អានតួអត្ថបទ
កម្ពុជា សង្គម

សហជីពចាប់ផ្តើមយុទ្ធនាការក្រោមពាក្យស្លោក«និយាយថាទេ! ចំពោះការស្រេកឃ្លានរបស់កម្មករ»

មេដឹកនាំ​សហជីព​ និង​សមាគម​មក​ពី​ច្រើន​វិស័យ​ការងារ​ នៅ​ថ្ងៃ​សុក្រ​នេះ ​បាន​ជួប​ប្រជុំ​គ្នា​នៅ​ក្នុង​ខណ្ឌ​មានជ័យ​ ដើម្បី​ប្រកាស​បើក​យុទ្ធនាការ​ទាមទារ​ឲ្យ​មាន​ការ​ទូទាត់​ប្រាក់​បំណាច់​អតីត​ភាព​ការងារ​ និង​លុប​ចោល​លិខិត​របស់​នាយកដ្ឋាន​អធិការកិច្ច​ការងារ​លេខ​២៩៥​។ ការ​ជួប​ជជែក​គ្នា​របស់​ក្រុម​មេ​ដឹកនាំ​សហជីព​ និង​សមាគម​នៅ​ពេល​នេះ​ គឺ​ធ្វើ​ឡើង​បន្ទាប់​ពី​កម្មករ​ និយោជិត​ បាន​បាត់បង់​ផល​ប្រយោជន៍​ដោយសារ​ការ​បកស្រាយ​ខ្លឹមសារ​មួយ​ចំនួន​ពី​ក្រសួង​ការងារ​ និង​ការ​ពន្យា​ពេល​បើក​ប្រាក់​អតីត​ភាព​ការងារ​ឆ្នាំ​២០២០​នេះ​។

ក្រុមមេដឹកនាំសហជីព និងសមាគម ទាមទារឲ្យមានការទូទាត់ប្រាក់បំណាច់អតីតភាពការងារ
ក្រុមមេដឹកនាំសហជីព និងសមាគម ទាមទារឲ្យមានការទូទាត់ប្រាក់បំណាច់អតីតភាពការងារ © FB
ផ្សាយពាណិជ្ជកម្ម

នៅចំពោះមុខអ្នកចូលរួម ដែលជាកម្មករយោជិតមកពីវិស័យការងារផ្សេងៗគ្នាជាច្រើននាក់ ក្រុមមេដឹកនាំសហជីព និងសមាគម បានលើកឡើងថាការស្នើសុំទៅរដ្ឋាភិបាល ឲ្យជួយដោះស្រាយនូវការបាត់បង់ផលប្រយោជន៍កម្មករនិយោជិត ដោយសារតែការបកស្រាយរបស់នាយកដ្ឋានអធិការកិច្ចក្រសួងការងារជុំវិញ ប្រាក់សោហ៊ុយជំងឺចិត្ត និងប្រាក់បំណាច់ទូទាត់ជួសការឲ្យដំណឹងមុន មិនត្រូវបានឆ្លើយតប។

អ្នកសហជីពបានលើកឡើងថា លិខិតលេខ២៩៥របស់លោក អ៊ុក ចាន់ធូ ដែលជាប្រធាននាយកដ្ឋានអធិការកិច្ច ក្រសួងការងារ កាលពីចុងខែមិថុនា បានអនុញ្ញាតឲ្យនិយោជកអាចបញ្ឈប់ការងារកម្មករនិយោជិតភ្លាមៗបាន ដោយពុំចាំបាច់ផ្តល់ប្រាក់សោហ៊ុយជំងឺចិត្ត និងប្រាក់បំណាច់ទូទាត់ជួសការឲ្យដំណឹងមុន ក្នុងករណីសហគ្រាស និងគ្រឹះស្ថានទាំងនោះត្រូវបានបិទស្របតាមខ្លឹមសារប្រកាសរបស់ក្រសួងទទួលបន្ទុកវិស័យការងារ។

លោក ប៉ាវ ស៊ីណា ប្រធានសម្ព័ន្ធសហជីពចលនាកម្មករ និងមេដឹកនាំសហជីពឯទៀតបានលើកឡើងស្រដៀងគ្នាថា លិខិតរបស់អធិការកិច្ចការងារ បានផ្តល់ឱកាសដល់និយោជក ក្នុងការរកលេសដើម្បីបិទរោងចក្របន្ទាប់ពីព្យួរនៅក្នុងអំឡុងពេលវិបត្តិកូវីដ១៩ ដោយមេដឹកនាំសហជីពរូបនេះ បានលើកឡើងជាឧទាហរណ៍ ដែលបានកើតឡើងជាក់ស្តែងចំពោះ ការបិទរោងចក្រវ៉ាយអូលែតកាលពីពេលថ្មីៗនេះ។

ឆ្លៀតក្នុងឱកាសនេះ ក្រុមមេដឹកនាំសហជីព និងសមាគម ក៏បានប្រើប្រាស់សារស័ព្ទនៅថ្ងៃនេះរួមមានដូចជា«និយាយថាទេ! ចំពោះការស្រេកឃ្លានរបស់កម្មករ» «គ្រប់គ្នាខ្លាចកូវីដ! ខ្ញុំខ្លាចដាច់បាយ សូមផ្តល់ប្រាក់អតីតភាពការងារឲ្យខ្ញុំ»។ ក្រៅពីនេះ អ្នកសហជីពក៏បានស្នើឲ្យសមាជិករបស់ពួកគេរាប់ម៉ឺននាក់ប្តូរឡូហ្គូហ្វេសប៊ុកផ្ទាល់ខ្លួន ហើយដាក់ជំនួសឡូហ្គូដែលមានខ្លឹមសារជាសារទាំងអស់នេះវិញ ចាប់ពីពេលនេះទៅ។

សូមរំលឹកថា មេដឹកនាំសហជីព និងសមាគមប្រមាណជាង១០ស្ថាប័ន បានធ្វើការដាក់លិខិតតវ៉ា និងសុំអន្តរាគមន៍ជាបន្តបន្ទាប់ចាប់ពីខែមករា ឆ្នាំ២០២០ រហូតមកដល់បច្ចុប្បន្នទៅកាន់ក្រសួងការងារ និងខុទ្ទកាល័យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីស្នើសុំលុបចោលលិខិតរបស់អធិការកិច្ចការងារ និងស្នើសុំលុបចោលការពន្យាពេលបើកប្រាក់អតីតភាពការងារសម្រាប់ឆ្នាំ២០២០ ទៅឆ្នាំក្រោយ។ ក៏ប៉ុន្តែការស្នើសុំទាំងអស់នេះ មិនទាន់ឃើញមានការឆ្លើយតបពីរដ្ឋាភិបាលនៅឡើយទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ