អានតួអត្ថបទ
កម្ពុជា-សង្គម

កម្ពុជា៖ ការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមអនឡាញមានជាង១៥០ករណីក្នុង១ឆ្នាំៗ

នៅកម្ពុជា​ ការកេងប្រវ័ញ្ច​ផ្លូវភេទ​លើកុមារ​ តាមអនឡាញមា​នជាង១៥០ករណី​ក្នុង១ឆ្នាំៗ​។​ នេះបើតាម​ការរាយការណ៍ពី​សាធារណៈជន​មកកាន់សមត្ថកិច្ច​ និងបណ្តាញ​រាយការណ៍​តាមអ៊ីនធើណិត​ (Internet Hotline)។ ​តាមរយៈការសិក្សា​ស្រាវជ្រាវ​ និងការធ្វើអង្កេ​តលើកុមារកម្ពុជា​ឆ្នាំ២០២០​ មានកុមារកម្ពុជា​ប្រមាណ៦០% ​ពួកគេបានរាយការណ៍​ថា​  ធ្លាប់ជួបប្រទះ​ហានិភ័យ​នៃការកេងប្រវ័ញ្ច​ផ្លូវភេទ​តាមអនឡាញ​ ដូចជាការលួងលោម​ក្នុងគោលបំណង​ផ្លូវភេទ​ និងការបង្ខំ​ឱ្យផ្ញើរូបអាក្រាត​ជាដើម។​  នេះបើតាម​សេចក្ដី​ប្រកាសព័ត៌មាន​រួមរវាងក្រុម​ការងារ​អន្តរក្រសួង​ និងអង្គការសង្គមស៊ីវិល​ធ្វើការពាក់ព័ន្ធ​នឹងកុមារ​ចេញផ្សាយ​នៅថ្ងៃទី១៤កក្កដា​នេះ​។

កុមារ និងការប្រើប្រាស់បច្ចេកវិទ្យាដែលអាចនាំឲ្យឈានដល់មានការកេងប្រវ័ញ្ចតាមអនឡាញ (រូបតំណាង)
កុមារ និងការប្រើប្រាស់បច្ចេកវិទ្យាដែលអាចនាំឲ្យឈានដល់មានការកេងប្រវ័ញ្ចតាមអនឡាញ (រូបតំណាង) © Internet
ផ្សាយពាណិជ្ជកម្ម

ការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមអនឡាញកំពុងក្លាយជាក្ដីព្រួយបារម្ភសម្រាប់ពិភពលោកទាំងមូលនិយាយជារួម និងនិយាយឡែកសម្រាប់ប្រទេសកម្ពុជាជាពិសេសកុមារដែលជួបប្រទះបញ្ហានេះរួចទៅហើយ។ នៅចំពោះមុខក្ដីព្រួយបារម្ភនេះ លោក ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវផែនការសកម្មភាពដើម្បីបង្ការទប់ស្កាត់ និងឆ្លើយតបការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញ នៅថ្ងៃទី១៤កក្កដានេះ តាមរយៈកម្មវិធីអនឡាញZOOM ដោយមានការចូលរួមពីអង្គទូត និងអង្គការអន្តរជាតិមួយចំនួន។

ផែនការសកម្មភាពដើម្បីបង្ការទប់ស្កាត់ និងឆ្លើយតបការកេងប្រវ័ញ្ចផ្លូវភេទ លើកុមារតាមប្រព័ន្ធអនឡាញនេះ រួមមាន ពង្រឹងប្រសិទ្ធភាពការអនុវត្តគោលនយោបាយ និងអភិបាលកិច្ច លើកកម្ពស់យុត្តិធម៌ព្រហ្មទណ្ឌ លើកកម្ពស់វិធានការបង្ការទប់ស្កាត់ និងស្តារនីតិសម្បទាជនរងគ្រោះដោយអំពើកេងប្រវ័ញ្ចផ្លូវតាមប្រព័ន្ធអនឡាញ។ ក៏មានដែរការពង្រឹងសុវត្ថិភាពសហគមន៍ពីការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញ រួមនឹងការពង្រឹងលក្ខន្តិកៈសម្រាប់ការផ្តល់សេវាអ៊ីនធឺណិត និងបង្កើនការផ្សព្វផ្សាយ និងការយល់ដឹងត្រឹមត្រូវអំពីបញ្ហាការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញ។

លោក ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានកត់សម្គាល់ថា ស្របពេលវិបត្តិកូវីដ-១៩ កំពុងរាតត្បាតទូទាំងពិភពលោក ការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន រឹតតែមានសារៈសំខាន់ ក្នុងការប្រាស្រ័យទាក់ទង និងដោះស្រាយគ្រប់បញ្ហា រួមទាំងការសិក្សាអប់រំរបស់កុមារ និងយុវជន យុវនារី ទាំងនៅទីក្រុង ទាំងជនបទ។ ទោះបីជាបច្ចេកវិទ្យាព័ត៌មានរីកចម្រើនក៏មានជ្រុងអវិជ្ជមានមួយចំនួន ពាក់ព័ន្ធនឹងការប្រើប្រាស់ខុសគោលដៅពីក្រុមឧក្រិដ្ឋជន ឆ្លៀតឱកាសទាញយកផលប្រយោជន៍ដោយខុសច្បាប់ ដូចជាៈការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញ ដែលជាទម្រង់ថ្មីមួយកំពុងរាលដាល និងបង្កហានិភ័យខ្ពស់ដល់កុមារនៅលើពិភពលោក រួមទាំងកម្ពុជាផងដែរ។

លោកស្រី ហ្សូអ៊ី ឌឺម៉ែលទ្បូ អ្នកគ្រប់គ្រងគម្រោងប្រចាំកម្ពុជារបស់អង្គការដែនដីមនុស្សហូឡង់ ថ្លែងថា ផែនការសកម្មភាពជាតិដើម្បីបង្ការ ទប់ស្កាត់ និងឆ្លើយតបការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញនៅក្នុងប្រទេសកម្ពុជា គឺជាជំហានទៅមុខដែលអស្ចារ្យ ក្នុងការបង្កើតនូវការប្រើប្រាស់អ៊ីនធឺណិតប្រកដោយសុវត្ថិភាពសម្រាប់កុមារ។ បើតាមលោកស្រី ភាពស្មុគស្មាញនៃការរំលោភបំពានតាមប្រព័ន្ធអ៊ីនធឺណិត និងការគិតគូរពីបញ្ហាប្រឈមកើតចេញពីបច្ចេកវិទ្យាថ្មីៗនេះ គឺទាមទារឱ្យមានការឆ្លើយតបច្បាស់លាស់មួយ។

គួររំឭកជូនថា ការកេងប្រវ័ញ្ចផ្លូវភេទកុមារតាមអនឡាញនៅក្នុងពិភពលោក កើនឡើងដល់ជាង ២១,៧លាន ករណី ក្នុងនោះជនល្មើសភាគច្រើនជាមនុស្សដែលកុមារមិនស្គាល់។ ចំណែក៧៦%នៃកុមាររងគ្រោះពីរូបភាពរំលោភបំពានផ្លូវភេទមានអាយុពី ៣ ទៅ ១៣ឆ្នាំ ក្នុងនោះ១% ជាកុមារមានអាយុពី ០ ទៅ ២ឆ្នាំ និង ៩៣% ជាក្មេងស្រី។ នេះបើតាមរបាយការណ៍របស់មជ្ឃមណ្ឌលជាតិសម្រាប់កុមារបាត់ខ្លួន និងត្រូវបានកេងប្រវ័ញ្ច (NCMEC)របស់សហរដ្ឋអាមេរិកឆ្នាំ២០២០ និងរបាយការណ៍របស់សមាគមន៍បណ្តាញរាយការណ៍បន្ទាន់អន្តរជាតិ (INHOPE)ឆ្នាំ២០២០៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ