អានតួអត្ថបទ
កម្ពុជា-សង្គម

ពលរដ្ឋជាច្រើនគ្រួសារក្នុងខេត្តព្រះសីហនុត្រូវជម្លៀសរកកន្លែងសុវត្ថិភាពដោយសារតែការវាយលុកដោយព្យុះ«នូល»

តាំង​ពី​យប់​មិញ​រហូត​មក​ដល់​ពេលនេះ ​ភ្ញៀង​នៅតែ​បន្ត​ធ្លាក់​ចុះ​ខ្លាំង​ឥត​ឈប់​នៅ​ក្នុង​ខេត្ត​ព្រះសីហនុ​ដោយសារ​តែ​រង​ឥទ្ធិល​នៃ​ព្យុះ​ទី​១១​ ឈ្មោះ ​"នូល"​។ អាជ្ញាធរ​ខេត្ត​ព្រះសីហនុ​ បាន​អះអាង​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ​ថា​ ជំនន់​ទឹក​ភ្លៀង​ដោយសារ​ព្យុះ​ថ្មី​នេះ​បាន​ជន់​លិច​ផ្ទះ​សម្បែង​ប្រជាពលរដ្ឋ​ជា​ច្រើន​ខ្នង​ដែល​បណ្តាល​ឱ្យ​ប្រជាពលរដ្ឋ​ជាច្រើន​គ្រួសារ​កំពុង​ត្រូវ​បាន​ជម្លៀស​ទៅ​រក​ទីទួល​សុវត្ថិភាព​។

អាជ្ញាធរកំពុងជម្លៀសប្រជាពលរដ្ឋទៅកាន់ទីទួលសុវត្ថិភាព
អាជ្ញាធរកំពុងជម្លៀសប្រជាពលរដ្ឋទៅកាន់ទីទួលសុវត្ថិភាព © FB
ផ្សាយពាណិជ្ជកម្ម

របាយការណ៍បឋ​មរបស់អាជ្ញាធរខេត្តព្រះសីហនុបានបង្ហាញឱ្យដឹងថា ជំនន់ទឹកភ្លៀងដោយសារតែរងឥទ្ធិពលនៃព្យុះទី១១ ឈ្មោះ "នូល" ជន់លិចនៅក្នុងឃុំចំនួន៥នៅក្នុងស្រុកព្រៃនប់រួមមាន ឃុំវាលរេញ ឃុំសំរុង ឃុំអណ្តូងថ្ម ឃុំទួលទទឹងនិង ឃុំព្រៃនប់។ អាជ្ញាធរខេត្តព្រះសីហនុបានប្រើប្រាស់ទូកអូរប័រចំនួន៤គ្រឿង ដើម្បីដឹកជញ្ជូនប្រជាពលរដ្ឋនៅក្នុងតំបន់នោះទៅរកទីទួលសុវត្ថិភាព។ យ៉ាងណាក៏ដោយ មកដល់ពេលនេះ អាជ្ញាធរខេត្តព្រះសីហនុមិនទាន់អាចបញ្ជាក់បានថា មានគ្រួសារចំនួនប៉ុន្មានដែលរងការប៉ះពាល់ និងមានការខូចខាតអ្វីខ្លះនៅឡើយទេ។

លោកឃាង ភារម្យ អ្នកនាំពាក្យសាលាខេត្តព្រះសីហនុបានអះអាងថា នៅពេលនេះ អាជ្ញាធរមិនទាន់អាចវាយតម្លៃពីការខូចខាតទាំងស្រុងបានក៏ព្រោះថា ភ្លៀងកំពុងបន្តធ្លាក់ខ្លាំងនៅឡើយដែលស្ទើរតែពាសពេញខេត្តព្រះសីហនុទាំងមូលតែម្តង។ ការណ៍នេះ លោកប៉ាន់ប្រមាណថា អាចនឹងមានជំនន់ទឹកភ្លៀងវាយលុកទៅកាន់តំបន់ផ្សេងៗទៀតក្រៅពីស្រុកព្រៃនប់នេះ។ ដូច្នេះហើយ នៅពេលនេះលោកថា អាជ្ញាធរកំពុងត្រៀមជម្លៀស និងជួយដល់ប្រជាពល​រដ្ឋផ្សេងទៀតដែលអាចនឹងរងផលប៉ះពាល់ដោយសារតែជំនន់ទឹកភ្លៀងនេះ។

សូមបញ្ជាក់ថា តាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយម គឺព្យុះទី១១ ឈ្មោះ "នូល"នឹងវាយលុកចូលកម្ពុជានៅថ្ងៃទី១៨ កញ្ញានេះ ប៉ុន្តែព្យុះនេះចាប់ផ្តើមវាយលុកបង្កើតជាជំនន់ទឹកភ្លៀងតាំងពីយប់ថ្ងៃព្រហស្បតិ៍។ ឥទ្ធិពលនៃព្យុះថ្មីនេះ គឺបណ្តាខេត្តនៅតំបន់វាលទំនាប នឹងអាចមានភ្លៀងធ្លាក់ពីធម្យមទៅច្រើន។ ចំណែកបណ្តាខេត្តនៅតំប​ន់ជាប់ជួរភ្នំដងរែក និងខ្ពង់រាបឥសាន នឹងអាចមានភ្លៀងធ្លាក់ពីធម្យមទៅច្រើន រួមជាមួយខ្យល់បង្គួរអាចប្រឈមខ្ពស់នឹងជំនន់ទឹកភ្លៀង។ រីឯ តំបន់មាត់សមុទ្រ និងនៅលើផ្ទៃសមុទ្រ នឹងអាចមានភ្លៀងធ្លាក់ច្រើនប្រឈមខ្ពស់នឹងជំនន់ទឹកភ្លៀង រួមជាមួយខ្យល់បក់បោកខ្លាំង និងរលកសមុទ្រខ្ពស់ៗ ខណៈស្ថានភាពទឹកទន្លេមេគង្គចាប់ផ្តើមឡើងបន្តិចជាបន្តបន្ទាប់។

ហេតុដូចនេះហើយ ក្រសួងធនធានទឹក និងឧតុនិយម ក៏ដូចជាអាជ្ញាធរខេត្តព្រះសីហនុបានអំពាវនាវជាពិសេសដល់ប្រជានេសាទ និងអ្នកធ្វើដំណើរតាមសមុទ្រទាំងអស់បង្កើនការយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ ដើម្បីជៀសវាងនូវគ្រោះថ្នាក់ផ្សេងៗដែលអាចកើតមានឡើងជាយថាហេតុ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ