អានតួអត្ថបទ
កម្ពុជា-សង្គម

អភិបាលខេត្តកណ្តាលថាការឆ្លងជំងឺកូវីដ១៩ក្នុងពន្ធនាគារខេត្តស្ថិតក្នុងសភាពគ្រប់គ្រងបាន

ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ១៩​នៅ​ក្នុង​ពន្ធនាគារ​ខេត្ត​កណ្តាល ​បាន​ស្ថិត​ក្រោម​ស្ថានការណ៍​ដែល​អាជ្ញាធរ​សមត្ថកិច្ច​អាច​គ្រប់គ្រង​បាន​។ នេះ​បើ​តាម​ការ​គូស​បញ្ជាក់​ពី​លោក​ គង់ សោភ័ណ្ឌ ​អភិបាល​ខេត្ត​កណ្តាល​នៅ​ព្រឹក​ថ្ងៃ​អាទិត្យ​នេះ​។ តាម​លោក​គង់ សោភ័ណ្ឌ ​សមត្ថកិច្ច​បាន​ញែក​អ្នក​ទោស​ដែល​មាន​ផ្ទុក​ជំងឺកូវីដ១៩​ឲ្យ​ស្នាក់​នៅ​មួយ​អគារ​ដាច់​ដោយ​ឡែក​ ពី​អ្នកទោស​ដែល​មិន​មាន​ជំងឺ​កូវីដ១៩​។

ពន្ធនាគារខេត្តកណ្តាល
ពន្ធនាគារខេត្តកណ្តាល © Internet
ផ្សាយពាណិជ្ជកម្ម

ថ្លែងប្រាប់វិទ្យុបារាំងអន្តរជាតិ លោក គង់ សោភ័ណ្ឌ បានឲ្យដឹងថា អាជ្ញាធរសមត្ថកិច្ចបានដាក់កម្លាំងត្រួតពិនិត្យដោយម៉ត់ចត់ទៅលើអ្នកទោសដែលមានវិជ្ជមានកូវីដ១៩នៅក្នុងពន្ធនាគារ។ បន្ថែមពីនេះលោកថា អាជ្ញាធរខេត្តបានដាក់គ្រូពេទ្យនៅជាប្រចាំការដើម្បីតាមដានសុខភាព និងធ្វើតេស្តសំណាកភ្លាមៗក្នុងករណីមានអ្នកទោសរូបណាសង្ស័យថា មានវិជ្ជមានកូវីដ១៩។

ទោះបីជាមានការអះអាងបែបនេះក្តី ក៏ប៉ុន្តែស្ថានការណ៍ឆ្លងជំងឺកូវីដ១៩នៅក្នុងពន្ធនាគារបានក្លាយទៅជារឿងមួយដ៏គួរឲ្យព្រួយបារម្ភ។ ព្រួយបារម្ភក៏ព្រោះថា ស្ថានភាពក្នុងពន្ធនាគារមានភាពតូចចង្អៀត និងកកកុញ។ អង្គការសង្គមស៊ីវិលទាំងជាតិនិងអន្តរជាតិ បានអំពាវនាវឲ្យអាជ្ញាធរមានការចាត់វិធានការចាំបាច់នៅចំពោះមុខបញ្ហានេះ។ អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ Human Right Watch កាលពីថ្ងៃទី២៣កន្លងទៅ បានចេញនូវសេចក្តីថ្លែងការណ៍មួយស្នើឲ្យអាជ្ញាធរបន្ថយទំហំអ្នកទោសតាមដែលអាចធ្វើបាន ដោយស្របទៅតាមស្តង់ដារសិទ្ធិមនុស្សជាអន្តរជាតិ។

ប្រឈមនឹងបញ្ហានេះ អគ្គនាយកដ្ឋានពន្ធនាគារបានដាក់ចេញនូវវិធានការមួយចំនួនដើម្បីឆ្លើយតប ដោយកំណត់ឲ្យមានការធ្វើចត្តាឡីស័កចំនួន២០ថ្ងៃសម្រាប់អ្នកដែលទើបត្រូវបានកាត់ទោស។ នេះបើតាមលោក នុត សាវនា អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារ។

គួរជ្រាបថា ការឆ្លងរាលដាលជំងឺកូវីដ១៩ចូលពន្ធនាគារបានកើតមាននៅឯពន្ធនាគារខេត្តព្រះសីហនុ ដែលតាមតួលេខការឆ្លងដំបូងនៅថ្ងៃទី៨ឧសភា មានចំនួនជាង៣០នាក់ ហើយបន្តមកទៀតមានការឆ្លងនៅពន្ធនាគារព្រៃសរចំនួន១៨នាក់ ដែលបណ្តាលឲ្យ ការស្នើផ្អាកបញ្ជូនជនជាប់ឃុំទៅតុលាការជាបណ្តោះអាសន្ន ហើយមកដល់ពេលនេះ ក៏មានការរាលដាលបន្តដល់ពន្ធនាគារនៅខេត្តកណ្តាល។

សូមរំលឹកដែរថា អគ្គនាយកដ្ឋានពន្ធនាគារ កាលពីដើមខែឧសភាកន្លងទៅ បានបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដល់អ្នកជាប់ឃុំ ដោយផ្តើមចេញពីពន្ធនាគារនៅភ្នំពេញ ជាភូមិសាស្ត្រ ដែលមានការប្រឈមខ្លាំងនៃការឆ្លងជំងឺកូវីដ-១៩៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ