អានតួអត្ថបទ
កម្ពុជា-កូវិដ១៩

កូវីដ១៩៖ កុមារកម្ពុជាអាយុក្រោម៥ឆ្នាំ ៣នាក់ មានម្នាក់កង្វះអាហារូបត្ថម្ភរ៉ាំរ៉ៃ

អង្គការ​សហ​ប្រជា​ជាតិ​ប្រចាំ​កម្ពុជា​នៅ​ថ្ងៃ​ទី០១​ មិថុនា​នេះ ​មាន​ការ​បារម្ភ​អំពី​ផល​ប៉ះ​ពាល់​នៃ​ជំងឺ​កូវីដ១៩ ​លើ​សន្តិ​សុខ​ស្បៀង​ និង​ស្ថាន​ភាព​អាហារូបត្ថម្ភ​ ដោយ​បាន​បង្ហាញ​ថា ​ក្នុង​ចំណោម​កុមារ​កម្ពុជា​អាយុ​ក្រោម​ ៥ឆ្នាំ​ ៣នាក់​មាន​ម្នាក់​កង្វះ​អាហា​រូបត្ថម្ភ​រ៉ាំ​រ៉ៃ ​ហើយ​ក្នុង​ចំណោម​កុមារ​ ១០​នាក់​ មាន​ម្នាក់​ជួប​ប្រទះ​នឹង​បញ្ហា​អាហា​រូបត្ថម្ភ​ស្រួច​ស្រាវ​។ ​បន្ថែម​ពី​លើ​ក្តី​បារម្ភ​ចំពោះ​កង្វះ​អាហា​រូបត្ថម្ភ​ បញ្ហា​កុមារ​ធាត់​ជ្រុល​ក៏​បាន​ក្លាយ​ជា​ក្តី​ព្រួយ​បារម្ភ​ក្នុង​បរិបទ​កូវីដ១៩​ដែរ​។

ទិដ្ឋភាពនៃការលក់ដូររបស់អាជីវករកំឡុងពេលនៃការរាតត្បាតជំងឺកូវីដ១៩ (រូបភាពឯកសារ)
ទិដ្ឋភាពនៃការលក់ដូររបស់អាជីវករកំឡុងពេលនៃការរាតត្បាតជំងឺកូវីដ១៩ (រូបភាពឯកសារ) © សហការី
ផ្សាយពាណិជ្ជកម្ម

មូល​ហេតុ​ដែល​នាំ​ឱ្យ​កុមារ​ ប្រឈម​នឹង​កង្វះ​អាហា​រូបត្ថម្ភ​ ដោយ​សារ​នៅ​ក្នុង​រយៈ​ពេល ​៦ខែ​ចុង​ក្រោយ​នេះ ​ប្រជា​ពល​រដ្ឋ​បាន​ប្រើ​ប្រាស់​គ្រប់​វិធីសាស្រ្ត​ដើម្បី​ទប់​ទល់​នឹង​បញ្ហា​ខ្វះ​ខាត​ស្បៀង​ ដោយ​ពួក​គេ​បាន​កាត់​បន្ថយ​បរិមាណ​អាហារ​ហូប​ចុក​ជ្រើស​យក​អាហារ​មាន​តម្លៃ​ថោក​ និង​ការ​ខ្ចី​បុល​ជា​ដើម​។ ​ការ​សិក្សា​ទាំង​នេះ​ក៏​បាន​រំលេច​ផង​ដែរ​ថា​ គ្រួសារ​ក្រី​ក្រ​ដែល​មាន​សមាជិក​ពី​១នាក់​ទៅ​៣នាក់​និង​គ្រួសារ​ដែល​មាន​សមាជិក​ពិការ​ភាព​ទំនង​ជា​មាន​ស្ថានភាព​សន្តិ​សុខ​ស្បៀង​ និង​អាហា​រូបត្ថម្ភ​ក្នុង​កម្រិត​ទាប​។

ដើម្បី​ដោះស្រាយ​លើ​បញ្ហា​នេះ​ការ​វិនិយោគ​លើ​ការ​ការ​ពារ​សន្តិ​សុខ​ស្បៀង​និង​អាហា​រូបត្ថម្ភ​គឺជា​រឿង​ចាំបាច់​ក្នុង​ការ​ឆ្លើយ​តប​ចំពោះ​វិបត្តិ​កូវីដ១៩​ព្រោះ​ថា​ កង្វះ​អាហា​រូបត្ថម្ភ​នៅ​វ័យ​កុមារ​ និង​ក្នុង​អំឡុង​ពេល​មាន​ផ្ទៃពោះ ​បាន​បង្ក​ផល​លំបាក​អវិជ្ជ​មាន​ឆ្លង​ជំនាន់​ ដល់​ការ​លូត​លាស់ ​ការ​អភិវឌ្ឍ​របស់​កុមារ​ និង​បង្ក​ផល​ប៉ះ​ពាល់​ពេញ​មួយ​ជីវិត​ទៅ​លើ​ការ​អប់រំ​ ក៏​ដូច​ជា​ការ​ប្រឈម​នឹង​ជំងឺ​ឆ្លង​រ៉ាំរ៉ៃ​នា​នា​។ ​របប​អាហារ​ដែល​មាន​តុល្យភាព​ និង​ជួយ​ទ្រទ្រង់​សុខភាព​ អាច​បង្កើន​ភាព​ស៊ាំ​របស់​រាង​កាយ​បង្ការ​នឹង​ជំងឺ​ឆ្លង​នា​នា​ដែល​អាច​គេច​ផុត​ពី​ហានិភ័យ​ឈឺ​ឬ​ស្លាប់​ដោយ​ជំងឺ​ឆ្លង​កូវីដ១៩​បាន​។

ក្រៅ​ពី​កុមារ​ស្រ្តី​មាន​ផ្ទៃពោះ​ក៏​ជួប​បញ្ហា​ស្រដៀង​នេះ​ដែរ​។​ ជាក់ស្តែង​នៅ​ចុង​ឆ្នាំ​២០២០​ អង្គការ​សហ​ប្រជា​ជាតិ​បាន​រក​ឃើញ​ថា​ មាន​ស្ត្រី​កម្ពុជា​មាន​អាយុ​ពី​១៥​ដល់​៤៩​ឆ្នាំ ​ត្រឹម​តែ​ពាក់​កណ្តាល​ប៉ុណ្ណោះ ​ដែល​ទទួល​បាន​របប​អាហារ​ចម្រុះ​គ្រប់​គ្រាន់​ ដែល​ចំនួន​នេះ​ថយ​ចុះ​ប្រមាណ​ពី​៧០%​ បើ​ធៀប​នឹង​ដើម​ឆ្នាំ​២០២០​ដដែល​។ ​ហើយ​អ្នក​ជំនាញ​ផ្នែក​សុខ​ភាព​សាធារណៈ​បាន​ព្យាករ​ថា ​បញ្ហា​អាហា​រូបត្ថម្ភ​ស្រួច​ស្រាវ​នៅ​ក្នុង​ប្រទេស​ដែល​មាន​ចំណូល​ទាប​ និង​មធ្យម​ នឹង​អាច​កើន​ឡើង​១៤% ​ដោយ​សារ​វិបត្តិ​កូវីដ១៩​។

បើ​តាម​អង្គការ​សហ​ប្រជា​ជាតិ​ដដែល​ ប្រសិន​បើ​បញ្ហា​អសន្តិ​សុខ​ស្បៀង​ និង​អាហា​រូបត្ថម្ភ​មិន​ត្រូវ​បាន​ចាត់​ទុក​ជា​អាទិភាព​នៅ​ក្នុង​ការ​ដោះស្រាយ​ វា​នឹង​ប៉ះពាល់​នឹង​ប៉ះពាល់​ដល់​សេចក្តី​ថ្លៃថ្នូរ​របស់​មនុស្ស ​ព្រោះ​ការ​ទទួល​បាន​ស្បៀង​ និង​អាហា​រូបត្ថម្ភ​ ជា​សិទ្ធិ​មូល​ដ្ឋាន​របស់​មនុស្ស​គ្រប់​រូប​។

សូម​រម្លឹក​ជូន​ថា ​នៅ​ក្នុង​ឆ្នាំ​២០១៦​ មាន​ការ​ប៉ាន់​ប្រមាណ​មួយ​ថា ​បញ្ហា​ហរិញ្ញ​វត្ថុ​អាហា​រូបត្ថម្ភ​ ធ្វើ​ឱ្យ​សេដ្ឋកិច្ច​ខាត​បង់​ទឹក​ប្រាក់​ចំនួន​ប្រមាណ​២៦៦​លាន​ដុល្លារ​ នៅ​ក្នុង​មួយ​ឆ្នាំៗ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ