អានតួអត្ថបទ
កម្ពុជា សង្គម

ក្រុមសហជីពស្នើរដ្ឋាភិបាលកុំធ្វើវិសោធនកម្មច្បាប់ការងារ ដោយហេតុខាតបង់ប្រយោជន៍កម្មករ

ក្រុម​មេ​ដឹក​នាំ​សហជីព​នៅ​ក្នុង​ប្រទេស​កម្ពុជា​ នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ​ បាន​ឯកភាព​គ្នា​ដាក់​សំណើរ​ទៅ​ក្រសួង​ការងារ​ ស្នើសុំ​កុំ​ឲ្យ​រដ្ឋាភិបាល​ធ្វើ​វិសោធនកម្ម​មាត្រា​ចំនួន​៣​នៃ​ច្បាប់​ស្តី​ពី​ការងារ​ ក្នុង​នោះ​មាន​មាត្រា​១៤៤ ​មាត្រា​១៦២ ​និង​មាត្រា​៣០០។ មាត្រា​ទាំង​៣​នៃ​ច្បាប់​ស្តី​ពី​ការងារ​នេះ​ ត្រូវ​ក្រុម​មេ​ដឹកនាំ​សហជីព​មើល​ឃើញ​ថា​ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ផល​ប្រយោជន៍​កម្មករ​ និយោជិត​យ៉ាង​ខ្លាំង​ខណៈ​ដែល​កម្មករ​ និយោជិត​ កំពុង​ប្រឈម​នឹង​បញ្ហា​សេដ្ឋកិច្ច​ អំឡុង​ពេល​នៃ​ការ​ឆ្លង​រាត​ត្បាត​នៃ​មេរោគ​កូវីដ​១៩។​

កិច្ចពិភាក្សាត្រីភាគីបូកស្តីពីវិសោធនកម្មច្បាប់ការងារ ដឹកនាំដោយរដ្ឋមន្ត្រីក្រសួងការងារ និងមានការចូលរួមពីតំណាងសមាគមនិយោជក តំណាងសហជីព រួមនឹងអ្នកពាក់ព័ន្ធវិស័យការងារមួយចំនួនទៀត នាពេលកន្លងមក
កិច្ចពិភាក្សាត្រីភាគីបូកស្តីពីវិសោធនកម្មច្បាប់ការងារ ដឹកនាំដោយរដ្ឋមន្ត្រីក្រសួងការងារ និងមានការចូលរួមពីតំណាងសមាគមនិយោជក តំណាងសហជីព រួមនឹងអ្នកពាក់ព័ន្ធវិស័យការងារមួយចំនួនទៀត នាពេលកន្លងមក © សហការី
ផ្សាយពាណិជ្ជកម្ម

មាត្រា១៤៤ មាត្រា១៦២ និងមាត្រា៣០០ ដែលក្រុមសហជីពយល់ថាបានប៉ះពាល់ដល់អត្ថប្រយោជន៍កម្មករជាច្រើន នៅពេលដែលរដ្ឋាភិបាលធ្វើវិសោធនកម្មនោះ ត្រូវបានលើកយកមកជជែកគ្នាយ៉ាងផុលផុសជាថ្មីម្តងទៀត ដោយអ្នកសហជីពសម្រេចថានឹងស្នើទៅរដ្ឋាភិបាលឲ្យបញ្ឈប់ការធ្វើវិសោធនកម្មវិញ ដើម្បីកុំឲ្យប៉ះពាល់ដល់កម្មករ និយោជិតដែលកំពុងជួបប្រទះការលំបាកក្នុងជីវភាព។

ក្រុមមេដឹកនាំសហជីពបានបង្ហាញនូវការទំទាស់ចំពោះការប៉ុនប៉ងធ្វើវិសោធនកម្មច្បាប់ការងារមាត្រា១៤៤ ដែលវិសោធនកម្មនេះ នឹងធ្វើឲ្យកម្មករ និយោជិត ទទួលបានប្រាក់ឈ្នួលដូចជាការងារវេនថ្ងៃដែរ។ ការងារវេនយប់គឺជាការងារដែលកម្មករ និយោជិត ធ្លាប់ទទួលបានប្រាក់ឈ្នួល១៣០% ដែលធ្វើការចាប់ពីម៉ោង២២ដល់ម៉ោង៥ភ្លឺ។ មាត្រា១៤៤នៃច្បាប់នេះ រដ្ឋាភិបាលធ្លាប់បានធ្វើវិសោធនកម្មម្តងហើយកាលពីឆ្នាំ២០០៧ ដោយមានការកាត់បន្ថយប្រាក់ឈ្នួលពី២០០%មកត្រឹម ១៣០%។

ជាមួយគ្នានេះ មាត្រា១៦២ បានលើកឡើងពីការឈប់សម្រាកថ្ងៃបុណ្យចំថ្ងៃអាទិត្យ នឹងត្រូវលើកទៅឈប់នៅថ្ងៃបន្ទាប់ ដែលការឈប់សម្រាកនេះនឹងមិនមានទេ ប្រសិនបើមាត្រានេះត្រូវបានគេធ្វើវិសោធនកម្ម។ ការជំទាស់របស់អ្នកសហជីពដូច្នេះ គឺកម្មករអាចខាតបង់ពី២ទៅ៣ថ្ងៃ ក្នុងមួយឆ្នាំបន្ថែមពីលើការកាត់បន្ថយថ្ងៃឈប់សម្រាកសាធារណៈចំនួន៦ថ្ងៃរួចទៅហើយ ដែលស្នើដោយភាគីនិយោជក។  

ដោយឡែកមាត្រា៣០០ វិញគឺទាក់ទងទៅនឹងវិវាទបុគ្គល ដែលក្រុមអ្នកសហជីពចង់ឲ្យវិវាទរួមនិងវិវាទបុគ្គលត្រូវឆ្លងកាត់ក្រុមប្រឹក្សាអាជ្ញាកណ្តាល ជាជាងបញ្ជូនជំលោះនេះ ទៅកាន់តុលាការតែម្តង។

ក៏ប៉ុន្តែរដ្ឋាភិបាលអះអាងថា ការធ្វើវិសោធនកម្មលើមាត្រាច្បាប់សហជីពនេះ គឺដើម្បីទាក់ទាញអ្នកវិនិយោគបន្ថែមទៀតនៅក្នុងឧស្សាហកម្មថ្មី ដែលធ្វើការ២៤ម៉ោង និងបង្កើនការប្រកួតប្រជែងនៅក្នុងក្របខណ្ឌជាតិនិងអន្តរជាតិ ហើយក៏ជាការបើកឱកាសថ្មីសម្រាប់កម្មករបន្ថែមទៀតនៅក្នុងជម្រើសដ៏ច្រើន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ