អានតួអត្ថបទ
កម្ពុជា-អប់រំ

UN ៖ ការអភិវឌ្ឍមនុស្សធ្លាក់ចុះខ្លាំង បើសាលារៀននៅតែបន្តបិទទ្វាដោយកូវីដ១៩

អង្គការ​សហប្រជាជាតិ​ប្រចាំ​កម្ពុជា​ នៅថ្ងៃទី២០​ខែកក្កដានេះ​ បានសម្តែងនូវ​ក្តីកង្វល់​អំពីការ​អភិវឌ្ឍ​មនុស្ស​ធ្លាក់ចុះដោយ​សិស្ស​ប្រមាណ​ជាង ៣,២​លាននាក់​ អាក់ខាន​មិនបាន​ទៅសាលារៀន​ ដោយកូវីដ១៩​។​  គិតត្រឹម​ខែមីនា ​ឆ្នាំ២០២០​ ជាង ២០០ថ្ងៃ​មកហើយ​  ដែលសាលារៀន​ទាំងអស់​នៅកម្ពុជា​បានបិទទ្វា​ ដោយខ្លាចមាន​ការចម្លង​ជំងឺ​កូវីដ១៩​ទៅសិស្សានុសិស្ស​ គ្រូ និងបុគ្គលិក​អប់រំ​ជាដើម​។​ តែយ៉ាងណា​បើតាមអង្គការ​ UN​ មើលឃើញថា​ សាលារៀន​មិនមែន​ជាកន្លែង​ដែលនាំឱ្យមានការ​ចម្លង​ជំងឺកូវីដ១៩​ជាងគេនោះឡើយ​។

សាលារៀនដែលត្រូវបានបិទដោយសារការទប់ស្ដាត់ការរីករាលដាលជំងឺកូវីដ
សាលារៀនដែលត្រូវបានបិទដោយសារការទប់ស្ដាត់ការរីករាលដាលជំងឺកូវីដ © Internet
ផ្សាយពាណិជ្ជកម្ម

ការ​អាក់​ខាន​ក្នុងវិស័យ​អប់រំ ដោយ​វិបត្តិកូវីដ១៩ បាន​បណ្តាលឱ្យ​ប៉ះពាល់​ដល់​សិស្ស​ជាង ៣លាន​២សែន​នាក់ទូទាំង​ប្រទេស និងបាន​ធ្វើឱ្យ​​ការអភិវឌ្ឍមនុស្សធ្លាក់ចុះយ៉ាងខ្លាំង។ នេះបើតាម​សេចក្តីប្រកាសព័ត៌មានរបស់អង្គការ​សហប្រជាជាតិប្រចាំកម្ពុជា នៅថ្ងៃទី ២០​ខែកក្កដា។ តាមសេចក្តីប្រកាសព័ត៌មាន បាន​បង្ហាញការប៉ាន់ស្មានជុំវិញសន្ទស្សន៍អភិវឌ្ឍន៍មនុស្ស (HDI) នៅប្រទេសកម្ពុជាសម្រាប់ឆ្នាំ ២០២០ ថា​មានការ​ធ្លាក់ចុះជិត ៤% ធៀប​នឹងឆ្នាំ ២០១៩ ដែល​មានន័យ​ថា រាល់​វឌ្ឍនភាព ដែល​សម្រេចបាន​ ក្នុងរយៈពេល ៤ឆ្នាំចុងក្រោយត្រូវបាន​បាត់បង់។ បាត់បង់ក៏ព្រោះថា កម្ពុជាបានងាកចេញពីគន្លង ដើម្បីឈានទៅសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព-SDGទី៤ ស្តីពីការរៀនសូត្របរកបដោយគុណភាពរួចទៅហើយ មុនពេលការរាតត្បាតជាសកលនេះ។

តាម UN បើការបិទសាលារៀននៅតែបន្តអូសបន្លាយពេលយូរ ហានិភ័យដែលកុមារមិនអាចត្រឡប់ទៅសាលារៀនវិញកើនឡើងកាន់តែខ្ពស់ ជាពិសេសកុមារមកពីក្រុមងាយរងគ្រោះ ដែលអាចធ្វើឱ្យមានគម្លាតឌីជីថលកាន់តែរីកធំបន្ថែមទៀត។ លើសពីនេះ បញ្ហានេះនឹងបង្កផលប៉ះពាល់ដល់លទ្ធភាពរបស់ឪពុក-ម្តាយ និងអ្នកផ្តល់មើលថែទាំជាច្រើន ជាពិសេសស្ត្រី ក្នុងការធ្វើការងារ ធ្វើឱ្យកុមារជាច្រើននាក់មិនសូវបានអាហារដែលសម្បូរសារធាតុចិញ្ចឹម និងបង្កើនហានិភ័យនៃការប្រព្រឹត្តអំពើហិង្សាលើកុមារ។

ជាមួយគ្នានេះ ការវាយតម្លៃរួមគ្នាដែលធ្វើឡើងដោយក្រសួងអប់រំ និងUN លើតម្រូវការនៃវិស័យអប់រំ បានរកឃើញថា កុមារមានឱកាសមិនដូចគ្នាឡើយក្នុងការបន្តការរៀនសូត្ររបស់ពួកគេ ដែលនាំឱ្យមានការបាត់បង់ការរៀនសូត្រយ៉ាងច្រើននៅគ្រប់កម្រិត។ មានកុមារប្រមាណ៧០% អាចបន្តការអប់រំរបស់ខ្លួនបាន មានកុមារ ៣០%ប៉ុណ្ណោះ ដែលមានលទ្ធភាពប្រើប្រាស់ខ្លឹមសារមេរៀនតាមអនឡាញ និង៣២%ទៀតគឺពឹងអាស្រ័យលើឯកសារមេរៀនតែប៉ុណ្ណោះ។  ចំពោះកុមារមកពីគ្រួសារក្រីក្រ ឬរស់នៅជាមួយពិការភាព នៅតែបន្តជួបប្រទះបញ្ហាប្រឈមច្រើនជាងគេដដែល។

អង្គការ UN អះអាងថា នឹងបន្តលើកទឹកចិត្ត និងគាំទ្រឱ្យរាជរដ្ឋាភិបាលកម្ពុជាផ្តល់អាទិភាពដល់ការបើកដំណើរការសាលារៀនទាំងអស់ឡើងវិញ ឱ្យបានឆាប់បំផុតតាមដែលអាចធ្វើទៅបាន និងបន្តបើកសាលាឱ្យយូរបំផុតដើម្បីបញ្ចៀសការបន្តធ្លាក់ចុះនៃការអភិវឌ្ឍមនុស្ស។

សូមបញ្ជាក់ជូនថា កម្ពុជាគឺជាប្រទេស១ក្នុងចំណោមប្រទេសចំនួន ១៧ ដែលបានផ្តល់អាទិភាពដល់ការចាក់វ៉ាក់សាំងដល់គ្រូបង្រៀន និងបុគ្គលិកអប់រំ ហើយរហូតមកទល់ពេលនេះ មានគ្រូរដ្ឋ និងឯកជនប្រមាណ ៨៥%បានចាក់វ៉ាក់សាំងគ្រប់ដូស ហើយថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជាក៏កំពុងពិចារណាចា់វ៉ាក់សាំងដល់កុមារអាយុពី១២ ទៅដល់១៧ឆ្នាំផងដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ