អានតួអត្ថបទ
កម្ពុជា-សារព័ត៌មាន

ខេមបូចាថ្កោលទោសអាជ្ញាធរខណ្ឌមានជ័យដែលដកយកប័ណ្ណសម្គាល់ខ្លួនអ្នកកាសែត២នាក់ពេលកំពុងយកព័ត៌មាន

នៅព្រឹកថ្ងៃសុក្រ ​ទី១៣​ ខែសីហានេះ ​អាជ្ញាធរ​ខណ្ឌមានជ័យ​បានរារាំង​ និងបានដកហូត​ប័ណ្ណសម្គាល់ខ្លួន​អ្នកសារព័ត៌មាន​២នាក់​ដែលជាសមាជិក​របស់សម្ព័ន្ធ​អ្នក​សារព័ត៌មាន​កម្ពុជា​(CamboJA)​។​ នេះបើតាម​ការបញ្ជាក់ឱ្យ​ដឹងរបស់​ CamboJA។​ ចំពោះសកម្មភាពនេះ ​សម្ព័ន្ធអ្នកសារព័ត៌​មានកម្ពុជា ​(CamboJA)​បានថ្កោលទោស ​និងថា វាជា​ការបំពានសិទ្ធិ​អ្នកសារព័ត៌មាន​។​ ប៉ុន្តែ ​អ្នកនាំពាក្យ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ​បានបដិសេធ​ថា មិនមាន​ការឃាត់ខ្លួន​ និងដកហូត​ប័ណ្ណសម្គាល់ខ្លួន​របស់​អ្នកសារព័ត៌មាន​នោះទេ​។

អ្នកកាសែតធ្វើការយកព័ត៌មាន (រូបតំណាង)
អ្នកកាសែតធ្វើការយកព័ត៌មាន (រូបតំណាង) © Internet
ផ្សាយពាណិជ្ជកម្ម

សម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា (CamboJA)បានអះអាងឱ្យដឹងថា អ្នកសារព័ត៌មាន២នាក់ គឺម្នាក់ឈ្មោះ អាន វិចិត្រ ជាអ្នកយកព័ត៌មានរបស់CamboJA និងម្នាក់ទៀតឈ្មោះ លាស់ លីប លីប ដែលជាអ្នកសារព័ត៌មានកំពុងហាត់ការនៅវិទ្យុសំឡេងសហរដ្ឋអាមេរិក (VOA) ត្រូវបានអាជ្ញាធរខណ្ឌមានជ័យដកហូតប័ណ្ណសម្គាល់ខ្លួនអ្នកសារព័ត៌មាននៅព្រឹកថ្ងៃសុក្រនេះ។ មិនតែប៉ុណ្ណោះ អាជ្ញាធរក៏បានទាមទារឱ្យអ្នកសារព័ត៌មានទាំង២លុបរូបភាព និងវីដេអូដែលពួកគេបានថតពេលដែលប្រជាពលរដ្ឋតវ៉ាក្នុងពេលកម្លាំងសមត្ថកិច្ចចម្រុះខណ្ឌមានជ័យចុះរុះរើលំនៅស្ថានរបស់ពួកគេក្នុងភូមិសន្សំកុសល២ សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ចំពោះបញ្ហានេះ លោកសាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានបដិសេធប្រាប់វិទ្យុបារាំងអន្តរជាតិថា មិនមានការឃាត់ និងដកហូតប័ណ្ណសម្គាល់ខ្លួនរបស់អ្នកសារព័ត៌មានដូចការលើកឡើងរបស់សម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា (CamboJA)នោះទេ។ ប៉ុន្តែ តាមរយៈCamboJA លោក អាន វិចិត្រ បានបញ្ជាក់ថា អាជ្ញាធរបានគំរាមរូបលោកថា ប្រសិនបើលោកមិនព្រមលុបរូបភាពចោលទាំងអស់នៅចំពោះមុខសមត្ថកិច្ចទេ លោកនឹងត្រូវប្រឈមនឹងការឃាត់ខ្លួន។

លោកអាន វិចិត្រ បន្តថា ទោះបីជាលោកព្យាយាមបញ្ជាក់ប្រាប់ថា លោកជាអ្នកសារព័ត៌មានដោយបានបង្ហាញប័ណ្ណអ្នកសារព័ត៌មានជូនសមត្ថកិច្ចយ៉ាងណាក៏ដោយ ក៏សមត្ថកិច្ចនៅតែបង្ខំឲ្យលោកលុបរូបភាពទាំងអស់ចេញពីកាមេរ៉ារបស់លោក ហើយថែមទាំងបានដកហូតប័ណ្ណសារព័ត៌មានរបស់លោកយកទៅបាត់។ បើទោះបីជាលោកព្យាយាមស្នើសុំវិញយ៉ាងណា ក៏សមត្ថកិច្ចនៅតែមិនព្រមប្រគល់មកឱ្យវិញ ដោយប្រាប់ថា ឱ្យរូបលោកទៅយកនៅសាលាខណ្ឌ។

ចំណែក អ្នកសារព័ត៌មានម្នាក់ទៀតឈ្មោះ លាស់ លីប លីប ក៏ត្រូវបានសមត្ថកិច្ចខណ្ឌមានជ័យដកហូតទូរស័ព្ទដៃយកទៅលុបរូបភាព និងវីដេអូចោលដែរ។ បន្ទាប់ពីបានលុបរូបភាព និងវីដេអូទាំងអស់ចោលរួច សមត្ថកិច្ចថែមទាំងបានសុំសោរម៉ូតូរបស់លោកយកទៅចាក់ ដើម្បីឆែករកមើលកាមេរ៉ា និងទូរស័ព្ទផ្សេងទៀត ហើយបានយកទូរស័ព្ទរបស់លោកមួយគ្រឿងទៀតដែលលោករក្សាទុកនៅក្នុងកាបូបទុកលើម៉ូតូយកលុបរូបភាពដែលលោកបានថតចោលទាំងអស់ ទើបប្រគល់ទូរស័ព្ទ និងសោរម៉ូតូឱ្យលោកវិញ។ នេះបើតាម CamboJAដដែល។

លោកណុប វី នាយកប្រតិបត្តិសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជាបានហៅសកម្មភាពទាំងនេះថា ជាការរំលោភបំពានធ្ងន់ធ្ងរទៅដល់សេរីភាពសារព័ត៌មាន ទៅដល់សិទ្ធិរបស់អ្នកសារព័ត៌មាន និងជាការរំលោភដល់សិទ្ធិរបស់ប្រជាពលរដ្ឋ គឺសិទ្ធិទទួលបានព័ត៌មាន ។ លោកបន្តថា អាជ្ញាធរគួរតែបើកចិត្តទូលាយ ហើយយល់ដឹងបន្ថែមទៀតអំពីភារកិច្ច កិច្ចការងាររបស់អ្នកសារព័ត៌មាន ដោយធ្វើយ៉ាងណាអនុញ្ញាតឱ្យពួកគាត់បំពេញតួនាទីដោយសេរីស្របតាមច្បាប់ស្ដីពីរបបសារព័ត៌មាន និងស្របទៅតាមរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលរបស់កម្ពុជា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ