេក​​ធ្មេញ) នេះ​ ចាប់​​ពី​ ៦ ទៅ​១២​ម៉ោង​ឡើង ក៏​ប្តូរ​ទម្រង់​​ រួច​ក្លាយ​ជា​ភ្នាក់ងារ​បង្ក​រោគ​ និង​បញ្ចេញ​សារធាតុ​ផ្សេងៗ ដែល​ផ្តល់​ជា​ក្លិន​អាក្រក់​ដល់​មាត់។ នេះ​មាន​ន័យ​ថា កំណក​ធ្មេញ​ ជា​ចំណែក​មួយ​បង្ក​ឱ្យ​មាន​ក្លិន​មាត់ ដែល​ភាសា​បច្ចេកទេស​ហៅ​ថា Halitose។”

ប្រសិន​បើក្លិន​មាត់​បណ្តាល​មក​ពី​ បញ្ហា​ក្នុង​មាត់​ធ្មេញ​បង្ក​ឡើង​ដោយបាក់តេរី ដោយ​សំណល់​ក្នុង​មាត់​ នោះ​ការ​រក្សា​អនាម័យ​មាត់ធ្មេញ​ ជា​ការ​ចាំ​បាច់ តាម​រយៈ​ការ​ដុស​ឆ្មេញ​ ក្រោយ​រាល់​ពេល​បាយ​ កុំ​ទទួល​ទាន​គ្មាន​ពេល​គ្មានម៉ោង​​ត​គ្នា​ឥត​ដាច់ ប្រើ​ខ្សែ​អនាម័យ​ធ្មេញ​ ដើម្បី​ទាញ​កាក​សំណល់​ចំណី​អាហារ​កប់​នៅ​ចន្លោះ​ឆ្មេញ រាល់​ពេល​ល្ងាច​​ យ៉ាង​ហោច​ណាស់​ម្តង​ក្នុង​មួយ​ថ្ងៃ​ និង​សូម​កុំ​ភ្លេច​ដុស​សម្អាត​អណ្តាត​ផង ក្រអូម​លើ​ក្រោម​ផង។ លើស​ពី​នេះ​ទៅទៀត ក្នុងករណី​មាន​ក្លិន​មាត់​ ត្រូវ​គិត​គូរភ្លាម​​ទៅ​ជួប​គ្រូពេទ្យ​ឯកទេស​មាត់​ធ្មេញ​។ នេះ​ជា​ការពន្យល់​បញ្ជាក់​បន្ថែម​របស់​វេជ្ជបណ្ឌិត​ កូអេន ៖

“មុន​នឹង​និយាយ​ថា​ខ្ញុំ​គ្មាន​ធ្មេញ​ដង្កូវ​​ស៊ី ឬបញ្ហា​សុខភាព​មាត់​ធ្មេញ​​អ្វី​ផ្សេង​ទៀត​​ ត្រូវ​ទៅ​ជួប​ពិគោះ​ជាមួយ​គ្រូពេទ្យ​ឯកទេស​សិន​ ដើម្បី​រក​មើល​ធ្មេញ​ខូច (ព្រោះ​សូម​ចង​ចាំ​ថា ឆ្មេញ​ខូច​មាន​ដង្កូវ​ស៊ី អាច​មើល​ឃើញ​បាន​តែ​តាម​រយៈ​ការ​ថត​ឆ្លុះ​ មិន​មែន​ឈឺ​ភ្លាមៗ​ទេ)​ មើល​ថាតើ​មាន​បញ្ហា​អញ្ចាញ​ ឬ​ឆ្អឹង​អញ្ចាញ​នៅ​ក្នុងមាត់​ទាំង​មូល​ ឬ​បញ្ហា​ភ្នាស​នៅ​ថ្ពាល់ នៅ​អណ្តាត នៅ​ក្រអូម។ ប្រសិន​បើ​គ្មាន​បញ្ហា​ដូច​រៀប​រាប់​ខាង​លើ​ទេ ហើយ​បច្ចេកទេស​ដុស​សម្អាត​ធ្មេញ​ក៏​បាន​ប្រតិបត្តិ​យ៉ាង​ត្រឹម​ត្រូវ​ដែរ ពេល​នោះ​ហើយ​ទើប​យើង​ត្រូវចោទ​សួរ​ថា​ក្លិន​មាត់​ទំនង​ជា​បណ្តាល​មាន​ជំងឺ​រលាក​ច្រមុះ​បំពង់ក ឬ​មក​ពី​ក្រោម ចេញ​មក​ពី​ក្រពះ​ពោះវៀន មក​ពី​ពោះ។”

មិន​សូវ​ហ៊ាន​និយាយមែន ប៉ុន្តែ​បណ្តា​ជន​ភាគ​ច្រើន​ណាស់ បាន​លួច​គិត និង​ស្វែង​រក​វិធី​ដោះស្រាយ​បំបាត់​​ក្លិន​មាត់។ ខ្លះ​ថែម​ទាំង​ចៀស​វាង​មិន​បរិភោគ​ចំណី បន្លែ​សាច់ ត្រី ដែល​មាន​ក្លិន​ខ្លាំង ព្រោះ​ខ្លាច​បន្សល់ទុក​ក្នុងមាត់ ខ្លះ​ទៀត​បាន​អនុវត្ត​តាម​ជំនឿ​ចាស់​បូរាណ ខ្លះ​ស្វែង​រក​ការ​ប្រើ​ផលិតផល​ដាក់​លក់​លើ​ទីផ្សារ​​ ដូច​ជា​ទឹក​ខ្ពុល​មាត់​ ទឹក​ប្រឆាំង​នឹង​បាក់តេរី ។ល។ និង​។ល។ ទឹក​ខ្ពុល​មាត់​ មាន​ប្រសិទ្ធភាព​ តែ​មួយ​ភ្លែត និង​ដែល​​ក្រុម​អ្នក​ឯកទេស​បាន​ណែ​នាំ​​ មិនឱ្យ​ប្រើប្រាស់​ញឹកញយ​ពេក​ព្រោះ​អាច​ផ្តល់​ផល​រំខាន​បន្ទាប់​បន្សំ។ អ្នក​ខ្លះ​ទៀត​បាន​ចំណាយ​ថវិកា​យ៉ាង​ច្រើន ស្តុក​ស្ករ​គ្រាប់​ ជា​ពិសេស​ស្ករ​កៅស៊ូ យក​មក​បៀម​ ព្រោះ​បាន​ដឹង​ថា​ បើ​មាត់​ស្ងួត​ នោះ​នឹង​បង្កើន​គ្រោះ​មានក្លិន​មាត់ ទើប​ងាក​ទៅ​​​ទំពារ​អៀង​ស្ករ​កៅស៊ូ​ អាច​ជួយ​បញ្ចេញ​ទឹក​មាត់​ ដើម្បី​ផ្សើមបំពង់ក។ ប៉ុន្តែ​នេះ​មិន​មែន​ជា​ដំណោះស្រាយល្អ​ទេ។ លោក​វេជ្ជបណ្ឌិត កូអេន

“ការ​ប្រើ​ស្ក​រ​កៅស៊ូ​បំបាត់​ក្លិន​មាត់ គឺ​ប្រៀប​ដូច​ជា​​អ្នក​ប្រើ​ទឹក​អប់​ដោយ​មិន​មុជ​ទឹក​សម្អាត​ខ្លួន​ដូច្នោះ។ មាន​ស្ករ​កៅស៊ូ​ដែល​គ្មាន​ដាក់​ស្ករ និង​មាន​ដាក់​សារធាតុ​ផ្លុយអ័រ ឬ ហ្សីឡូតុល ប៉ុន្តែ​មិន​ត្រូវ​ប្រើ​ស្ករ​ប្រភេទ​ច្រើន​ជ្រុល ឬ​ពេញ​មួយ​ថ្ងៃ​នេះ ព្រោះ​វា​នឹង​បង្ក​គ្រោះ​ថ្នាក់​ផ្សេង​ទៀត។”

យើង​អាច​វាស់​ស្មាន​ ក្លិន​មាត់​របស់​ខ្លួន​ឯង ដោយ​គ្រាន់​តែ​យក​​អណ្តាត​មក​លិទ្ធ​​លើ​ខ្នង​ដៃ ហើយ​លើក​ហិត ប្រាកដ​​ជា​ដឹង​ហើយ។ ក៏​មាន​ដែរ​ម៉ាស៊ីន​ វាស់​កំរិត​ក្លិន​មាត់​ ប៉ុន្តែ​សម្រាប់ ប្រើ​ក្នុង​មន្ទីរ​ពេទ្យ​ លើ​ករណី​ធ្ងន់ធ្ងរ​ប៉ុណ្ណោះ។ ប្រការ​សំខាន់​ ត្រូវ​មាន​ជំហរ​ប្រយុទ្ធ​ប្រឆាំង​​បំបាត់​ក្លិន​មាត់ មិន​មែន​រក​វិធី​បិទ​បាំង​កុំ​ឱ្យ​មាន​ក្លិន​មាត់ ដែល​មាន​ប្រសិទ្ធិភាព​តែ​មួយ​រយៈ​នោះ​ទេ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ