អានតួអត្ថបទ
កម្ពុជា-សង្គម

ក្រសួងយុត្តិធម៌ជំរុញឱ្យតុលាការដោះស្រាយការកកស្ទះសំណុំរឿងដោយខ្លួនឯងក្រោយបិទបញ្ចប់យុទ្ធនាការទ្រង់ទ្រាយធំ

យុទ្ធនាការ​ដោះស្រាយ​ការកកស្ទះ​សំណុំរឿង​នៅក្នុងតុលាការ​ និងការកាត់បន្ថយ​ភា​ពចង្អៀតណែន​នៅក្នុង​ពន្ធនាគារដែ​លដាក់ចេញ​ដោយក្រសួង​យុត្តិធម៌​សម្រាប់រ​យៈពេល១ឆ្នាំ​បានបិទបញ្ចប់​ហើយកាលពីជាង​ពាក់កណ្តាលខែ​ឧសភាកន្លងមកទៅនេះ​។​ ប៉ុន្តែ​ បើទោះបី​យុទ្ធនាការនេះ​ត្រូវបានបញ្ចប់​ ក៏ក្រសួង​យុត្តិធម៌​កម្ពុជា​នៅតែបន្តជំរុញ​ឱ្យតុលាការ​សាលាដំបូង​គ្រប់រាជធានី-ខេត្ត​ទាំងអស់​បន្តអនុវត្តវិធានការ​ទាំងឡាយ ​ដើម្បី​កាត់បន្ថយ​ភាពកកស្ទះ​សំណុំរឿង​នៅក្នុងតុលាការ​ និងភាព​ចង្អៀតណែន​នៅក្នុងពន្ធនាគារ​។​

ស្ត្រីផ្សេងៗដែលជាប់ក្នុងពន្ធនាគារ (រូបភាពឯកសារ)
ស្ត្រីផ្សេងៗដែលជាប់ក្នុងពន្ធនាគារ (រូបភាពឯកសារ) @សហការី
ផ្សាយពាណិជ្ជកម្ម

រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ លោកកើត រិទ្ធ បានចាត់ទុកថា ក្រសួងយុត្តិធម៌ទទួលបានជោគជ័យនៅក្នុងយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងនៅក្នុងតុលាការ និងការកាត់បន្ថយភាពចង្អៀតណែននៅក្នុងពន្ធនាគារដែលទើបតែបិទបញ្ចប់ទៅនេះ។ តែទោះជាបែបនេះក្តី លោករដ្ឋមន្រ្តីក្រសួងយុត្តិធម៌កម្ពុជាបានក្រើនរំលឹកដល់ចៅក្រម ព្រះរាជអាជ្ញា មន្រ្តីតុលាការ និងមន្រ្តីរាជការទាំងអស់ត្រូវបន្តខិតខំប្រឹងប្រែងដោះស្រាយសំណុំរឿងថ្មីៗបន្ថែមទៀត ដើម្បីចៀសវាងការវិលត្រឡប់មកស្ថិតក្នុងស្ថានភាពនៃការកកស្ទះសំណុំរឿងនៅតាមសាលាដំបូង និងអយ្យការអមសាលាដំបូងរបស់ខ្លួនឡើងវិញ។ លោកកើត រិទ្ធ បានក្រើនរំលឹកយ៉ាងដូច្នេះកាលពីថ្ងៃទី២៤​ ខែឧសភា ពីខេត្តបាត់ដំបង។

បើទោះបិទបញ្ចប់ជាផ្លូវការក៏ដោយ ក៏មកដល់ពេលនេះ លទ្ធផលនៃការដោះស្រាយការកកស្ទះសំណុំរឿងនៅក្នុងតុលា​ការ និងការកាត់បន្ថយភាពចង្អៀតណែននៅក្នុងពន្ធនាគារមិនទាន់ត្រូវបានបង្ហាញឱ្យដឹងនៅឡើយទេ។ លោកជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌បានអះអាងប្រាប់វិទ្យុបារាំងអន្តរជាតិនៅព្រឹកថ្ងៃពុធនេះថា ក្រសួងយុត្តិធម៌មិនទាន់អាចប្រជុំបូកសរុបលទ្ធផលបានទេនៅពេលនេះ ដោយសារតែការឆ្លងរាលដាលនៃជំងឺកូវីដ១៩។

ប៉ុន្តែ កាលពីចុងឆ្នាំ២០២០ ពោល គឺរយៈពេលជិតកន្លះឆ្នាំនៃការដាក់ចេញយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងនៅក្នុងតុលាការ និងការកាត់បន្ថយភាពចង្អៀតណែននៅក្នុងពន្ធនាគារនេះ ក្រសួងយុត្តិធម៌បាន​ដោះ​ស្រាយ​សំណុំ​រឿង​កកស្ទះបាន ៣៥.១០០​សំណុំ​រឿង ស្មើ ៨៩ភាគ​រយ។ ក្រៅពីនេះ តាមរយៈយុទ្ធនាការដដែលនេះ ក្រសួងយុត្តិធម៌ក៏បាន​​បន្ត​ដោះ​ស្រាយ​សំណុំ​រឿង​ព្រហ្មទណ្ឌ​ថ្មីចំនួន៣៦.៥០០​សំណុំរឿងទៀត។

សូមកត់សម្គាល់ថា នារយៈពេលចុងក្រោយនេះ បន្ថែមពីភាពចង្អៀតណែននៅក្នុងពន្ធនាគារ ជំងឺកូវីដ១៩ក៏បានវាយលុកដល់ក្នុងពន្ធនាគារខ្លះផងដែរ។ អ្នកទោសមួយចំនួនបានឆ្លងជំងឺកាចសាហាវនេះ ខណៈមួយចំនួនក៏កំពុងទទួលបានការចាក់វាកសាំង។ ប្រទេសថៃក្បែរខាងកម្ពុជាក៏ជួបបញ្ហានេះដែរ ហើយអាជ្ញាធរថៃគ្រោងនឹងដោះលែងអ្នកទោសមួយចំនួនឱ្យក្រៅឃុំបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩។ ប៉ុន្តែសម្រាប់កម្ពុជាវិញ លោកជិន ម៉ាលីន បានគូសបញ្ជាក់ថា មិនទាន់មានវិធានការបែបនេះនៅឡើយទេ។ ផ្ទុយទៅវិញ គឺនៅតែបន្តអនុវត្តវិធានការដែលមានស្រាប់របស់ក្រសួងសុខាភិបាលកម្ពុជា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ