អានតួអត្ថបទ
នាទីសុខភាពនិងអនាម័យ

កូវីដ១៩ ៖ តើ​ត្រូវ​ធ្វើ​ដូចម្តេច ដើម្បី​ចៀសវាង​វិបត្តិ​ដំណេក ​ក្នុង​ពេល​ជាប់បម្រាម​​នៅ​តែ​ផ្ទះ ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

បង្ខំ​ចិត្តត្រូវ​នៅ​តែ​​ផ្ទះ គឺ​ជា​ការ​ប្តូរ​ទម្លាប់​នៃការរស់នៅប្រចាំថ្ងៃ​ ដែល​អាច​ប៉ះពាល់​ដល់​គុណភាព​ដំណេក​យ៉ាង​ខ្លាំង។ បង្ឃាំង​ខ្លួន និង​ដំណេក​ ពិត​ជា​សកម្មភាព​ពីរ​ដែលមិន​សូវ​ស៊ី​ចង្វាក់គ្នាទេ។ បង្ឃាំងខ្លួន​នៅ​តែ​មួយ​កន្លែង អាច​រំខាន និង​ប៉ះពាល់​ខ្លាំង​ដល់​ប្រព័ន្ធ​ដំណេក (ដេក/ភ្ញាក់) ពី​កំណើត​របស់​មនុស្ស​ម្នាក់ៗ​​។ ឯ​ដំណេក មាន​ចំណែក​សំខាន់​ក្នុង​ការ​ជួយ​ទ្រទ្រង់​ប្រព័ន្ធការពារ​ខ្លួន និង​ជា​សម្ព័ន្ធមិត្ត​ជួយ​យើង​ប្រឈមនឹង​សត្រូវ​កូវីដ១៩។ 

​នៅ​តែ​ផ្ទះដើម្បី​ទប់​ស្កាត់​ការ​ចម្លង​ជំងឺ​កូវីដ​១៩ អាច​នាំ​ឱ្យ​មាន​វិបត្តិ​ដំណែក
​នៅ​តែ​ផ្ទះដើម្បី​ទប់​ស្កាត់​ការ​ចម្លង​ជំងឺ​កូវីដ​១៩ អាច​នាំ​ឱ្យ​មាន​វិបត្តិ​ដំណែក DR
ផ្សាយពាណិជ្ជកម្ម

ការរីករាលដាល​នៃ​ជំងឺ​កូវីដ១៩ បាន​ជំរុញ​ឱ្យ​មនុស្សលោក ជាង​បីពាន់​លាន​នាក់​នៅ​​លើ​ភពផែន​ដី ប្តូរ​ទម្លាប់ទាំង​ក្នុង​ជីវិត​ឯកជន និង​ជីវិត​ការងារ ដោយ​ត្រូវ​ ខ្ទប់​ខ្លួន​ នៅតែ​ផ្ទះ។ អ្នកដែលមាន​សិទ្ធិ​និង​កាតព្វកិច្ច​អាច​ចេញដើរក្រៅ​បាន ក៏​មិន​ស្រលះ​​ក្នុង​អារម្មណ៍។ ក្តីព្រួយ​បារម្ភ ថប់​កង្វល់​ ​ដក់ជាប់​ក្នុង​ចិត្តជានិច្ច។ ខ្លាច​មេរោគ​ដែល​ជា​​សត្រូវ​មើល​មិន​ឃើញ​ផង បូក​ផ្សំ​នឹង​វិធានការ​បិទ​ខ្ទប់​ប្រទេស បិទ​ខ្ទប់​ប្រជាជន​ឱ្យ​នៅ​ក្នុង​ផ្ទះទៀត ​​មនុស្ស​មួយចំនួន​ធំ ឡើង​​រោគ​ស្ត្រេស​ខ្លាំងណាស់។ ការ​សិក្សា​ជា​ច្រើន​បាន​បង្ហាញ​ថា ស្ត្រេស​រ៉ាំរ៉ៃ​នេះ​ ជា​ប្រភព​ចំបង​នាំ​ឱ្យ​មាន​​វិបត្តិ​សុខភាព​ដំណេក។ នេះ​មិនមែន​ជាបាតុភូត​ថ្មី​គួរ​ឱ្យ​ភ្ញាក់​ផ្អើលទេ ចំពោះ​​វិទ្យាស្ថាន​ជាតិ​ផ្នែក​សុខភាព​ដំណេក​បារាំង តែ​វិទ្យាស្ថានសូម​ណែនាំដល់​អ្នកធ្លាប់​មាន​វិបត្តិ​​គេង​មិនលក់​ស្រាប់ និង​អ្នក​ធ្លាប់​មាន​ជំងឺ​ធ្លាក់​ទឹកចិត្ត គួរ​តែ​ទៅ​ពិគ្រោះពិភាក្សា​ជាមួយ​គ្រូពេទ្យ​ជំនាញរបស់​ខ្លួន ព្រោះ​វិបត្តិ​ដំណេក​អាចធ្លាក់ធ្ងន់ធ្ងរខ្លាំងបាន។

ការ​បិទប្រទេស ខ្ទប់ពលរដ្ឋ ជា​​ទូទៅ ឱ្យ​នៅ​តែ​ផ្ទះ ដើម្បី​ទប់​ស្កាត់​ការ​ចម្លង​ជំងឺ​កូវីដ១៩ ជា​វិធានការដែល​ពិភពលោកមិន​ធ្លាប់ជួប​ប្រទះ​មែនក្នុង​ប្រវត្តិសាស្ត្រ ប៉ុន្តែ​ការ​ដែល​​មនុស្ស​​នៅ​តែ​ផ្ទះ ឬ​ នៅ​តែមួយកន្លែង មិន​ចេញ​ទៅ​ណា​សោះ មិនមែន​ជា​សកម្មភាព​ចម្លែក​ទេ។ ការ​​បង្ឃាំង​ខ្លួន​នៅ​តែ​ក្នុង​កន្លែង​មួយ ជា​ច្រើន​ថ្ងៃ​ខែ តែង​កើត​មាន​ ដោយ​បង្ខំលើអ្នកមាន​ទោសដូច​ជា​ការចាប់​ឃុំ​ឃាំងក្នុង​ពន្ធនាគារ ​ ឬកើត​ឡើង​​ដោយ​ចេតនា ដូច​ជា​ ការប្រណិប័តន៍​​សាសនា​ ​ទៅ​កាន់​វស្សា ទៅធ្វើសមាធិវិបសនា​ ទៅ​បំរើការងារ​ជាទាហាន​ជើង​ទឹកក្នុង​នាវាយោធា​មុជទឹក ទៅ​ធ្វើការ​នៅ​លើ​ស្ថានីយ៍​អវកាសអន្តរជាតិ ឬ​ហាត់​សមដក​ពិសោធន៍​ការ​​ធ្វើ​ដំណើរ​ទៅភព​អង្គារ ជា​ដើម។ល។

ត្រូវ​នៅ​តែ​ផ្ទះ ក្នុង​ដំណាក់កាលនេះ ​ជា​ស្ថានភាព​ដ៏​ធ្ងន់ធ្ងរ​ខ្លាំង​ណាស់ ព្រោះ​យើង​មិន​បាន​ត្រៀម​ចិត្ត​ ត្រៀម​លក្ខណៈ​ជាមុន​ដោយ​ត្រឹម​ត្រូវ តែសូម​កុំបណ្តោយ​​ខ្លួនឱ្យ​​ធ្លាក់​ក្នុង​អន្លង់​​គ្រោះ​ជាន់​លើគ្រោះអី។ ត្រូវ​តែ​ចេះ​សម្រប​ខ្លួន​ទៅ​តាម​ស្ថានការណ៍ ដើម្បី​កុំ​ឱ្យ​បាត់​បង់​លំនឹង​ជីវិត មាន​​វិបត្តិ​ដំណេក (គេង​មិន​លក់) ដែល​អាចធ្វើ​​ប៉ះពាល់ដល់សុខភាព​រាងកាយ ឬ​មាន​ជំងឺធ្លាក់​ទឹក​ចិត្ត​បាន។ បើ​តាម​លោក​វេជ្ជបណ្ឌិត អេរីច ស្ហាល្ស Eric Charles គ្រូពេទ្យ​ជំនាញ​ចិត្តសាស្ត្រ​​នៅ​មន្ទីរពេទ្យ​ Esquirol ក្រុង​លីម៉ូប្រទេសបារាំង ​ពេល​នៅ​តែ​ផ្ទះ មនុស្សយើង​លែង​សូវ​មាន​កំហិតថា​ត្រូវ​គោរពចង្វាក់​សង្គម (​ពេលម៉ោង ធ្វើដំណើរ ​ទៅ​ធ្វើការ មកផ្ទះ​ ឬ​​ ​សំរាកហើយ)​។ លក្ខខណ្ឌ​បែបនេះ អាច​នឹង​ធ្វើ​ឱ្យ​​​​ចង្វាក់​ដំណេកប្រែប្រួល​ ​ដែល​ជួន​អាច​ក្លាយ​ទៅ​ជាវិបត្តិ​ គេង​មិន​លក់​ តែ​ម្តង។ នេះ​ជា​ការ​សង្កេត​ឃើញ​របស់លោក​វេជ្ជបណ្ឌិតដដែល។

ម្យ៉ាង​វិញ​ទៀត នៅពេល​ រាងកាយ​ស្រណុកស្រួល​ជាង​ពេល​ធម្មតា ពុំ​សូវ​បញ្ចេញ​កម្លាំង​ ពុំសូវ​មាន​សកម្មភាព​ ពុំ​សូវ​ចំណាយថាមពល មិន​សូវហត់ នៅ​​ពេល​យប់ឡើង​ យើង​ក៏​មិន​សូវ​លង់​ក្នុង​ដំណេក​​ខ្លាំង ទើប​អ្នក​ខ្លះ​គិត​ថា​គេង​មិន​លក់ ឬ​ពិបាកគេង​។ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​ អ្នក​ជំនាញ​ផ្នែក​ដំណេក​នៃ​វិទ្យាស្ថាន​ជាតិ​ផ្នែក​ដំណេកបារាំង សូម​ផ្តល់​អនុសាសន៍​ដូច​ខាង​ក្រោម៖

ត្រូវ​រក្សា​ទម្លាប់​ និង​ចេះ​ស្តាប់​សេចក្តីត្រូវ​ការ​របស់​ខ្លួន​

ចូលគេង​នៅ​ពេល​ងងុយ និង​ចូល​គេង​តាម​ទម្លាប់។ ទម្លាប់​ចូល​គេងម៉ោង​ប៉ុន្មាន ត្រូវ​ចូល​នៅ​ម៉ោង​នោះ ទម្លាប់​ភ្ញាក់​ម៉ោង​ប៉ុន្មាន​ត្រូវងើបនៅ​ម៉ោង​ដដែល។​ ហេតុ​អ្វីត្រូវ​គោរព​ពេលម៉ោង​ខ្លាំងម៉្លេះ បើ​នៅ​តែផ្ទះ​ទៅ​ហើយ ? មុន​នឹង​ផ្តល់​ចម្លើយ​ អ្នក​ជំនាញ​សុខភាព​បាន​សួរ​តប​វិញ​ថា តើលោកអ្នកធ្លាប់​សម្គាល់ឃើញ​ដោយ​ខ្លួនឯង​ទេថា នៅ​ពេល​សម្រាក​វិស្សមកាល ឬ​ថ្ងៃអត់​ធ្វើការ យើង​ប្រឹង​គេង​ច្រើន​លើស​ទម្លាប់ ប៉ុន្តែ​នៅ​ពេល​ភ្ញាក់​ឡើង យើង​នៅ​តែ​មានអារម្មណ៍​នឿយហត់អស់​កម្លាំងមិនស្រលះ​ក្នុង​ខ្លួនដដែល ?! “គេ​ងច្រើន​ហើយ​នៅ​តែមាន​អារម្មណ៍​​មិន​ឆ្អែត”​ នេះ​ហើយ​ជា​ឥទ្ធិពល​នៃ​ការ​មិនគោរពចង្វាក់​​របស់​សរីរាង្គកាយ(ពេល​គេង​និង​ពេល​ភ្ញាក់) ដែល​មានពីកំណើត។ ​ មនុស្ស​យើង​ម្នាក់ៗ​ កើត​មក​ មាន​ពេលម៉ោងនិង​​សេចក្តី​ត្រូវ​ការផ្នែក​ដំណេក​ខុសៗ​គ្នា ខ្លះ​ត្រូវ​ការ​គេង​ច្រើន ខ្លះ​ត្រូវការគេង​តិច ខ្លះ​ត្រូវ​ការ​គេង​ពីព្រលប់​ភ្ញាក់​ពី​ព្រលឹម ជា​ដើម។ល។

ប៉ុន្តែបើគេង​មិន​លក់ និងទោះ​បីមាន​អារម្មណ៍​ថា​គេង​មិន​ឆ្អែត​យ៉ាងណា​ក៏​ដោយ បើដល់​ម៉ោង​ភ្ញាក់ហើយ​ត្រូវ​ងើប​ឱ្យ​ផុត​ពី​គ្រែ។ គ្រែ​ជាកន្លែង​សម្រាប់​ដេក។ ​បើ​គេង​មិន​លក់​ ត្រូវ​ងើប​ចេញ។ កុំ​ដង្អក់នៅ​លើ​គ្រែឱ្យសោះ។

ពន្លឺ​ព្រះអាទិត្យ​នាពេល​ព្រឹក ជា​ឱសថ

​​អារម្មណ៍​ថាអស់​កម្លាំងពេលភ្ញាក់​ឡើង ព្រោះ​​ខុស​ចង្វាក់​​ធម្មជាតិរបស់​សរីរាង្គកាយ គ្មានអ្វី​ប្រសើរ​ជាងទៅ​ព្យាបាល​ដោយការ​​ស្រូប​ពន្លឺ​ព្រះអាទិត្យ​នាពេលព្រឹក​ទេ។ ងើប​ឡើង ចេញទៅក្រៅ​ផ្ទះ ឱ្យ​ត្រូវ​ពន្លឺព្រះ​អាទិត្យ​ ឬឈរមាត់​បង្អួច​ ​អង្គុយ​ក្នុង​កន្លែង​ដែល​មានពន្លឺ (ព្រះ​អាទិត្យឬ​អំពូល​ភ្លើង) ​​ខ្លាំង​ជាង​គេ​ កន្លះ​ម៉ោង គឺ​ជា​ថ្នាំព្យាបាល​កែតម្រូវ​ពេល​ម៉ោងភ្ញាក់​របស់យើង​យ៉ាង​មាន​ប្រសិទ្ធភាពបំផុត។ បន្ទាប់​មក​ ​ស្រស់ស្រូប​អាហារ​ពេលព្រឹក​ឱ្យ​បាន​ឆ្អែត​ផ្ទៃ ក៏​ជា​ដំណោះស្រាយ​​ល្អ​នៃ​ការ​សម្រួល​ចង្វាក់ដំណេក​និង​ការ​ភ្ញាក់​របស់​យើង​ដែរ។ ​ពត់ខ្លួន​ពត់ប្រាណ​១៥នាទី រួច​ទៅ​លុប​លាង​ខ្លួន សម្អាតកាយា ប្តូរ​សម្លៀក​បំពាក់​រាត្រី ទៅ​ជា​សម្លៀកបំពាក់​ស្អាត​ដូច​ចេញទៅ​ធ្វើការ និង​បើ​ក​ទ្វារ បង្អួច ផ្ទះ​និង​បន្ទប់​គេងចំហ ១០​ទៅ១៥​នាទី ឱ្យ​ខ្យល់​ចេញចូល ខ្យល់​ចាស់​ចេញ​ ខ្យល់​ថ្មី​ចូល​។ ហើយ​ចាប់​ធ្វើការ

គោរព​ពេលម៉ោង​ធ្វើការ

សូម​កុំប្តូរទម្លាប់​ពេលម៉ោង​ធ្វើការ ! ប្រសិន​បើ ​អ្នកជា​បុគ្គលិកធ្វើការ​ពេលយប់ ត្រូវ​បន្ត​ស្វែង​រកការ​បញ្ចេញសកម្មភាព​​​នៅ​ពេល​យប់ដដែល។ នេះ​ជាការ​បញ្ជាក់​របស់​លោកវេជ្ជបណ្ឌិត អេរិច ស្ហាល្ស ដែល​​ទទូច​ណែនាំ​ ដល់​​អ្នក​ធ្វើការ​ពេល​ថ្ងៃ និង​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​ធ្វើការអនឡាញតាម​ផ្ទះ ​កុំ​ពន្យារ​ការងារ​ទៅ​ធ្វើ​នៅ​ពេលយប់ ក្រោមលេស​ថា​ស្ងប់​ស្ងាត់​ស្រួលឱ្យ​ធ្វើការ​ឱ្យ​សោះ ព្រោះនេះ​ជា​ទម្លាប់អាក្រក់​​អាចទៅ​រំខានចង្វាក់​ដំណេក​យ៉ាង​ខ្លាំង។ ចំពោះ​កូនៗ ត្រូវ​កំណត់​ម៉ោង​ឱ្យ​ភ្ញាក់ អាច​យូរ​ជាង​ទម្លាប់​ធម្មតាបន្តិច ប៉ុន្តែមិន​ត្រូវ​ឱ្យ​គេង​រហូត​ដល់​ថ្ងៃ​ត្រង់​ឡើយ។ នេះ​ជា​សេចក្តីណែនាំ​បន្ថែម​របស់​លោក​វេជ្ជបណ្ឌិត​ដដែល។

គេង​ថ្ងៃ

សំរាន្តមិន​លក់ឬមិន​ឆ្អែត នៅ​ពេលយប់ក៏​មិន​ថ្វី​ដែរ ព្រោះ​យើង​អាច​នឹង​ត្រូវ​បំពេញ​នៅ​ពេល​ថ្ងៃ​បាន ដោយ​​​ពេល​នេះ យើង​នៅ​តែ​ផ្ទះហើយ​ទេតើ?! ប៉ុន្តែ​សូមប្រយ័ត្ន​ ! សូម​កុំ​រំពឹង​លើ​ទស្សនៈ​នេះ​ខ្លាំង​ពេក។ លោក​អ្នកអាច​ជ្រើសរើស​បំពេញ​កង្វះ​ដំណេក​នៅ​ពេល​យប់ ដោយ​ការ​សំរាក​ថ្ងៃបាន​ ដរាប​ណា​តែ​អ្នក​គោរព​វិន័យ​ឱ្យ​បានត្រឹមត្រូវ ៖ គឺសំរាន្តតែ​​មួយ​ភ្លែត ​​មិនត្រូវគេង​​យូរ ​លើស​ពីមួយ​ម៉ោង​ទេ។ សូម​ចង​ចាំថា ការ​​សំរាក​ថ្ងៃ ពី​១៥​ទៅ​២០នាទី ទើប​ល្អ​ប្រពៃ ផ្តល់​គុណប្រយោជន៍​ដល់​សុខភាព។ ក្នុង​រយៈ​ពេលនេះ អ្នក​លក់​តែ​មួយ​វឹងទេ។ តែ​ បើ​តាមបច្ចេកទេស មួយ​វឹង​ដំបូងនៃ​វគ្គ​ដំណេក​ដែល​ ​អាច​ផ្តល់ផល​ល្អ​ ជួយ​បំបាត់​​ភាព​នឿយហត់បាន​យ៉ាង​គ្រប់​គ្រាន់​។

ហាត់ប្រាណ ឬ ​ប្រើ​កម្លាំងកាយ

ជា​ចុង​ក្រោយ សូមកុំសំកុក​តែ​នៅ​មុខ​កុំព្យូទ័រ​ឬ​ទូរស័ព្ទ​មួយ​ថ្ងៃ​វាល់​ល្ងាច​ឱ្យ​សោះ។ ដើម្បី​រក្សា​ចង្វាក់​ដំណេក​ គេង/ភ្ញាក់ បាន​ត្រឹម​ត្រូវ​​ លោកវេជ្ជបណ្ឌិត អេរិច ស្ហាល្ស សូម​ណែនាំ​ឱ្យអស់​លោក ព្យាយាម​ធ្វើ​លំហាត់​ប្រាណ ធ្វើ​កីឡាក្នុង​ផ្ទះ​ និង​ព្យាយាម​បញ្ចេញ​សកម្មភាព​ដោយ​​ប្រើ​កម្លាំងកាយ ប្រើ​ដៃ​ជើង​ បោសផ្ទះ ធ្វើ​សួន​ ដាំ​ផ្កា (បើមាន) ...​។ ចុះតើ​ត្រូវ​ធ្វើកីឡា​អ្វី បើ​នៅ​តែ​ក្នុង​ផ្ទះ​ដ៏​តូច​ចង្អៀត​មួយ​នោះ ?! សំខាន់​គឺការ​តាំងចិត្ត និង​ការ​ដាក់​​វិន័យ​លើ​​ខ្លួនឯង។ ​គ្មាន​ម៉ាស៊ីន​រត់ គ្មាន​ដុំអាល់ទែរ មិនមែន​ជា​បញ្ហា​ទេ។ នៅពេល​និយាយ​ទូរស័ព្ទ សូម​កុំ​អង្គុយ​និយាយ តែត្រូវ​ងើប​ដើរ ដើរ​បណ្តើរ​និយាយ​បណ្តើរ ដើរទៅដើរ​មកបែប​នេះបើ​គិត​គីឡូម៉ែត្រ​ពិត​ជា​មិន​តិច​ឡើយ ឬ​ស្តាប់​ចម្រៀង​បណ្តើរ​រាំ​បណ្តើរ ក៏​ជា​ការ​ចូល​ចំណែក​បញ្ចេញ​សកម្មភាព​រាងកាយដែរ។ អ្នក​មិនចូល​ចិត្ត​បែប​​ចេះ​លេង​សើចទេ ដូច្នេះដើម្បី​ទ្រទ្រង់​សុខភាព​ ​​លោក​អ្នកអាចអនុវត្តធ្វើ​កីឡា​នៅ​ក្នុង​ផ្ទះ នូវលំហាត់សាមញ្ញៗ​ជា​ច្រើន។ ឧទាហរណ៍ ៖

  • លំហាត់​បែបកំដៅ​សាច់ដុំ ឈរ​ធ្វើ​​សម្រាកប្រុង លើកដៃ​កន្ទែក​ជើង​ ជញ្ជ្រុំ​ជើងគ្រវីដៃ កន្ទែករួច​បង្រួមជើង ពី​ចង្វាក់យឺត​ ទៅ​ល្មម រួច​លឿន
  • លំហាត់​​ស៊ូម៉ូ ៖ កន្ទែក​ជើង​ទាំង​ពីរ​ឱ្យ​ធំ​ល្មម រួចបន្ទន់​ជង្គង់​ដូច​ចង់​អង្គុយ ដៃកាន់​ផ្អោម​គ្នា​នៅ​ត្រឹម​​ទ្រូង រក្សា​ជំហរ​បែប​នេះ​រយៈពេល​១៥-២០វិនាទី។ សម្រាក​រួច​ធ្វើ​បែប​នេះ​បួន​ប្រាំ​ដង។ លោក​អ្នក​អាច​បង្កើន​ការ​លំបាក​ ដោយ​អង្គុយ​ងើបៗ​​លើ​ខ្យល់​ ឱ្យ​បាន​១០​ទៅ​២០​ដង​ជាប់ៗ​គ្នា។
  • លំហាត់ពង្រឹង​សាច់​ដុំ​ពោះ​ ៖ ដូច​ធ្វើ​អាវ៉ង់ សណ្តូកខ្លួន​ឱ្យ​ត្រង់ ដោយ​ច្រត់លើ​បាត​ដៃ និង​ចុង​ជើង។ រក្សា​ជំហរ​បែប​នេះ ១០​ទៅ ២០​វិនាទី នៅ​ពេល​ដំបូង។ ក្រោយ​មក​លោកអ្នក​អាច​ដោះជើង​ម្តងម្ខាង​ដូច​ត្រៀម​រត់​ប្រណាំង។
  • លំហាត់ពង្រឹង​សាច់​ដុំ​ត្រគៀក ៖ ដេក​ផ្ញាដាក់​ក្បាល​ផ្ទាល់​ដីឱ្យ​រាប ដៃ​ដាក់ស្របនឹង​ដង​ខ្លួន ដាក់​បាត​ជើង​ទាំង​ពីរ​ ផ្អិប​ផ្ទាល់​ដី​ដែរ រួចបង្ហើបត្រកៀក​ឡើងឱ្យ​ត្រង់ខ្លួន និងរក្សាជំហរ​នេះ​ឱ្យ​បាន​១០-២០វិនាទី សម្រាប់​អ្នក​ចាប់​ផ្តើម​ដំបូង។  
  • លំហាត់​ពង្រឹង​សាច់​ដុំ​ពោះ​និង​ភ្លៅ ៖ ដេក​ផ្ញាដាក់​ក្បាល​ផ្ទាល់​ដីឱ្យ​រាប ដៃ​ដាក់ស្របនឹង​ដង​ខ្លួន លើកជើង​ទាំង​ពីរ ឱ្យ​ផុត​ពី​ដី​ប្រមាណ​២០-៣០​សង់ទីម៉ែត្រ​ រយៈ​ពេ​ល២០-៣០​វិនាទី (ធ្វើកាន់​តែ​យូរ​កាន់​តែ​ល្អ តែ​មិន​ត្រូវ​បង្ខំ​ពេក​ទេ) ឬ​លើក​ជើង​ទាំង​ពីរ​ម្ខាង​ឡើង​ម្ខាង​ចុះ ឬ ធ្វើ​ដូចជាធាក់កង់

 

បើ​អាច​កំណត់​ពេលម៉ោង​ធ្វើ​​​កីឡា​ប្រចាំ​ថ្ងៃ ឱ្យទៀត​ទាត់​ពេល​វេលា ក្នុង​រយៈ​ពេល​​៣០​នាទី យ៉ាង​តិចកាន់​តែ​ប្រសើរ។ សូម​បញ្ឈប់​ការ​​ប្រើ​និង​បញ្ចេញ​កម្លាំងកាយ​ បី​បួន​ម៉ោង​មុន​ដល់​ម៉ោង​ចូល​គេង។ សូមឈប់​មើល​និង​ស្តាប់​ព័ត៌មាន​ស្តីពី​កូរ៉ូណាវីរុស ឱ្យ​បានមួយ​ម៉ោង​ឬ​ពីរ​ម៉ោង​យ៉ាង​តិច​មុន​ចូលគេង ដោយ​ប្តូរ​មកជា​អាន​សៀវភៅ ស្តាប់​ចម្រៀង ស្មូត​កំណាព្យ... ការ​អាន ការ​ច្រៀងឮៗ គឺ​ជា​មធ្យោបាយ​ដ៏​ប្រពៃ​សម្រាប់​ដំណេក។ បើ​អាច​ធ្វើ​​សមាធិ​មុន​ចូល​គេ​ង នោះ​​គុណភាព​ដំណេក​អ្នកកាន់​តែ​ប្រពៃ។ សូម​ចង​ចាំ​ថា រយៈ​ពេល​នៃ​ការ​គេង​មិន​សូវ​សំខាន់​​ប៉ុន្មានទេ។ បើ​អ្នក​គេង​លក់​ស្កប់ស្កល់​ល្អ​រយៈ​ពេល​តែ​៤​ឬ​ ៥ ម៉ោងពេញ ប្រសើរ​ជាង​ប្រឹង​គេង​ លក់​រវើរវាយ​ ៨-៩​ម៉ោង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ