អានតួអត្ថបទ
កម្ពុជា-សង្គម

អ្នកឃ្លាំមើលសង្គម៖ ការដោះលែងទណ្ឌិតឲ្យនៅក្រៅឃុំ គួរតែផ្តល់អាទិភាពឲ្យអ្នកទោសនយោបាយ និងអ្នកទោសមនសិការ

ក្រសួង​យុត្តិធម៌​កម្ពុជា​នៅ​ថ្ងៃ​ពុធ​ទី​១៤​កក្កដា​កន្លង​ទៅ​ បាន​ចេញ​នូវ​សេចក្តី​ប្រកាស​សម្របសម្រួល​បែប​បទ​ឲ្យ​ទណ្ឌិត​មួយ​ចំនួន​អាច​ចេញ​មក​នៅ​ក្រៅ​ឃុំ​វិញ​បាន​ ដោយ​ភ្ជាប់​លក្ខខណ្ឌ​នៃ​ការ​ឃ្លាំមើល ​និង​តាម​ដាន​ពី​អាជ្ញាធរ​មូលដ្ឋាន​។ សេចក្តី​ប្រកាស​ដោះលែង​ទណ្ឌិត​ឲ្យ​អ្នក​ក្រៅ​ឃុំ​ពេល​នេះ ​ត្រូវ​បាន​អ្នក​ឃ្លាំ​មើល​សង្គម​យល់​ឃើញ​ថា​ ជា​រឿង​មួយ​ល្អ​ប្រសើរ​ តែ​ក្រសួង​យុត្តិធម៌​គួរ​ឲ្យ​អាទិភាព​ទៅ​លើ​អ្នកទោស​នយោបាយ ​និង​អ្នក​ទោស​មនសិការ​។

ទណ្ឌិតស្ថិតក្នុងការជាប់ឃុំក្នុងពន្ធនាគារនៅកម្ពុជា (រូបភាពឯកសារ)
ទណ្ឌិតស្ថិតក្នុងការជាប់ឃុំក្នុងពន្ធនាគារនៅកម្ពុជា (រូបភាពឯកសារ) © សហការី
ផ្សាយពាណិជ្ជកម្ម

ថ្លែងប្រាប់វិទ្យុបារាំងអន្តរជាតិ នៅថ្ងៃអាទិត្យទី១៨កក្កដានេះ លោកបណ្ឌិត ប៉ា ច័ន្ទរឿន អ្នកឃ្លាំមើលបញ្ហាសង្គម និងជាប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា បានសម្តែងការអបអរជុំវិញសេចក្តីប្រកាសរបស់ក្រសួងយុត្តិធម៌ជុំវិញការដោះលែងទណ្ឌិតឲ្យនៅក្រៅឃុំ។ លោកបណ្ឌិតប៉ា ច័ន្ទរឿន យល់ឃើញថាវិធានការនេះជារឿងមួយប្រសើរ ព្រោះនៅក្នុងអំឡុងពេលរាតត្បាតកូវីដ-១៩ ទីតាំងពន្ធនាគារនៅកម្ពុជាត្រូវគេមើលឃើញថាមានសភាពចង្អៀតណែន ដែលជាការបង្កហានិភ័យខ្ពស់នៃការឆ្លងជំងឺកូវីដ-១៩ ខណៈដែលពេលកន្លងមក ក៏ធ្លាប់មានការឆ្លងនៅតាមពន្ធនាគារមួយចំនួនតាមបណ្តាខេត្ត រួមទាំងពន្ធនាគារព្រៃសផងដែរ។ លោកថា ការណ៍ថាអាចជួយកាត់បន្ថយកម្រិតឆ្លងនៃជំងឺកូវីដ-១៩នៅក្នុងពន្ធនាគារ និងអាចឲ្យទណ្ឌិតនោះមកជួបជុំក្រុមគ្រួសារវិញ។

បន្ថែមពីនេះ អ្នកឃ្លាំមើលបញ្ហាសង្គមរូបនេះយល់ឃើញថា ចំណាត់ការដោះលែងទណ្ឌិតឲ្យនៅក្រៅឃុំពេលនេះ ក្រសួងយុត្តិធម៌គួរតែពិចារណាផ្តល់អាទិភាពទៅលើអ្នកទោសនយោបាយ និងអ្នកទោសមនសិការដែលកំពុងរងការចោទប្រកាន់។ ជាអាទិភាពដោយសារកម្ពុជាកាន់តែខិតកៀកទៅនឹងការរៀបចំការបោះឆ្នោតឃុំ-សង្កាត់ឆ្នាំ២០២២ខាងមុខ ដោយរដ្ឋាភិបាលនិងអ្នកនយោបាយគួរតែបង្កើតបរិយាកាសនយោបាយឲ្យបានទូលាយជាងមុន ដែលឈានទៅរកការបង្រួបបង្រួមគ្នា។

ក្រសួងយុត្តិធម៌ នៅថ្ងៃទី១៤កក្កដា បានចេញនូវសេចក្តីប្រកាសមួយស្តីពីបែបបទនៃការឃ្លាំមើលតាមដាន ការត្រួតពិនិត្យ និងការបញ្ចូលទៅក្នុងសង្គមវិញនៃទណ្ឌិតដែលត្រូវបានដោះលែងដោយមានលក្ខខណ្ឌ។

ខ្លឹមសារនៃសេចក្តីប្រកាស កំណត់ឲ្យប្រធានសាលាដំបូងរាជធានី-ខេត្តជាអ្នកសម្រេចអំពីការដោះលែងទណ្ឌិតតាមដីកាសម្រេច បន្ទាប់ពីទទួលបានយោបល់ពីគណៈកម្មការជាតិដោះលែង។ ក្នុងដីកាសម្រេច ប្រធានសាលាដំបូងត្រូវកំណត់ពីបែបបទនៃការអនុវត្តការតាមដាន និងរយៈពេលមិនអាចលើសពីរយៈពេលនៃទោសដែលនៅសេសសល់។

ជាមួយគ្នានេះ ទណ្ឌិតដែលបានសម្រេចឲ្យនៅក្រៅឃុំ ត្រូវមានលក្ខខណ្ឌបំពេញសកម្មភាពវិជ្ជាជីវៈ រស់នៅក្នុងទីកន្លែងណាមួយជាក់លាក់ មិនត្រូវធ្វើសកម្មភាពជាលក្ខណៈបទល្មើស ជាអាទិ៍ការកាន់កាប់អាវុធ ឬគ្រឿងផ្ទុះ។ ក្នុងករណីនេះ ប្រធានសាលាដំបូងមានសិទ្ធិសម្រេចបង្គាប់ចាប់ខ្លួនជាថ្មី។ ម្យ៉ាងវិញទៀត ទណ្ឌិតដែលនៅក្រៅឃុំ នឹងត្រូវទទួលការឃ្លាំមើលនិងតាមដានពីការអនុវត្តលក្ខខណ្ឌរបស់ពួកគេពីសំណាក់មន្រ្តីអាជ្ញាធរមូលដ្ឋាន។

បើតាមក្រសួងយុត្តិធម៌ សេចក្តីប្រកាសកំណត់ពីបែបបទនៃការឃ្លាំមើលតាមដាន ការត្រួតពិនិត្យនិងការបញ្ចូលទៅក្នុងសង្កមវិញនៃទណ្ឌិតដែលត្រូវដោះលែងដោយមានលក្ខខណ្ឌនេះ ធ្វើឡើងក្នុងគោលបំណងធានាការអនុវត្តបាននូវប្រសិទ្ធិភាព ពេលធ្វើសមាហរណកម្មទណ្ឌិតចូលទៅក្នុងសង្គមវិញ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ