អានតួអត្ថបទ
នាទីសុខភាពនិងអនាម័យ

តរោម​ភ្នែក​អាចប៉ះពាល់​ដល់​សុខភាព​ភ្នែក?

ចុះផ្សាយ​នៅ​ថ្ងៃ៖

តើ​អ្នក​ធ្លាប់​​ស្រមៃ​ចង់​បាន​រោម​ភ្នែក​វែង​កោង​-ង​ដែរឬទេ? ត-បណ្តុះ​រោម​ភ្នែក​ឱ្យ​វែង​ក្រាស់​ល្អ កំពុង​ពេញ​និយម​ខ្លាំង​សម្រាប់​សុភាព​នារី​ទាំងឡាយ។ ប៉ុន្តែ​ ការ ត-អ៊ុត ឬ​កាត់រោម​ភ្នែក​ និង​លាប​ផាត់​មុខ មិនមែន​គ្មាន​ហានិភ័យ​សម្រាប់​សុខភាព​ទេ។ តើ​ជា​ហានិភ័យ​យ៉ាងណា?

សកម្មភាព​បិទ​ត​រោមភ្នែក
សកម្មភាព​បិទ​ត​រោមភ្នែក AP - Rogelio V. Solis
ផ្សាយពាណិជ្ជកម្ម

ដុះ​នៅ​ចុង​ត្របក​ភ្នែក និង​ជា​រោម​តូចៗមែន តែរោម​ភ្នែក​ អាច​ជួយ​លើក​សម្រស់និង​ពន្លឺ​​​​ក្រសែ​ភ្នែកឱ្យ​​កាន់​តែមាន​លក្ខណៈ​​ទាក់ទាញ។​​​ ​តួនាទី​របស់​រោម​ភ្នែកមិន​កំរិត​ត្រឹម​ការ​ផ្តល់​ភាព​ទាក់ទាញនិងលើក​សម្ផស្សមុខមាត់ទេ។ មនុស្ស​គ្រប់​រូប​ច្រើន​ប្រហែស​មើល​រំលង មិន​សូវ​គិត​ដល់​ឡើយ តែ​តាមការពិត​ទៅ​នោះរោមភ្នែក​មានចំណែក​យ៉ាង​សំខាន់​ក្នុងការ​​ការពារ​គ្រាប់​ភ្នែក​ទាំង​គូ​របស់​យើង ពី​ភាព​គំរាមកំហែង​ផ្សេងដែល​មាន​ប្រភព​មក​ពី​ខាង​ក្រៅ។

​រោម​ភ្នែក​មាន​តួនាទី​ដូចម្តេច​ខ្លះ?

ដូច​រោម​ចិញ្ចើម រោម​ភ្នែក​មាន​​នាទីសំខាន់​បី គឺ ជា​របង​ការពារផង ជា​លក្ខណៈបញ្ចេញ​​ទឹក​មុខផង និង​ ភាព​​ទាក់ទាញទៀត។

រោម​ភ្នែក​ជា​របង ជា​រនាំង ទប់​ វត្ថុ​មិន​ស្អាត ជា​​កម្ទេច ​លម្អង ធូលី ឱ្យ​ត្រឹម​គល់រោម​លើ​​ត្របក​ភ្នែក កុំ​ឱ្យ​ចូល​ក្នុង​ភ្នែក​បាន។ រោម​ភ្នែក ​ជា​ទំនប់ទប់​​តំណក់​ញើស​ ដែល​ជា​ទឹក​​​មិន​បរិសុទ្ធ​ មិន​ឱ្យហូរ​ចូល​មក​រំខាន​ភ្នែក​។ ហើយ​ជា​ចុងក្រោយ រោម​ភ្នែក​ប្រៀប​ដូច​ជា​វាំងនន ចាំបាំង​ទប់​កុំ​ឱ្យ​ពន្លឺ​ថ្ងៃ ឬ​កាំរស្មី​ព្រះ​អាទិត្យ ចាំង​ចូល​ភ្នែកខ្លាំង​ ដោយ​ត្រង់ៗ​ពេក នៅ​ពេល​បើក​បិទ​ភ្នែក។

រោម​ភ្នែក​មាន​ចំណែក​ជួយ​​លើកដាក់​ទឹកមុខ។ យោង​ទៅ​តាម​កម្រាស​និង​ប្រវែងរបស់​​រោម​ភ្នែក ទឹក​មុខ​មនុស្សអាច​​ប្រែប្រួលស្រស់​ស្អាត​ដោយយ៉ាង ឯ​ក្រសែភ្នែកក៏​អាច​ជ្រៅ​ ​និង​មាន​លក្ខណៈ​រលឹម​ទៅ​តាម​នោះ​ដែរ។ ពោល​គឺពេល​ធ្មេចបើកម្តងៗ ​រោម​ភ្នែកជា​តំណាង​​​នៃ​ភាព​​ទាក់ទាញ​​​របស់មនុស្ស មិន​ថា​ជា​​ស្ត្រី​ឬ​​ប្រុសឡើយ​។ ដូច​ពាក្យ​ចាស់​លោក​ថា មនុស្ស​ល្អ​​​នៅ​ត្រង់​ភ្នែកភ្លឺ​ថ្លា​ ​មាន​រោមភ្នែក​កោងង​ដូច​គេ​ពត់។

បើ​ចិញ្ចើម​ និង​រោម​ភ្នែក​ ជា​តំណាង​នៃ​ភាព​ទាក់ទាញ និង​ស្រស់​ស្អាត​ដូច្នេះ តើ​នរណា​មិន​ចង់​បាន​រោម​ភ្នែក​ងក្រាស់​ល្អនោះ។ ប៉ុន្តែ​ធម្មជាតិ​បង្កើត​មនុស្ស​មក​មិន​ដូច​គ្នា​ទេ។ ខ្លះ​មាន​រោម​ភ្នែក​ខ្លី ស្តើង រង្វើល ហើយ​សំយ៉ុង​ចុះទៀត។ ខ្លះ​ក៏​មាន​រោម​ភ្នែក​ក្រាស់ វែង និង​កោង​ ង​ល្អ​​ ដែល​លើក​សម្ផស្ស និង​ក្រសែ​ភ្នែក​ឱ្យ​កាន់​តែ​មានមន្ត​​ស្នេហ៍​ខ្លាំង​បន្ថែម​ទៀត។ ហេតុ​ដូច្នេះ​ហើយបាន​ជា នៅ​ពេល​ផាត់​មុខចូល​រួម​ក្នុង​កម្មវិធី​ធំៗ អ្នក​សំអាង​តែង​បំពាក់​រោម​ភ្នែក​ជូន​ភ្ញៀវ​។ វា​ក៏​មិនមែន​​ជា​ការ​កម្រ​ដែរ ​ដែល​ស្ត្រី​ខ្លះ​មិន​ចូល​ចិត្តតែង​ខ្លួន​​លាប​ម្សៅលាប​ក្រេម​មែន តែ​មិន​ភ្លេច​ឡើយ​ការ​​គូស​ចិញ្ចើម​ និង​ គូស​ភ្នែក​ លាប​ម៉ាស្ការ៉ា រំលេច​រោមភ្នែក​ លម្អ​មុខ​មាត់នោះ។ បិទ​រោម​ភ្នែក​សិប្បនិម្មិត​ជាក៏​​អ្វី​ដែល​មាន​ធ្វើ​ច្រើន​កន្លង​មកដែរ។​

តរោម​ភ្នែក​អាចបង្ក​ហានិភ័យ​យ៉ាងណា?

ស្ត្រី​ខ្លះ​ ហ៊ាន​ចំណាយ​ដល់​ទៅ​សាក់​ចិញ្ចើម និង​គល់​រោម​ភ្នែក ដើម្បីរំលេច​និង​បង្អួស​ក្រសែ​ភ្នែក​ និង​​កុំ​ឱ្យ​ពិបាកចំណាយ​ពេល​គូរផាត់​រាល់​ថ្ងៃ។ បច្ចុប្បន្ន និន្នាការ​ដ៏​ពេញ​និយម​មួយ​ទៀត គឺ​ការ​អ៊ុត ត​រោម​ភ្នែក​ឱ្យ​ឡើង​វែង​ កោង​ បាន​យូរ​តែ​ម្តង។ តើ​លោក​អ្ន​ក​នាង​ធ្លាប់​បាន​សាកល្បង អ៊ុត​ត រោម​ភ្នែក​ ហើយ​ឬនៅ?

បច្ចេកទេស​បណ្តុះ​ត​រោម​ភ្នែក​នេះ គឺ​ជា​ការ​បិទ​រោម​ភ្នែក​សិប្បនិម្មិត​លើ​រោម​ភ្នែក​ធម្មជាតិ​ ដើម្បី​ឱ្យ​មើល​ទៅឃើញ​ក្រាស់​និង​វែងជាង​មុន។ ដើម្បី​បិទ​ឬ​ត​រោម​ភ្នែក​សិប្បនិម្មិត គេ​ត្រូវ​ការ​ប្រើ​ដង្កៀប​សម្រាប់​ដក​រោម​ធំ​វែង ចាប់​រោម​ភ្នែក​សិប្បនិម្មិត​យក​ទៅ​បិទ​នៅ​ចន្លោះ​រោម​ភ្នែក​ពិត​ដោយ​ប្រើ​​​ជ័រកាវ​ មាន​សណ្ឋាន​អន្ធិលៗ។ ស្តាប់​ទៅហាក់​ដូច​ជា​ស្រួល​ណាស់ តែ​បញ្ហា​នៅ​ត្រង់​ថា​ បច្ចុប្បន្ន​នេះ នរណា​ក៏​អាច​ប្រកាស​ និង​តាំងខ្លួន​ជា​អ្នក​ជំនាញ​បណ្តុះ​ត​រោម​ភ្នែកបាន​ដែរ​​ ដោយ​​គ្មាន​បានទៅ​រៀន​សូត្រ​ហាត់​ហ្វឹក​ជំនាញ​នេះ​សោះ។ ហើយរូប​យើង​ផ្ទាល់​ក៏អាច​ទៅ​រក​ទិញ​ប្រដាប់​ត​រោម​ភ្នែក​តាម​អ៊ីនធ័រនែត រួច​ធ្វើ​ខ្លួន​ឯង​នៅ​ផ្ទះ​ក៏​បាន​ទៀត។

ប៉ុន្តែ​សូម​ប្រុង​ប្រយ័ត្ន​ ប្រសិន​បើ​លក្ខខណ្ឌ​អនាម័យ​មិន​គ្រប់​គ្រាន់​ ហើយ​សម្ភារៈ​ប្រើប្រាស់​មិនស្អាត មិន​​បាន​សម្អាត​សម្លាប់​មេរោគ​ត្រឹម​ត្រូវ​ទេ អ្នក​អាច​នឹង​មាន​បញ្ហា​រលាក​ ការ​បង្ក​រោគ​ និង​ឡើង​​ពពែឆ្កែ​ ព្រោះ​រោម​ភ្នែក​គឺ​ជា​ច្រក​ផ្លូវ​ដែល​បាក់តេរី​អាច​ឆ្លង​ចូល​ក្នុង​ភ្នែក​បាន។

ជាង​នេះទៅ​ទៀត គ្រូ​ពេទ្យ​ឯកទេស​ភ្នែក​បាន​ពន្យល់​ថា សមាសធាតុ​ផ្សំ​នៅក្នុង​ជ័រកាវ​ខ្លះ​អាច​នាំ​ឱ្យ​មាន​ការ​រោល​ ឬ​អាល់ឡែកហ្ស៊ី​តែម្តង​ផង។ មាន​​អ្នក​ចូល​ចិត្ត​ត​រោម​ភ្នែក​ច្រើន​ណាស់​បានក្លាយ​ជា​ជន​រងគ្រោះ ​ជួប​ករណី​អាល់ឡែកហ្ស៊ី​ ហើយ​បង្ហោះ​ផ្សាយ​ប្រាប់​តាម​បណ្តាញ​សង្គម។ ទម្រង់​នៃអាល់ឡែកហ្ស៊ី​បង្ក​ឡើង​ដោយ​ការ​ត​រោមភ្នែក អាច​ជា​ការ​លេច​ឡើង​នូវ​ក្រមរ​ស្រែងនៅ​ចុង​ត្របក​ភ្នែក​។ ក្នុង​ករណី​បែប​នេះ សូម​រូត​រះ​ទៅ​ជួប​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ភ្នែក​។

ការ​ត​រោម​ភ្នែក​អាច​ផ្តល់គ្រោះ​ថ្នាក់​មួយ​ទៀត ​គឺ​នាំ​ឱ្យ​ខូច​ភ្នែកតែ​ម្តង ប្រសិន​បើ​ធ្វើ​​ជ្រុល​។ នៅ​ពេល​រោម​ភ្នែក​សិប្បនិម្មិត​វែង​ខ្លាំង​ពេក​ រោម​ភ្នែក​នោះ​អាច​នឹង​ទៅ​ប្តូរ​ផ្លាស់​ទិសនៃការ​ដុះលូតលាស់​​របស់​រោម​ភ្នែក​ពិតៗ។ មាន​ន័យ​ថា​រោម​ភ្នែក​ធម្មជាតិ ដុះ​ចាក់​ចូល​ទៅ​ក្នុង​ភ្នែក មិនមែន​ដុះ​ចេញ​មកផ្នែក​ខាង​​ក្រៅនៃ​​ត្របក​ភ្នែក​ទេ។ ក្នុង​ករណី​បែប​នេះ រោម​ភ្នែក​នឹងទៅ​​កកិត​លើ​គ្រាប់​ភ្នែក​ បង្ក​ឱ្យ​មាន​ភាព​រំខាន​ ដូច​មាន​កម្ទេច​ដី​នៅក្នុង​ភ្នែក​ នៅ​រាល់​ពេលព្រិច​ភ្នែក។ នេះ​គឺ​ជា​គ្រោះ​ថ្នាក់​ខ្លាំង​ណាស់​សម្រាប់ភាព​គំឃើញ​របស់​​ភ្នែក​ ទៅ​ថ្ងៃមុខ។

កុំ​កាត់​​រោម​ភ្នែក​ផ្នែក​ខាង​ក្រោម

បិទ​ត​រោម​ភ្នែក​មិន​មែន​ជា​វិធី​សាស្ត្រ​ដ៏​ពេញ​និយម​សម្រាប់​លើក​សម្ផស្ស​ភ្នែក​ នា​ពេល​សម័យ​ទំនើប​នេះ​ទេ។ តាំង​ពី​ប៉ុន្មាន​ខែ​ចុងក្រោយ​មក​នេះ នៅលើ​បណ្តាញសង្គម​ មាន​មនុស្ស​ច្រើន​ឡើងៗ​បាន​នាំ​គ្នា​បង្ហាញអំពី​វិធី​ដ៏​សាមញ្ញ​ ជួយ​រំលេច​ភ្នែក​ស្អាត​ តាម​រយៈ​ការ​កាត់​រោម​ភ្នែកផ្នែក​ខាង​ក្រោម​​ ដោយ​ប្រើ​កន្ត្រៃ​ច្រិប​​តែម្តង។ កម្មវត្ថុ​នៃ​កាត់​តម្រឹម​រោម​ភ្នែក ​ឱ្យ​ខ្លី​ខ្លាំង​ស្ទើរ​ដល់​គល់ គឺ​ដើម្បី​ឱ្យ​មានភាព​​ស្រលះ​ រំលេច​រង្វង់​ភ្នែក​ ហើយ​បំបាត់​ភាព​នឿយ​ហត់។ ទម្លាប់​បែប​នេះ យើងធ្លាប់​ឮ​​និង​ឃើញ​មាន​ប្រើ​នៅក្នុង​សង្គម​ខ្មែរ​យើង​ដែរ។ ដោយ​យល់​ពី​តម្លៃ​នៃ​រោម​ភ្នែក និង​ចង់​ឱ្យ​កូន​មាន​រោម​ភ្នែក​វែង​នៅ​ពេល​ធំ ​ចាស់​សម័យ​ដើមបាន​ណែ​នាំ​ឱ្យ​អ្នក​ជា​ម្តាយ​​​កាត់​រោម​ភ្នែក​កូន​នៅ​ពេល​កើត​មក​ភ្លាម។ ចាស់​បូរាណ​ជឿថា​ ការ​កាត់​រោម​ភ្នែក​ដូចកោរ​សក់​ក្បាល។ កោរ​សក់​ញយៗ​នៅ​ពេល​តូច​នឹង​ធ្វើ​កូន​មាន​សក់​ដុះ​លូតត្រង់​​ល្អ​នៅ​ពេល​ធំ។ ក្មេង​កើត​មក​ត្រងោល ឬ​មាន​សក់​ក្រញាញ់ ត្រូវ​ឧស្សាហ៍​កោរ ដើម្បី​មាន​សក់​ច្រើន​ និង​លាល្អ។  ប៉ុន្តែ​នេះ​គ្រាន់​ជា​ជំនឿ​ប៉ុណ្ណោះ។ វិធី​កាត់​រោម​ភ្នែក​ដើម្បី​ឱ្យ​វា​ដុះ​ល្អ​ ដុះ​វែង គ្មាន​ប្រយោជន៍​ទេ និង​ជាពិសេស​ជា​កាយ​វិការ​ដ៏​គ្រោះ​ថ្នាក់​ណាស់។ ដូច​បាន​ជម្រាប​ពី​ខាង​ដើម​ រោម​ភ្នែក​មិន​មែន​គ្រាន់​តែ​ជា​រោម​សម្រាប់​លម្អ​ទេ រោម​ភ្នែក​មាន​តួនាទី​ជា​អ្នក​ការពារ​ភ្នែក​​ពី លម្អង​ធូលី​ ឬខ្យល់។ ដូច្នេះបើ​អ្នក​ដក​ កាត់​វា​អស់ គឺ​ស្មើ​នឹងការ​ដក​របង​ការពារ ហើយ​បង្កើន​ហានិភ័យ​ដល់​សុខភាព​ភ្នែក​ ដូច​ជា​ងាយ​នាំ​មាន​ជំងឺ​ឈឺ​ភ្នែក រលាក​ភ្នែក។

ការ​​​បណ្តុះ​រោមភ្នែក​​​

ចុះ​ការ​បណ្តុះ​រោម​ភ្នែកវិញ​តើ​យ៉ាងណា​ដែរ? ជា​គំនិត​និង​ជា​វិធី​ល្អ​ទេ? មាន​សេរ៉ូម​បណ្តុះ​ ឬ​ពន្លូត​រោម​ភ្នែក​ ច្រើន​យ៉ាង​ច្រើន​បែប​ណាស់ ដាក់​លក់​នៅ​លើ​ទីផ្សារ។ ផលិតផល​ទាំងអស់​នោះ មាន​ផ្ទុក​ជាតិ​អាស៊ីអាមីណេ ដែលលាប​ទៅ​​ទំនង​អាចជួយ​​បើក​សរសៃ​ឈាមឱ្យ​រីក​ធំ នាំ​ឈាម​ទៅ​ចិញ្ចឹម​ត្របក​ភ្នែក​បាន​ច្រើន ពោល​គឺ​ដូច​ជួយ​នាំ​អាហារ​ទៅចាក់​​បំប៉នគល់​​រោម​ភ្នែក​ ដែល​បើ​តាម​ក្បួន​នឹង​ធ្វើ​ឱ្យ​សរសៃ​រោម​ភ្នែក​ដុះ​លូតលាស់​លឿន។ ប៉ុន្តែ​ដោយ​ជាក់​ស្តែង​នោះ គ្មាន​ទេ​ភស្តុតាង​បញ្ជាក់​អំពី​ប្រសិទ្ធភាព​​តាម​បែប​វិទ្យាសាស្ត្រនៃការ​​បំប៉ន​រោម​ភ្នែក​ឱ្យ​ដុះ​បាន​លឿន​នោះ។ គ្មាន​អ្វី​ប្រសើរ​ជាង​បណ្តោយ​ឱ្យ​រោម​ភ្នែក​ដុះ​លូត​លាស់​តាម​ដំណើរ​ធម្មជាតិ​ទេ ដោ​យ​ចេះ​ស្តាប់​សេចក្តី​ត្រូវ​ការ​របស់​សរីរាង្គកាយ​ និង​មាន​អនាម័យ​ល្អ​ក្នុង​ការ​រស់​នៅ​ទេ។ អនាម័យ​ល្អ​ក្នុង​រស់​នៅ គឺទទួល​ទាន​អាហារ​មាន​គ្រប់​ជីវជាតិ​ មាន​លំនឹង​ សម្បូរ​វីតាមីន​ ជាតិ​រ៉ែ​ដែក​ សំរាន្ត​គ្រប់​គ្រាន់​ ទទួល​ទាន​ទឹក​ច្រើន និង​កម្ចាត់​ស្ត្រេស។

​​​វិធីការពារ​និង​​ជួយ​រោម​ភ្នែក​ឱ្យ​ដុះ​ល្អ​

មាន​រោម​ភ្នែក​វែង ក្រាស់ កោង-ង​ល្អ ជា​ក្តី​ស្រមៃ​ចង់​បាន​របស់​ស្ត្រី​គ្រប់​រូប។ ទោះ​បី​ជា​​​ធម្មជាតិផ្តល់​ឱ្យ​​មនុស្ស​មិន​ដូច​គ្នា តែ​គេ​អាច​តម្រែ​តម្រង់រោម​ភ្នែក​ឱ្យ​លូត​លាស់​បាន​លឿន​និង​មាំ​ល្អ តាម​រយៈ​កាយវិការ​ដ៏​សាមញ្ញ​បី​យ៉ាង៖

រោម​ភ្នែក ជាពពួក​​រោម​ ដែល​ត្រូវ​ការការ​​ថែទាំ​ដូច​សក់​ក្បាល​ ដោយ​ត្រូវឧស្សាហ៍​​សិត​ ទើប​វា​ដុះ​លឿន​និង​ល្អ​។ ដោយ​ជា​រោម​ខ្លី កា​រសិត​ត្រូវ​ប្រើ​ជក់ទ្រវែង​តូចៗ​​មក​បង្អូសពី​លើ និង​ពីក្រោម​​​រោម​ភ្នែក។​

ចៀសវាងកុំ​ញី​ភ្នែក ដែលហាក់​ដូច​ជា​ទៅកន្ទ្រាក់​ទាញ​​​រោម​​ភ្នែក​ ឱ្យដាច់ ឱ្យ​ជ្រុះ មក​តាម​កម្លាំង​ញី។ ជា​ចុង​ក្រោយ សូម​កឧស្សាហ៍​ប្រើ​ម៉ាស្ការ៉ាពេក បើ​អាច​ចៀសបាន​កាន់​តែ​ប្រសើរ​។ បើ​មិន​អាច​ចៀសបាន ត្រូវ​លាប​ស្រាលៗ និង​សូម​កុំ​ប្រើប្រដាប់​ពុត​រោម​ភ្នែក​ពេល​លាប​ម៉ាស្ការ៉ា​ហើយ។ អ្នក​ជំនាញ​រោមភ្នែក​នៅ​ប្រទេស​បារាំង បាន​ពន្យល់​ថា នៅ​ពេល​លាបម៉ាស្ការ៉ាហើយ​វា​ស្ងួ​តទៅ​ រោមភ្នែក​ក៏​ស្ងួត​ខ្លាំងដែរ​។ នៅ​ពេល​លាង​ជម្រះ អ្នក​ខ្លះ​មិន​ប្រយ័ត្ន​ជូន​លាង​ខ្លាំង​ពេក​ដូច​ទៅ​គាស់​រំលើង​ញី​រោម​ភ្នែក​ឱ្យ​វក់​វី​ដោយ​គ្មាន​ប្រណី​ដូច្នោះ។

សូម​សម្អាត​រោម​ភ្នែក ដូច​ជា​ផ្នែក​ដទៃ​នៃ​សរីរាង្គកាយ ដោយភាព​​ប្រុងប្រយ័ត្ន​។​ បើ​អ្នក​ប្រើ​ផលិតផល​សំអាងហើយ ត្រូវ​យក​សំឡី​សើម​ផ្តិត​ផ្អាប់​លើ​ភ្នែក​ពីរបី​វិនាទី​សិន​សឹម​អូស​ជូន​ដោយ​ថ្នម​យក​ជាតិ​កខ្វក់​ចេញពី​រោម​និង​ត្របក​ភ្នែក។ បើ​ចាំបាច់​ត្រូវ​ត​រោម​ភ្នែក ត្រូវ​ស្វែង​រក​អ្នក​ជំនាញ​ត្រឹម​ត្រូវ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ