អានតួអត្ថបទ
កម្ពុជា-សិទ្ធិមនុស្ស

អ្នករាយការណ៍ពិសេសUNចង់ឱ្យរដ្ឋាភិបាលកម្ពុជានិយាយគ្នាត្រង់ទៅត្រង់មកពីបញ្ហាសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ

នៅក្នុងសប្តាហ៍នេះ​ អ្នករាយការណ៍​ពិសេសថ្មី​របស់អង្គការ​សហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​នៅកម្ពុជា​លោកVitit Muntarbhorn ​បានចាប់ផ្តើម​ការងារ​របស់ខ្លួនហើយ​។​ កាលពីថ្ងៃព្រហស្បតិ៍ ​លោកVitit Muntarbhorn​បានជួបប្រជុំ​ជាមួយគណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា ​ហើយកាល​ពីថ្ងៃពុធ​ លោកបាន​ជួបប្រជុំជាមួយ​លោកស ខេង ​រដ្ឋមន្រ្តីក្រសួង​មហាផ្ទៃ​តាមប្រព័ន្ធអនឡាញ​។​ ក្នុងជំនួបនោះ ​លោកVitit Muntarbhorn​បានបង្ហាញ​ចេតនា​ចង់ឱ្យ​រដ្ឋាភិបាល​កម្ពុជា​និយាយគ្នាត្រង់​ទៅត្រង់មក​ជាមួយរូបលោក​អំពីបញ្ហា​សិទ្ធិមនុស្ស ​និងលទ្ធិ​ប្រជាធិបតេយ្យ​។

កិច្ចប្រជុំជាមួយគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជាមួយលោកស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃតាមប្រព័ន្ធអនឡាញ
កិច្ចប្រជុំជាមួយគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជាមួយលោកស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃតាមប្រព័ន្ធអនឡាញ © សហការី
ផ្សាយពាណិជ្ជកម្ម

នៅចំពោះមុខលោកឧបនាយករដ្ឋមន្រ្តី ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃកម្ពុជា ប៉ុន្តែតាមប្រព័ន្ធអនឡាញZoom លោកVitit Muntarbhorn អ្នករាយការណ៍ពិសេសថ្មីរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា បានលើកឡើងថា នៅក្នុងអាណត្តិការងាររបស់លោក រូបលោកចង់ឱ្យមានកិច្ចសន្ទនាដោយត្រង់ទៅត្រង់មកជាមួយរដ្ឋាភិបាលកម្ពុជា ព្រមទាំងបណ្ដាភាគីពាក់ព័ន្ធ ដើម្បីរួមគ្នាដោះស្រាយបញ្ហានានាពាក់ព័ន្ធនឹងបញ្ហាសិទ្ធិមនុស្ស និងលំហប្រជាធិបតេយ្យនៅកម្ពុជា។ ជាមួយគ្នានេះ លោកVitit Muntarbhorn ក៏បានលើកឡើងពីបញ្ហាចង្អៀតណែនក្នុងពន្ធនាគារ ជាពិសេស នៅក្នុងស្ថានភាពនៃជំងឺកូវីដ-១៩នេះ។

ចំពោះបញ្ហានេះ លោក ស ខេង បានអះអាងថា ក្រសួងមហាផ្ទៃកំពុងសហការជាមួយក្រសួងយុត្តិធម៌ ដើម្បីពិនិត្យស្ថានភាពអ្នកជាប់ឃុំ ថាតើគួរតែអនុវត្តនូវការដោះលែង ឬក៏អនុញ្ញាតឱ្យនៅក្រៅឃុំទៅលើករណីមួយចំនួន ដូចជាអ្នកទោសជិតរួចទោស និងអ្នកដែលប្រព្រឹត្តទបល្មើសស្រាលតាមរយៈការដាក់ឱ្យនៅក្រៅឃុំក្រោមការត្រួតពិនិត្យដោយតុលាការ​។ លោកបន្តថា ក្រសួងមហាផ្ទៃក៏កំពុងសហការជាមួយក្រសួងសុខាភិបាល ដើម្បីជំរុញការព្យាបាលឱ្យទាន់ពេលវេលាចំពោះរាល់ករណីដែលបានរកឃើញវិជ្ជមានជំងឺកូវីដ-១៩ ក្នុងពន្ធនាគារ និងបានសហការក្នុងការចាក់វ៉ាក់សាំងដល់មន្រ្តីពន្ធនាគារ និងអ្នកជាប់ឃុំផងដែរ។

ចំណែក បញ្ហាលំហប្រជាធិបតេយ្យក៏ដូចជាដំណើរការកែទម្រង់ច្បាប់NGOs លោកស ខេង បានគូសបញ្ជាក់ថា ក្រ​សួងមហាផ្ទៃ បានជំរុញឱ្យភាគីតំណាងរដ្ឋាភិបាលកម្ពុជា និងតំណាងNGOs រួមទាំងភាគីពាក់ព័ន្ធបន្តរកឱកាសជជែកពិ​ភាក្សាគ្នា និងមានកិច្ចសន្ទនាជាបន្តទៀត ដើម្បីជំរុញការងារកែទម្រង់ច្បាប់នេះ។ សម្រាប់លោក ស ខេង នេះគឺជាឧទា​ហរណ៍ជាក់ស្ដែងមួយនៃការចូលរួមលើកម្ពស់លំហប្រជាធិបតេយ្យនៅកម្ពុជា។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ លោកកែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាវិញ ក៏បានគូសបញ្ជាក់ប្រាប់លោកVitit Muntarbhorn ពីវឌ្ឍនភាពនៃដំណើការទទួលពិនិត្យសំណើសុំធ្វើវិសោធនកម្មច្បាប់ស្តីពីសមាគម និងអង្គការក្រៅរដ្ឋាភិបាល រួមទាំងការបង្កើតនិងធ្វើសកម្មភាពដោយសេរីរបស់គណបក្សនយោបាយ និងសង្គមស៊ីវីល ដែលត្រូវស្ថិតក្នុងក្របខណ្ឌច្បាប់។ លោកកែវ រ៉េមី បានអះអាងទៀតថា វិធានការច្បាប់លើគណបក្សនយោបាយ សង្គមស៊ីវីល និងសកម្មជនមួយចំនួនកន្លងមក មិនមែនជាការរំលោភសិទ្ធិមនុស្សនោះទេ តែផ្ទុយទៅវិញ គឺជាការអនុវត្តនីតិរដ្ឋ។ លោកកែវ រ៉េមី គូសបញ្ជាក់យ៉ាងដូច្នេះនៅក្នុងជំនួបជាមួយលោកVitit Muntarbhornតាមប្រព័ន្ធអនឡាញកាលពីថ្ងៃព្រហស្បតិ៍៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ