អានតួអត្ថបទ
កម្ពុជា-កូវិដ១៩

អ្នកជាប់ឃុំ នៅពន្ធនាគារបន្ទាយមានជ័យ១០នាក់មានផ្ទុកកូវីដដែលតា

យ៉ាងហោចណាស់​មានអ្នក​ជាប់ឃុំ​ចំនួន១០នាក់​ នៅក្នុងពន្ធនាគារ​ខេត្តបន្ទាយមានជ័យ​ រកឃើញ​ផ្ទុកវីរុស​ដែលតា កាលពីពេល​ថ្មីៗនេះ។ ​សង្គមស៊ីវិល​បានបង្ហាញក្ដី​ព្រួយបារម្ភ​បន្ទាប់ពី​វីរុសដែលតា ​ចូលទៅដល់​ពន្ធនាគារ​ខណៈយន្តការដោះស្រាយ​បញ្ហាអ្នកទោស​និងអ្នកជាប់ឃុំ​នៅក្នុងពន្ធគារ​អំឡុងពេល​កូវីដ១៩ ​នៅពុំទាន់មាន​ដំណោះស្រាយ​ក្រៅតែពីការ​ចាក់វ៉ាក់សាំង​។

រូបភាពពន្ធនាគារខេត្តព្រះសីហនុ (រូបតំណាង)
រូបភាពពន្ធនាគារខេត្តព្រះសីហនុ (រូបតំណាង) © សហការី
ផ្សាយពាណិជ្ជកម្ម

អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារ​នៃក្រសួងមហាផ្ទៃលោក នុត សាវនា បានប្រាប់វិទ្យុបារាំងអន្តរជាតិនៅថ្ងៃទី១កញ្ញានេះថា មុនរកឃើញអ្នកជាប់ឃុំទាំង១០នាក់ផ្ទុកវីរុសដែលតា ពន្ធនាគារបានដាក់ពួកគេធ្វើចត្តាឡីស័កដោយឡែកនិងបានធ្វើតេស្តរហ័សភ្លាមៗដែរ តែលទ្ធផលបង្ហាញមកថា អវិជ្ជមាន។បន្ទាប់ពីចត្តាឡីស័ក១៤ថ្ងៃតេស្តជាថ្មីក៏បង្ហាញថា ពួកគេវិជ្ជមានវីរុសដែលតាបន្ទាប់ពីពន្ធនាគារបញ្ជូនសំណាកអ្នកជាប់ឃុំទាំង១០នាក់មកវិភាគនៅភ្នំពេញ។ បើតាមលោក នុត សាវនា នៅថ្ងៃទី១កញ្ញានេះមន្ទីរពេទ្យបង្អែកក្រុងសេរីភណ្ឌក៏បានចុះយកសំណាកពួកគេជាថ្មីម្ដងទៀត និងបានបញ្ជូនសំណាកឡើងមកភ្នំពេ​ញដើម្បីតាមដានអាការៈរបស់អ្នកជាប់ឃុំទាំង១០នាក់ធូរស្រាល ឬក៏មិនទាន់ធូរស្រាល។

លោក អំ សំអាត នាយករង​ទទួលបន្ទុក​កម្មវិធី​ឃ្លាំមើល​នៃអង្គការ​លីកាដូលើកឡើងថា នៅចំពោះមុខវត្តមានវីរុសដែលចូលទៅដល់ពន្ធគារបន្ថែមពីលើវីរុសកូវីដ១៩ដែលមានស្រាប់នេះ លោកចង់ឃើញភាគីពាក់ព័ន្ធពន្លឿនគោលនយោបាយ និងនីតិវិធីមានស្រាប់ របស់រដ្ឋាភិបាលក្នុងការជួយសម្រួលស្ថានភាពអ្នកទោសកុំឲ្យរងផលប៉ះពាល់ខ្លាំងពីជំងឺកូវីដ១៩។ ជាក់ស្ដែងការពន្លឿនការអនុវត្តទោសទៅតាមសេចក្ដីសម្រេចរបស់រដ្ឋាភិបាល ដោះលែងអ្នកជាប់ឃុំដែលជិតផុតទោសដោយភ្ជាប់ជា​មួ​យ​​លក្ខខណ្ឌ។ បន្ទាប់មកពិនិត្យលទ្ធភាពដោះលែងរាល់អ្នកជាប់​ឃុំបណ្ដោះអាសន្ន ដែលកំពុងរងចាំសវនាការ និងពិនិត្យទៅលើជនជាប់ឃុំដែលកំពុងងាយរងគ្រោះ ដើម្បីឲ្យពួកគេបាននៅក្រៅឃុំបណ្ដោះអាសន្នដូចជាៈអនិតិជន ស្ត្រីមានផ្ទៃពោះ ជនពិការ និងអ្នកទោសមានជំងឺរាំរ៉ៃជាដើម។

បើតាមលោក អំ សំអាត បច្ចុប្បន្ននេះមានពន្ធនាគារ១០កន្លែងហើយនៅក្នុងប្រទេសកម្ពុជារកឃើញអ្នកទោសមានផ្ទុកវីរុសកូវីដ១៩។ តែអ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារអះអាង ក្នុងចំណោមពន្ធនាគារប្រមាណជា១០ដែល​ឆ្លងជំងឺកូវីដ-១៩កន្លងមក នៅមានតែពន្ធនាគារ៣ប៉ុណ្ណោះដែលកំពុងឆ្លងជំងឺកូវីដ-១៩ រួមមាន ពន្ធនាគារខេត្តបន្ទាយមានជ័យ ពន្ធនាគារខេត្តកំពង់ចាម និងពន្ធនាគារខេត្តត្បូងឃ្មុំ។

សូមជម្រាបជូនថា រាប់ចាប់តាំងពីប្រទេសកម្ពុជាជួបប្រទះព្រឹត្តការណ៍សហគមន៍២០កុម្ភៈមក មានអ្នកទោសម្នាក់​ជាស្ត្រីវ័យជាង​៦០ឆ្នាំ ​បានស្លាប់​នៅក្នុង​ពន្ធនាគារ​ខេត្តកំពង់ស្ពឺ ​បន្ទាប់ពី​ក្រុមគ្រូពេទ្យ​រកឃើញថា​ស្ត្រីរូបនោះ ​បានឆ្លងមេរោគ​កូវីដ-១៩​។ អ្នកកំពុងជាប់ឃុំក្នុងពន្ធនាគារនៅទូទាំងប្រទេសចំនួន១១៤០០នាក់ក្នុងចំណោមអ្នកជាប់ឃុំសរុបប្រមាណ៣៨០០០នាក់ បានទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩កាលពីខែកក្កដា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ