អានតួអត្ថបទ
កម្ពុជា-សង្គម

ទិវាកុមារអន្តរជាតិ៖ អង្គការលីកាដូលើកឡើងពីបញ្ហាវិសមភាពអប់រំសម្រាប់កុមារនៅជនបទ

បញ្ហា​វិសមភាព​ក្នុងការទទួលបាន​ការអប់រំ​សម្រាប់កុមារ ​ត្រូវបាន​អង្គការ​លីកាដូ​ លើកមកនិយាយ​ ក្នុងឱកាស​ទិវាកុមារ​អន្តរជាតិ​១មិថុនា​។​ វិសមភាព​អប់រំ​សម្រាប់កុមារ​ បានកើតមានឡើង​ ក្រោយពេល​សាលារៀន​នៅទូទាំងប្រទេស​បានផ្អាកជាបណ្តោះអាសន្ន​ ដោយសារ​បញ្ហាជំងឺកូវីដ-១៩​។​ បើតាមអង្គការ​លីកាដូ សម្រាប់​កុមារ​នៅទីជនបទ​ ពួកគេមិនអាច​មានលទ្ធភាព​គ្រប់គ្រាន់​ផ្គត់ផ្គង់​សម្ភារៈសិក្សា​ពីចម្ងាយ។

សកម្មភាពកុមារកំពុងរៀនកាលពីឆ្នាំកន្លងទៅ
សកម្មភាពកុមារកំពុងរៀនកាលពីឆ្នាំកន្លងទៅ © សហការី
ផ្សាយពាណិជ្ជកម្ម

តាមរយៈសេចក្តីថ្លែងការណ៍ចំនួន៣ទំព័រ នៅក្នុងទិវាកុមារអន្តរជាតិ អង្គការលីកាដូបានកំណត់យកប្រធានបទមួយថា «កុមារមិនគួរត្រូវបានមើលរំលងក្នុងការឆ្លើយតបនឹងជំងឺកូវីដ-១៩»។ បើតាមអង្គការសម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស លីកាដូ ក្នុងអំឡុងពេលរាលដាលជំងឺកូវីដ-១៩ កុមារបានជួបប្រទះនឹងបញ្ហាជាច្រើន ដូចជាការទទួលបានការអប់រំ កង្វះអាហាររូបត្ថម្ភ និងការតានតឹងផ្នែកផ្លូវចិត្ត។

ការផ្អាកជាបណ្តោះអាសន្ននូវសាលារៀនទូទាំងប្រទេស ដោយសារបញ្ហាជំងឺកូវីដ-១៩ បានធ្វើឲ្យកុមារ និងសិស្សនុសិស្សជាង៣.២លាន ប្រឈមនឹងការទទួលបានការអប់រំដោយផ្ទាល់។ ជំនួសមកវិញនូវយន្តការការសិក្សាពីចម្ងាយ សិស្សានុសិស្សមួយចំនួនអាចមានលទ្ធភាពផ្គត់ផ្គង់សម្ភារៈដើម្បីសិក្សា។ ក៏ប៉ុន្តែ នៅទន្ទឹមនេះ តាមរយៈការវាយតម្លៃពីតម្រូវការនៃអប់រំ ក្រសួងអប់រំបានរកឃើញដែរថា ប្រមាណ៣០%នៃសិស្សានុសិស្ស៣.២លាននាក់ មិនមានលទ្ធភាពប្រើប្រាស់ទម្រង់ណាមួយនៃការសិក្សាពីចម្ងាយ ដោយភាគច្រើនពួកគេ ជាកុមារដែលមានគ្រួសារក្រីក្រ និងរស់នៅតាមជនបទដាច់ស្រយាល។

បរិការណ៍នេះបានបង្កើតឲ្យមានកំណើនអត្រាសិស្សបោះបង់ការសិក្សាជាហូរហែ ហើយបើតាមក្រសួងអប់រំ មានសិស្សានុសិស្សប្រមាណ១៦%ប្រឈមនឹងការបោះបង់ការសិក្សារៀនសូត្រ និង៦%ងាកទៅស្វែងការងារធ្វើពេញម៉ោង។ អង្គការលីកាដូ ថារដ្ឋាភិបាលគួរណាគិតគូពីការបើកសាលារៀនឡើងវិញ នៅខណៈដែលទីតាំងទីប្រជុំជនមួយចំនួនបានបើកឲ្យដំណើរឡើងវិញនោះ។

ពាក់ព័ន្ធនឹងបញ្ហានេះ លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានប្រាប់វិទ្យុបារាំងអន្តរជាតិនៅថ្ងៃនេះថា គ្រឹះស្ថានសិក្សាបន្តផ្អាកដំណើរការជាបណ្តោះអាសន្ន ខណៈព្រឹត្តិការណ៍សហគមន៍២០កុម្ភៈមិនទាន់បានបិទបញ្ចប់។ បើតាមអ្នកនាំពាក្យរូបនេះ ក្រសួងនឹងនៅបន្តការបង្រៀនសិក្សាពីចម្ងាយ ដោយប្រែសម្រួលកាលវិភាគសិក្សាឆ្នាំ២០២០-២០២១ គិតចាប់ពីថ្ងៃទី១១មករាឆ្នាំ២០២១ និងបិទបវេសនកាលនៅថ្ងៃទី៣០វិច្ឆិកា២០២១។ ហើយទន្ទឹមនេះ ក្រសួងក៏បានវាយតម្លៃពីការសិក្សាតាមបណ្តុំតូចៗក្នុងតំបន់មូលដ្ឋានដែលមានកម្រិតហានិភ័យឆ្លងជំងឺកូវីដ-១៩ ទាប មធ្យម និងខ្ពស់។

លោក រស់ សុវាចា បានបន្ថែមដែរថា ក្នុងបរិការណ៍នៃការាលដាលជំងឺកូវីដ-១៩ និងការសិក្សាតាមប្រព័ន្ធអនឡាញ ពិតជាលំបាក ក៏ប៉ុន្តែអាណាព្យាបាលកុមារគួរណាបន្តលើកទឹកចិត្តកុមារឲ្យសិក្សារៀនសូត្រ តាមគន្លងថ្មីនៃវិស័យអប់រំ។

ក្នុងឱកាសខួបលើកទី៧២នៃទិវាកុមារអន្តរជាតិនេះដែរ ប្រមុខរដ្ឋាភិបាលកម្ពុជា លោកហ៊ុន សែន ក៏បានចេញនូវលិខិតអបអរទិវានេះដូចគ្នា។ តាមរយៈលិខិតចំនួន៤ទំព័រ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានលើកឡើងពីការអនុវត្តបាននូវការលើកកម្ពស់សិទ្ធិកុមារនៅទូទាំងប្រទេស។ ទោះជាយ៉ាងនេះក្តី លោកក៏បានបញ្ជាក់ដែរថា នៅក្នុងស្ថានការណ៍ជំងឺកូវីដ-១៩ កុមារពិតជាត្រូវការការគាំទ្រនិងអន្តរាគមន៍ជាចាំបាច់។

បើតាមប្រមុខរដ្ឋាភិបាល អាជ្ញាធរត្រូវធ្វើយ៉ាងធានាបាននូវការយកចិត្តទុកដាក់ ក៏ដូចជាឈានដល់ការលុបបំបាត់អំពើហិង្សា និងជួញដូរកុមារនៅកម្ពុជា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ