អានតួអត្ថបទ
កម្ពុជា-កូវិដ១៩

ពន្ធនាគារព្រៃសស្នើសុំផ្អាកនាំជនជាប់ឃុំទៅតុលាការ ដោយសារមានឆ្លងកូវីដ-១៩ នៅក្នុងពន្ធនាគារ

មណ្ឌល​អប់រំ​កែប្រែទី១​ ឬពន្ធនាគារ​ព្រៃស ​កាលពី​ថ្ងៃទី២០​ ខែឧសភា​ ម្សិលមិញ​ បានផ្ញើលិខិត​មួយច្បាប់​ ទៅកាន់​ប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ ​ដើម្បី​សុំផ្អាក​នាំជនជាប់ឃុំ​ទៅជំនុំ​ជម្រះ​ និងសាកសួរ​នៅតុលាការ​ក្រុងភ្នំពេញ​មួយរយៈ​ ដោយគិតចាប់ពី​ថ្ងៃព្រហស្បតិ៍​ទី២០​ ខែឧសភាទៅ​។ ​ការស្នើពីខាងពន្ធនាគារ​ សុំផ្អាក​បញ្ជូន​អ្នកជាប់ឃុំ​ទៅតុលាការពេលនេះ ​គឺដោយសារមាន​អ្នកជាប់ឃុំ​ជិត២០នាក់​ បានឆ្លង​ជំងឺកូវីដ-១៩​។

ទិដ្ឋភាពនៃគុកព្រៃស
ទិដ្ឋភាពនៃគុកព្រៃស © Internet
ផ្សាយពាណិជ្ជកម្ម

នៅក្នុងលិខិត ដែលផ្ញើទៅសាលាដំបូងរាជធានីភ្នំពេញ លោក យិន គន្ធ ប្រធានមណ្ឌលអប់រំកែប្រែទី១ បញ្ជាក់ថា ការផ្អាកបញ្ជូនជនជាប់ឃុំទៅតុលាការពេលនេះ គឺដោយសារនៅមណ្ឌលអប់រំកែប្រែទី១ មានជនជាប់ឃុំចំនួន ១៨នាក់ មានវិជ្ជមានជំងឺកូវីដ-១៩ ហើយបច្ចុប្បន្នមណ្ឌលកំពុងអនុវត្តវិធានការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគម ២០កុម្ភៈ និងកំពុងស្រាវជ្រាវរកអ្នកពាក់ព័ន្ធដោយផ្ទាល់ និងប្រយោលមកយកសំណាកពិនិត្យធ្វើតេស្តរកជំងឺកូវីដ-១៩។

ទោះយ៉ាងណា ខាងអគ្គនាយកដ្ឋានពន្ធនាគារក្រសួងមហាផ្ទៃ ក៏ដូចជាមណ្ឌលអប់រំកែប្រែ«ម១» ផ្ទាល់មិនបានបញ្ជាក់ច្បាស់លាស់នៅឡើយថា ការឆ្លងជំងឺកូវីដ-១៩ទៅក្នុងពន្ធនាគារ គឺមានប្រភពមកពីណា និងឆ្លងដោយរបៀបណា ហើយមកទល់ពេលនេះមានអ្នកជាប់ឃុំប៉ុន្មាននាក់បន្ថែមទៀត ត្រូវបានរកឃើញថាឆ្លងជំងឺកូវីដ-១៩។

កាលពីថ្ងៃទី៨ ខែឧសភា អ្នកជាប់ឃុំចំនួនជាង៣០នាក់ ត្រូវបានរកឃើញថាឆ្លងជំងឺកូវីដ-១៩ នៅក្នុងពន្ធនាគារខេត្តព្រះសីហនុ។ ភ្លាមៗអគ្គនាយកដ្ឋានពន្ធនាគារក្រសួងមហាផ្ទៃ បានធ្វើការញែកអ្នកជាប់ឃុំដាច់ចេញពីគ្នា រវាងអ្នកវិជ្ជមាន និងអ្នកជាប់ពាក់ព័ន្ធដោយផ្ទាល់ និងប្រយោល ដោយក្នុងនោះអ្នកជាប់ឃុំមួយចំនួនត្រូវបានជន្លៀសទៅកាន់ពន្ធនាគារខេត្តកំពតជាបណ្តោះអាសន្ន។ សមត្ថកិច្ចសុខាភិបាលក៏បានធ្វើតេស្តក្នុងចំណោមអ្នកពាក់ព័ន្ធទាំងអស់នោះផងដែរ ដើម្បីបន្តគ្រប់គ្រងការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅក្នុងពន្ធនាគារ។

សូមរំលឹកថា អគ្គនាយកដ្ឋានពន្ធនាគារ កាលពីដើមខែឧសភាកន្លងទៅ បានបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ យ៉ាងសកម្មដល់អ្នកជាប់ឃុំ ដោយផ្តើមចេញពីពន្ធនាគារនៅភ្នំពេញ ជាភូមិសាស្ត្រ ដែលមានការប្រឈមខ្លាំងនៃការឆ្លងជំងឺកូវីដ-១៩៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ